កំពង់ស្ពីៈ កម្មការិនី​រោងចក្រ​ចំនួន ៥ នាក់​បាន​រងគ្រោះ​ដាច់ដៃ ខណៈ ៧ នាក់​ផ្សេង​ទៀត​របួស​ធ្ងន់-ស្រាល​ ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ទម្ងន់ ១ តោន​កន្លះ​ដែល​ដឹក​កម្មករ​ជិត ៥០ នាក់ បាន​បើក​កៀរ​គ្នា​ជាមួយ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ ១ គ្រឿង​នៅលើ​ផ្លូវ​ជាតិ​លេខ ២២ ក្នុង​ភូមិ​ខ្នុរ​អម្ពិល ឃុំវាល​ពន់ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​កាលពី​ព្រឹក​ថ្ងៃ​ម្សិលមិញ។

អាជ្ញាធរ​អះអាងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានធ្វើឱ្យ​កម្មការិនី​ចំនួន ១២ នាក់​របួស​ដោយ ៤ នាក់​រង​របួស​ស្រាល និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ឧដុង្គ។ ចំណែក ៨ នាក់​ទៀត​រង​របួស​ធ្ងន់​ដែល​មាន​អ្នក​ដាច់​ដៃ​ចំនួន ៥ នាក់​ត្រូវ​បាន​បញ្ជូន​ភ្លាមៗ​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ ប៉ុន្តែ​គ្មាន​អ្នក​បាត់បង់​ជីវិត​ទេ។

តាម​របាយការណ៍​រប​ស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់ថា បុរស​អាយុ ២៥ ឆ្នាំ ឈ្មោះ សាម ចន្ធី បាន​បើក​រថយន្ត​ម៉ាក HYUNDAI ពណ៌​ខៀវ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ ៣A-១៤១១ ដឹក​កម្មករ​សរុប​ចំនួន ៤៩ នាក់ ស្រី ៤៤ នាក់ ហើយ​បាន​បើក​ប៉ះគ្នា​ជាមួយ​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ ១ គ្រឿង​ម៉ាក HINO ពាក់​ស្លាក​លេខ​ស្វាយរៀង ៣A-០៥៣០ នៅ​ក្នុង​ទិសដៅ​បញ្ច្រាស់​គ្នា។​បន្ទាប់​ពី​កើត​ហេតុ​អ្នក​បើក​រថយន្ត​ដឹក​កម្មករ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ទៅ​សួរ​នាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ រីឯ​អ្នក​បើកបរ​រថយន្ត​ដឹក​ទំនិញ​ដែល​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​បាន​គេច​ខ្លួន​បាត់។

លោក ចឹក បូ​រិ​ន ប្រធាន​មន្ទីរ​ការងារ​ខេត្តកំពង់ស្ពឺ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា រថយន្ត​ទម្ងន់ ១ តោន​កន្លះ​បាន​ដឹក​កម្មករ​ចេញ​ពី​ខេត្ត​កំពង់ស្ពឺ​ឆ្ពោះ​ទៅ​កាន់​រោងចក្រ​កាត់ដេរ ៣ កន្លែង​ដែល​មិន​ស្គាល់​ឈ្មោះ​ស្ថិត​ក្នុង​ខេត្ត​កំពង់ឆ្នាំង ប៉ុន្តែ​នៅ​ពេល​កំពុង​ធ្វើ​ដំណើរ អ្នក​បើក​រថយន្ត​មួយ​នេះ​បាន​បើក​វ៉ា​រថយន្តដឹក​កម្មករ ១ គ្រឿង​ទៀត​ក៏​ជ្រុល​ទៅ​កៀរ​គ្នា​ជាមួយ​រថយន្ត​ធំ​ដឹក​ទំនិញ​រហូត​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់ក​ម្មករ​បែប​នេះ។ លោក​បន្ត​ថា ដោយសារ​កម្មករ​ខ្លះ​បាន​ដាក់​ដៃ​ចេញ​ក្រៅ​ទ្រុង​រថយន្ត ទើប​អំឡុង​រថយន្ត​ទាំង ២ កៀរគ្នា​ធ្វើឱ្យ​កម្មករ​ចំនួន ៥ នាក់​បាន​រង​គ្រោះ​ថ្នាក់​រហូត​ដាច់​ដៃ។

លោក​ថា៖ «ជិះ​មាន​គ្នា​រហូត ៤៩ នាក់​ក្នុង​ឡាន​តែ ១ តោន​កន្លះ អ៊ីចឹង​មានការ​ចង្អៀត ហើយ​ខ្លះ​គាត់​លយ​ដៃ​ចេញ​ក្រៅ ដល់​ពេល​ឡាន​កៀរ​ហើយ​ចង្អៀត​គ្នា​ដល់​ពេល​ឡាន​មក​គាត់​ដក​ដៃ​អត់​រួច​ដៃ​ខាង​ឆ្វេង​ដាច់​ទាំង​អស់។​អ្នក​រង​គ្រោះ​ដែល​កំពុង​ទទួល​ការ​ព្យាបាល​គឺ​ប.ស.ស​ទទួល​រ៉ាប់រង»។

