ភ្នំពេញៈ រដ្ឋាភិ​បាល​ បាន​សម្រេច​ផ្តល់​ប្រាក់​ឧបត្ថម្ភ ​ចំនួន ​៥០ ០០០ ​(៥ម៉ឺន) ​រៀល ​ក្នុង​ម្នាក់ៗ ​ដល់​មន្ត្រី​រាជការ​ស៊ីវិល ​និង​កងកម្លាំង​ប្រដាប់​អាវុធ​ ក្នុង​ឱកាសនៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ នាពេល​ខាងមុខ​ ដែលប្រាក់​ឧបត្ថម្ភ​នេះនឹងត្រូវ​ផ្តល់​សម្រាប់​ម្នាក់ៗ​តែ ១ ​កន្លែង ​និង ១ ​លើក​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​អនុក្រឹត្យ​របស់​ប្រមុខ​រដ្ឋាភិបាល​ លោក​នាយក​រដ្ឋមន្ត្រី​​ហ៊ុន សែន ​ចេញ​កាលពី​ថ្ងៃ​ទី ១៩ ខែ​ មីនា។

តាម​មាត្រា ២​ នៃ​អនុក្រឹត្យនេះ ​បញ្ជាក់ថា ​ការ​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ខាងលើ ​ត្រូវអនុវត្ត​ឲ្យបាន​​មុនថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ និង​ត្រូវ​គោរព​តាម​គោលការណ៍​ដូច​តទៅ​៖ ក្រសួង ​ស្ថាប័ន ​ដែល​បាន​រៀបចំ​ការបើក​គណនី​បៀវត្ស​ជូន​មន្ត្រី​រាជការ​ បុគ្គ​លិក​ និង​ភ្នាក់ងារ​សាធារណៈ​របស់​ខ្លួន​រួច​ហើយ ​ត្រូវធ្វើ​ការបើក​ប្រាក់​ឧបត្ថម្ភនេះ​ចូលទៅ​ក្នុង​គណនី​បៀវត្ស​រ៍របស់​សាមីជន​ម្នាក់ៗ​ ផ្ទាល់​តែ​ម្តង។

ការ​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជូន​មន្ត្រី​ជាប់​កិច្ចសន្យា​និង​បុគ្គលិក​បណ្តែត​ត្រូវអនុវត្ត​តាម​គណនី​បៀវត្ស​រ៍របស់​សាមីជន​ម្នាក់ៗ​។ ក្រសួង​ ស្ថានប័ន ​និង​​អង្គភាព ​ដែលមិន​ទាន់បើក​គណនី​បៀវត្ស​រ៍សម្រាប់​មន្ត្រី​រាជការ ​បុគ្គ​លិក ​និង​ភ្នាក់ងារ​សាធារ​ណៈ​របស់​ខ្លួន ​ត្រូវចាត់ចែង​ការបើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ឲ្យបាន​ដល់​សាមីជន​ម្នាក់ៗ​គ្រប់​ចំនួន ​និង​ទាន់​ពេលវេលា។

និវត្ត​ជន ​ដែលជា​អតីត​មន្ត្រី​រាជការ​ស៊ីវិល ​អតីត​យោធិន ​នៃ​កងយោធពល​ខេរភូមិន្ទ ​និង​អតីត​​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​ ដែលកំពុង​បំពេញ​ការងារ​ ជា​មន្ត្រី​​ជាប់​កិច្ចសន្យា ​បុគ្គលិក​បណ្តែត ​សមាជិក​ក្រុមប្រឹក្សា​រាជធានី ​ខេត្ត ​ក្រុង ​ស្រុក ​ខណ្ឌ ​ឃុំ ​សង្កាត់​ ប្រធាន​ភូមិ ​អនុប្រធាន​​ភូមិ ​ឬ​សមាជិក​ភូមិ ​ត្រូវ​ទទួល​ប្រាក់​ឧបត្ថម្ភ​តែ ១​ កន្លែង ​ដែល​ចាត់ចែង​បើក​ផ្តល់ ​ដោយ​ក្រ​សួង​សង្គមកិច្ច ​អតីត​យុទ្ធជន ​និង​យុវនីតិ​សម្បទា។

ក្រសួង​ ស្ថាប័ន ​ត្រូវទទួលខុសត្រូវ ​ក្នុងការ​ពិនិត្យ​ផ្ទៀងផ្ទាត់ ​រៀប​ចំ​សំណើ ​និង​ធ្វើការ​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ ​ដែលបាន​កំណត់​ក្នុង​អនុក្រឹត្យនេះ ​ដោយ​មិន​រាប់​បញ្ចូល​មុខ​សញ្ញា​និវត្ត​ជន​ក្នុង​ចំណុច ៤ ខាង​លើ។

