ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថានឹងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងឈ្មួញទាំងឡាយណាដែលឆ្លៀតឱកាសយកចំណេញដោយការដំឡើងតម្លៃទំនិញស្រេចតែចិត្តនៅតាមទីផ្សារ ឬហាងដែលបើកលក់ទំនិញបរិភោគប្រចាំថ្ងៃ ខណៈដែលប្រជាពលរដ្ឋកំពុងបារម្ភ និងជ្រួលច្របល់ហួសហេតុ ដោយសារជំងឺឆ្លងកូវីដ ១៩។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន អំពាវនាវក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាពពីម្សិលមិញស្នើសុំឲ្យពាណិជ្ជករដែលជាម្ចាស់ហាងទំនិញទាំងឡាយ កុំឆ្លៀតឱកាសយកផលចំណេញតាមរយៈការដំឡើងថ្លៃទំនិញហួសហេតុ ជាពិសេសគ្រឿងបរិភោគ ខណៈពលរដ្ឋកំពុងមានការជ្រួលច្របល់ពីជំងឺកូវីដ ១៩។ លោកអំពាវនាវឲ្យប្រជាពលរដ្ឋងាកទៅរកប្រពៃណីខ្មែរដែលចេះជួយគ្នាក្នុងគ្រាមានអាសន្ន។
ដោយមានការព្រួយបារម្ភរបស់ពលរដ្ឋនឹងមេរោគកូរ៉ូណា ឬកូវីដ ១៩ ដែលធ្វើឲ្យពលរដ្ឋជ្រួលច្របល់នេះលោក ផៃ ស៊ីផាន ប្រាប់ប្រជាពលរដ្ឋឲ្យរក្សាស្មារតីរឹងប៉ឹងកុំបារម្ភជ្រុលពេកដោយលោកថ្លែងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាអ្នកដែលឈរនៅខ្សែត្រៀមទី ១ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។
លោក ផៃ ស៊ីផាន អំពាវនាវថា៖ «សូមជម្រាបដល់ប្រជាពលរដ្ឋកុំជ្រួលច្របល់ហួសហេតុនាំឲ្យជនឱកាសនិយមអាចឆ្លៀតតាមរយៈយកចំណេញឡើងថ្លៃទំនិញដែលមិនសមហេតុសមផល។ សូមម្ចាស់ហាងទូទៅប្រកាន់នូវស្មារតីសាមគ្គីជាតិខ្មែរ កុំឆ្លៀតឱកាសដំឡើងថ្លៃទំនិញស្រេចតែអំពើចិត្ត»។
ជាមួយគ្នានេះលោកក៏ព្រមានថា៖ «ក្នុងករណីរកឃើញភាពមិនប្រក្រតីអាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការទៅតាមផ្លូវច្បាប់។ ដូច្នេះពាណិជ្ជករគួរតែប្រុងប្រយ័ត្ន រាជរដ្ឋាភិបាលនឹងមានវិធានក្នុងការចាប់តាមផ្លូវច្បាប់នៅពេលបង្កើនតម្លៃលក់ហ្នឹងហួសហេតុ»។
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះបញ្ជាក់ថា បុរសជនជាតិចិនអាយុ ៦០ ឆ្នាំ ដែលមានជំងឺកូវីដ ១៩ នោះត្រូវបានព្យាបាលជាសះស្បើយរួចហើយ។ ឯបុរសជនជាតិខ្មែរអាយុ ៣៨ ឆ្នាំដែលកំពុងដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបគាត់ក៏មានសុខភាពល្អមិនមានរោគសញ្ញាអ្វីបន្ថែមទៀតទេ បើទោះគាត់នៅបន្តវិជ្ជមានកូវីដក៏ដោយ។ អ្នកប៉ះពាល់គាត់ទាំងអស់ក៏មិនទាន់រកឃើញវិជ្ជមានអំពីមេរោគកូវីដ ១៩ នោះដែរ។ រីឯជនជាតិអង់គ្លេសភេទស្រីអាយុ ៦៥ ឆ្នាំកំពុងដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យឯកជនក្នុងរាជធានីភ្នំពេញ។ គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់នោះទេ។
