The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រថយន្តធុនធំ​ជាង ៤០ គ្រឿង​ បើក​ចូល​ក្រុង​ហួស​ម៉ោង​កំណត់​ត្រូវ​ចាប់​ផាក​ពិន័យ

រថយន្តធុនធំ​ជាង ៤០ គ្រឿង​ បើក​ចូល​ក្រុង​ហួស​ម៉ោង​កំណត់​ត្រូវ​ចាប់​ផាក​ពិន័យ

Content image - Phnom Penh Post
រថយន្តធុនធំបើកលើផ្លូវចំការដូងក្នុងខណ្ឌមានជ័យ​​ កាលពីខែមករា។ ហុង មិនា

រថយន្តធុនធំ​ជាង ៤០ គ្រឿង​ បើក​ចូល​ក្រុង​ហួស​ម៉ោង​កំណត់​ត្រូវ​ចាប់​ផាក​ពិន័យ

ភ្នំពេញៈ ក្នុង​រយៈពេល​ ១ ថ្ងៃ​រថយន្ត​ធុនធំ​ជាង​ ៤០ គ្រឿង​ ដែលបើក​ចូល​ក្រុង​ភ្នំពេញ​ ខុស​ម៉ោង​កំណត់ ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ឲ្យ​ធ្វើ​កិច្ចសន្យា ​និង​ផាក​ពិន័យ​តាម​ច្បាប់ ​ដែល​ចំណាត់​ការ​នេះ ​ក៏ធ្លាប់​ត្រូវបាន​ពលរដ្ឋ​រិះគន់​ដែរថា​ អាជ្ញាធរ​អនុវត្ត​មិនមាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​រថយន្ត​ធុនធំ​ចូល​ក្រុង ​នាពេល​កន្លងមក​។

នាយក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​ លោក​ សែម សុគន្ធា​ បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ ពី​ម្សិលមិញ​ថា ​បន្ទាប់ពី​មាន​បញ្ជា​ពី​លោកឃួ​ង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ ​និង​លោក​ ស ថេត ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​សមត្ថកិច្ច​បាន​បើក​យុទ្ធនា​ការចុះ​ចាប់​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ នៅ​តាម​ផ្លូវ​ ២០០៤ ​បាន​ជាង ​៤០ គ្រឿង នាថ្ងៃទី ១៣ មីនា​ ដែល​រថយន្ត​ទាំងនេះ​បាន​បើក​ចូល​ក្រុង​ខុស​ម៉ោង​កំណត់​។

លោក​បន្តថា ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានដាក់​ម៉ោង​កំណត់ ​ដោយ​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ធុន​ធំ​បើក​ចូល​ក្រុង ​ចាប់ពី​ម៉ោង​ ៦ ទៅ​ ៩ ព្រឹកនិង​នៅ​ម៉ោង​ ៤ រសៀល ​ដល់​ម៉ោង​ ៨ យប់។

ក្នុងនោះ ​រថយន្ដ​ធុន​ធំ​ទាំងឡាយ​ត្រូវ​ហាម​​ការបើក​ចូល​ក្នុង​ទឹកដី​ខណ្ឌធំៗ​ចំនួន ៤​ រួមមាន​ខណ្ឌ​ដូនពេញ ​ខណ្ឌ ៧ មករា ​ខណ្ឌ​ ទួលគោក​ និង​ខណ្ឌ​ ចំការមន ​រីឯ​នៅតាម​ខណ្ឌ​មួយ​ចំនួន​ទៀត​ អាជ្ញាធរ ​នឹង​វាស់​ចម្ងាយ​ផ្លូវ​សម្រាប់​អនុញ្ញាត​ឲ្យ​បើកបរ។

លោក សុគន្ធា ​បញ្ជាក់ថា​៖ «​សា​លា​ក្រុង​បាន​ហាម​ហើយ ​គាត់​នៅ​តែ​ចូលមក​ទាំង​បំពាន​ទៀត ​ឥឡូវ​យើង​ចាប់​ឃាត់​ពួក​គាត់​ឲ្យ​ធ្វើ​កិច្ចសន្យា​ និង​ពិន័យ​តាមច្បាប់​ គឺ​ក្នុង​ឡាន​ ១ ​គ្រឿង ​១០ ម៉ឺន​រៀល​ រួមទាំង​អប់រំ ​ណែ​នាំ​បន្ថែម ​បើ​គាត់​មិនកែ​នៅ​តែ​ប្រព្រឹត្ត​ដដែល​ទៀត​ យើង​នឹង​មាន​​វិធានការ​ធ្ងន់​ជាង​នេះ​ទៀត»។

