ភ្នំពេញៈ អង្គការ WWF ​ក្រើន​រំឭកថា ការដាក់​អន្ទាក់​បាន​ក្លាយ​ជា​វិបត្តិ និង​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សត្វព្រៃ​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ហានិភ័យ​នៃ​ការចម្លង​មេរោគ​ពី​សត្វ​ទៅ​មនុស្ស ខណៈ​របាយការណ៍​អង្គការ​ប៉ាន់​ប្រមាណ​ថា មាន​អន្ទាក់​ប្រមាណ​ ១២,៣ ​លាន ​កំពុង​គំរាមកំហែង​ដល់​ការរស់រាន​របស់​សត្វ​ព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​នៃ​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​។

នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​បន្ទាន់​របស់​អង្គការ World Wide Fund For Nature អំពី​របាយការណ៍ ដែលមាន​ចំណងជើង​ថា «​វិបត្តិ​នៃ​ការដាក់​អន្ទាក់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ឬ Silence of the Snares: Southeast Asia''s Snaring Crisis» ​កាលពី​ថ្ងៃទី​ ៩ ខែកក្កដា​។ របាយការណ៍​នេះ​បាន​ដាក់​ចំណងជើង​ធំៗ​មួយ​ទៀតថា «​អាជីវកម្ម​សត្វព្រៃ​គំរាមកំហែង​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ធម្មជាតិ និង​បង្ក​ហានិភ័យ​នៃ​ការចម្លង​មេរោគ​ពី​សត្វ​ទៅ​មនុស្ស​»​។

របាយការណ៍​ប៉ាន់ប្រមាណ​ថា​៖ «​មាន​អន្ទាក់​ប្រមាណ​ ១២,៣ ​លាន​ កំពុង​គំរាម​កំហែង​ដល់​ការរស់រាន​របស់​សត្វ​ព្រៃ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​នៃ​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​»​។

របាយការណ៍​ដដែល​បង្ហាញ​ថា ភាគច្រើន​នៃ​អន្ទាក់​ទាំងនេះ​ត្រូវ​បាន​ផលិត និង​ច្នៃ​ឡើង​ដោយ​ប្រើ​ខ្សែ ឬ​ខ្សែកាប​។ ការដាក់​អន្ទាក់​បង្កើន​ឱកាស​ដល់​មនុស្ស​ក្នុង​ការប៉ះពាល់​ដោយផ្ទាល់​នឹង​សត្វព្រៃ​ដែល​វា​ជា​ទង្វើ​អាច​បង្ក​លទ្ធភាព​នៃ​ការចម្លង​មេរោគ​ពី​សត្វ​ទៅ​មនុស្ស​។ ជាក់ស្តែង​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា សត្វ​ជ្រូកព្រៃ សំពោច និង​សត្វ​ពង្រូល​ស្ថិតក្នុង​ចំណោម​សត្វ​ច្រើន​ប្រភេទ​ទៀត​ដែល​ជា​គោលដៅ​នៃ​ការដាក់​អន្ទាក់​ហើយ​សុទ្ធសឹង​ជា​ប្រភេទ​សត្វ​ដែល​បង្ក​ហានិភ័យ​ខ្ពស់បំផុត​នៃ​ការចម្លង​មេរោគ​។

លោក Stuart Chapman ប្រធាន​កម្មវិធី​សត្វ​ខ្លា​ប្រចាំ​តំបន់​នៃ​អង្គការ WWF ថ្លែងថា​៖ «​អន្ទាក់​បាន​សម្លាប់​ និង​បង្ក​របួស​ធ្ងន់ធ្ងរ​ដល់​ជីវិត​សត្វព្រៃ​ដោយ​មិន​រើស​ប្រភេទ​ឡើយ​។ អន្ទាក់​នេះហើយ​ដែល​បាននិង​កំពុង​បំផ្លាញ​ជីវិត​សត្វព្រៃ​សំខាន់ៗ​នៅក្នុង​តំបន់​ចាប់តាំងពី​ប្រភេទ​សត្វ​ធំៗ​ដូចជា​សត្វ​ខ្លាធំ និង​សត្វ​ដំរី​អាស៊ី​រហូត​ដល់​សត្វ​ពង្រូល និង​សត្វ​សំពោច ហើយ​បន្ថែម​លើ​នេះ វា​ឈាន​ទៅ​ធ្វើឱ្យ​តំបន់​ព្រៃ​ទាំងមូល​លែង​មាន​វត្តមាន​សត្វព្រៃ​ទៀតផង​»​។

លោក​បន្តថា​៖ «​សត្វព្រៃ​អាច​បន្ត​រស់រាន​បាន លុះត្រា​តែ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ចាត់វិធានការ​បន្ទាន់​ចំពោះ​វិបត្តិ​អន្ទាក់​នេះ​»​។

