ពោធិ៍សាត់ៈ កម្លាំង​កងរាជ​អាវុធហត្ថ​ស្រុក​វាលវែង​ពី​ម្សិលមិញ​បាន​ដុតបំផ្លាញ​រថយន្ត​ដឹកឈើ​ចំនួន​ ៣ ​គ្រឿង​នៅ​ស្នាក់ការ​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុះ បន្ទាប់ពី​សមត្ថកិច្ច​រកឃើញ និង​រឹបអូស​នៅ​ឃុំ​ប្រមោយ ស្រុក​វាលវែង ប៉ុន្ដែ​ម្ចាស់​រថយន្ត​បាន​រត់គេច​ខ្លួន ខណៈ​សមត្ថកិច្ច​ខេត្ត​សៀមរាប​ក៏​បាន​ឃាត់​រថយន្ដ​ដឹកឈើ​ខុសច្បាប់​ ១ ​គ្រឿង​ដែលមាន​ឈើ​ជាង​ ១ ​ម៉ែត្រគុប​។

លោក​ សូ សុវណ្ណឌី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់​ថ្លែង​ពី​ម្សិលមិញ​ថា នៅ​ថ្ងៃទី​ ២៣ មីនា កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​វាលវែង​ដុត​បំផ្ទុះ​ចោល​រថយន្ត​ទាំង​ ៣ ​គ្រឿង​នៅក្នុង​ស្នាក់ការ​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស​។ មុនពេល​រកឃើញ​រថយន្ត​ទាំង​ ៣ ​គ្រឿង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​វាលវែង ដឹកនាំ​ដោយ​លោក​ ម៉ែន ឆិល មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​កាលពី​ថ្ងៃទី​ ២១ ​មីនា​សហការ​ជាមួយ​អង្គការ​សម្ព័ន្ធភាព​សត្វព្រៃ​ (Wildlife Alliance) ​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ភូមិ​ស្ទឹងថ្មី ឃុំ​ប្រមោយ ស្រុក​វាលវែង​។ លោក​ថា​ពេល​នោះបាន​ប្រទះឃើញ​រថយន្ត​បាកុង​ ៣ ​គ្រឿង​ដែល​ជា​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ រីឯ​ម្ចាស់​បាន​គេចខ្លួនបាត់​។

លោក សុវណ្ណឌី បញ្ជាក់ថា​៖ «​បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​យើង​រឹបអូស​វត្ថុតាង​ខាងលើ​ប្រគល់​ឲ្យ​ស្នាក់ការ​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុះ ដើម្បី​បន្ត​នីតិវិធី ហើយ​នៅ​ថ្ងៃទី​ ២៣ ​នេះ​ [​ម្សិលមិញ​] យើង​បាន​កាត់​វា​ជា​កំណាត់ៗ ហើយ​ដុតចោល​តែម្ដង​ដោយ​កន្លងមក​យើង​ធ្លាប់បាន​បំផ្លាញ​ចោល​រថយន្ត​ដឹកឈើ​ជិត​ ២០ ​គ្រឿង​ដែរ​»​។

លោក​បន្ត​ថា​៖ «​ការងារ​បន្តទៀត​គឺ​យើង​នៅតែ​បន្ត​ការសហការ​ជាមួយ​អង្គការ​សម្ព័ន្ធភាព​សត្វព្រៃ ដើម្បី​ស្វែងរក​ជនល្មើស និង​វត្ថុតាង​ដែល​បម្រើ​ឲ្យ​បទល្មើស​ព្រៃឈើ​»​។

លោក​ ផាន់ សុភារីន នាយក​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុះ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​ថ្លែង​ពី​ម្សិលមិញ​ថា នៅ​រយៈពេល ៣ ​ខែ​នៃ​ឆ្នាំ​ ២០២០ ​នេះ​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ និង​ការបរបាញ់​សត្វព្រៃ​ភ្នំ​សំកុះ ចំនួន​ជាង​ ១០ ​នាក់​ត្រូវ​បាន​ឃាត់ខ្លួន និង​បញ្ជូនទៅ​សាលាដំបូង​ខេត្តពោធិ៍សាត់ ដើម្បី​ចាត់ចែង​តាម​នីតិវិធី​ច្បាប់​។

មន្ត្រី​រូបនេះ​បន្តថា បច្ចុប្បន្ន​បទល្មើស​ព្រៃឈើ​ និង​ការបាញ់​សត្វព្រៃ​មាន​សភាព​ស្ងប់ស្ងាត់​ជាធម្មតា ដោយសារ​មួយរយៈ​នេះ​មាន​ការសហការ​ជាមួយ​អង្គការ​សម្ព័ន្ធភាព​សត្វព្រៃ​ (Wildlife Alliance) ​ជួយ​ជ្រោមជ្រែង​ការងារ​ចុះ​ល្បាត​ព្រៃ​ជាប្រចាំ​។ ពេលខ្លះ​ក៏មាន​ការចូលរួម​ពី​សហគមន៍​ក្នុង​ការងារ​ចុះ​ល្បាត​ព្រៃ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ការងារ​ចុះល្បាត​របស់​យើង​សព្វថ្ងៃនេះ​គឺ​មាន​ឧបសគ្គ​ខ្លះ​នៅពេល​ដែល​យើង​បាន​ជួបប្រទះ​បទល្មើស​ក្នុងព្រៃ​ជ្រៅ​ពិបាក​យក​វត្ថុតាង​ទាំងអស់​ចេញ​មកក្រៅ​។ ដូច្នេះ​យើង​មាន​តែ​ជម្រើស​ដុត​វា​បំផ្លាញ​ចោល​នៅក្នុង​ព្រៃ​នោះ​តែម្ដង​។ ក្នុង​ ១ ​ខែ​យើង​ចុះ​ល្បាត​ចន្លោះ​ពី ៧ ទៅ ៩ ​លើក ព្រោះ​ពេល​ខ្លះ​កម្លាំង​យើង​មិន​គ្រប់គ្រាន់​ក្នុង​ការចុះ​ល្បាត​ដែរ​»​។

