ភ្នំពេញៈ កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ដែល​គុណភាព​ប្រជាធិបតេយ្យ​បាន​ធ្លាក់ចុះ​ដុនដាប ហើយ​ការអះអាង​របស់​រដ្ឋាភិបាល​អំពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច មាន​លក្ខណៈ​ស្ថិរភាព គឺ​ផ្អែក​លើ​មូលដ្ឋាន​មិន​ច្បាស់លាស់​។ នេះ​បើ​តាម​របាយការណ៍​មួយ​ដែល​បាន​បង្ហាញ​។

សន្ទស្សន៍​ស្តីពី​ការផ្លាស់ប្តូរ​របស់​មូលនិធិ Bertelsmann Stiftung ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​អះអាង​ថា «​គុណភាព​នៃ​ប្រជាធិបតេយ្យ សេដ្ឋកិច្ច​ទីផ្សារ និង​សកម្មភាព​របស់​រដ្ឋាភិបាល​កម្ពុជា​មាន​លក្ខណៈ​ធ្លាក់​ចុះ​ដុនដាប​» បើ​ធៀប​នឹង​របាយការណ៍​ឆ្នាំ ២០១៦ របស់​ខ្លួន​។

សន្ទស្សន៍​នេះ​ធ្វើការ​វាយតម្លៃ​ការផ្លាស់ប្តូរ​របស់​ប្រទេស​ ២ ​ដង​ក្នុង​មួយ​ឆ្នាំ និង​បាន​ដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​ទី ១០៣ ក្នុង​ចំណោម​ប្រទេស ១២៩ ដោយ​ទទួល​បាន​ពិន្ទុ ៤ ក្នុង​ចំណោម​ពិន្ទុ ១០​។

ពួកគេ​សរសេរ​ថា​៖ «​រដ្ឋាភិបាល​បាន​បង្កើន​វិធានការ​បង្ក្រាប​ខ្លាំង​ឡើង​ទៅ​លើ​អ្នក​រិះគន់​រដ្ឋាភិបាល​»​។

ពួកគេ​សរសេរ​ថា​ការបង្ក្រាប​នេះ​នៅ​ក្នុង​រយៈពេល​នៃ​របាយការណ៍​ចន្លោះ​ពី​ឆ្នាំ​ ២០១៥ ដល់​ខែ​មករា ឆ្នាំ​ ២០១៧ ត្រូវ​បាន​ធ្វើ​ឡើង​ជា​ចម្បង​តាមរយៈ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​តុលាការ និង​ការបំភិត​បំភ័យ​អ្នក​នយោបាយ ហើយ​ឃាតកម្ម​ទៅលើ​លោក កែម ឡី ដែល​ជា​អ្នក​វិភាគ​នយោបាយ​គឺជា​ឧទាហរណ៍​នៃ​ការប្រើ​កម្លាំង​បាយ​ដើម្បី​បំភិត​បំភ័យ​។

លោក Markus Karbaum ដែល​ជា​អ្នកនិពន្ធ​ជំពូក​ស្តីពី​កម្ពុជា​បាន​ថ្លែង​តាម​អ៊ីមែល​ថា ដំណើរ​វិវឌ្ឍន៍​នាពេល​ថ្មីៗ​រួម​ទាំង​ការរំលាយ​គណបក្ស​សង្គ្រោះជាតិ កាលពី​ខែ​វិច្ឆិកា​ដែល​លោក​ហៅថា​ជា​ «​ការ​កាត់ផ្តាច់​យ៉ាង​ខ្លាំង និង​កត្តា​ដ៏សំខាន់​បាន​ធ្លាក់​ចូល​ទៅក្នុង​និន្នាការ​បង្ក្រាប​»​។ «​ប៉ុន្តែ​តាម​ទស្សនៈ​របស់​ខ្ញុំ វា​នឹង​មិន​បង្ក​ឲ្យ​មាន​ការ​វាយតម្លៃ​មូលដ្ឋាន​ឡើង​វិញ​ [​សន្ទស្សន៍​នេះ​ទេ​] ដោយសារ​វា​តែងតែ​ជា​លទ្ធិប្រជាធិបតេយ្យ​ក្លែងក្លាយ​ដែល​ទើប​តែ​ត្រូវ​បាន​បំផ្លាញ​»​។

ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​អាទិត្យ​បាន​ច្រានចោល​ចំពោះ​ការវាយតម្លៃ​នេះ​។ «​ខ្ញុំ​គិត​ថា​ពួកគេ​លម្អៀង​»​។ «​វា​មិនមែន​ជា​ប្រជាធិបតេយ្យ​ក្លែងក្លាយ​ទេ​។ វា​កើត​ចេញ​ពី​ប្រជាពលរដ្ឋ​»​។ លោក​បន្ថែម​ថា​៖ «​ក្រសួង​មហាផ្ទៃ​ខិតខំ​ធ្វើការ​យ៉ាង​ខ្លាំង​នៅ​ថ្នាក់​មូលដ្ឋាន​...​ដើម្បី​ផ្តល់​អំណាច​ដល់​ពួកគេ​»​។

របាយការណ៍​នេះ​ក៏​បាន​ចោទសួរ​ផង​ដែរ​អំពី​ចីរភាព​នៃ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​។ ពួកគេ​សរសេរ​ថា​វា​បណ្តាល​មកពី​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​នេះ ការរុករក​ធនធាន​ធម្មជាតិ​ច្រើន​ជ្រុល​ក្នុង​ប្រទេស​កម្ពុជា ការកាត់​បន្ថយ​សមត្ថភាព​ប្រកួតប្រជែង​នៃ​វិស័យ​អង្ករ និង​ការខ្វះ​កម្មករ​ជំនាញ​។ ហានិភ័យ​នៃ​វិស័យ​អចលនទ្រព្យ​ក្នុង​រាជធានី​ភ្នំពេញ​កាន់តែ​កើនឡើង​។