លោក​​បន្ថែមថា ​នៅ​ដើម​ឆ្នាំ​ ២០១៩ នេះ​ សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​ធុន​ធំ​ចំនួន​ ៥០៣ ​គ្រឿង​ដែល​បើកបរ​ខុស​ម៉ោង​កំណត់​របស់​សាលា​រាជធានី​ភ្នំពេញ ​ដោយ​តម្រូវ​ឲ្យ​ម្ចាស់​រថយន្ត​ទាំងអស់​យក​ឯក​សាររ​ថយន្ត​មក​ផ្ទៀងផ្ទាត់​ និង​ធ្វើ​កិច្ចសន្យា​ឡើងវិញ​ចំពោះ​ការបើក​ចូល​ក្រុង ​ផាកពិន័យ​ អប់រំ ​និង​ណែនាំ​ផ្សេង​ទៀត។

លោក ​សេង ហុង​ រស់នៅ​ម្តុំ​បឹងទំពុន​ និង​ជា​អ្នកធ្វើ​ដំណើរ​តាមផ្លូវ​ ៣៧១ ជា​រៀងរាល់​ថ្ងៃ​​ប្រាប់ថា​ លោក​មាន​ការ​​បារ​ម្ភ​ជាខ្លាំង ​ពេលដែល​រថយន្ត​ធំៗ​បើក​នៅក្បែរ ​ដោយសារតែ​ខ្លាច​ធ្លាក់​ថ្ម​ ដី ឬ​ដែក​មក​លើ​ខ្លួន។

លោក​បន្តថា​ ដោយសារ​ធ្លាប់​បានឃើញ​គ្រោះថ្នាក់​បណ្តាល​មកពី​រថ​យន្ត​ធំៗ​នៅ​លើ​ទំព័រ​សារព័ត៌មាន​ជា​ច្រើន​ ​ទើប​លោក​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​នៅ​ពេល​ធ្វើដំណើរ​ជិត​រថយន្ត​ធំៗ​ទាំង​នោះ។

លោក​ក៏បាន​សំណូមពរ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ជួយ​ពង្រឹង​ច្បាប់​ និង​បទបញ្ជា​ដែល​ខ្លួន​បានដាក់​ចេញ​ជា​បន្តបន្ទាប់​នាពេល​កន្លងមក​ ដើម្បី​ទប់ស្កាត់​រថយន្ត​ធំៗ​ចូល​ក្នុង​ក្រុង។

លោក​បញ្ជាក់ថា​៖ «ឡាន​ដឹក​ដី​ជួនកាល​ឃើញ​ថ្ម​ធ្លា​ក់លើ​យើង ​ដីខ្សាច់​អី​បើ​គាត់​គ្រប​ធ្លាក់​តិចតួច ​តែបើ​គាត់​អត់​គ្រប​ធ្លាក់​ម៉ា​ស្រ​ឡាញ់​ពេលខ្លះ ​ហើយ​បើ​ឡាន​កុង​តឺ​ន័​រ ឡាន​ដឹក​ដែក ដឹក​អី​ច្រងេង​ច្រងាង​អី យើង​បារម្ភ​បំផុត។ យើង​ខ្លាច​របស់​ហ្នឹង​ធ្លាក់លើ​យើង ​ព្រោះ​ធ្លាប់​ឃើញ​មាន​ធ្លាក់​ខ្លះ។ ក្នុងករណី​ពួកគេ​ប្រហែស​ អត់​ចាប់​វី​ស ធ្លាក់​មក​គ្រោះថ្នាក់​ណាស់​ហ្នឹង ហើយ​យើង​អត់​ហ៊ាន​ទៅ​ជិត​គាត់​ទេ ខ្លាច»។

