គម្រោង​គាំទ្រ​ផែនការ​អនុវត្ត​គណនេយ្យភាព​សង្គម ​ដំណាក់កាល​ទី២​ រយៈពេល​ ៥ ឆ្នាំ ​របស់​រដ្ឋាភិបាល​ត្រូវបាន​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ពី​ម្សិលមិញ ​ខណៈ​មន្ត្រី​ថា ​មាន​ចំណុច​ជាច្រើន​ទៀត ​ដែល​ត្រូវធ្វើ​កំណែទម្រង់​នៅ​ថ្នាក់​ក្រោម​ជាតិ ​បើ​ទោះបី​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នាពេល​កន្លង​មក​មាន​លក្ខណៈ​ល្អប្រសើរ​ក្តី។

កម្មវិធី​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​នេះត្រូវបាន​ធ្វើឡើង​នៅ​សណ្ឋាគារ ​Le Royal ​រាជធានី​ភ្នំពេញ ​ដោយ​មានការ​ចូលរួម​ពី​តំណាង​ក្រសួង ​ស្ថាប័ន​ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ​ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ ​និង​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ ១៥០ នាក់។

គម្រោង​នេះ​ ត្រូវបាន​គាំទ្រ​ថវិកា​ពី​មូល​និ​ធិ​បរ​ធន​បាល​កិច្ច​គ្រប់គ្រង​ដោយ​ធនាគារ​ពិ​ភាព​លោក ក្រោម​ការផ្តល់​ហិរញ្ញប្ប​ទាន​ពី​រដ្ឋាភិបាល​អាល្លឺម៉ង់​ និង​ស្វីស​ប្រមាណ​ ៩,៦ លាន​ដុល្លារ ​ដើម្បី​ពង្រឹង​សមត្ថភាព​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ និង​អ្នកផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​គុណភាព ប្រសិទ្ធភាព និង​គណនេយ្យភាព។

លោក​ ងី ច័ន្ទ្រ​ផល​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​គណនេយ្យភាព​សង្គម​នៅ​ថ្នាក់ក្រោម​ជាតិ ​(គជ​អប)​ មានប្រសាសន៍ថា​ ផែន​ការ​ដំណាក់​កាល​ទី១ ​កាលពី​ឆ្នាំ ២០១៦​ ដល់​ឆ្នាំ ២០១៨ បាន​អនុវត្ត​រួចមក​ហើយ​ លើ​វិស័យ​ចំនួន ៣ ​គឺ​រដ្ឋបាល​ឃុំ ​សាលា​បឋមសិក្សា ​និង​មណ្ឌល​សុខភាព ដែល​គ្របដណ្តប់​លើ​ស្រុក​គោលដៅ​ចំនួន ៩​៨ ​នៃ​ខេត្ត​ចំនួន​ ១៨។

លោក​ថា ​ផែនការ​នេះ ទទួលបាន​លទ្ធផល​ល្អៗ​ និង​បទ​ពិសោធ​ថ្មីៗ ​ដែល​ទាមទារ​ឲ្យមាន​ការយក​ចិត្តទុក​ដាក់​បន្ថែម​ទៀត ​ទៅលើ​វិស័យ​ជាអាទិភាព ​ដែល​ប្រជាពល​រដ្ឋ ​ក្នុង​មូល​ដ្ឋាន​ត្រូវការ​ជា​ចាំបាច់។

