ភ្នំពេញៈ រថយន្ត​យោធា​ចំនួន ២៩០ គ្រឿង​ ដែល​កម្ពុជា​ទើប​ទិញ​មកពី​ប្រទេស​ចិន​ នឹង​ត្រូវ​ចែក​ជូន​ដល់​បណ្តា​ស្ថាប័ន អង្គភាព​នៃ​កងយោធពល​ខេមរភូមិន្ទ និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

លោក​ ម៉ៅ ផល្លា អ្នកនាំពាក្យ​កងទ័ព​ជើងគោក​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ថ្ងៃ​ពុធ​ថា ពិធី​ប្រគល់​ និង​ទទួល​រថយន្ត​ទាំងនេះ​ធ្វើ​ឡើង​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រោម​អធិបតី​លោក​ ហ៊ុន ម៉ាណែត ​អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​។

លោក​ឲ្យ​ដឹងថា រថយន្ត​ទាំង​ ២៩០ ​គ្រឿង​នេះ​គឺ​ ២៥០ ​គ្រឿង​ ​ត្រូវ​ប្រគល់​ជូន​អង្គភាព​នៃ​កងយោធពល​ខេមរភូមិន្ទ​ និង​ ៤០ គ្រឿង​ ប្រគល់ជូន​ដល់​ស្នងការដ្ឋាន​នគរបាល​ជាតិ ហើយ​ការទិញ​រថយន្ត​ទាំងនេះ​មិន​ត្រូវ​បាន​ប្រើប្រាស់​ថវិកា​របស់​រដ្ឋ​នោះ​ឡើយ គឺជា​ថវិកា​ចូលរួម​របស់​សប្បុរសជន​តាមរយៈ​ការអំពាវនាវ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

ទោះយ៉ាងណា​លោក ម៉ៅ ផល្លារ មិន​ប្រាប់​ឲ្យ​ដឹង​ពី​ចំនួន​ទឹកប្រាក់​ប៉ុន្មាន​ដែល​ត្រូវ​បាន​ចំណាយ​សម្រាប់​ទិញ​រថយន្ត​ទាំងនេះ​ឡើយ​ដោយ​លោក​គ្រាន់តែ​ថ្លែងថា វត្តមាន​រថយន្ត​ទាំងនេះ​ជា​ការចូលរួម​បម្រើ​ដល់​ប្រតិបត្តិការ​ក្នុង​វិស័យ​យោធា​ក៏​ដូចជា​កង​នគរបាលជាតិ​សម្រាប់​ជា​ប្រយោជន៍​របស់​ជាតិ​។

លោក​ថា​៖ «​រថយន្ត​ទាំងនេះ​មាន​ប្រភេទ​កង់​ ១០ ​និង​កង់​ ៦ ​។ សម្តេច​ប្រគល់​ឲ្យ​នេះ ប្រើប្រាស់​ក្នុង​ការបំពេញ​ការងារ​ និង​ភារកិច្ច​របស់ខ្លួន​។ រថយន្ត​ទាំងនេះ​បាន​ដឹក​មក​ដាក់​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​រួចរាល់​អស់ ហើយ​សម្រាប់​ពិធី​នៅ​ថ្ងៃ​ព្រហស្បតិ៍​»​។

លោក ហ៊ុន ម៉ាណែត កាលពី​ម្សិលមិញ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ព័ត៌មាន​នេះ​។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថានប្រជាធិបតេយ្យ​កម្ពុជា​ ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ក្នុងអំឡុង​ពេលនេះ​បើ​ការទិញ​រថយន្ត​ទាំងនេះ​សម្រាប់​ដោះស្រាយ​បញ្ហា​សង្គម ឬ​បញ្ហា​ដែល​កំពុង​ប្រឈម​នឹង​ការរាតត្បាត​ជំងឺ​កូវីដ ​១៩ នោះ​គឺជា​រឿង​ប្រសើរ​។

លោក​បន្តថា អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ប្រើប្រាស់​ឲ្យ​មាន​តម្លាភាព និង​ជា​ប្រយោជន៍​ដល់​សង្គមជាតិ ដោយ​គ្មាន​ការរើសអើង​នោះ​គឺជា​រឿង​ដែល​ត្រូវ​សាទរ ខណៈ​ថវិកា​ដែល​ទទួល​បាន​សម្រាប់​ទិញ​រថយន្ត​ទាំងនេះ​គឺជា​ការរួម​ចំណែក​របស់​សប្បុរសជន​ក្នុង​អំឡុងពេល​លំបាក​នេះ​។

ប៉ុន្តែ​លោក ច័ន្ទរឿន បញ្ជាក់​ថា​៖ «​គ្រាន់តែ​ថា​បញ្ហា​ការចាយវាយ​ថវិកា​របស់​រដ្ឋ​យើង​កន្លង​មក ដូចជា​ស្ថាប័នរដ្ឋ​មួយ​ចំនួន​ទាក់ទង​ទៅ​ហ្នឹង​តម្លាភាព​នេះ​មិន​សូវ​មាន​តម្លាភាព​ប៉ុន្មាន​ទេ​។ ទាំងនេះ​គឺជា​បញ្ហា​ប្រឈម​របស់​សង្គម​យើង​ក្នុងការ​ទទួល​បាន​តម្លាភាព​នៃ​ការចាយវាយ​ថវិកា​នេះ​គឺ​ខ្វះ​ព័ត៌មាន​ដែល​គួរតែ​នាំគ្នា​ជំរុញ​ឲ្យ​ចេញ​ច្បាប់​ស្តីពី​ការទទួល​ព័ត៌មាន​ឲ្យ​បាន​លឿន​»៕