The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - របាយការណ៍​បង្ហាញ​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ខ្លាំង​ នៅ​ឆ្នាំ​មុន




របាយការណ៍​បង្ហាញ​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ខ្លាំង​ នៅ​ឆ្នាំ​មុន

Content image - Phnom Penh Post
លោក នី ចរិយា មន្ត្រី គ.ជ.ប ពេលនាំឡើងតុលាការ។

របាយការណ៍​បង្ហាញ​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ខ្លាំង​ នៅ​ឆ្នាំ​មុន

ភ្នំពេញៈ អង្គការ​​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ កាលពី​​ម្សិលមិញ​​ បាន​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដោយ​បាន​​​រិះគន់​​គណបក្ស​កាន់​អំណាច​​​ថា​បាន​បង្កើន​​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​អ្នក​​ប្រឆាំង​សកម្មជន​ និង​អ្នក​រិះគន់​​ក្នុង​អំឡុង​ឆ្នាំ​​ ២០១៦​ ប៉ុន្តែ​មន្រ្តី​រដ្ឋាភិបាល​បាន​ច្រាន​ចោល​របាយការណ៍​នេះ​ដោយ​ថា​វា​មិន​បាន​ឆ្លុះបញ្ចាំង​ការពិត​នៅ​កម្ពុជា​។

អង្គការ​ឃ្លាំ​​មើល​សិទ្ធិ​មនុស្ស​ ដែល​ធ្លាប់​​រិះគន់​​ប្រទេស​កម្ពុជា​​​ជា​យូរ​មក​ហើយ​​​ថា​មាន​កំណត់ត្រា​​សិទ្ធិ​មនុស្ស​​មិន​ល្អ​​ក្រោម​ការ​ដឹកនាំ​​រយៈពេល​បី​ទសវត្សរ៍​​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ម្សិលមិញ​ក៏​បាន​​បញ្ចេញ​របាយការណ៍​​​ពិភពលោក​របស់​ខ្លួន​​វាយតម្លៃ​លទ្ធផល​លើ​ប្រទេស​ជាង​ ៩០ ​​ដែល​ខ្លួន​បាន​តាមដាន​យ៉ាង​ល្អិតល្អន់។

ចំពោះ​ប្រទេស​កម្ពុជា​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​តែ​មាន​ជាថ្មី​ម្តង​ទៀត​។

ករណី​ដែល​ត្រូវ​បាន​រិះគន់​យ៉ាង​ទូលំទូលាយ​​គឺ​ការ​ប្រឆាំង​មេដឹកនាំ​គណបក្ស​​សង្គ្រោះជាតិ​លោក សម រង្ស៊ី និង​លោក កឹម សុខា ​តំណាង​រាស្រ្ត​​ និង​សមាជិក​គណបក្ស​ប្រឆាំង​មន្រ្តី​សិទ្ធិមនុស្ស​ សកម្មជន​ដីធ្លី​ និង​មន្រ្តី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជា​ករណី​ដែល​ត្រូវ​បាន​គេ​រៀបរាប់​នៅ​ក្នុង​របាយការណ៍​នេះ។

របាយការណ៍​នេះ​បាន​កត់ត្រា​ថា​៖ «​​ការ​រំលោភ​បំពាន​ទាំង​នេះ​មាន​គោលបំណង​រារាំង​មិន​ឲ្យ​មាន​​ជ័យជម្នះ​ពី​គណបក្ស​សង្គ្រោះជាតិ​ក្នុង​​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ និង​​ការ​បោះឆ្នោត​ជាតិ​​ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំ​ ២០១៧​ និង​ឆ្នាំ​ ២០១៨ ​​»។

ករណី​ឃាតកម្ម​លើ​លោក កែម ឡី ​ដែល​ប្រព្រឹត្ត​នៅ​ទាំង​កណ្តាល​ថ្ងៃ​កាលពី​ខែ​កក្កដា​​ដោយ​អតីត​ទាហាន​ម្នាក់​ក៏​ត្រូវ​បាន​កត់សម្គាល់​ផង​ដែរ​ថា​ជា​ការ​ខ្វះ​កិច្ចខិតខំ​ប្រឹងប្រែង​​ក្នុង​ការ​ដោះស្រាយ​ករណី​នេះ​។