លោក​បញ្ជាក់ថា​៖ «ក្នុង​ក្រប​ខ័ណ្ឌ​នៃ​កំណែទម្រង់ ​យើង​នឹង​ខិតខំ​បន្ថែមទៀត​ មិនមែន​បានន័យថា​ ដាក់​គម្រោង​ហ្នឹង​ទៅ​ យើង​ដោះស្រាយ​បញ្ហា​ទាំងអស់​បាន ​ហើយក៏​មិនមែន​មានតែ​គម្រោង​មួយ​ហ្នឹង​ទេ ​ដែល​យើង​ធ្វើ​កិច្ចការ​ហ្នឹង។ យើង​ធ្វើ​ជា​បន្តបន្ទាប់ ​រៀន​ផង ​សាកល្បង​ផង។ យើង​ធ្វើការ​កែលម្អ​បន្តិច​ម្តងៗ ​ពីបទ​ពិសោធ​កន្លង​មក ​ដែលមាន​ការពិបាក​ច្រើន​ដែរ»។

លោក​បន្តថា​៖ «លើក​នេះ​យើង​ធ្វើកំណែទម្រង់​ធំ​ជាង​មុន ដោយ​បន្ត​ពង្រីក​បន្ថែម​ទៀត ​ទៅលើ​វិស័យ​សំខាន់​ពាក់ព័ន្ធ​នឹង​បញ្ហា​បរិស្ថាន ​ទឹកស្អាត ​អនាម័យ ​សំរាម ​ដែល​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់នៅ​របស់​គាត់។ ព្រោះ​យើង​សម្លឹង​មើល​សេវា​ណា​ ដែល​ចាំបាច់​នៅ​ថ្នាក់​មូល​ដ្ឋាន។ ទៅមុខ​ទៀត ​យើង​នឹង​ព​ង្រី​ក​ទៅលើ​ការផ្តល់​សេវា​ទាំងនេះ​បន្តទៀត ​ព្រោះ​កន្លងមក​នេះ ​ប្រភេទ​នៃ​បញ្ហា​រួម​នៅ​ថ្នាក់​មូលដ្ឋាន ​ដូចជា​បញ្ហា​ប្រឈម​ក្នុង​ការផ្តល់​សេវា​សាធារណៈ​មានការ​ថយ​ចុះ»។

លោក​ ងី ច័ន្ទ្រ​ផល ​បានឲ្យដឹង​ដែរថា ​ដោយ​ទទួលបាន​មេរៀន​បទពិសោធ​ពី​ការអនុវត្ត​គណនេយ្យភាព​សង្គម​ដំណាក់​កាល​ទី១​ គ.ជ.អ.ប. ​បាន​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ​ដើម្បី​អនុវត្ត​ការងារ​គណនេយ្យភាព​សង្គម សម្រាប់​គ្របដណ្តប់​លើ​ក្រុង ​ស្រុក ខណ្ឌ ​គោលដៅ​ចំនួន ​១៧០​ ក្នុង​រាជធានី ​និង​ខេត្ត​ ចំនួន​ ២៤។ ​ផ្តោត​សំខាន់​លើ​អង្គភាព​ផ្តល់​សេវា​រដ្ឋបាល​ ឃុំ ​សង្កាត់​ ជិត ១ ៥០០ ​និង​សាលា​បឋមសិក្សា​ ឬ​មណ្ឌល​សុខភាព​ជាង ​៧ ០០០ កន្លែង​ទូទាំង​ប្រទេស។

លោក​ ដា​នី​ញ៉ែល​រ័ក​ សេល​វ៉ា​ណា​យ៉ា​ហ្គាំ ​នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​ប្រចាំ​កម្ពុជា​និយាយ​ថា ​គម្រោង​ផ្សារភ្ជាប់​ប្រជាពលរដ្ឋ ​ដើម្បី​ចូលរួម​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សេវាសាធារណៈ​ តាមរយៈ​ការងារ​គណ​នេយ្យភាព​សង្គម ​នឹង​ផ្តោត​ការ​ធានាថា ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​គ្រប់​ភូមិ ​ក្នុង​តំបន់​គោលដៅ ​មាន​កិច្ចសន្ទនា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ​ដើម្បី​ពង្រឹង​ដល់​គុណភាព​សេវា​សាធារណៈ។

