កំពង់ស្ពឺៈ យ៉ាងហោចណាស់ក៏មានមនុស្សពីរនាក់បានស្លាប់ និងរបួសធ្ងន់ស្រាលជិត២០នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តក្រុង និងរថយន្តកុងតឺន័រ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតនៅចំណុចភូមិវត្តចំបក់ ឃុំវល្លិស ស្រុកសំរោងទងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃម្សិលមិញ។
លោក សាយ សេត អធិការរង ស្រុកសំរោងទង ទទួលបន្ទុកផែនចរាចរណ៍ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងមកពីអ្នកបើកបររថយន្តក្រុងរបស់ក្រុមហ៊ុនពន្លឺអង្គរ ដែលផ្ទុកដោយកុមារកំព្រា នៃអង្គការអេសខេអូដែលហៅពេញថាអង្គការពន្លកវិជ្ជាកុមារកំព្រាជាង៤០នាក់ ដែលធ្វើដំណើរត្រឡប់ពីកម្សាន្តនៅក្រុងព្រះសីហនុ ទៅបាត់ដំបង បានវ៉ាប្រជែងរថយន្តមួយទៀតដោយខ្វះការប្រុងប្រយ័ត្ន ទៅបុករថយន្តកុងតឺន័រ ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យរថយន្តកុងតឺន័រដាច់ក្បាល ហើយរថយន្តក្រុងក៏ដាច់ចង្កូតបោលធ្លាក់ផ្លូវ។
លោកបានឲ្យដឹងទៀតថា៖«អ្នកបើកបររថយន្តកុងតឺន័រ និងព្រូរថយន្តក្រុងនោះបានស្លាប់ពេលបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ហើយកុមារមួយចំនួនបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត និងគ្លីនិកមួយចំនួន»។
លោកថារថយន្ដទាំង២ត្រូវបានសមត្ថកិច្ចស្ទូចនិង អូស យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្ដដើម្បីដោះស្រាយបន្ដតាមនីតិវិធី៕