បើ​ទោះបី​ជា​ទាហាន​​នោះ​បាន​អះអាង​ថា​គាត់​បាន​បាញ់​​ដោយ​ថា​លោក កែម ឡី ជំពាក់​លុយ​មិន​សង​ក៏​ដោយ​ក៏​មនុស្ស​ជាច្រើន​ជឿ​ថា​ការ​សម្លាប់​នេះ​គឺ​ជា​ការ​រៀបចំ​ជា​មុន។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​​​ក៏​បាន​រិះគន់​ផង​ដែរ​​ចំពោះ​ការ​បង្ក្រាប​ការ​តវ៉ា​ដោយ​លើក​ឡើង​អំពី​ការ​គំរាម​កំហែង​ដោយ​មន្រ្តី​យោធា​ជាន់ខ្ពស់​​​ដែល​ថា​​ នឹង​បង្ក្រាប​​ទៅ​លើ​បាតុកម្ម។

ដោយ​លើក​ឡើង​នូវ​ក្តីបារម្ភ​​អំពី​ «​បញ្ហា​ធំ​» ​នៃ​អំពើ​ពុករលួយ​​របាយការណ៍​នេះ​បាន​ចោទប្រកាន់​​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​​​ថា​ដើរតួ​ជា​ឧបករណ៍​នយោបាយ​ហើយ​មិន​ស្វែងរក​ចាប់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​​ដែល​ពុករលួយ​ទេ។

របាយការណ៍​នេះ​បាន​កត់សម្គាល់​​​ស្ថាប័ន​ដែល​ដឹកនាំ​ដោយ​លោក ឱម យ៉ិនទៀង ជា​មនុស្ស​ជិតស្និទ្ធ​នឹង​លោក ហ៊ុន សែន ​ដែល​បាន​​ស៊ើប​រឿង​អាស្រូវ​លោក កឹម សុខា ជាមួយ​​នារី​អ៊ុត​សក់​ម្នាក់។

Content image - Phnom Penh Post
លោក ឱម យ៉ិនទៀង ប្រធានអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

លោក Phil Robertson អនុប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​​​ប្រចាំ​អាស៊ី​បាន​ថ្លែង​ថា​៖ «​​ឆ្នាំ​ ២០១៦ គឺ​ជា​ឆ្នាំ​ដ៏​អាក្រក់​។ វា​បាន​ឆ្លុះ​បញ្ចាំង​នៃ​ការ​វិល​ត្រឡប់​មក​វិញ​នូវ​​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​​ផ្នែក​នយោបាយ​ដោយ​បក្ស​ប្រជាជន​កម្ពុជា​​ដែល​បង្ក្រាប​គូ​បដិបក្ខ​ និង​សមាជិក​សង្គម​ស៊ីវិល​»។ «​យើង​បារម្ភ​ថា ​និន្នាការ​ធ្លាក់​ចុះ​​នៃ​សិទ្ធិ​មនុស្ស​​​​នឹង​មាន​លក្ខណៈ​ខ្លាំង​ឡើង​ព្រោះ​ជិត​ដល់​ពេល​បោះ​ឆ្នោត​​ដែល​បក្ស​ប្រជាជន​ខ្លាច​​ចាញ់​»។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​​កម្ពុជា​​​របស់​រដ្ឋាភិបាល​លោក កែវ រ៉េមី ពី​ម្សិលមិញ​បាន​ដាក់​ទូរស័ព្ទ​ចុះ​មិន​ឆ្លើយ​​សំណួរ​អ្នក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទេ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​ច្រាន​ចោល​របាយការណ៍​នេះ​ដោយ​​លើក​ឡើង​ថា​ ជា​​ការ​ប្រឌិត​។

លោក​ថា​៖ «​ពួកគេ​មិន​បង្ហាញ​ការ​ពិត​» ហើយ​ថា ​អ្នក​ជាប់​ពន្ធនាគារ​ គឺ​ដោយសារ​បំពាន​ច្បាប់។

លោក​ថា៖ «​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​​​មិនមែន​ជា​ស្ថាប័ន​ច្បាប់​វា​ជា​ស្ថាប័ន​នយោបាយ​​។ ​ពួកគេ​គ្រាន់​តែ​ប្រឌិត​ដើម្បី​ហេតុផល​នយោបាយ​​»៕ PS

អត្ថបទគួរចាប់អារម្មណ៍