ភ្នំពេញ៖ ​ករណី​ឆេះ​អគារ​បម្រើ​សេវាកម្ម​ជួសជុល​រថយន្ត ​និង​ឃ្លាំង​ស្តុក​រថយន្ត​​របស់​ក្រុមហ៊ុន​ ​Mitsubishi Motors Cambodia​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុម​ទី ​៣​ ​ភូមិ​-​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែនសុន​ ​រាជធានី​ភ្នំពេញ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ ​បាន​បង្ក​ឲ្យ​មនុស្ស​​យ៉ាង​ហោចណាស់ ​៣ ​នាក់​រង​របួស​ ​និង​​ឆេះ​ខូចខាត​រថយន្ត​ម៉ាក Mitsubishi​ ​ស៊េរី​ឆ្នាំ ​២០២០​ ​អស់​ចំនួន ​២៧ ​គ្រឿង​ ​ព្រម​ទាំង​សម្ភារ ​និង​​គ្រឿង​ចក្រ​ជួសជុល​រថយន្ត​មួយ​ចំនួន​ទៀត​ បាន​រង​ការ​ឆេះ​ខូចខាត​ស្ទើរ​ទាំង​ស្រុង​។​ ​នេះ​បើ​យោង​របាយការណ៍​របស់​សមត្ថកិច្ច​កង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​ ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​។​

របាយការណ៍​នោះ​ ​បាន​ឲ្យ​ដឹង​ថា​សមត្ថកិច្ច​នគរបាល​ជំនាញ​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​ ​ដែល​នាំ​ឲ្យ​កើត​មាន​គ្រោះ​អគ្គិភ័យ​កើត​ឡើង​នៅ​ក្នុង​​អគារ​បម្រើ​សេវាកម្ម​ជួសជុល​រថយន្ត ​និង​ឃ្លាំង​ស្តុក​រថយន្ត​ ​របស់​ក្រុមហ៊ុន​ ​Mitsubishi Motors Cambodia​ ​នោះ​ទេ​ ​ប៉ុន្តែ​លោក​ ​ព្រំ​ ​យ៉ន​ ​ប្រធាន​ការិយាល័យ​បង្ការ​ទប់ស្កាត់​ ​និង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​ដោយ​យោង​តាម​ការ​សាកសួរ​បុគ្គលិក ​កម្មករ​ផ្នែក​​ជួសជុល​រថយន្ត​ ​និង​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ខាង​លើ​នេះ ​ក្រុម​មន្ត្រី​ជំនាញ​បាន​សន្និដ្ឋាន​ក្នុង​ជំហាន​បឋម​របស់​ខ្លួន​ថា ​អគ្គិភ័យ​នេះ បណ្ដាល​មក​ពី ​«​ការ​ផ្ទុះ​ឆ្លង​ចរន្ត​អគ្គិសនី​»​។​

លោក ​យ៉ន​ ​បាន​​ឲ្យ​ដឹង​ទៀត​ថា ​របាយការណ៍​បាន​បង្ហាញ​ថា ​ក្នុង​អំឡុង​ពេល​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ​ ដែល​កំពុង​ឆាបឆេះ​សំណង់​អគារ​របស់​ក្រុមហ៊ុន​ Mitsubishi Motors Cambodia​ ​នា​ល្ងាច​ថ្ងៃ​ចន្ទ​នោះ​ ​មន្ត្រី​នគរបាល​ការិយាល័យ​បង្ការ និង​​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​ ​ចំនួន ​២ ​នាក់ ​រួម​មាន​ឈ្មោះ ​អ៊ីត សុខា ​អាយុ ​៥២ ​ឆ្នាំ ​និង​ឈ្មោះ ​ព្រហ្ម​ ​បញ្ញា ​អាយុ ​២៦ ​ឆ្នាំ ​និង​បុគ្គលិក​ផ្នែក​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​នៃ​ក្រុមហ៊ុន​កោះ​ពេជ្រ​ម្នាក់​ឈ្មោះ​ ​ផាន់​ ​សំអ៊ាង​ ​អាយុ ​២៣ ​ឆ្នាំ ​បាន​រង​របួស​ស្រាល ដោយ​ដែក​ដំបូល​ស័ង្កសី​ ​នៃ​សំណង់​​អគារ​នោះ​បាក់​ធ្លាក់​​លើ​បណ្ដាល​ឲ្យ​មុត​ដៃ ​និង​ជើង​។​