លោក​ ដា​នី​ញ៉ែល​រ័ក​ សេល​វ៉ា​ណា​យ៉ា​ហ្គាំ ​នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​ប្រចាំ​កម្ពុជា​។ហេង ជីវ័ន

លោក​បញ្ជាក់ថា​៖ «យើង​ទាំងអស់​គ្នា ​មាន​កិត្តិ​យស​ណាស់​ ដែល​ត្រូវបាន​ទុកចិត្ត​ឲ្យ​ទទួលខុស​ត្រូវធ្វើ​ការងា​រ​លើក​កម្ពស់​ដល់​កិច្ចការ​សន្ទនា​ថ្នាក់​មូលដ្ឋាន​ រវាង​ប្រជាពលរដ្ឋ ​និង​អ្នកផ្តល់​សេវា ​ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន ​ដែល​នៅក្នុង​ឃុំ​ទាំង​អស់​ក្នុង​ប្រទេស ​រហូត​ដល់ ​២០២៤»។

លោក​បន្ថែមថា​៖ «យើង​ជឿជាក់ថា​ គម្រោង​នេះ ​នឹង​នាំមក​នូវ​សេវាសាធារណៈ​កាន់តែ​ប្រសើរ​ឡើង​តាម​វិស័យ​អប់រំ ​សុខ​ភាព និង​រដ្ឋបាល​សាធារណៈ ​ហើយ​ផ្តល់​ផល​ដល់​ប្រជាពលរដ្ឋ​រាប់លាន​នាក់ ​ជាពិសេស​ពលរដ្ឋ​ងាយ​រងគ្រោះ​ ដែល​នឹង​ទទួល​បាន​សេវា​ដ៏​ល្អប្រសើរ​នេះ»។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់ (គជ​អប)​ និង​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​ប្រចាំ​កម្ពុជា​ គម្រោង​គាំ​ទ្រ​ចំនួន ២​ ដែល​ត្រូវបាន​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ ​សម្រាប់​ជួយ​គាំទ្រ​ដល់​ការអនុវត្ត​រយៈពេល ​៥ ឆ្នាំ ​ដល់​ផែនការ​អនុវត្ត​គណនេយ្យភាព​សង្គម​របស់​រដ្ឋាភិបាល​ឆ្នាំ២០១៩​-២០២៣។ ​ទី១ ​មាន​គម្រោង​សមាហរណកម្ម​គណ​នេយ្យ​ភាព​សង្គម ​ទៅក្នុង​ប្រព័ន្ធ​រដ្ឋបាល​ថ្នាក់ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ ​និង​ទី២ ​គម្រោង​ការផ្សារភ្ជាប់​ប្រជាពលរដ្ឋ​ដើម្បី​ចូលរួម​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សេវា​សាធារណៈ​តាមរយៈ​ការងារ​គណនេយ្យភាព​សង្គម។

យោង​តាម​របាយការណ៍​របស់ ​គ.ជ.អ.ប. ​ផែនការ​អនុវត្ត​គណនេយ្យភាព​សង្គម ​ដំណាក់កាល​ទី២ ​រយៈពេល​៥ឆ្នាំ​របស់​រដ្ឋាភិបាល ​គ្រោង​នឹង​ចំណាយ​ប្រមាណ ​៣២ លាន​ដុល្លារ។ ក្នុង​នោះ​ថវិកា​ប្រមាណ ​១២ លាន​ដុល្លារ ​សម្រាប់​ផ្គត់​ផ្គង់​ និង​ថវិកា​ប្រមាណ ​១៨ លាន​ដុល្លារ ​សម្រាប់​ផ្នែក​តម្រូវការ​ ខណៈ​ថវិកា​ប្រមាណ​ ២ លាន​ដុល្លារ​ទៀត ​សម្រាប់​ការងារ​រដ្ឋបាល ​និង​ប្រតិបត្តិការ​របស់​មូលនិធិ​បរ​ធន​បាល​កិច្ច៕