ភ្នំពេញៈ រាជរដ្ឋាភិបាល​កំពុង​ព​ន្លឿ​ន​ការផ្តល់​ប័ណ្ណ​សមធម៌​ដល់​ជន​ក្រីក្រ​ក្នុង​នោះ​ក៏មាន​អ្នក​សុំទាន​ផងដែរ ដើម្បី​ឲ្យ​ពួកគាត់​ទទួល​បាន​សេវា​ព្យាបាល​ជំងឺ​ដោយ​មិន​គិត​ថ្លៃ ដែល​ជា​ការ​ជួយ​សម្រាល​បន្ទុក​ចំណាយ​ដល់​ពួកគាត់។នេះ​បើ​តាម​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​របស់​ក្រសួង​កាលពី​ថ្ងៃ ២៩ មេសា លោក ខៀវ កាញារីទ្ធ បាន​លើក​ឡើង​ថា រាជ​រដ្ឋាភិបាល​បាន​គិត​គូរ​ដល់​អ្នក​ក្រីក្រ ពិសេស​អ្នក​សុំទាន​ដោយ​បាន​ធ្វើ​ជា​ប័ណ្ណ​សមធម៌​ដើម្បី​ឲ្យ​ពួកគេ​អាច​ចូល​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ដោយ​ឥត​គិត​ថ្លៃ​ពេល​មាន​ជំងឺ ហើយ​អ្នក​ទៅ​កំដរ​ក៏​រដ្ឋ​ផ្តល់​ថវិកា​ដែរ។

លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា៖ «គោលនយោបាយ​នេះ មាន​សារៈ​សំខាន់​ណាស់​ដើម្បី​ផ្តល់​សេវា​ថែទាំ​សុខភាព​សាធារណៈ​ជូន​ដល់​ពលរដ្ឋ​ក្រីក្រ​ដែល​គ្មាន​លទ្ធភាព​ព្យាបាល​ជំងឺ»។

លោក​បាន​បន្ថែមថា រាជរដ្ឋាភិបាល​ក៏បាន​ជួយ​មន្ត្រីរាជការ កម្មករ​កម្មការិនី និង​កងកម្លាំង​ប្រដាប់​អាវុធ​ឲ្យទទួល​បាន​សេវា​ថែទាំ និង​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ​ផងដែរ តាមរយៈ​ការ​ចូល​ជា​សមាជិក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស)។

លោក ខៀវ កាញារីទ្ធ បាន​បន្ថែមថា គោលនយោបាយ ប.ស.ស គឺ​កើតចេញពី​កិច្ច​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​ក្នុង​រយៈពេល ៤០ ឆ្នាំ​កន្លង​មក ​ដើម្បី​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ពលរដ្ឋ មន្ត្រី​រាជការ និង​កម្មករ ឱ្យ​ទទួល​បាន​សេវា​ថែទាំ និង​ការ​ព្យាបាល​បាន​ដិត​ដល់ និង​ឥត​គិត​ថ្លៃ។

កាលពី​ម្សិលមិញ លោក​រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បានបញ្ជាក់​បន្ថែមថា៖ «ខ្ញុំ​គ្រាន់​តែ​ចង់​និយាយ​ថា​រាប់​បញ្ចូល​ទាំង​អ្នក​សុំទាន។​ និយាយ​រួម បន្ទាប់​ពី​ក្រសួង​ផែនការ​ចេញ​ហើយ (លទ្ធផល​ជំរឿន​ឆ្នាំ ២០១៩) កំណត់​ថា​អ្នក​ណា​ក្រីក្រ ហើយ​នោះ​សូម្បី​តែ​អ្នក​សុំទាន​ក៏​យើង​អាច​ជួយ​ឱ្យគេ​ទៅ​ព្យាបាល​ជំងឺ​បានដែរ​ព្រោះ​អ្នក​សុំទាន​គាត់​ត្រូវ​រាប់​បញ្ចូល​ប្រភេទ​អ្នក​ក្រីក្រ​ហ្នឹង​ហើយ»។

លោក​ថា ប័ណ្ណ​ក្រីក្រ​គឺ​ក្រសួង​ផែនការ​ជា​អ្នកចេញ​ជូន​ពលរដ្ឋ​ក្រីក្រ​ពិត​ប្រាកដ បន្ទាប់​ពី​ធ្វើ​ជំរឿន​ប្រជាសាស្ដ្រ។