លោក​ គុជ វេង តំណាង​សហគមន៍​ការពារ​ព្រៃឈើ​ខេត្ត​ពោធិ៍សាត់​បាន​ថ្លែងថា មួយរយៈ​ចុងក្រោយ​នេះ​ប្រជាសហគមន៍​មិនសូវ​បាន​ចុះ​ល្បាត​ព្រៃ​ដូច​កាលពីមុន​ទេ ដោយសារ​កត្តា​ជីវភាព​ក្នុង​គ្រួសារ​កាន់តែ​ជួប​ការលំបាក​ខ្លាំង​។ ម្យ៉ាងទៀត​ពលរដ្ឋ​ភាគច្រើន​មិនបាន​ចូល​ព្រៃ​ទៅ​បេះ​បន្លែ​យកមក​លក់​នៅ​ទីផ្សារ​ទេ ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​នេះ​។

លោក​បន្តថា ចំពោះ​បទល្មើស​ព្រៃឈើ​នៅតែ​មាន​ការកាប់​ឈើ និង​ដឹកជញ្ជូន​តាម​គោយន្ត​ជា​ហូរហែ​ដែរ ដោយ​មន្ត្រី​ជំនាញ​ចុះ​ល្បាត​យូរៗ​ម្ដង​។ នៅពេល​មាន​មន្ត្រី​ចុះ​ល្បាត បទល្មើស​ព្រៃឈើ​ស្ងាត់​មួយរយៈ​ពេល​ខ្លី ប៉ុន្ដែ​ពេល​មន្ត្រី​ត្រឡប់​មក​វិញ ក្រុម​ជនខិលខូច​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​ឡើងវិញ​ដែរ​។

លោក​ គុជ វេង និយាយ​ថា​៖ «​ពួកខ្ញុំ​ពេលនេះ​មិនសូវ​បាន​ចូលរួម​ចុះ​ល្បាត​ព្រៃ​ទេ ព្រោះ​ជីវភាព​កំពុង​ជួប​បញ្ហា គឺ​ម្នាក់ៗ​ខំ​រកលុយ​មក​ចិញ្ចឹម​គ្រួសារ​។ ម្យ៉ាងទៀត​កន្លង​មក​នេះ​នៅពេល​ពួក​ខ្ញុំ​ខិតខំ​ការពារ​ព្រៃឈើ​កាន់តែ​ខ្លាំង ពួកគាត់​ក៏មាន​អ្នកខ្លះ​ប្រឈម​ជាប់គុក​ដែរ ដោយសារ​ក្រុម​ឈ្មួញ​ទុច្ចរិត មិន​សប្បាយ​ចិត្តនឹង​យើង​ទៅ​រំខាន​ការកាប់​ឈើ​របស់​ពួកគេ ហើយ​ក៏​យក​លេស​ចោទប្រកាន់​ពួក​ខ្ញុំ​ឡើង​តុលាការ​។ អ៊ីចឹង​ពួកខ្ញុំ​មិន​ចង់​ឡើង​ចុះ​តុលាការ​ទៀត​ទេ​»​។

ជាមួយ​គ្នា​នេះ​មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​នៅ​ថ្ងៃទី​ ២២ ខែមីនា បាន​បង្ក្រាប​រថយន្ត​បាឡែន​ដឹកឈើ​ល្មើសច្បាប់​ ១ ​គ្រឿង​នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប ខេត្តសៀមរាប ខណៈ​កំពុង​ដឹក​យកមក​លក់​ក្នុង​ទី​រួម​ខេត្ត​។ ប៉ុន្ដែ​ម្ចាស់​រថយន្ត​ដឹកឈើ និង​បក្ខពួក​បាននាំគ្នា​រត់​បាត់​អស់​ដោយ​បន្សល់ទុក​រថយន្ត​បទល្មើស​នៅនឹងកន្លែង​។

លោក​ ម៉េង សំណាង នាយរង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប​ត្រូវ​បាន​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ដកស្រង់​សម្តី​ពី​ម្សិលមិញ​ថា ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​ផ្ទាល់​ក្រោម​ការបញ្ជា​ពី​លោក​ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប និង​លោក​ ម៉ក់ ធារ៉ា ស្នងការរង​ទទួល​បន្ទុក​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប​សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប​។

លោក​បាន​បន្តថា រថយន្ត​ដឹកឈើ​នេះ​ត្រូវ​បាន​រឹបអូស​យកមក​ស្នងការដ្ឋាន​ខេត្ត​សៀមរាប​រង់ចាំ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​មក​ទទួល​យក​ទៅ​រក្សា​ទុក ដើម្បី​ស្វែងរក​ម្ចាស់​ឈើ​ចាត់ការ​តាមផ្លូវ​ច្បាប់​។ លោក​បាន​បញ្ជាក់ថា រថយន្ត​បាឡែន​នេះ​ដឹកឈើ​ប្រភេទ​លេខ​ ១ មាន​ចំនួន​ ២២ ​ដុំ​ស្មើ​ ១ ​ម៉ែត្រគុប ២​ ផ្លាន​។ សមត្ថកិច្ច​ខេត្តសៀមរាប​នឹង​បន្ត​បង្ក្រាប​បទល្មើស​ផ្សេងៗ​ក្នុង​ខេត្ត​សៀមរាប​ឲ្យ​មាន​ការថយចុះ និង​ទៅតាម​បទបញ្ជា​របស់​ថ្នាក់លើ​៕