ភ្នំពេញៈ រថយន្ត​កែច្នៃ​ចំនួន ១៥ គ្រឿង​ត្រូវបាន​មន្ត្រី​គយ​និង​រដ្ឋាករ​រឹប​អូស ខណៈ​ពេល​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​យានដ្ឋាន​កែច្នៃ​រថយន្ត​ខុស​ច្បាប់​មួយ​កន្លែង​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​ករណី​ដែល​មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ជាការ​បង្ក​បញ្ហា​ដល់​អ្នក​ទិញ​យក​ទៅ​ប្រើ ទាំង​បញ្ហា​សុវត្ថិភាព និង​ផ្លូវ​ច្បាប់។

លោក កែវ សំអាត ប្រធានការិយាល័យ​គយ និង​រដ្ឋាករខណ្ឌ​ពោធិ៍​សែន​ជ័យ មិនអាច​សុំ​ការ​បញ្ជាក់​បាន​ទេ ដោយ​លោក​បង្វែរ​សំណួរ​ឲ្យ​សួរ​ទៅ​កាន់​លោក តេ សុ​មុនី ប្រធាន​សាខា​គយ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ ដែល​មិន​អាច​សុំ​ការ​បញ្ជាក់​បាន​ដោយ​លោក​ថា កំពុង​ជាប់​រវល់​កាល​ពី​ថ្ងៃ​អាទិត្យ។

មន្ត្រី​គយ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ​ត្រូវបាន​ស្រង់​សម្ដី​ដោយ FreshNews ថា រថយន្ត​ទាំង​នេះ​ជា​ប្រភេទ​រថយន្ត​លុច​ស៊ីស (Lexus) កូន​កាត់​ដែល​ផលិត​ចន្លោះ​ពី​ឆ្នាំ ២០០៤ ដល់​ឆ្នាំ ២០១១ ដែល​មាន​ម៉ាក Lexus RX-330, Lexus RX-350 និង Lexus RX-440H ហើយ​ត្រូវ​បាន​ដឹក​យក​មក​ទុក​ក្នុង​ឃ្លាំង។

តាម​សេចក្ដីរាយការណ៍​នោះ​ថា រថយន្ត​ទាំងនេះ​សុទ្ធ​តែមាន​ចង្កូត​ឆ្វេង។ក្នុង​ចំណោម​នោះ​មាន ៣ គ្រឿង​ត្រូវបាន​កាត់​ត​រួច ១០០% ដោយ ១ គ្រឿង​មាន​ពាក់​ស្លាក​លេខ​ក្លែងក្លាយ។

ចំណែកឯ ១២ គ្រឿង​ទៀត​កំពុងដំណើរការ​កាត់ត និង​ដំឡើង​នៅ​ឡើយ។ លោក យឺម សារ៉ាន់ អធិការខណ្ឌ​ពោធិ៍​សែន​ជ័យ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​កាល​ពី​ថ្ងៃ​អាទិត្យ និង​ថ្ងៃ​ម្សិលមិញ។

លោក​ សន ជ័យ នាយកប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេ​យ្យ​សង្គម​កម្ពុជា​បាន​ថ្លែងថា ការ​កាត់ត​រថយន្ត​គឺជា​សកម្មភាព​ខុស​ច្បាប់​ដែល​អាច​នាំឱ្យ​មនុស្ស​រង​គ្រោះ បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​បាត់បង់​អាយុ​ជីវិត។

រថយន្ត​កាត់ត​មិនមាន​បច្ចេកទេស​ត្រឹមត្រូវ​ដូច​រថយន្ត​ដើម​ដែល​នាំចូល​ពី​ក្រៅ​ប្រទេស​នោះទេ ហើយ​ក៏​ជា​មធ្យោបាយ​មួយ​ដែល​អ្នក​កាត់ត​រថយន្ត​អាច​គេច​វេះ​ពី​កាតព្វ​កិច្ច​បង់​ពន្ធ និងជា​មធ្យោបាយ​សម្រាប់​ធ្វើ​ស្លាក​លេខ​ក្លែងក្លាយ​ផង​ដែរ។

លោក​បាន​បន្តថា៖ «រឿង​លួចបន្លំ រឿង​បើក​យានដ្ឋាន​ខុសច្បាប់​កែច្នៃ​រថយន្ត​ឬក៏​កាត់​ត​រថយន្ត​នេះ វា​អាច​កើត​មាន​នៅ​ពេល​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​របស់​អាជ្ញាធរ​រដ្ឋ​ហ្នឹង​មាន​ចំណុច​ខ្សោយ មាន​ចំណុច​ខ្វះខាត បាន​ន័យថា មិន​បាន​មើល​គ្រប់​ជ្រុង​ជ្រោយ។​លទ្ធផល​វា​ក៏​នាំឱ្យ​មនុស្ស​រង​គ្រោះ រង​គ្រោះនោះ​មិន​ទាន់​គិត​អំពី​បទល្មើស​ដែល​នាំឱ្យ​មនុស្ស​ហ្នឹង​ប៉ះពាល់​ដែរ។ ខ្ញុំ​ឧទាហរណ៍​ថា ប្រជា​ពលរដ្ឋ​គាត់​អត់​ដឹង​គាត់​ទៅ​ទិញ​រថយន្ត​កាត់ត​មួយ ហើយ​រថយន្ត​កាត់​ត​ហ្នឹង​ធ្វើ​ស្លាក​លេខ​ក្លែង​ក្លាយ​ទៀត។ អ៊ីចឹង​ទៅ​ពលរដ្ឋ​គាត់​ឃើញ​ថោក គាត់​ទិញ ប៉ុន្តែ​នៅ​ពេល​សមត្ថកិច្ច​ត្រួត​ពិនិត្យ​ឆែក​ឆេរ​ទៅ​ឃើញ​ថា រថយន្ត​ហ្នឹង​ជា​រថយន្ត​កាត់ត​ផង រថយន្ត​មាន​ស្លាក​លេខ​ក្លែងក្លាយ​ផង អាហ្នឹង​ធ្វើ​ឱ្យ​ជា​បន្ទុក​បន្ត​ទៀត​ហើយ។​អ្នក​ប្រើប្រាស់​ហ្នឹង​ក៏​អាច​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់»។

លោក សន ជ័យ បាន​ពន្យល់ថា ដើម្បី​ចង់ដឹង​រថយន្ត​ណាខុស​ច្បាប់​ឬ​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​ក្រសួង​សាធា​រណការ និង​ដឹក​ជញ្ជូន​មាន​មធ្យោបាយ​សម្រាប់​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​លេខ​រថយន្ត​ដែល​មាន​ក្នុង​ប្រព័ន្ធ។

លោក​ថា អ្នកទិញ​រថយន្ត​អាច​ផ្ទៀងផ្ទាត់​លេខ​រថយន្ត​ជាមួយ​មន្ត្រី​ទទួល​បន្ទុក​ការងារ​ដឹក​ជញ្ជូន​ឬ​មន្ត្រី​ទទួល​បន្ទុក​ធ្លើ​ស្លាក​លេខ។​ មួយវិញទៀត អ្នកទិញ​រថយន្ត​អាច​ត្រួតពិនិត្យ​លើ​ស្ថានភាព​នៃ​តម្លៃ​ផង​ដែរ៕