ភ្នំពេញៈ យ៉ាងហោចណាស់​មាន​កម្មករ កម្មការិនី​ចំនួន​ ១៧ ​នាក់​បាន​រងរបួស​ធ្ងន់​ និង​ស្រាល​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​នៅលើ​កំណាត់​ផ្លូវ ៥០ ​ម៉ែត្រ​ត្រង់ចំណុច​ភ្លើងស្តុប បាគូ ស្ថិត​ក្នុង​សង្កាត់​ខណ្ឌដង្កោ​។

លោក ជា ភិរុណ នាយផ្នែក​ទី​ ២ នៃ​ក្រុមការងារ​វាស់វែង​គ្រោះថ្នាក់​ចរាចរណ៍​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​កន្លែង​កើតហេតុ​ថា​៖ «​តាមរយៈ​ការវាស់វែង និង​ការអះអាង​របស់​សាក្សី​នៅ​កន្លែង​កើតហេតុ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ​អ្នកបើកបរ​រថយន្ត​ដឹក​ជ្រូក​ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-7321 ដែល​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​ទៅ​បុក​រថយន្ត​ដឹក​កម្មករ ដែល​កំពុង​ឈប់​ភ្លើងស្តុប​»​។ មុនពេល​សមត្ថកិច្ច​ទៅ​ដល់​កន្លែង​កើតហេតុ អ្នក​បើកបរ​រថយន្ត​បង្ក​បាន​រត់​គេចខ្លួនបាត់​។

ទោះ​យ៉ាងណា​រថយន្ត​បង្ក និង​រថយន្ត​រងគ្រោះ ត្រូវ​បាន​មន្ត្រី​ជំនាញ​នាំ​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ភាគី​ទាំង​ ២ ​ចូលមក​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ខណៈ​ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជ័យជំនះ​ និង​ពហុព្យាបាល​សុខលាភ​មេត្រី​ក្នុង​ក្រុង​តាខ្មៅ ដែល​នៅ​ប្រមាណ​ជាង​ ១ ​គីឡូម៉ែត្រ​។ លោក​ថា​៖ «​កម្លាំង​នគរបាល​ជំនាញ​យើង​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​អ្នកបើកបរ ឬ ម្ចាស់​រថយន្ត​បង្ក​តាមរយៈ​ស្លាកលេខ​រថយន្ត ដើម្បី​ឲ្យ​ចូល​ខ្លួន​ដោះស្រាយ​ចំពោះ​ជនរងគ្រោះ​ទៅ​តាម​នីតិវិធី​ច្បាប់​»​។

លោក ហេង សុផាណារិទ្ធ អ្នកនាំពាក្យ​បេឡាជាតិ របប​សន្តិសុខ​សង្គម​ (​ប.ស.ស​) ថ្លែងថា ក្រុមការងារ ប.ស.ស បាន​ចុះជួយ​អន្តរាគមន៍​ភ្លាមៗ ដើម្បី​ដឹក​កម្មករ​ដែល​រងរបួស​ទៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត​។

លោក​ថ្លែងថា​៖ «​ជាទូទៅ​កម្មករ​ទាំងអស់​ត្រូវ​ពិនិត្យ​សុខភាព ឬ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ មណ្ឌលសុខភាព ឬ​គ្លីនិក ដែលជា​ដៃគូ​របស់ ប.ស.ស ប៉ុន្តែ​សម្រាប់​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បែបនេះ គឺ​ពួកគាត់​ចាំបាច់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឬ គ្លីនិក​ដែល​នៅ​ជិត​បំផុត ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស​គឺជា​រឿង​សំខាន់​»​។

បើតាម​លោក សុផាណារិទ្ធ ជនរងគ្រោះ​ជា​កម្មករ​នៃ​រោងចក្រ​កាត់ដេរ Sky Hill Apparel Co; Ltd មាន​ទីតាំងនៅ​សង្កាត់​ព្រៃស ខណ្ឌដង្កោ​។ ជនរងគ្រោះ​សរុប​ ១៧ នាក់​ក្នុង​នោះ​ ៧ ​នាក់​រងរបួស​ធ្ងន់​។

កញ្ញា ហែម រីកា ជំនួយការ​ផ្នែក​រដ្ឋបាល​រោងចក្រ Sky Hill Apparel Co.; Ltd ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ចង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន​រោងចក្រ​ដោយសារ​កម្មករ​រងគ្រោះ​ទាំងនោះ​មិន​អាចមក​បំពេញ​ការងារ​បា​ន​។ កញ្ញា រីកា បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​ឲ្យ​ពន្លឿន​ការស្រាវជ្រាវ រក​អត្តសញ្ញាណ​អ្នកបើកបរ​រថយន្ត​ដឹក​ជ្រូក ឬ​ម្ចាស់​រថយន្ត​បង្ក​ឲ្យ​ចូលខ្លួន​ដោះស្រាយ​សំណង​ខូចខាត​ដល់​កម្មករ​ និង​ម្ចាស់​រថយន្ត​ដឹក​កម្មករ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​៕