កំពតៈ អ្នកស្រី​ គីម ប៊ុនណាត បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ បន្ទាប់ពី​អ្នកស្រី​បាន​ទៅ​មើល​ម្ដាយ​របស់​អ្នកស្រី​ឈឺ​នៅ​ខេត្ដ​កំពត ដែល​ពេល​នោះ​អ្នកស្រី​មិន​ឃើញ​កូនប្រុស​របស់​អ្នកស្រី​ទេ​។ អ្នកស្រី​ ប៊ុនណាត ផ្តល់​កំណើត​កូន​ដំបូង​របស់​អ្នកស្រី​នៅក្នុង​ឆ្នាំ ២០០១​។

អ្នកស្រី​រៀបរាប់​ថា​អ្នកស្រី​មិន​ដឹង​ថា កាល​នោះ​ហេតុអ្វី​បាន​ជា​ស្វាមី​របស់​អ្នកស្រី​យក​កូនប្រុស​អាយុ​ទើប​បាន ៩ ខែ​ដែល​កំពុង​មាន​ជំងឺ​ធ្ងន់ធ្ងរ​ទៅ​ដាក់​នៅ​មណ្ឌល​កុមារ​កំព្រា​ទេ​។ នៅ​ទី​នោះ​គេ​បាន​ប្រាប់​អ្នកស្រី​ ប៊ុនណាត ​ថា​គេ​នឹង​ជួយ​សម្រួល​ឲ្យ​កូនប្រុស​របស់​អ្នកស្រី​បាន​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​។ ក្រោយ​មក​អ្នកស្រី​បាន​លែងលះ​ស្វាមី​។ អ្នកស្រី​បាន​ទៅ​សួរសុខទុក្ខ​កូនប្រុស​របស់​អ្នកស្រី​រៀងរាល់​ថ្ងៃ​អាទិត្យ ជា​ថ្ងៃ​ដែល​អ្នកស្រី​ឈប់​សម្រាក​ពី​ការងារ​រោងចក្រ​។

មិន​យូរ​ប៉ុន្មាន​កូនប្រុស​របស់​អ្នកស្រី​ត្រូវ​បាន​គ្រួសារ​មួយ​សុំ​យក​ទៅ​ចិញ្ចឹម​នៅឯ សហរដ្ឋ​អាមេរិក​ហើយ​ចាប់​តាំងពី​ពេល​នោះ​មក អ្នកស្រី​មិន​ដែល​បាន​ជួប​មុខ​កូនប្រុស​របស់​អ្នកស្រី​ទៀត​ទេ​។ អ្នកស្រី​និយាយ​បណ្ដើរ​យក​ដៃ​ជូត​ទឹកភ្នែក​បណ្តើរ​ថា​៖ «​ខ្ញុំ​ព្រួយបារម្ភ​ថា កូនប្រុស​ខ្ញុំ គិត​ថា​ខ្ញុំ​បោះបង់​គាត់​ចោល​»​។

ខណៈ​ដែល​ថ្ងៃ​ប្រារព្ធ​ខួប​កំណើត​អាយុ​ ១៨ ឆ្នាំ​របស់​កូនប្រុស​អ្នកស្រី​ខិត​ជិត​ចូល​មក​ដល់​អ្នកស្រី​ ប៊ុនណាត ​បាន​បង្ហាញ​រូបថត​របស់​កូនប្រុស​អ្នកស្រី​ដែល​មើល​ទៅ​មាន​លក្ខណៈ​ជា​កុមារ​ជនជាតិ​អាមេរិក កំពុង​ផ្លុំ​ទៀន​នំ​ខួប​កំណើត និង​ញញឹម​ពព្រាយ​អម​ដោយ​សម្លៀកបំពាក់​កីឡា​យ៉ាង​ស្អាត​។