លោក​ស្រី លឹម សុខ​ជា ​ទីប្រឹក្សា​​ជាន់ខ្ពស់​អង្គការ​សម្ព័ន្ធ​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ថ្លែងថា ​អាជ្ញាធរ​គួរ​ផ្សព្វផ្សាយ​ឲ្យ​ទូលាយ​ជាង​នេះ​ពី​ប្រភេទ​រថយន្ត​​បែបណា​ខ្លះ​ដែល​ហាម​មិន​ឲ្យ​ចូល​ក្រុង​ខុស​ម៉ោង​កំណត់ ឬ​ប្រភេទ​ណា​ខ្លះ​អាច​ច​ល័ត​ចូល​ក្រុង​ ហើយ​តើ​គួរ​ពិន័យ​កម្រិតណា​ចំពោះ​រថយន្ត​ដែល​បំពាន​បម្រាម​នេះ។

លោកស្រី​បន្តថា​​ សមត្ថកិច្ច​ត្រូវតែ​រឹតបន្ដឹង​ច្បាប់​តឹងរឹុង​បំផុត​ ព្រោះ​មួយរយៈ​ចុងក្រោយ​នៃ​ឆ្នាំ ២០១៩ នេះ​ ​គ្រោះ​ថ្នាក់​ចរាចរណ៍​ជាច្រើន​ករណី​​បង្កឡើង​ដោយ​រថយន្ត​ធុន​ធំ​នៅតាម​ដង​វិថី​មួយចំនួន​ក្នុង​ក្រុងភ្នំពេញ បើសិន​សមត្ថកិច្ច​មិន​ព្រម​អនុវត្តច្បាប់​ឲ្យ​តឹងរឹុង​ទេ បញ្ហា​វា​នៅតែ​កើត​មាន​ឡើង​ដដែលៗ​រាល់​ថ្ងៃ។

លោកស្រី​បញ្ជាក់ថា​៖ «រថយន្ត​ធុន​ធំ​ទាំងឡាយ​ហ្នឹង ​ប្រសិន​ចាំបាច់​ត្រូវតែ​ដឹក​ចូលក្នុង​ក្រុង​នោះ គឺ​គួរតែ​ផ្ទេរ​ទំនិញ​ពី​រថ​យ​ន្ត​​ធំ​មក​ដាក់​រថយន្ត​តូច​វិញ ប៉ុន្ដែ​បើ​មិនសូវ​ចាំបាច់​ខ្លាំង​ គួរ​រង់ចាំ​ពេល​យប់ ​ឬ​ម៉ោង​មិនសូវមាន​មនុស្ស​ធ្វើ​ចរាចរណ៍។ ម្យ៉ា​ង​ទៀត​ក្រុមហ៊ុន​ផ្លាស់ប្ដូរ​ឃ្លាំង​ទៅ​ជាយ​ក្រុង​វិញ នេះ​ជា​យោបល់​ខ្ញុំ ​សម្រាប់​ចូលរួម​ជាមួយ​អាជ្ញាធរ»។

​របាយការណ៍​​របស់​នាយក​ដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​​ជាតិ​បាន​បង្ហាញ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ ២០១៨ ​និង​លើក​ទិស​ដៅ​ការ​ងារ​ឆ្នាំ ២០១៩ កាលពី​ថ្ងៃទី ១៨ មករា​ ឆ្នាំ ២០១៩ ឲ្យដឹងថា មនុស្ស​ចំនួន ១ ៧៦១ នាក់​បាន​ស្លាប់ ​និង​ ៤ ៧៧០ នាក់​ផ្សេងទៀត​រងរបួស​ ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ឆ្នាំ ២០១៨។

របាយការណ៍​បញ្ជាក់ថា​ នៅ​ឆ្នាំ ២០១៨ គ្រោះថ្នាក់​ចរា​ចរណ៍​​កើតឡើង ​៣ ២៦៧ ​ករណី ​ធ្លាក់ចុះ​ ៧ ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ ២០១៧ ។ ចំណែក​ចំនួន​អ្នកស្លាប់ ​បាន​ធ្លាក់ចុះ ​១ ភាគ​រយ​ ខណៈ​ចំនួន​អ្នករង​របួស​បាន​ធ្លាក់ចុះ ១៤ ភាគរយ​ ហើយ​តាមរយៈ​តួលេខ​នេះ​មធ្យម​ក្នុង ​១ ថ្ងៃ​ មនុស្ស​ប្រហែល ៥ នាក់ ​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍៕

អត្ថបទគួរចាប់អារម្មណ៍