
លោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ក្នុងពិធីកន្លងមក។ ហុង មិនា
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានកោតសរសើរ និងគាំទ្រលើកំណែទម្រង់វិស័យអប់រំ ហើយចាត់ទុកការពង្រឹងវិស័យអប់រំ គឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ដោយលោកបន្ដជំរុញការអនុវត្ដឲ្យកាន់តែសកម្មលើការពង្រីកការអប់រំដល់កុមារតូចៗ និងផ្តល់អាហារូបករណ៍ដល់សិស្សពូកែ និងសិស្សក្រីក្រ។
ប្រមុខរដ្ឋាភិបាល លោកហ៊ុន សែន បានថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០១៧-២០១៨ និងលើកទិសដៅការងារឆ្នាំសិក្សា ២០១៨-២០១៩ កាលពីថ្ងៃទី ២៧ ខែមីនា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) រាជធានីភ្នំពេញ។
លោកថ្លែងកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងកិច្ចសហការជិតស្និទ្ធរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំ យុវជន និងកីឡា សាស្រ្ដាចារ្យ គ្រូបង្រៀន មាតាបិតា សិស្ស-និស្សិត សហគមន៍ និងអាជ្ញាធរដែនដី ទូទាំងប្រទេសដែលតែងតែយកចិត្តទុកដាក់ រួមចំណែកអភិវឌ្ឍវិស័យអប់រំ និងធនធានមនុស្សប្រកបដោយស្មារតីទទួលខុសត្រូវ តាមតួនាទី និងភារកិច្ចរៀងៗខ្លួន។
លោកថ្លែងថា៖ «ទន្ទឹមនេះ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ ចំពោះដៃគូអភិវឌ្ឍ អង្គការជាតិ អន្ដរជាតិ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការ និងផ្ដល់ការឧបត្ថម្ភគាំទ្រទាំងសម្ភារ ថវិកា ជួយរៀបចំផែនការសកម្មភាព និងជួយជ្រោមជ្រែងក្នុងការអនុវត្ដ សកម្មភាពការងារ ក្នុងវិស័យអប់រំយុវជននិងកីឡា»។
លោកហ៊ុន សែន បញ្ជាក់ថា៖ «ការពង្រឹងគុណភាពវិស័យអប់រំកម្ពុជា គឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ក្នុងយុទ្ធសាស្រ្ដចតុកោណ សម្រាប់អនុវត្ដនៅគ្រប់ដំណាក់កាល ការអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេស វិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា ការតម្រង់ទិសសម្រាប់ទីផ្សារការងារ ជាពិសេសការពង្រឹងជំនាញបច្ចេកទេស ដល់យុវជនសំដៅធានា ថា យុវជនម្នាក់គឺមានជំនាញមួយយ៉ាងតិចប្រចាំជីវិត សម្រាប់លើកស្ទួយជីវភាពគ្រួសារឲ្យកាន់តែល្អប្រសើរ រួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ»។
ក្នុងនាមរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្ដីលើកឡើងថា លោកគាំទ្រចំពោះអភិក្រម និងវិធីសាស្រ្ដថ្មីៗ ក្នុងរបាយការណ៍បូកសរុបសន្និបាតរបស់រដ្ឋមន្រ្ដីក្រសួងអប់រំយុវជន និងកីឡា លោកហង់ជួន ណារ៉ុន ដែលបានបង្ហាញពីសមិទ្ធផលសំខាន់ៗ និងទិសដៅ ដែលត្រូវអនុវត្ដបន្ដ ក្នុងគោលដៅបង្កើនសមត្ថភាពប្រកួតប្រជែង របស់ប្រជាជនកម្ពុជា ក្នុងការចាប់យកកាលា នុវត្ដភាពថ្មីៗ ខណៈដែលកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងសមាហរណកម្មទាំងក្នុងកម្រិតតំបន់ និងពិភពលោក។
