ខេត្តនានាៈ បាតុ​ភូតធម្ម​ជាតិ​បង្កើត​ជា​​រន្ទះ​បាញ់​ និងខ្យល់​កន្ត្រាក់​ ក្នុង​រយៈ​ពេល​ ៣ ខែ​ដើមឆ្នាំ​ ២០១៩​ នេះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​​​យ៉ាង​តិច​ ៣ នាក់​ និង​ ១០ ​នាក់​​ផ្សេង​ទៀត ​បាន​រងរបួស​ធ្ងន់​ និង​ស្រាល។​ នេះ​បើ​យោង​តាម​តួលេខ​ដែល​ផ្ដល់​ដោយ​គណៈ​កម្មាធិ​ការ​ជាតិ​គ្រប់​គ្រង​គ្រោះ​​មហន្ត​រាយ​ កាល​ពី​ថ្ងៃ​ចន្ទ។

​តួលេខ​នេះ​បាន​បង្ហាញ​ថា​ ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​បាតុ​ភូត​គ្រោះ​ធម្ម​ជាតិ​​មាន​ការ​ថយចុះជាង​ ៤ ដង​ បើ​ធៀប​​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុ​ន​ ដែល​មាន​​​អ្នក​ស្លាប់​​រហូត​ដល់​ ១២ នាក់​ ខណៈ​ចំនួន​អ្នក​រង​របួស​បាន​កើន​ឡើង​ចំនួន​ ៤ នាក់​ ​បើ​ធៀប​នឹង​ឆ្នាំ​មុន​ដែល​មាន​ត្រឹម​តែ ៦ នាក់។​

​លោក​ ​កែវ​ វី​ អ្នក​នាំ​ពាក្យ​ ​គណៈ​កម្មាធិ​ការ​ជាតិ​គ្រប់​គ្រង​គ្រោះ​​មហន្ត​រាយ​បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​ក្នុង​រយៈពេល​​ ៣​ ខែ​ដើម​ឆ្នាំ​​នេះ ​បាតុ​ភូត​ខ្យល់​កន្ត្រាក់​បាន​កើត​ឡើង​រហូត​ដល់​ ៣៩​ លើក​ ​(គិត​ត្រឹម​ថ្ងៃ​ទី​ ២៥​ ខែ​ មីនា ​ឆ្នាំ​​ ២០១៩​) ​ដោយ​បាន​បង្ក​ផល​ប៉ះពាល់​ផ្ទះ​ប្រជា​ពលរដ្ឋ​សរុប​ ​៦៣០​ ខ្នង​ ​នៅ ​១៧ ​ខេត្ត​ ដែល​ក្នុង​នោះ ៩២​ ខ្នង​ផ្ទះបាន​រង​ការ​ខូច​ខាត​ទាំងស្រុង និង​​ ៥៣៨​ ខ្នង​រង​ការ​ខូចខាត​មធ្យម​ ​ខូចខាត​ដំបូល​អគារ​សាលា​រៀន​ ១១ ​ខ្នង​ ​ស្តង់​លក់​ដូរ​ក្នុង​តំបន់​ឆ្នេរ ​៩៥​ តូប ​និង​ ឃ្លាំង​ស្តុក​កសិផល​ចំនួន​ ៣ ​ព្រម​ទាំង​បាន​បង្ក​ឲ្យ​ពល​រដ្ឋ​ចំនួន​ ៧ នាក់​រង​របួស។ ​ដោយ​ឡែក​ ​បាតុ​ភូត​រន្ទះ​បាញ់​ បាន​បង្ក​ឲ្យ​មនុស្ស​​ ៣ នាក់​ស្លាប់​ ​និង​​ ៣ នាក់​ទៀត​រង​របួស​ ព្រម​ទាំង​បាន​សម្លាប់​សត្វ​ពាហនៈ​របស់​ប្រជា​ពលរដ្ឋ​ចំនួន ២ ក្បាល។

​លោក​បាន​បញ្ជាក់​ថា​៖​ «​បើ​គិត​អំពី​តួ​លេខ​នៃ​ជន​រងគ្រោះ​ដែល​បាន​ស្លាប់ ​ដោយ​សារបាតុ​ភូត​រន្ទះ​បាញ់ក្នុង​រយៈ​ពេល​ ៣​ ខែ​ដើម​​ឆ្នាំនេះ​ គឺ​មាន​ការ​ថយ​ចុះ​ជាង​ ៣ ដង​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ដែល​មាន​ចំនួន​អ្នក​ស្លាប់​រហូត​ដល់ ១២ នាក់»។

​លោក​បាន​បន្ថែម​ថា​ ​ខេត្ត​ដែល​រង​ផល​ប៉ះពាល់​ដោយ​បាតុភូត​គ្រោះ​ធម្ម​ជាតិ​ខាង​លើ​នេះ​ គឺ​ ខេត្ត​បាត់​ដំបង​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ​ខេត្ត​ព្រះ​វិហារ​ ​និង​ខេត្ត​ ​កោះកុង។​