លោក​បាន​បញ្ជាក់​ថា​៖ ​«​បើ​ទោះ​ជា​មាន​របួស​ ប៉ុន្តែ​ក្រុម​ការងារ​យើង​នៅ​តែ​ខិត​ខំ​ប្រឹងប្រែង​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ​នោះ​រហូត​ដល់​បាន​ជោគជ័យ​ ​ដោយ​ធានា​មិន​ឲ្យ​ឆេះ​ឆ្លង​រីក​រាលដាល​ដល់​លំនៅឋាន​របស់​អ្នក​ភូមិ​ផ្សេង​ទៀត​»​។​

លោក​ ​យ៉ន​ ​ថ្លែង​​ថា ​ក្រោយ​ពន្លត់​ភ្លើង​នោះ​បាន​ជោគជ័យ​ទាំង​ស្រុង​ហើយ​នោះ ​ក្រុម​មន្ត្រី​ជំនាញ​ផ្នែក​បច្ចេកទេស​បាន​ចុះ​ត្រួត​ពិនិត្យ​ ​រក​ឃើញ​មាន​រថយន្ត​ម៉ាក​ ​Mitsubishi ​ស៊េរី​ឆ្នាំ ​២០២០ ​ចំនួន ​២៧ ​គ្រឿង​ ​និង​គ្រឿង​សម្ភារបរិក្ខារ​ដែល​បម្រើ​ឲ្យ​សេវាកម្ម​ជួសជុល​រថយន្ត​មួយ​ចំនួន​ទៀត​ ​ព្រម​ទាំង​សំណង់​​អគារ​បម្រើ​សេវាកម្ម​ជួសជុល​រថយន្ត​ ​ធ្វើ​ពី​បេតុង​ ​ប្រក់​​ស័ង្កសី​ទំហំ ​២០x៥០ ​ម៉ែត្រ​ចំ​នួន​មួយ ​​និង​ឃ្លាំង​ស្តុក​រថយន្ត​​ធ្វើ​ពី​បេតុង​ប្រក់​ស័ង្កសី​​ទំហំ ​១២x​៦០ ​ម៉ែត្រ ​ចំនួន ​១ បាន​រង​ការ​ឆេះ​ខូច​ខាត​អស់​ប្រមាណ ​៧០ ​ភាគរយ​។​

លោក​ ​យ៉ន​ ​បាន​បន្ថែម​ថា​ នៅ​ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​​ដែល​ឆាប​ឆេះ​សំណង់​អគារ​របស់​​ក្រុមហ៊ុន​ ​Mitsubishi ​Motors​ ​Cambodia​ ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​នោះ ​សមត្ថកិច្ច​បាន​ប្រើប្រាស់​ទឹក​អស់ ​១៧៤ ​ម៉ែត្រ​គុប​ ​និង​ចំណាយ​ពេល​ប្រមាណ​ជិត ​២ ​ម៉ោង​ ​និង​ប្រើប្រាស់​​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ​១៩ ​គ្រឿង​ ​ដែល​មក​ពី​ស្ថាប័ន​ចំនួន ​៥​ ​រួម​មាន​ នាយកដ្ឋាន​កង​ពន្លត់​អគ្គិភ័យ​នៃ​ក្រសួង​មហាផ្ទៃ, ​ការិយាល័យ​ពន្លត់​​អគ្គិភ័យ​​​រាជធានី​ភ្នំពេញ, ​​ក្រុមហ៊ុន​ ​OCIC​ ​ទីក្រុង​កោះពេជ្រ​,​ ​ក្រុមហ៊ុន ​OCIC ​ទីក្រុង​ជ្រោយ​ចង្វារ​ ​និង​ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា​។​ ​​

លោក​ ​ឡៅ ​សាក់ ​នាយក​គ្រប់គ្រង​​ក្រុមហ៊ុន​ ​Mitsubishi ​Motors ​Cambodia ​សុំ​មិន​ធ្វើ​អធិប្បាយ​កាល​ពី​ម្សិលមិញ​ ​ដោយ​គ្រាន់​ថ្លែង​ថា៖ ​«​ខ្ញុំ​សូម​ការ​អធ្យាស្រ័យ​ ​​នៅ​ពេល​នេះ​ខ្ញុំ​នៅ​មិន​ទាន់​អាច​វាយ​តម្លៃ​ពី​ទំហំ​នៃ​ការ​ខូចខាត​បាន​ទេ»៕