ករណី​របស់​អ្នកស្រី​ ប៊ុនណាត គឺជា​ករណី​មួយ​ក្នុង​ចំណោម​ករណី​របស់​ស្ត្រី​ ៣ ​នាក់​ដែល​ត្រូវ​បាន​គូសបញ្ជាក់​នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ដែល​ស៊ើបអង្កេត​លើ​ករណី​ «​កុមារ​ដែល​ត្រូវ​បាន​គេ​លួច​»​ នៅក្នុង​ប្រទេស​កម្ពុជា​។ ស្ត្រី​ទាំង​នោះ​គឺជា​ជនរងគ្រោះ​នៃ​ការបោកបញ្ឆោត​ពី​មណ្ឌល​កុមារកំព្រា​មួយ​ចំនួន​ដែល​ធ្វើ​អាជីវកម្ម​លើ​ភាព​ក្រីក្រ​របស់​ពួកគេ ហើយ​នៅ​ក្នុង​ករណី​ជាច្រើន​ទៀត​គេ​បាន​ប្រឌិត​ឯកសារ​ក្លែងក្លាយ​ឡើង ដើម្បី​ទទួល​យក​កុមារ​នោះ​ទៅ​ចិញ្ចឹម​ដោយ​គ្មាន​ការ​យល់ព្រម​ពី​ឪពុកម្តាយ​។

កាលៈទេសៈ​ដ៏គួរ​ឱ្យ​រន្ធត់​បែប​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា កុមារ​ត្រូវ​បាន​គេ​បញ្ជូន​ចេញ​ពី​ម្តាយ​របស់​ពួកគេ​ហើយ​របាយការណ៍​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​អ្នក​ដែល​ពាក់ព័ន្ធ​ធ្វើការ​សុំទោស​ដល់​គ្រប់​គ្នា​ដែល​រងគ្រោះ​ពី​ដំណើរការ​ស្មុំ​កូន​បែប​ក្លែងបន្លំ​នេះ​កាលពី​អតីតកាល ដើម្បី​ធានា​កុំ​ឱ្យ​មាន​ការ​ស្មុំ​កូន​អន្តរប្រទេស​ជាថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​អនាគត​។

តាម​ការប៉ាន់ស្មាន​របស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា​ចន្លោះ​ពី​ឆ្នាំ ១៩៨៧ ដល់ ២០០៩ មាន​កុមារ​ចំនួន ៣៦៩៦ ​នាក់​ត្រូវ​បាន​គេ​នាំ​យក​ចេញ​ពី​ប្រទេស​កម្ពុជា ដើម្បី​យក​ទៅ​ចិញ្ចឹម នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​ហាមឃាត់​ការ​ស្មុំ​កូន​ក្លែងបន្លំ​បែប​នេះ​ក្រោយពី​មាន​ការ​ចោទប្រកាន់​ថា មាន​ករណី​ជួញដូរ​មនុស្ស​និង​ករណី​លក់​កុមារ​កើតឡើង​។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏ដោយ របាយការណ៍​នោះ​បាន​គូសបញ្ជាក់​ថា តួលេខ​នេះ​អាច​មាន​ច្រើន​ជាង​នេះ​ដោយសារ​តែ​ការ​កត់ត្រា​ទិន្នន័យ​មិន​ទាន់​មាន​ប្រព័ន្ធ​ច្បាស់លាស់ ហើយ​ការសុំ​កូន​មួយ​ចំនួន​មិន​ត្រូវ​បាន​ធ្វើ​ឡើង​តាមរយៈ​ក្រសួង​សង្គមកិច្ច​នោះ​ទេ​។

ករណី​ទាំង​ ៣ ​នេះ​អាច​ជា​និមិត្តរូប​នៃ​រឿងរ៉ាវ​របស់​មនុស្ស​រាប់រយ​រាប់ពាន់​នាក់​ផ្សេង​ទៀត​។

នៅក្នុង​ករណី​របស់​អ្នកស្រី​ ប៊ុនណាត ពី​ដំបូង​កូនប្រុស​របស់​អ្នកស្រី​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ហើយ​ទារក​នោះ​បាន​ទទួល​ការព្យាបាល​នៅ​ទី​នោះ​ប្រហែល​មួយ​សប្តាហ៍ ក៏​ត្រឡប់​មក​វិញ​ហើយ​ក្រោយ​មក​មណ្ឌល​កុមារ​កំព្រា​និយាយ​ថា ពួកគេ​នឹង​បញ្ជូន​កូនប្រុស​របស់​អ្នកស្រី​ទៅ​សហរដ្ឋអាមេរិក​ដើម្បី​ទទួល​ការព្យាបាល​បន្ត ហើយ​ស្ត្រី​ជា​ម្តាយ​តែងតែ​រំពឹង​ថា​កូនប្រុស​របស់​ខ្លួន​នឹង​វិល​ត្រលប់​មក​វិញ​។