ក្នុងសន្និសីទកាសែតម្សិលមិញនេះដែរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ក៏បានបង្ហាញពីលទ្ធផលដែលក្រសួងមហាផ្ទៃបានធ្វើក្នុងឆ្នាំកន្លងទៅដោយក្នុងនោះលោកក៏បានបង្ហាញពីចំនួនច្រកទ្វារអន្តរជាតិ ដែលកម្ពុជាមានទំនាក់ទំនងជាមួយបណ្តាប្រទេសលើពិភពលោក។ លោកបញ្ជាក់ថា កម្ពុជាមានច្រកទ្វារចេញ-ចូលអន្តរជាតិ ដែលជាច្រកទ្វារព្រំដែនគោក ព្រំដែនទឹក និងអាកាសសរុបមាន ៨២ ច្រក។
លោក ខៀវ សុភ័គ ប្រាប់អ្នកកាសែតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆ្នាំ ២០១៩ សមត្ថកិច្ចចម្រុះនៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានបង្ក្រាបចំនួន ៦០ ករណីដោយឃាត់ខ្លួនជនល្មើស ១០ នាក់រួមទាំងវត្ថុតាងជាច្រើនតោន និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ផលិតផលក្លែងក្លាយនេះមានដូចជាសាប៊ូ ថ្នាំពេទ្យ គ្រឿងបរិភោគ។ល។
ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសប្រាក់ខុសច្បាប់លោកបញ្ជាក់ថា៖ «យើងបានបើកការស៊ើបអង្កេតបង្ក្រាបបទល្មើសសម្អាតប្រាក់ចំនួន ៧៥ ករណីកសាងសំណុំរឿងទៅស្ថាប័នអយ្យការចំនួន ១៥ ករណី។ ស្ថាប័នអយ្យការបានសម្រេចចោទប្រកាន់បទល្មើសសម្អាតប្រាក់ ១០ ករណី»។
លោកបន្ថែមថាក្នុងនោះមានការបង្កកសាច់ប្រាក់ដុល្លារចំនួន ៧ ៧៨៦ ១៧៩,៣៥ លានដុល្លារ រក្សាទុកផ្ទះ ៣ កន្លែង និងទីតាំងដីឡូត៍ ១ កន្លែង និងរថយន្ត ៧២ គ្រឿង និងម៉ូតូចំនួន ២៦៥៣ គ្រឿងដែលនេះជាបទល្មើសចរាចរណ៍ប្រាក់មិនស្របច្បាប់។
ការធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋលោកឲ្យដឹងថា គិតមកដល់បច្ចុប្បន្ននេះការបោះពុម្ភអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺបានចំនួន ១០ លាន ៥ សែន ៩១ សន្លឹក និងបានផ្តល់ជូនរាជធានីខេត្តបាន ១០ លាន ៤ សែន ៦ ម៉ឺន ៨ ពាន់ ១៧១ សន្លឹក លើសផែនការជាង ១១ លាននាក់។ បានសេចក្តីថា ជាទូទៅពលរដ្ឋខ្មែរមានអត្តសញ្ញាណប័ណ្ណប្រើប្រាស់។ សម្រាប់ការវិនិយោគ លោកថាគិតត្រឹមចុងឆ្នាំ ២០១៩ តួលេខវិនិយោគមានក្រុមហ៊ុនវិនិយោគ ២៦២២ ក្រុមហ៊ុនក្នុងនោះមានវិស័យកសិកម្ម ២៥២ ក្រុមហ៊ុនពោលគឺមានការកើនឡើង បើប្រៀបនឹងឆ្នាំ ២០១៨ កើនឡើង ៧៦ ក្រុមហ៊ុន។
លោក ខៀវ សុភ័គ ថ្លែងថា៖ «សកម្មភាពវិនិយោគបរទេសមានការកើនឡើងគួរឲ្យកត់សម្គាល់។ ពិសេសលើវិស័យរោងចក្រសហគ្រាសបានឆ្លុះបញ្ចាំងថា អ្នកវិនិយោគបរទេសនៅតែជឿជាក់ និងជ្រើសរើសកម្ពុជាជាគោលដៅសម្រាប់ធ្វើការវិនិយោគរបស់ខ្លួន»។