បើតាម លោក ចឹក បូ​រិ​ន កន្លងមក​ខាង​មន្ទីរ​ការងារ​រួមទាំង​ផ្នែក​ពាក់ព័ន្ធ​បាន​ខំប្រឹង​ចុះ​ណែនាំ​ជារឿយៗ​អំពី​លក្ខណៈ​រថយន្ត​សម្រាប់​ដឹក​កម្មករ និង​ពន្យល់​អំពី​ច្បាប់​ចរាចរណ៍​ទៅ​ដល់​អ្នក​បើកបរ ខណៈ​ក្នុង​ខេត្ត​កំពង់ស្ពឺ​មាន​រថយន្ត​ដឹក​កម្មករ​ចំនួន ១៣៥០​គ្រឿង។ប៉ុន្តែ​លោក​ថា មាន​តែ​អ្នក​បើកបរ​មួយ​ចំនួន​ប៉ុណ្ណោះ​គោរព​តាម រីឯ​មួយ​ចំនួន​ទៀត​នៅ​មិន​ទាន់​បាន​គោរព​ឡើយ។

ចំណែក​លោក ខឹម សាម៉ុន អធិការនគរបាល​ស្រុក​ឧដុង្គ​បាន​បញ្ជាក់ថា ករណី​បើកបរ​កៀរ​គ្នា​នេះ​គឺ​មិន​បណ្ដាល​ឱ្យ​រថយន្ត​ក្រឡាប់​ឡើយ ប៉ុន្តែ​ក្រោយ​កើត​ហេតុ រថយន្ត​ទាំង ២ ត្រូវ​បាន​អូស​មក​រក្សាទុក​បណ្ដោះ​អាសន្ន​នៅ​អធិការដ្ឋាន។

លោកបន្តថា បន្ទាប់ពី​វាស់វែង​នៅ​កន្លែងកើតហេតុ និង​ការ​សាកសួរ​អ្នក​បើកបរ​រថយន្ត​ដឹក​កម្មកររួច​គឺ​អាជ្ញាធរ​នឹង​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​តុលាការ រីឯ​អ្នក​បើកបរ​រថយន្ត​ធុន​ធំ​ដែល​ដឹក​ជី​បាន​រត់​គេច បន្ទាប់​ពី​មាន​គ្រោះ​ថ្នាក់​តែ​សមត្ថកិច្ច​ថា​កំពុង​តាម​ឃាត់​ខ្លួន។

លោក​ថា៖ «ខ្ញុំ​អត់​សន្មត​ច្បាប់​បានទេ ទាល់តែ​តុលាការ អាហ្នឹង​អធ្យាស្រ័យ​ផង»។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​លើកឡើងថា គ្រាន់តែ​ការ​ចុះ​ទៅ​អប់រំ និង​ណែនាំ​អំពី​ច្បាប់​ចរាចរណ៍​ទៅ​ដល់​អ្នក​បើក​រថយន្ត​ដឹក​កម្មករ​គឺ​មិនទាន់​គ្រប់គ្រាន់​ទេ ដោយ​លោក​បាន​ប្រៀប​ធៀប​វិធានការ​ទាំង​នោះ​ថា​ដូច​ជា​ការ​ចុះ​ទៅ​វែក​ចក​អ៊ីចឹង​ដែរ។

លោក ប៉ាវ ស៊ីណា យល់ឃើញថា អាជ្ញាធរ​គួរតែមាន​វិធានការ​បន្ថែមទៀត គឺ​ការ​ចុះ​ទៅ​តាម​ដាន​ផ្ទាល់​នៅ​តាម​ដង​ផ្លូវ​នានា​ដែល​មាន​រថយន្ត​ដឹក​កម្មករ​ឆ្លងកាត់​ឱ្យបាន​ញឹកញាប់ ហើយ​អប់រំ​បន្ថែម ចំពោះ​អ្នក​បើកបរ​ដែល​មិន​ទាន់​បាន​គោរព​តាម​ច្បាប់។

លោក​ថា៖ «អាជ្ញាធរ​តាម​មូលដ្ឋាន​ទាំងអស់​ត្រូវ​ចុះ​អង្កេត​មើល តើ​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​ហ្នឹង​ពី ១ ខែ​ទៅ ១ ខែ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ចំពោះ​រថយន្ត​ដឹក​កម្មករ​មាន​ការ​កើន​ឡើង​ឬ​ថយ​ចុះ?​ ឧទាហរណ៍​ថា​ផ្លូវ​ដែល​មាន​គ្រោះថ្នាក់​ហ្នឹង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ទៅ​ពង្រឹង​នៅ​តំបន់​ហ្នឹង​បន្ថែម​ទៀត​ដើម្បី​ឱ្យ​តៃកុង​ដឹក​កម្មករ​ក្នុង​តំបន់​ហ្នឹង​ឱ្យ​គាត់​យល់​ថា​ថ្ងៃ​ហ្នឹង​វា​គ្រោះ​ថ្នាក់​អ៊ីចឹង​ប្រសិន​បើ​មាន​ការ​ធ្វេស​ប្រហែស អ៊ីចឹង​យើង​ត្រូវ​ចុះ Survey ឱ្យ​បាន​ជាប់»។

ទោះជា​យ៉ាងណា ជុំវិញ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ភ្នំពេញ​ប៉ុស្ដិ៍​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​លោក ​ហេង សួរ មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​នៅ​ឡើយ​ទេ បន្ទាប់​ពី​បានទាក់ទង​តាម​ប្រព័ន្ធ​តេឡេ​ក្រាម​កាល​ពី​ម្សិលមិញ៕