កំពង់ធំ: រទេះ​ក្របី​ ១១​ គ្រឿង​ដែល​បាន​ដឹក​ឈើ​ ១០​ កំណាត់ ​ត្រូវ​បាន​សមត្ថ​កិច្ច​បង្ក្រាប​នៅ​ចំណុច​ជីវ​ចម្រុះ​ព្រៃ​អង់​តែ​ន ​ភូមិ​ត្រ​ពាំង​ឫស្សី ​ឃុំ​ក្រយា ​ស្រុក​សន្ទុក ​ប៉ុន្ដែ​ម្ចាស់​បាន​រត់​គេច​ខ្លួន​ជា​មួយ​នឹង​​​ក្របី​ទាំង​អស់​។ នេះ​បើតាម​លោក ​តុ​ប កក្កដា ប្រ​ធាន​មន្ទីរ​បរិ​ស្ថាន​ខេត្ត​កំពង់​ធំ ប្រាប់​​នៅ​ថ្ងៃ​នេះ។

លោក តុ​ប កក្កដា បាន​បញ្ជាក់​ថា ក្រោយ​ពី​មាន​ការ​សម្រប​សម្រួល​ពី​ព្រះ​រាជ​អាជ្ញា​អម​សា​លា​ដំបូង​ខេត្ត​កំពង់​ធំ លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​បរិ​ស្ថាន​ស្ទាក់​ចាប់​បាន​រទេះ​ក្របី​ចំនួន​​ ១១ ​គ្រឿង​ កាល​ពី​ថ្ងៃ ​១៩​ កញ្ញា​ ខណៈ​កំពុង​ដឹក​ឈើ​ខុស​ច្បាប់​នៅ​ច្រក​របៀង​ជីវ​ចម្រុះ​​ព្រៃ​អង់​តែ​ន​។

លោក​បន្ត​ថា​ ខណៈ​សមត្ថ​កិច្ច​ចុះ​បង្ក្រាប​ ក្រុម​ជន​ល្មើស​បាន​ស្រាយ​ក្របី​ពី​នឹម​រទេះ​ហើយ​​រត់​ចូល​ព្រៃ​បាត់​អស់ ​ចំណែក​វត្ថុ​តាង​រួម​មាន ​រទេះ​១១​គ្រឿង ឈើ​សម្រាប់​ធ្វើ​ផ្ទះ​ ១០​ កំណាត់​ ត្រូវ​សមត្ថ​កិច្ច​យក​មក​ទុក​នៅ​ស្នាក់​ការ​បរិ​ស្ថាន​ព្រៃ​អង់​តែ​ន​បណ្ដុះ​អា​សន្ន​។

លោក កក្កដា បាន​បញ្ជាក់​ថា៖​«យើង​បាន​យក​រទេះ​ក្របី​ទាំង​អស់​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​ដែន​ជម្រក​សត្វ​ព្រៃ​អង់​តែ​ន​រួច​ហើយ ប៉ុន្ដែ​ម្ចាស់​ហ្នឹង​រត់​គេច​ខ្លួន​អស់​ហើយ។ ​បើ​គាត់​ចង់​បាន​រទេះ​គាត់​ហ្នឹង​វិញ ​គាត់​មក​យក​មក ​ហើយ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ទៅ​ចំណែក​យើង​នឹង​ពិន័យ​តាម​ច្បាប់​ស្ដី​ពី​ការ​ប្រ​មូល​ផល​ព្រៃ​ឈើ ​ដោយ​គ្មាន​ការ​អនុញ្ញាត»​។

លោក សុទ្ធ ម៉ា​រី នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​កំពង់​ថ្ម ​មិន​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​ជុំវិញ​ការ​ណី​នេះ​​បាន​ទេ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

ប៉ុន្ដែ​ តាម​រ​បាយ​ការ​ណ៍​របស់​រដ្ឋ​បាល​ព្រៃ​ឈើ​កំពង់​ថ្ម​បាន​បង្ហាញ​ថា​សកម្ម​ភាព​ដឹក​ឈើ​នេះ  ត្រូវ​បាន​លោក​ អ៊ិត ​សុធា ព្រះ​រាជ​អាជ្ញា​អម​សា​លា​ដំបូង​ខេត្ត​កំពង់ធំ​ ជួយ​សម្រប​សម្រួល​បញ្ជា​ឲ្យ​កម្លាំង​សហ​ការ​គ្នា​ឃាត់​រទេះ​ទាំង​នេះ​ តែ​ក្រុម​ជន​ប្រ​ព្រឹត្ត​បទ​ល្មើស​បែរ​ជា​នាំ​គ្នា​កាត់​ផ្តាច់​ខ្សែ​រឹត​ឈើ​ទម្លាក់​ចោល ហើយ​បរ​រទេះ​រត់​គេច​ខ្លួន​ ប៉ុន្តែ​រត់​មិន​រួច​ ពួកគេ​ក៏​ទុក​រទេះ​ចោល ហើយ​រត់​គេច​ខ្លួន​ជា​មួយ​នឹង​ក្របី​ចូល​ព្រៃ ដើម្បី​រំដោះខ្លួន​ចេញ​ពី​ការ​បង្ក្រាប​របស់​សមត្ថ​កិច្ច៕