ភ្នំពេញ៖ មនុស្ស​ចំនួន ​១ ៩៨១ ​នាក់ ​បាន​ស្លាប់​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ក្នុង​នោះ​ស្រី​ចំនួន ​៣៣០ នាក់ ​ប្រុស​ ​១ ៦៥១ ​នាក់ ​និង​អ្នក​របួស​ធ្ងន់​ ​៣ ៩១៩ ​នាក់ ​និង​របួស​ស្រាល​ ​២ ២២២ ​នាក់​ ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បាន​កើត​ឡើង​ ​៤ ១២១ ​លើក ក្នុង​រយៈពេល ​១២ ខែ ​ឆ្នាំ ​២០១៩។ នេះ​បើ​យោង​តាម​របាយការណ៍​ឆ្នាំ ២០១៩​ របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​ដែល​ភ្នំពេញប៉ុស្តិ៍​ទទួល​បាន​ពី​ម្សិលមិញ​។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ផង​ដែរ​ថា​ គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​មុន​នេះ​បណ្តាល​ឲ្យ​ម៉ូតូ ​៤ ២៩១ ​គ្រឿង​ រថយន្ត​ធុន​ស្រាល ​២ ០២៩ ​គ្រឿង ​និង​រថយន្ត​ធុន​ធ្ងន់ ​១ ០៥៩ ​គ្រឿង​រង​ការ​ខូច​ខាត។ តួលេខ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ ​២០១៩ ​នេះ​ គឺ​មាន​ការ​កើន​ឡើង​បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៨ ​ដែល​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ចំនួន​ ៣ ២៦៧ លើក ​និង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ​១ ៧៦១ ​នាក់​ និង​រង​របួស​ធ្ងន់​ស្រាល​ចំនួន ​៤ ៧៧០ ​នាក់។

ជាមួយ​គ្នា​នេះ​ មន្ត្រី​ចរាចរណ៍​ផ្លូវ​គោក​លើក​ឡើង​ថា ​ការ​បូក​សរុប​អំពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ជា​រៀងរាល់​ថ្ងៃ​ក្នុង​ឆ្នាំ ​២០១៩ ​បង្ហាញ​ថា​ ការ​បើកបរ​លើស​ល្បឿន​កំណត់ ​គឺ​នៅ​តែ​ជា​បញ្ហា​ចម្បង​បង្អស់​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍។ ឯ​មន្ត្រី​សង្គម​ស៊ីវិល​និយាយ​ថា​ នគរបាល​ចរាចរណ៍​មិន​ទាន់​បាន​អនុវត្ត​ច្បាប់​តឹងរ៉ឹង​ទៅ​លើ​ការ​បើកបរ​លើស​ល្បឿន​កំណត់​នៅ​ឡើយ។

លោក ​ម៉ាន សុផាន់ណា​ នាយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​នៃ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ កាល​ពី​ថ្ងៃទី ៣១ ​ធ្នូ ​ថា​ ទិន្នន័យ​បូក​សរុប​រយៈពេល ​៣០ ថ្ងៃ​ក្នុង​ខែ​ធ្នូ​ គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​ចំនួន ​៣៦៤ ​លើក ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់ ​១៨២ នាក់​ និង​រង​របួស​ធ្ងន់​ស្រាល​ចំនួន ​៤៩៣ ​នាក់។

លោក​បន្ត​ថា ​ក្នុង​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ ​៣៦៤ លើក​ ​គឺ​បណ្ដាល​មក​ពី​ការ​បើកបរ​លើស​ល្បឿន​កំណត់​ ​៤៦%​ វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ​១១% មិន​ប្រកាន់​ស្ដាំ ១០% បត់​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ​៧% បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ​៤% និង​កត្តា​យានយន្ត​ ​២%។

