ភ្នំពេញៈ សាលារាជធានីកាលពីម្សិលមិញបានដាក់ឲ្យដំណើរការសេវារថយន្តក្រុងខ្សែ ទី១ ដែលមានរថយន្ត ១៩ គ្រឿងខណៈរថយន្តក្រុងពីរខ្សែទៀត នឹងត្រូវដាក់ឲ្យដំណើរការជាបន្តបន្ទាប់ទៀតដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។
តាមរយៈសេចក្តីជូនដំណឹងរបស់សាលារាជធានីរថយន្តក្រុងខ្សែ ទី១ នេះត្រូវបានដាក់ឲ្យប្រើប្រាស់កាលពីម្សិលមិញ ដោយដំណើរការចាប់ពីម៉ោង ៥ និង ៣០ នាទីព្រឹកដល់ម៉ោង ៨ និង ៣០ នាទីយប់ ចេញដំណើរពីចំណតគីឡូម៉ែត្រលេខ ៩ តាមផ្លូវជាតិលេខ ៥ កាត់តាមរង្វង់មូលស្តាតចាស់ មហាវិថីព្រះមុនីវង្ស ស្ពានព្រះមុនីវង្ស ឆ្ពោះទៅផ្លូវជាតិលេខ ១ រហូតដល់ចំណតរថយន្ត បឹងឈូក។ ខ្សែនេះ មានចំណតរថយន្តក្រុងចំនួន ៦៧ ចំណត។
ចំណែកខ្សែ ទី២ នឹងចាប់ផ្តើមនៅថ្ងៃ ទី០៧ ខែកញ្ញា ចេញដំណើរពីផ្សាររាត្រី វិថី ព្រះស៊ីសុវត្ថិ កាត់តាមស្ពានជ្រោយចង្វារ រង្វង់មូលស្តាតចាស់ ផ្លូវលេខ ៧០ ផ្លូវលេខ ២៧៣ អង់តែនទូរទស្សន៍ ទួលគោកមហាវិថី គីម អ៊ីលស៊ុង មហាវិថី ម៉ៅ សេទុង ភ្លើងស្តុប បូកគោ មហាវិថី ព្រះមុនីវង្ស ឆ្ពោះទៅកាន់ផ្លូវជាតិលេខ ២ រហូតដល់រង្វង់មូលតាខ្មៅ។ ខ្សែនេះមាន ៦៨ ចំណត។ រីឯខ្សែ ទី៣ នឹងចាប់ផ្តើមនៅថ្ងៃ ទី១៥ ខែកញ្ញា ដោយចេញពីចំណតផ្សាររាត្រី ផ្លូវលេខ ១០៦ តិរវិថី ព្រះនរោត្តម កាត់តាមផ្លូវលេខ ១៣០ ផ្សារធំថ្មី មហាវិថីកម្ពុជាក្រោម ក្រោមស្ពានអាកាស ៧ មករា មហាវិថីសហព័ន្ធរុស្ស៊ី អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រហូតដល់រង្វង់មូល ចោមចៅ។ ខ្សែនេះមាន ៤៩ ចំណត។
អ្នកនាំពាក្យសាលារាជធានីលោក ឡុង ឌីម៉ង់ បានឲ្យដឹងថា សាលារាជធានីបានត្រៀមរថយន្តចំនួន ៤៥ គ្រឿង សម្រាប់ដំណើរការរថយន្តទាំង ៣ ខ្សែនេះ ហើយក្នុងនោះ ១៩ គ្រឿងត្រូវបានដាក់ឲ្យដំណើរការនៅខ្សែ ទី១។ លោកបន្តថា ចំណែកតម្លៃជិះរថយន្តក្រុងគឺ ១៥០០ រៀលក្នុងម្នាក់ ហើយព្រះសង្ឃ ជនពិការ មនុស្សចាស់ និងសិស្សសាលាមិនយកប្រាក់ទេ៕