របាយការណ៍​បង្ហាញថា តម្រូវការ​សាច់សត្វ​ព្រៃ និង​ផលិតផល​សត្វព្រៃ​របស់​មនុស្ស​រស់នៅ​តំបន់​ទីក្រុង​សម្រាប់​ភាព​ស៊ី​វិល័យ​ជា​កត្តា​ជំរុញ​ឱ្យ​ការដាក់​អន្ទាក់​ដើម្បី​ចាប់​សត្វព្រៃ​កើនឡើង ហើយ​បាន​បង្ក​ហានិភ័យ​ដល់​ថនិកសត្វ​រស់នៅ​លើ​គោក​ក្នុង​តំបន់​ប្រមាណ​ជាង ៧០០ ​ប្រភេទ​។ ក្នុងនោះ​រួមមាន​សត្វ​សំខាន់ៗ​ដែលជា​ប្រភេទ​កំពុង​រងគ្រោះថ្នាក់​បំផុត​ក្នុង​តំបន់​ដូចជា​សត្វ​ដំរី​អាស៊ី សត្វ​ខ្លាធំ សត្វ​ទន្សោង និង​រមាំង​ជាដើម​។ របាយការណ៍​ដដែល​រកឃើញ​ថា មាន​អន្ទាក់​ចំនួន​ ២៣៤ ២៩១ ត្រូវបាន​ដោះ និង​ប្រមូល​ចេញពី​ក្នុង​តំបន់​ការពារធម្មជាតិ​ចំនួន ៥ ក្នុង​ប្រទេស​កម្ពុជា​គិត​ចាប់ពី​ឆ្នាំ​ ២០១០ មកទល់​ឆ្នាំ​ ២០១៩​។

លោក​ សេង ទៀក នាយក WWF កម្ពុជា​ថ្លែងថា វិបត្ដិ​អន្ទាក់​នេះ​ក៏​ជា​កត្ដា​សំខាន់​មួយ​ដែល​នាំឱ្យ​មាន​ការថយចុះ​នូវ​ចំនួន​ប្រភេទ​សត្វ​ស៊ីសាច់​ជា​អាហារ​មួយ​ចំនួន​ទៀត​ក្នុង​តំបន់​ការពារធម្មជាតិ​ដែល​គាំទ្រ​ដោយ WWF ​ដូចជា​សត្វ​ខ្លារខិន ខ្លា​ពពក​ និង​សត្វ​ឆ្កែព្រៃ​ព្រមទាំង​ប្រភេទ​សត្វ​ជា​ចំណី​របស់​ពួកវា​ដូចជា​ទន្សោង ឈ្លូស ជ្រូកព្រៃ ខ្ទីង រមាំង និង​សត្វ​ប្រើស​។

លោក​ថ្លែង​ថា​៖ «​អន្ទាក់​នៅតែ​ជា​ក្តីបារម្ភ​ចម្បង​ចំពោះ​ការរស់រាន​របស់​សត្វ​ព្រៃ ហើយ​ការដក​អន្ទាក់​ចេញពី​ព្រៃ​តែមួយ​មុខ​នៅ​មិនទាន់​គ្រប់គ្រាន់​ទេ​។ ការពង្រឹង​បទប្បញ្ញត្តិ​ច្បាប់​បន្ថែមទៀត ការបង្កើន​ប្រសិទ្ធភាព​ក្នុង​ការអនុវត្ត​នីតិវិធី​តុលាការ និង​ការដាក់​ទោសទណ្ឌ​ឱ្យ​ធ្ងន់ធ្ងរ​ដល់​ជនល្មើស​ច្បាប់ សុទ្ធសឹង​ជា​តម្រូវការ​ចាំបាច់​ណាស់ ដើម្បី​បញ្ចប់​ការធ្វើ​ពាណិជ្ជកម្ម​សត្វព្រៃ​ដែល​ជា​គោលដៅ​នៃ​ការដាក់​អន្ទាក់​»​។

WWF កំពុង​អំពាវនាវ​ជា​សកល​ឱ្យ​មាន​ការទទួលស្គាល់ និង​អនុវត្ត​គោលការណ៍​សុខភាព​តែមួយ (One Health) ​ដោយ​ផ្សារភ្ជាប់​សុខភាព​របស់​មនុស្ស​សត្វ និង​បរិស្ថាន​ដែល​ពឹង​អាស្រ័យ​រួមគ្នា ហើយ​ទទូច​សុំឱ្យ​គោលការណ៍​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅក្នុង​ការធ្វើ​សេចក្តី​សម្រេច​ស្តីពី​សត្វព្រៃ និង​ការប្រើប្រាស់​ដីធ្លី​។

លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ថ្លែងថា អន្ទាក់​គឺជា​ឃាតករ​លាក់មុខ​សម្លាប់​សត្វព្រៃ​កម្ពុជា​។ ការដោះអន្ទាក់​គ្រប់​ប្រភេទ​ចេញ​ពី​តំបន់​ការពារ​ធម្មជាតិ​ពី​ខែ​មករា​ដល់​ខែ​មិថុនា​ឆ្នាំនេះ អន្ទាក់​ ២០ ១៧៩ ​ត្រូវ​បាន​ដោះ​យក​ចេញ​មាន​ន័យថា​បាន​ជួយ​ជីវិត​សត្វព្រៃ​ជាច្រើន ម៉ឺន​ក្បាល​ឱ្យ​រួច​ជីវិត​។ កាលពី​ឆ្នាំ​ ២០១៩ អន្ទាក់​ជាង​ ៤ ​ម៉ឺន​ក៏ត្រូវ​បាន​ដោះ​ចេញពី​តំបន់​ការពារ​ធម្មជាតិ​នានា​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​អន្ទាក់​ក៏​ជាការ​គំរាមកំហែង​ដល់​ប្រភេទ​សត្វ​មួយចំនួន​ដែល​ស្ថិត​ក្នុង​ប្រភេទ​កម្រ​ស្រាប់​ឱ្យ​បាត់បង់ និង​ផុត​ពូជ​ពី​លើ​ផែនដី​យើង​នេះ​»៕

វីដេអូ៖f