​លោក​បាន​បន្ត​ថា​ ​ក្នុង​ត្រី​មាស​ទី១ ​ដើ​ម​ឆ្នាំ​ ២០១៨​ ​បាតុ​ភូត​ខ្យល់​កន្ត្រាក់​បាន​កើត​ឡើង​ចំនួន ​២០​ លើក​ ប៉ះ​ពាល់​​​លំនៅ​ឋា​ន​ប្រ​ជា​ពល​រដ្ឋ​សរុប​ ២៨៤ ​ខ្នង​ផ្ទះ ​នៅ​ក្នុង​ខេត្ត​ចំនួន ​៩។​ ​ក្នុង​នោះ​ ៩៨ ​ខ្នង​ផ្ទះ​បាន​រង​ការខូច​ខាត​ទាំង​ស្រុង​ ​និង​ ១៨៦ ​ខ្នង​ផ្ទះ​ទៀត​ខូច​ខាត​មធ្យម​ ​និង​ ​បាន​បង្ក​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ ​និង​ ​ម្នាក់​ទៀត​រង​របួស​។​ ​ចំណែក​បាតុ​ភូត​រន្ទះ​បាញ់​បាន​សម្លាប់​មនុស្ស ​៧ នាក់​ ​និង ​៤ ​នាក់​ទៀត​រង​របួស​​ និង​បាន​សម្លាប់​សត្វ ពាហនៈ​ប្រជា​កសិករ​អស់ ៣ ក្បាល។​ ​

​ជា​មួយ​គ្នា​នេះ​ ​ក្រសួង​ធនធាន​ទឹក ​និង​​ឧតុ​និយម​ ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​ ២៥​ ​ខែ​ មីនា​ ឆ្នាំ​ ២០១៩​ ​នេះ​ បាន​ចេញ​សេចក្ដី​ជូន​ដំណឺង​ស្ដី​ពី​អាកាស​ធាតុ​ថ្មី​មួយ​បន្ថែម​ទៀត​ ​ដោយ​បាន​អំពាវ​នាវ​​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​តំបន់​ដែល​ងាយ​រង​គ្រោះ​ដោយ​សារ​បាតុ​​ភូត​ខាង​លើ​នេះ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុ​ភូត​ខ្យល់​កន្ត្រាក់ ​និង​ផ្គររន្ទះ។​

​យោង​តាម​សេ​ច​ក្ដី​ជូន​ដំណឹង​ដដែល​នោះ​បាន​បញ្ជាក់​ថា​ ​ចាប់​ពី​ថ្ងៃ​អង្គារ​ ​ដល់​ថ្ងៃ​សុក្រ​ចុងសបា្តហ៍​នេះ​ កម្ដៅ ក្នុងបរិយា​​កាស​នឹ​ង​កើន​ឡើង​វិញ​មក​នៅ​ក្នុង​រង្វង់​សី​តុណ្ហ​ភាព​អតិ​បរមា​ ​៣៤​-​៣៧ ​អង្សា​សេ ​ហើយ​ភ្លៀង​កក់​ខែក៏​នឹង​កើត​មាន​ស្ទើរ​គ្រប់​ទី​ក​ន្លែង​ទូទាំង​ប្រទេស​ ​ផង​ដែរ។​ ​ប៉ុន្តែ ​ចាប់​ពី​ថ្ងៃ​​ ៣០​ ខែ​ មីនា ​ដល់​ថ្ងៃ​ទី​ ២​ ខែ​មេសា​ ខាង​មុខ​នេះ​ សី​តុណ្ហ​ភាព​អាច​នឹង​ធ្លាក់​មក​នៅ​ក្នុង​រង្វង់​ពី​ ​៣០​-​៣៣ ​អង្សា​សេវិញ​ ​ដោយ​សារ​មាន​ភ្លៀង​ធ្លាក់​មក​ជា​បន្ត​បន្ទាប់។​

​យ៉ាង​ណា​ក៏​ដោ​យ​ ​ក្រសួង​ធនធាន​ទឹក​ និង​ឧតុ​និយម​​បាន​ព្រមាន​ថា​៖ ​«​ខ្យល់​កន្ត្រាក់ ​និង​ ​ផ្គរ​រន្ទះ​នឹង​បន្ត​កើត​មា​ន​កាន់​តែ​ច្រើន​ឡើង​នៅ​មុន ​និង​​ក្នុង​អំឡុង​ពេល​មេឃ​កំពុង​មាន​ភ្លៀង​ធ្លាក់​​ ​ដូច្នេះ​ ​សូម​បង​ប្អូន​ប្រជា​ពល​រដ្ឋ​បង្កើ​ន​ការ​ប្រុង​ប្រយ័​ត្ន​​ខ្ពស់​ចំពោះ​បាតុ​ភូត​គ្រោះ​ធ​ម្ម​ជាតិ​ដែល​អាច​នឹង​កើត​មាន»៕​