លោកបន្ថែមថា ការកែទម្រង់វិស័យអប់រំ នឹងបង្កើននូវបរិយាកាស និងក្ដីសង្ឃឹម ក្នុងការបង្កើនគុណភាពធនធានមនុស្ស និងជំនាញសម្រាប់ផ្គត់ផ្គង់ទីផ្សារការងារ តាមរយៈការបង្កើតឲ្យមានសាលាជំនាន់ថ្មី ការពង្រឹងគុណភាពនៃការរៀន ការបង្រៀន ការលើកកម្ពស់សកម្មភាព ក្នុងការគ្រប់គ្រងសាលារៀន ការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា និងការរៀបចំបរិយាកាសល្អ សម្រាប់ការសិក្សារៀនសូត្រ។
លោកនាយករដ្ឋមន្រ្ដីបញ្ជាក់ថា៖ «រាជរដ្ឋាភិបាល នឹងបន្ដវិភាជថវិកាបន្ថែមប្រចាំឆ្នាំដល់វិស័យអប់រំ ដើម្បីជ្រើសរើស និងបណ្ដុះបណ្ដាលគ្រូបង្រៀន ដែលជាអាទិភាពចម្បង ដើម្បីបំពេញបន្ថែមដល់ការងារពង្រាយគ្រូ និងជំនួសគ្រូចូលនិវត្ដន៍ ការធ្វើវិក្រឹត្យការគ្រូបង្រៀន ការកែលម្អកម្មវិធីសិក្សា ការធ្វើអធិការកិច្ច ការពង្រឹងសមត្ថភាពគ្រប់គ្រង និងគុណភាពប្រឡង»។
ជាមួយគ្នានេះ លោកហ៊ុន សែន បន្ថែមថា រាជរដ្ឋាភិបាលនឹងបន្ដគិតគូរ អំពីការដំឡើងបៀវត្សរ៍ និងប្រាក់លើកទឹកចិត្ដ ជូនដល់គ្រូបង្រៀន និងបុគ្គលិកសិក្សាជាបន្ដបន្ទាប់ទៀត ព្រមទាំងការខិតខំកៀរគរធនធាន ពីគ្រប់មជ្ឈដ្ឋាន ដើម្បីជំរុញ លើកទឹកចិត្ដឲ្យវិស័យឯកជនចូលរួមវិនិយោគ ក្នុងវិស័យអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីធានាស្ថិរភាពទីផ្សារការងារ លើកកម្ពស់ផលិតភាព និងជីវភាពរស់នៅរបស់ប្រជាជន។
លោកបានបន្ដថា៖ «ទន្ទឹមនឹងនេះ ត្រូវខិតខំជំរុញ និងពង្រីកកម្មវិធីអប់រំកុមារតូច និងបង្កលក្ខណៈឲ្យកុមារបានសិក្សា យ៉ាងតិច ៩ ឆ្នាំ នៅសាលារៀនដែលមានបរិស្ថានស្អាត ទឹកស្អាត និងមានអនាម័យ។ ត្រូវផ្ដល់អាហារូបករណ៍ដល់សិស្សពូកែ សិស្សជួបការលំបាក ជាពិសេស សិស្សនារី និងសិស្សក្នុងគ្រួសារក្រីក្រ»។
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងអង្គសន្និបាតថា កំណែទម្រង់វិស័យអប់រំ ជាង ៥ ឆ្នាំ កន្លងមកនេះ អ្វីដែលក្រសួងបានកត់សម្គាល់ឃើញនោះ គឺគុណភាពរបស់សិស្សមានការកើនឡើង ជាពិសេស សិស្សនារី និង លោកគ្រូ អ្នកគ្រូទាំងអស់ បានខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយមនសិការ វិជ្ជាជីវៈខ្ពស់។
លោកបន្ដថា ប្រសិនបើយើងប្រៀបធៀបសមិទ្ធផល ដែលយើងទទួលបានក្នុងវិស័យអប់រំជាមួយប្រទេសផ្សេងទៀត ដែលជាប្រទេសក្រោយសង្គ្រាមជាង ៣០ ឆ្នាំ កន្លងមក វិស័យអប់រំកម្ពុជា បានធ្លាប់ធ្លាក់ដល់កម្រិតសូន្យ ទើបតែបានលោតឡើងពីកម្រិតសូន្យនៅទសវត្សរ៍ឆ្នាំ ១៩៨០ ប៉ុណ្ណោះ។
លោកបានបន្ថែមថា៖ «ដោយការបានពង្រឹង និងពង្រីក ជាបណ្ដើរៗ រហូតមកដល់ពេលនេះ សូម្បីការអប់រំនូវកម្រិតបឋមសិក្សា សិស្សជិត ១០០ ភាគរយ ទទួលបានការសិក្សា និងការអប់រំ»។
លោករដ្ឋមន្ត្រីបន្តថា៖ «យើងទាំងអស់គ្នាសូមប្ដេជ្ញាចិត្ដថា យើងកែលម្អវិស័យអប់រំរបស់យើងធ្វើម៉េច ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងជំរុញកម្ពុជាឲ្យឈានទៅរកកម្រិតអភិវឌ្ឍថ្មីមួយទៀតជាប្រទេស ដែលមានប្រាក់ចំណូលកម្រិតមធ្យម ជាពិសេសឆ្លើយតបទៅនឹងបដិវត្ដន៍ឌីជីថល ដែលប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា»៕