ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ារ៉ាតុង និង​ប្រណាំង​កង់​លើក​ទី​ ៦ ​នឹង​ប្រព្រឹត្ដ​ទៅ​នៅលើ​ភ្នំ​បូកគោ​នៃ​ខេត្តកំពត​ចាប់ពី​ថ្ងៃ ទី​ ២៦-២៧ ខែ​ តុលា ឆ្នាំ ២០១៩​។ ការរត់ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ារ៉ាតុង និង​ប្រណាំង​កង់​ប្រចាំ​ឆ្នាំ​នៅលើ​ភ្នំ​បូកគោ​នេះ​គឺ​រៀបចំ​ដោយ​សណ្ឋាគារ​ឋានសួគ៌​សុខា​បូកគោ​។

វា​មិន​ត្រឹមតែ​ជា​ការចូលរួម​ដើម្បី​ភាពសប្បាយ​រីករាយ និង​សុខុមាលភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការចូលរួម​ដើម្បី​គាំទ្រ​ដល់​ការងារ​សប្បុរសធម៌​ផងដែរ ពីព្រោះ​ចំណូល​ដែល​ទទួល​បាន​ពី​ព្រឹត្តិការណ៍​នេះ​នឹង​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។

ព្រឹត្តិការណ៍​សប្បុរសធម៌​នេះ​គឺ​បើកចំហ​សម្រាប់​ទាំង​ជនបរទេស​ និង​ប្រជាជន​កម្ពុជា​ដោយ​មិន​កំណត់​ពី​អាយុ​ចំពោះ​ការរត់​ប្រណាំង​បែប​កម្សាន្ត (Fun Run) ហើយ​ចំពោះ​អ្នកចូលរួម​ប្រណាំង​កង់​គឺ​តម្រូវ​ឲ្យ​មាន​អាយុ​ចាប់ពី​ ៩ ​ឆ្នាំ​ឡើង​ទៅ​។

ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ារ៉ាតុង និង​ប្រណាំង​កង់​លើក​ទី​ ៦ ​នេះ​ផ្តល់​ឱកាស​ដ៏មាន​អត្ថន័យ​បំផុត​សម្រាប់​អ្នកចូលរួម​ទាំងអស់ ពីព្រោះ​ពួកគេ​បាន​រួម​ចំណែក​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ហើយ​ទន្ទឹម​នឹង​នេះដែរ អ្នកចូលរួម​ក៏​នឹង​ទទួល​បាន​នូវ​បទពិសោធ​ដ៏រីករាយ និង​អនុស្សាវរីយ៍​ដែល​មិនអាច​បំភ្លេច​បាន​ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្តិ​ជាទី​ស្រឡាញ់​។

ចំពោះ​កម្មវិធី​ប្រណាំង​កង់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សៅរ៍​ទី​ ២៦ ​ខែ ​តុលា​ មាន​ចម្ងាយ​ផ្លូវ​ ៤ ​ប្រភេទ​ខុសៗ​គ្នា​ក្នុង​នោះ​មាន​ចម្ងាយ​ផ្លូវ​ ១០ ​គ.ម ១៧ ​គ.ម ៣៤ ​គ.ម និង​ ៥១ ​គ.ម​។ វិញ្ញាសា​ ១០ ​គ.ម អ្នកចូលរួម​ត្រូវ​មាន​អាយុ​ចន្លោះ​ពី​ ៩-១៣ ​ឆ្នាំ ​តម្លៃ​ចុះឈ្មោះ​ចាប់ពី ៧-១២ ដុល្លារ​។ វិញ្ញាសា​ចម្ងាយ​ផ្លូវ ១៧ គ.ម និង ៣៤ គ.ម អ្នកចូលរួម​ត្រូវមាន​អាយុ​ចាប់ពី​ ១៤ ​ឆ្នាំ ​ឡើង​ដោយ​ថ្លៃ​ចុះឈ្មោះ​មាន​ចាប់ពី​ ១២-២៧ ​ដុល្លារ​។ វិញ្ញាសា ៥១ គ.ម អ្នកចូលរួម​ត្រូវ​មាន​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង​ទៅ ​ហើយ​ថ្លៃ​ចុះឈ្មោះ​សម្រាប់​ជនបរទេស​តម្លៃ​ ៣២ ​ដុល្លារ និង​ជនជាតិខ្មែរ​តម្លៃ ២២ ដុល្លារ ។

ចំពោះ​ការរត់​ប្រណាំង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ទី​ ២៧ ខែ​ តុលា​ ដោយ​រត់​ពាក់កណ្ដាល​ម៉ារ៉ាតុង​មាន​ចម្ងាយ ២១ គ.ម ហើយ​វិញ្ញាសា​ផ្សេង​ទៀត​មាន​ចម្ងាយ​ផ្លូវ​ ១០ ​គ.ម ៥ គ.ម និង​ ៣ គ.ម​។ វិញ្ញាសា​រត់​ពាក់កណ្តាល​ម៉ារ៉ាតុង​ចម្ងាយ​ ២១ ​គ.ម បេក្ខជន​ត្រូវ​មាន​អាយុ​ចាប់ពី​ ១៦ ឆ្នាំ​ឡើង​ទៅ​ ហើយ​ថ្លៃ​ចុះ​ឈ្មោះ​ ៣២ ​ដុល្លារ​សម្រាប់​ជនបរទេស និង​ ២២ ​ដុល្លារ​សម្រាប់​ជនជាតិ​ខ្មែរ​។