លោក​បាន​បញ្ជាក់ថា៖ «យើង​មាន​ប័ណ្ណ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​សម្រាប់​បុគ្គលិក​រដ្ឋ​ដែល​ធ្វើ​ការងារ​ទៀង​ទាត់​ចំណែក​មាន​ប័ណ្ណ​សមធម៌​សម្រាប់​អ្នក​ក្រីក្រ។ អ៊ីចឹង​ក្រសួង​ផែនការ​គេ​មាន​លក្ខណ​វិនិច្ឆ័យ​ច្រើន​សម្រាប់​អ្នកណា​ក្រីក្រ»។

លោក ហេង សួរ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា៖ «នេះ​គឺជា​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​ជំនួយ​សង្គម​របស់​ក្របខ័ណ្ឌ​គោល​នយោបាយ​គាំពារ​សង្គម។ រាជ​រដ្ឋាភិបាល​ប្រើប្រាស់​មូលនិធិ​សមធម៌​សុខាភិបាល​ក្នុង​ការ​ទ្រទ្រង់​កម្មវិធី​នេះ»។

ទោះជា​យ៉ាងណា លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ដែរ​ថា អ្នក​សុំទាន​នៅ​បរទេស​គឺជា​អាជីព​មួយ​របស់​គេ​ដែល​មិន​បាន​ចាត់​ទុក​ជា​ជន​ក្រីក្រ​ទេ ដោយ​ភាគ​ច្រើន​ពួកគេ​គ្រាន់​តែ​ជា​ជន​ពនេចរ​ធ្វើ​ដំណើរ​ផ្សង​ព្រេង​ប៉ុណ្ណោះ។

លោក​ថា៖ «ស្រុកគេៗហៅ​ពួក​អត់​មានផ្ទះ​ស្នាក់នៅ (អ្នក​សុំទាន) គេ​បង្កើត​មជ្ឈមណ្ឌល​មួយ​សម្រាប់​ផ្ដល់​បាយ​ទឹក​ឱ្យ​ពួក​មនុស្ស​បែប​នេះ​រស់​នៅ​ហើយ​ពួកនេះ​បាន​ទៅសុំ​ថវិកា​ឧបត្ថម្ភ​សង្គម​ពីរ​ដ្ឋ តែ​រដ្ឋ​គេ​ទាល់​តែ​មាន​អាសយដ្ឋាន​ច្បាស់​លាស់​ទើប​គេ​ផ្ដល់ឱ្យ ប៉ុន្ដែ​អ្នក​សុំទាន​ខ្មែរ​ចេញ​ពី​មូលដ្ឋាន​របស់​ពួកគាត់​មក»។

អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លោក ​តូច ចាន់នី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​គោល​នយោបាយ ​ប.ស.ស បាន​ទេ​កាល​ពី​ម្សិលមិញ។

លោក ស៊ឹង សែន​ករុណា អ្នក​នាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក (ADHOC) បាន​ថ្លែង​ថា ការ​ពន្លឿន​ការ​ផ្ដល់​ប័ណ្ណ​ក្រីក្រ​នេះ​គឺជា​រឿង​ល្អ ប៉ុន្ដែ​លោក​បាន​កត់​សម្គាល់​ថា មន្ដ្រី​មូលដ្ឋាន​នៅ​មិន​ទាន់​បាន​ផ្ដល់​ប័ណ្ណ​ក្រីក្រ​ចំ​គោលដៅ ដោយ​អ្នក​ខ្លះ​មិន​សម​នឹង​ទទួល​បាន​ប័ណ្ណ​ក្រីក្រ​ទេ។

លោក​ថា៖ «រឿងនេះ​ជា​បញ្ហា​មួយ​ដែល​ធ្វើឱ្យ​ការផ្ដល់​នូវ​សេវា​ទាំងនេះ មិន​ចំ​ប្រជាជន​ដែល​ត្រូវការ​ជាក់ស្ដែង។ អ្នក​ដែល​មាន​ធនធាន មិនគួរ​ទទួល​បាន​ប័ណ្ណ​ក្រីក្រ បែរ​ជា​ទទួល​បាន​ប័ណ្ណ​ទៅវិញ ដែល​រឿង​នេះ​នាំ​ឱ្យ​មាន​បញ្ហា​កើត​ឡើង និង​នាំឱ្យ​មាន​ការ​រិះគន់​នៅ​ក្នុង​មូលដ្ឋាន»៕