លោក​ញ្ជាក់​ថា​៖ «អ៊ីចឹង! ​បញ្ហា​ល្បឿន​ គឺ​នៅ​តែ​ជា​បញ្ហា​នៅ​លើ​គេ​បំផុត ​ដែល​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដដែល។ បញ្ហា​នេះ ​គឺ​ដោយសារ​ប្រជាជន​មិន​គោរព​ស្លាកសញ្ញា ​ដូច​ថា​ស្លាក​សញ្ញា​ដាក់​ថា (បើក​ល្បឿន) ៤០ គាត់​បើក​ដល់ ៨០ ​ហើយ​នៅ​តាម​​ផ្លូវ​គេ​ដាក់​ឱ្យ​បើក ៨០ តែ​បើក​ដល់ ១០០ ​ជាង។ អ៊ីចឹង!​ វា​ប្រឈម​នឹង​បញ្ហា​គ្រោះ​ថ្នាក់ ​ដូចជា​ចាប់​ហ្វ្រាំង​អត់​ទាន់»។

គ្រោះថ្នាក់ចរាចរណ៍មួយនៅលើស្ពានព្រែកព្នៅ កាលពីថ្ងៃទី​ ១៣ កញ្ញា ​២០១​​៩។ហុង មិនា

មន្ត្រី​រូប​នេះ​បន្ត​ថា ​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បណ្ដាល​មក​ពី​ការ​បើកបរ​លើស​ល្បឿន​កំណត់ គឺ​ទាល់​តែ​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​គោរព​ស្លាក​សញ្ញា​ចរាចរណ៍​ ដោយ​បើកបរ​កុំ​ឱ្យ​ល្មើស​ល្បឿន​កំណត់។ ​លោក​បញ្ជាក់​ថា ​នគរបាល​ចរាចរណ៍​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទូទាំង​ប្រទេស ​ដើម្បី​ប្រឹងប្រែ​ទប់ស្កាត់​ការ​បើកបរ​លើស​ល្បឿន​កំណត់​នេះ ​ប៉ុន្តែ​ខ្វះ​កិច្ច​ចូលរួម​សហការ​ពី​ប្រជាពលរដ្ឋ។

លោក ​សុផាន់ណា ​ថ្លែង​ថា​៖ «មិនមែន​ខ្វះ​ទេ (មន្ត្រី​រឹត​បន្តឹង​ការ​បើកបរ​លើស​ល្បឿន​​កំណត់) ហើយ​រាល់​ថ្ងៃ​នេះ​គឺ​អនុវត្ត​នៅ​គ្រប់​រាជធានី​ខេត្ត ​ប៉ុន្តែ​ប្រជាជន​​មិន​ចូលរួម​គោរព​ច្បាប់ និង​មិន​យល់​ដឹង​​អំពី​ច្បាប់។ អ៊ីចឹង​មាន​តែ​ការ​ផ្សព្វផ្សាយ​ ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​ពួក​គាត់​​​គោរព​​ច្បាប់​ចរាចរណ៍​ និង​ស្វែងយល់​អំពី​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ទូលំទូលាយ»​​។

លោក ​គង់ រតនៈ ​នាយក​ស្ដីទី​នៃ​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​លើក​ឡើង​ថា ​លោក​លើក​ទឹក​ចិត្ត​ឱ្យ​អាជ្ញាធរ​សិក្សា​ឱ្យ​បាន​ស៊ី​ជម្រៅ​អំពី​មូល​ហេតុ ​ដែល​ជំរុញ​ឱ្យ​មាន​អ្នក​បើកបរ​លើស​ល្បឿន​កំណត់។ ​ព្រោះ​ថា ការ​បើកបរ​លើស​ល្បឿន​កំណត់​ក៏​ជា​ផ្នែក ​១ ​​បង្ក​ឡើង​ពី​អ្នក​បើក​ដែល​ប្រើប្រាស់​គ្រឿង​ស្រវឹង​ដែរ។ លោក​បន្ត​ថា ចំពោះ​ការ​បើកបរ​លើស​ល្បឿន​កំណត់ ដែល​ក្លាយ​ជា​បញ្ហា​ចម្បង​គេ​នាំ​​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ​គឺ​ដោយសារ​ការ​រឹត​បន្តឹង​ច្បាប់​នៅ​មាន​កម្រិត។ ​លោក​ថា ​នៅ​តាម​ដង​ផ្លូវ​ជាតិ​សំខាន់ៗ​មួយ​ចំនួន ​គឺ​ពុំ​បាន​ឃើញ​មាន​ការ​ដាក់​កាមេរ៉ា​សម្រាប់​ចាប់​ល្បឿន​នៅ​ឡើយ​ទេ។