ចំពោះ​អ្នកចូលរួម​រត់ប្រណាំង​ចម្ងាយ​ ១០ ​គ.ម​ត្រូវ​មាន​អាយុ​ចាប់ពី​ ១៣ ​ឆ្នាំ​ឡើង​ទៅ ​ហើយ​ថ្លៃ​ចុះឈ្មោះ​គឺ ២៧ ដុល្លារ​សម្រាប់​ជនបរទេស និង​ ១៧ ដុល្លារ​សម្រាប់​ខ្មែរ​។ ចំណែកឯ​វិញ្ញាសា​ចម្ងាយ​ ៥ និង ៣ ​គ.ម ដោយ​មិន​គិតពី​អាយុ​ហើយ​តម្លៃ​ចាប់ពី ៧-១៧ ដុល្លារ​។

ជយលាភី​នៃ​ការរត់​ប្រណាំង​នឹង​ប្រណាំង​កង់​នឹង​ទទួល​បាន​នូវ​មេដាយ និង​រង្វាន់​ផ្សេងៗ​ជាច្រើន​ទៀត​។ ដោយឡែក​អ្នកចូលរួម​រត់ និង​ជិះ​កង់​ទាំងអស់​ក៏​នឹង​ទទួល​បាន​មេដាយ​អនុស្សាវរីយ៍ ព្រះមុនីវង្ស​បូកគោ​ម៉ារ៉ាតុង​ម្នាក់​មួយ​ផងដែរ​។

ព្រឹត្តិការណ៍​នេះ​មាន​គោលបំណង​លើកកម្ពស់​សុខភាព​ផ្តល់​ភាព​សប្បាយរីករាយ​ដល់​អ្នកចូលរួម ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ គឺ​ដើម្បី​បុព្វហេតុ​សប្បុរសធម៌​។ អ្នកចូលរួម​ក៏​មាន​ជម្រើស​ក្នុង​ការស្នាក់​នៅតាម​លទ្ធភាព ដូចជា នៅ​សណ្ឋាគារ​ឋានសួគ៌​សុខាបូកគោ​ស្នាក់នៅ​តាមរយៈ​ការបោះតង់ ឬ​នៅ Bokor Inn ជាមួយ​នឹង​តម្លៃ​សមរម្យ​។ ចំណែកឯ​នៅពេល​យប់​គឺ​មាន​ការប្រគំ​តន្ត្រី​ដើម្បី​ញ៉ាំង​ឱ្យ​ព្រឹត្តិការណ៍​នោះ​កាន់តែ​សប្បាយរីករាយ​ទ្វេ​ឡើង​។

ពី​ ១ ​ឆ្នាំ ទៅ​ ១ ​ឆ្នាំ​ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ារ៉ាតុង និង​ប្រណាំង​កង់​នេះ​គឺ​មាន​អ្នកចូលរួម​កើនឡើង​ជា​លំដាប់ ទាំង​អ្នក​ចូលរួម​រត់ និង​អ្នកចូលរួម​ជិះ​កង់​។

សណ្ឋាគារ​ឋានសួគ៌​សុខា និង​រីសត​ដែល​ស្ថិត​នៅលើ​កំពូល​ភ្នំ​បូកគោ​គឺមាន​អាកាសធាតុ​ត្រជាក់​អម​ដោយ​ទេសភាព​ដ៏ស្រស់ត្រកាល​ដែល​មាន​ចម្ងាយ​ត្រឹម​ ៤៥ ​គីឡូម៉ែត្រ​ ពី​ក្រុង​កំពត​ និង​ ១៧០ ​គីឡូម៉ែត្រ ​ពី​រាជធានី​ភ្នំពេញ​។ ភ្នំ​បូកគោ​គឺជា​គោលដៅ​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏ល្បីល្បាញ​នៅ​ប្រទេស​ កម្ពុជា ពីព្រោះ​វា​មាន​ទេសភាព​ដ៏អស្ចារ្យ​នៃ​ផ្ទាំង​ថ្ម វាលស្រែ ៥០០ ផ្កា​បំពង់​ក្រឡោម និង​ពពក​វិល​ជាដើម​។

ចំណែកឯ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ឧទ្យាន​ជាតិ​បូកគោ​នោះ​គឺ​មាន​ទីតាំង​ស្ថិត​​នៅក្នុង​ស្រុក​ទឹកឈូ ខេត្ត​កំពត​។ វា​មាន​កម្ពស់ ១ ០៧៥ ម៉ែត្រ​ពី​នីវ៉ូទឹក​សមុទ្រ​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​តាម​លេខ​ទូរស័ព្ទ ០១៦ ៦១៦ ១២៦ ។ ឬ​ អ៊ី​មែល: dos.corp@sokhahotels.com និង គេហទំព័រ www.bokormarathon.com.kh/ ៕