របាយការណ៍​នេះ​បន្ថែម​ថា​៖ «​វិសមភាព​សង្គម​ដែល​មាន​លក្ខណៈ​ខ្លាំង និង​ចំនួន​ប្រជាជន​រស់នៅ​ក្នុង​ភាពក្រីក្រ​ច្រើន​នៅ​ក្នុង​ប្រទេស​បង្ក​ឲ្យ​មាន​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ទៅ​ដល់​ចីរភាព​នៃ​កំណើន​សេដ្ឋកិច្ច​»​។ របាយការណ៍​បន្ត​ថា ការខ្វះ​គោលនយោបាយ​សុខុមាលភាព​ដែល​មាន​លក្ខណៈ​ចីរភាព​ពី​រដ្ឋ បង្កើន​ឲ្យ​មាន​ហានិភ័យ​នៃ​ភាពក្រីក្រ​។

ទោះ​យ៉ាង​ណា​ក្តី​លោក ផៃ ស៊ីផាន បាន​ច្រាន​ចោល​ការវាយតម្លៃ​នេះ​។ លោក​ថា​៖ «​យើង​មាន​ទំនុក​ចិត្ត​ចំពោះ​កំណើន​សេដ្ឋកិច្ច​»​។ «​អតិផរណា​ស្ថិត​នៅ​ក្នុង​ការគ្រប់គ្រង​បាន យើង​មិន​ដែល​សុំ​ឲ្យ​បរទេស​បើក​ប្រាក់​ខែ​ឲ្យ​យើង​ទេ​...​យើង​មិន​ពឹង​ផ្អែក​លើ​រោងចក្រ​កាត់ដេរ​ទេ​»​។

ប៉ុន្តែ​លោក Miguel Chanco ដែល​ជា​អ្នក​វិភាគ​នាំ​មុខ​គេ​សម្រាប់​អាស៊ាន​ដែល​ធ្វើការ​នៅ​ស្ថាប័ន​ស្រាវជ្រាវ​សេដ្ឋកិច្ច​ឈ្មោះ Economist Intelligence Unit បាន​យល់ស្រប​ថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ហាក់បី​ដូចជា​មិន​មាន​លក្ខណៈ​ចីរភាព​។

លោក​ថ្លែង​តាម​អ៊ីមែល​ថា​៖ «​ខ្ញុំ​យល់​ស្រប​ថា អត្រា​កំណើន​សេដ្ឋកិច្ច​បច្ចុប្បន្ន​របស់​កម្ពុជា​គឺ​មិន​មាន​ចីរភាព​ទេ ដោយសារ​មួយ​ផ្នែក​បណ្តាល​មកពី​ភាព​ចង្អៀត​នៃ​សេដ្ឋកិច្ច​ (​មាន​ន័យ​ថា វា​ផ្អែក​លើ​ការនាំ​ចេញ​សម្លៀកបំពាក់​) និង​ការ​គំរាមកំហែង​ពី​ប្រទេស​ជិត​ខាង​ដែល​ជំរុញ​ការចំណាយ​ថ្លៃ​ពលកម្ម​ទាប​ខ្លាំង​ជាង​កម្ពុជា​»​។ «​ឧទាហរណ៍​កាលពី​ឆ្នាំ​មុន​ចំណូល​ពី​ការនាំ​ចេញ​សម្លៀកបំពាក់​មាន​ចំនួន​ប្រមាណ ៤០% ​នៃ​ការនាំ​ចេញ​សម្លៀកបំពាក់​របស់​កម្ពុជា​ដែល​ជា​ការកើនឡើង​យ៉ាង​ខ្លាំង​ពី​កម្រិត​ក្រោម ២០ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៤»​។ «​សមត្ថភាព​ប្រកួតប្រជែង​កាន់តែ​ធ្លាក់​ចុះ​នៃ​ឧស្សាហកម្ម​កាត់ដេរ​របស់​កម្ពុជា​អាច​នឹង​នាំ​ឲ្យ​មាន​ការ​ធ្លាក់ចុះ​ដល់ ៦,៥ ភាគរយ​នៃ​កំណើន​សេដ្ឋកិច្ច​រហូត​ដល់​ឆ្នាំ​ ២០២២»​។

លោក Stephen Higgins ដែល​ជា​ដៃគូ​គ្រប់គ្រង​នៅ​ក្រុមហ៊ុន Mekong Strategic Partners បាន​ពន្យល់​ថា បើ​ទោះបី​ជា​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ជា​ចម្បង​ដោយសារ​មកពី​ឧស្សាហកម្ម​កាត់ដេរ​ក៏ដោយ ក៏​វិស័យ​នេះ​មិន​អាច​គាំទ្រ​កំណើន​របស់​ខ្លួន​រយៈពេល​វែង​បាន​ដែរ​។ «​ដោយសារ​តែ​កម្ពុជា​កាន់តែ​មាន​ជាង​មុន ការរំពឹង​ទុក​ចំពោះ​ប្រាក់​ចំណូល​ក៏​កើនឡើង ដែល​នេះ​នឹង​ធ្វើឲ្យ​តម្លៃ​សម្លៀកបំពាក់​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​កម្ពុជា​កាន់តែ​ថ្លៃ ខណៈ​វិស័យ​ដទៃៗ​ទៀត ពឹង​ផ្អែក​លើ​ការចំណាយ​ប្រាក់​ឈ្នួល​ទាប​»៕ PS