លោក​ថ្លែង​ថា​៖ «ដូចជា​ផ្លូវ​ជាតិ​លេខ ​៦A ​នៅ​តែ​ឃើញ​មាន​រថយន្ត​បើកបរ​លឿន​ខ្លាំង (លើស​ល្បឿន​កំណត់) ​ហើយ​ការ​រឹត​បន្តឹង​របស់​គាត់ ​(នគរបាល​ចរាចរណ៍) ​គឺ​ធ្វើ​ឡើង​មិន​បាន​ជាប់​លាប់​ទេ។ មួយ​វិញ​ទៀត ​ពាក់ព័ន្ធ​នឹង​បញ្ហា​កម្លាំង​សមត្ថកិច្ច​នៅ​តែ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ​នៅ​ពេល​មាន​អ្នក​បើកបរ​ប្រព្រឹត្ត​ខុស​ គាត់​នៅ​តែ​ទទួល​ប្រាក់​សំណូក​ពី​អ្នក​បើកបរ ​ដើម្បី​ចាត់​ទុក​ថា ​វា​មិនមាន​រឿង​អី​កើត​ឡើង»​។

កាល​ពី​ថ្ងៃទី ២៥ ធ្នូ ​លោក ​ហ៊ឹម យ៉ាន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ​លើក​ឡើង​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​មួយ​ថា​ ទិន្នន័យ​គ្រោះ​ថ្នាក់​ចរាចរណ៍ ​គឺ​ជា​ព័ត៌មាន​មួយ​មិន​អាច​ខ្វះ​បាន​សម្រាប់​ធ្វើ​ផែនការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក។

លោក​បាន​អំពាវនាវ​ឱ្យ​នគរបាល​ចរាចរណ៍​ទាំង​អស់ ​ខិតខំ​រៀន​សូត្រ​អំពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ​ដើម្បី​រក្សាទុក​ទិន្នន័យ​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​នេះ។

គេហទំព័រ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ផ្សាយ​ស្រង់​សម្ដី​លោក ​ហ៊ឹម យ៉ាន​ ថា​៖ «​ទិន្នន័យ​អាច​ឱ្យ​យើង​ដឹង​ពី​ទីតាំង​ដែល​មាន​គ្រោះ​ថ្នាក់​ញឹកញាប់។ អាច​ឱ្យ​សមត្ថកិច្ច​ប៉ាន់​ស្មាន​ពី​មុខ​សញ្ញា​គ្រោះ​ថ្នាក់ ​ថា​តើ​អ្នក​ដែល​បង្ក​គ្រោះ​ថ្នាក់​ជា​នរណា? ជា​កម្មករ ​កសិករ ​ឬ​ជា​សិស្ស​​អ្នក​បើកបរ​ម៉ូតូ ​អ្នក​បើកបរ​រថយន្ត​តូច​ រថយន្ត​ធំ ​ហើយ​ក៏​ដឹង​បាន​អំពី​មូលហេតុ​គ្រោះ​ថ្នាក់​ ដែល​អាច​បណ្ដាល​មក​ពី​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ គ្រឿង​ស្រវឹង​ដឹង​ពី​ស្ថានភាព​ និង​ពេល​គ្រោះថ្នាក់​កើត​ឡើង​នៅ​ពេល​ណា​ផង​ដែរ»៕