មាត្រា ៣ ​នៃ​អនុក្រឹត្យនេះ ​ក៏​បាន​បញ្ជាក់ថា​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​និង​ក្រសួង​ ស្ថាប័ន​សាមី ​ត្រូវ​សហការ​ និង​ចាត់ចែង​រៀបចំ​ការបើក​ផ្តល់​ជាបុរេ​ប្រទាន​សម្រាប់​​ប្រាក់​ឧបត្ថម្ភ​ក្នុង​ឱកាស​ពិធី​ចូលឆ្នាំ​ថ្មី​ឲ្យដល់​សាមីជន​ម្នាក់ៗ​យ៉ាងយូរ​បំផុត​ត្រឹម​ថ្ងៃ​ទី ១២ ​ខែ ​មេសា ​ឆ្នាំ ២០១៩។

លោក មាន ណាត ​មេឃុំ​ភូមិធំ ​ស្រុក​កៀន​ស្វាយ ​ខេត្ត​កណ្ដាល ​លើកឡើងថា ​ថ្វី​ដ្បិត​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ចូលឆ្នាំ​នេះ​មាន​ចំនួន​តិច​មែន ​ប៉ុន្តែ​វា​គឺជា​ការលើកទឹកចិត្ត​ពី​សំណាក់​រដ្ឋាភិបាល​ទៅកាន់​មន្ត្រី​រាជការ​ ហើយ​វា​ក៏​ជា​ទឹកប្រាក់​មួយ​ ដែល​ធ្វើឱ្យ​សមាជិក​ភូមិ​ ឃុំ​របស់​លោក​ ពេញ​ចិត្ត​នឹង​ទទួល​យក​ដែរ។

លោក​ថ្លែង​ថា​៖ «ប៉ុន្តែ​ក្រុម​ការងារ​យើង​ដូច​មេភូមិ​ជាដើម ​គាត់​មានចិត្ត​សប្បាយ​ណាស់។ វា​តិច​មែន​ ប៉ុន្តែ​អានេះ​គឺជា​ការលើក ទឹក​ចិត្ត។ ប៉ុន្តែ​បើ​ប្រាក់ខែ​បច្ចុប្បន្ន ​គឺ​សម្រាប់​មេភូមិ​ទទួល​បាន​ ២៥ ម៉ឺន ​និង​មេឃុំ​ទទួល​បាន​ ១ លាន ៣ ម៉ឺន​រៀល»។

លោក ​ញ៉ែម សារ៉ន ​នាយកសាលា​បឋម​សិក្សា​កុលាប​ទី ១ ​នៅ​សង្កាត់​ស្រះចក​ រាជធានី​ភ្នំពេញ​​ថ្លែង​ដែរ​ថា​៖ «ជាកិត្តិ​យស​មួយ ​សម្ដេច​បាន​ជួយ​ឧបត្ថម្ភ​ ៥ ម៉ឺន​ដល់​មន្ត្រី​រាជការ​នៅ​ទូទាំង​ប្រទេស ទាំង​ខ្ញុំ​ និង​បុគ្គលិក​គឺ​ត្រេកអរ​ណាស់​និង​សប្បាយ​រីករាយ​ដែល​សម្ដេច​ឱ្យ​ថវិកា​ហ្នឹង»។

លោក ​ផៃ ស៊ី​ផាន ​មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​បញ្ជាក់ថា ​រដ្ឋាភិបាល​មាន​ការគិត​គូរ​ដើម្បី​លើក​ទឹក​ចិត្ត​មន្ត្រី​រាជការ​ឱ្យទទួល​បាន​នូវ​ក្ដី​រីករាយ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខាង​មុខនេះ ​ហើយ​វា​ក៏​ជា​ការបង្ហាញ​មួយ​សម្រាប់​រដ្ឋាភិបាល​ ដែល​មាន​​សមត្ថ​ភាព​មាន​លុយ​គ្រប់គ្រាន់ ​ក្នុងការ​ផ្ដល់​ប្រាក់​បន្ថែម​សម្រាប់​មន្ត្រី​រាជការ។

លោក​ថា​៖ «វា​ការរួម​ចំណែក​របស់​រដ្ឋា​ភិ​បាល ​ដែល​បង្ហាញ​អំពី​ជំហរ​គុណធម៌ ​សីលធម៌​ ដើម្បី​​ឆ្លើយតប​ទៅនឹង​ការប្រឹង​ប្រែង​របស់​មន្ត្រី​រាជការ ​ដែល​បាន​បម្រើ​សាធារណៈ​ ដូច្នោះ​ទៅតាម​លទ្ធភាព​ដើម្បី​ចូលរួម​បង្ហាញ​អំពី​ទឹកចិត្ត​ស្ម័គ្រស្មោះ​ និង​លើក​ទឹកចិត្ត​ ក្នុងការ​ចូលរួម​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ»។

លោក ​មាស សុខ​សែន​សាន​ មន្ត្រី​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ថា ​លោក​មិន​ទាន់​ដឹង​អំពី​ទំហំ​ទឹកប្រាក់​ដែល​ត្រូវ​ចំណាយ​ក្នុងការ​លើក​ទឹកចិត្ត​មន្ត្រី​​រាជការ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​នៅ​ឡើយ៕