រឿងពន្ធនាគារលោកបង្ហាញថា គិតត្រឹមចុងឆ្នាំ ២០១៩ មានអ្នកជាប់ឃុំ ៣៧០០៧ នាក់ក្នុងនោះមានស្ត្រី ២៥៨៤ នាក់។ ក្រោយការបោះឆ្នោតឆ្នាំ ១៩៩៣ កម្ពុជាមានអ្នកជាប់ឃុំជិត ២០០០ នាក់ប៉ុណ្ណោះទូទាំងប្រទេស។
លោកបញ្ជាក់ថា៖ «ដូច្នេះនៅពេលណាប្រទេសជាតិរីកចម្រើនទៅការប្រព្រឹត្តបទល្មើសមានការកើនឡើងគួរឲ្យកត់សម្គាល់»។
ចំពោះសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងឆ្នាំ ២០១៩ លោក ខៀវ សុភ័គ ថ្លែងថាកម្ពុជាបានឆ្លងកាត់ព្រឹត្តិការណ៍ជាច្រើន ដែលព្រឹត្តិការណ៍ខ្លះអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសន្តិសុខជាតិទាំងមូល។ ជាពិសេសឆ្នាំ ២០១៣ ក្រោយការបោះឆ្នោតដោយលោកបានលើកពីឈ្មោះអតីតបក្សសង្គ្រោះជាតិ ថាជាអ្នកបង្កឲ្យមានបញ្ហាសម្រាប់ជាតិ។
លោកថា៖ «ដោះដូរ ដោះដូរ មុនការបោះឆ្នោតគឺជាការត្រឹមត្រូវ។ ប៉ុន្តែដូរក្រោយការបោះឆ្នោតមិនជាការត្រឹមត្រូវទេ។ ២០១៣ អតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានច្បាប់យើងរំសាយគាត់បានរៀបចំនូវយុទ្ធនាការមួយរហូតដល់ទីបំផុតថ្ងៃទី ៤-៥ មករា ២០១៤ ផ្ទុះអាវុធជាកុបកម្ម ឯកសារទាំងអស់នេះមានក្នុងដៃសមត្ថកិច្ច ហើយមាននៅក្នុងដៃរបស់មេធាវីរដ្ឋាភិបាលដាក់បន្ទុកទៅលើជនជាប់ចោទ»។
ក្នុងមុខសញ្ញាពាក់ព័ន្ធដែលលោកថា ពួកឧទ្ទាមក្រៅច្បាប់ធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលក្នុងឆ្នាំកន្លងទៅសមត្ថកិច្ចឃាត់ខ្លួនបាន ៧៣ នាក់ក្នុងយុទ្ធនាការ សម រង្ស៊ី វិលចូលស្រុក។ មុខសញ្ញាប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមប្រព្រឹត្តបទល្មើស ៩១ នាក់ និងក្រុមបង្កើតចលនាកងកម្លាំងខ្មែររំដោះខ្មែរ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ក៏ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញ និងបង្ក្រាប។
ចំពោះសកម្មភាពបាតុកម្មកូដកម្មគ្រប់ប្រភេទបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺមានចំនួន ៦៦៩ លើក ហើយបាតុកម្ម កូដកម្មនេះក៏ត្រូវបានដោះស្រាយ និងចាត់វិធានការទៅតាមគោលការណ៍ច្បាប់។
បើតាមលោក ខៀវ សុភ័គ ពីឆ្នាំ ២០១៨ និង ២០១៩ បទល្មើសរួមមានការកើនឡើង ២០១៨ មាន ២៩៦៩ លើកដល់ ២០១៩ ឡើង ៣១៩៦ លើកមានការកើនឡើងជារួមបទល្មើស។ បទឧក្រិដ្ឋ ២០១៨ មានតែ ៦២១ លើក ដល់ ២០១៩ មានរហូតដល់ ៧០១ លើក បទមជ្ឈិមមាន ២៣៤៨ ឡើងរហូតដល់ ២៤៩៥ ក្នុងឆ្នាំ ២០១៩។ បណ្តាលឲ្យពលរដ្ឋស្លាប់ ២៣៨ នាក់ក្នុងឆ្នាំ ២០១៨ និង ២១១ នាក់ស្លាប់ក្នុងឆ្នាំ ២០១៩។ ឯអ្នករបួសឆ្នាំ ២០១៨ មាន ៨៤៤ រូប និងឆ្នាំ ២០១៩ មាន ៨២៩ រូប៕
វីដេអូ៖