តាម​ការ​ឃ្លាំមើល​របស់​អង្គការ​លីកាដូ បង្ហាញ​ថា​ពេល​ទារក​នោះ​ទៅ​ដល់​សហរដ្ឋអាមេរិក វា​ត្រូវ​បាន​គេ​ដាក់​ក្រោម​ការ​មើល​ថែរក្សា​ជា​បណ្តោះអាសន្ន​ជាមួយ​គ្រួសារ​មួយ ក៏​ប៉ុន្តែ​ទំនង​ជា​គ្រួសារ​នោះ​ក្រោយ​មក​បាន​ទទួល​យក​ទារក​នោះ​ទៅ​ចិញ្ចឹម ហើយ​សកម្មភាព​ស្មុំ​កូន​នេះ​ល្មើស​នឹង​បម្រាម​របស់​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ ២០០១​។

របាយការណ៍​របស់​អង្គការ​លីកាដូ​បាន​បញ្ជាក់​ថា ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​បុគ្គលិក​មណ្ឌល​កុមារ​កំព្រា​ម្នាក់​បាន​ទៅ​ផ្ទះ​របស់​អ្នកស្រី​ ប៊ុនណាត ហើយ​ស្នើ​អ្នកស្រី​ឱ្យ​ចុះ​ហត្ថលេខា​លើ​ឯកសារ​ចំនួន​ ២ ​ច្បាប់​។ បុគ្គលិក​រូប​នោះ​ក៏​បាន​ប្រគល់​ឲ្យ​អ្នកស្រី​នូវ​សំបុត្រ​កំណើត​របស់​កូន​ដែល​មើល​ទៅ​ហាក់​ដូចជា​ផ្នែក​មួយ​នៃ​ការប៉ុនប៉ង​បង្កើត​ឯកសារ​ដើម្បី​ឲ្យ​ការធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​មាន​ភាព​ស្រប​ច្បាប់ និង​ដើម្បី​បញ្ជាក់​ថា​ទារក​នោះ​ត្រូវ​បាន​ឪពុកម្តាយ​បោះបង់​ចោល ដូច្នេះ​ហើយ​បាន​ជា​កុមារ​នោះ​អាច​ត្រូវ​បាន​គេ​ប្រគល់​ឲ្យ​អ្នក​ដទៃ​យក​ទៅ​ចិញ្ចឹម​បាន​។

សំឡេង​របស់​អ្នកស្រី​ ប៊ុនណាត ហាក់​បង្ហាញ​អំពី​អារម្មណ៍​រំជួល​ចិត្ត នៅពេល​ដែល​អ្នកស្រី​រៀបរាប់​ពី​ការមើល​ថែទាំ​កូនប្រុស​ដ៏តូច​របស់​អ្នកស្រី​ដែល​មាន​ជំងឺ​កាល​ជិត​ ២ ​ទសវត្សរ៍​មុន​។

អ្នកស្រី​រៀបរាប់​ថា​៖ «​ខ្ញុំ​មិន​ចង់​បាន​អ្វី​ពី​កូនប្រុស​របស់​ខ្ញុំ​ទេ​។ ខ្ញុំ​គ្រាន់តែ​ចង់​ឃើញ​កូន​របស់​ខ្ញុំ​។ យ៉ាង​ហោច​ណាស់​ឱ្យ​គាត់​ដឹង​ថា​ខ្ញុំ​គឺជា​ម្តាយ​របស់​គាត់​»​។

អ្នកស្រី​ គីម ប៊ុនណាត កំពុង​មើល​រូបថត​កូនប្រុស​ដែល​គេ​បញ្ជូន​យក​ទៅ​ឲ្យ​ម្តាយ​ចិញ្ចឹម​នៅ​អាមេរិក​។ហុង មិនា

បងប្អូន​ស្រី​ ២ ​នាក់​ម្នាក់​ឈ្មោះ នាង ផល អាយុ ៣១ ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ នាង យ៉ន អាយុ ៣៧ ឆ្នាំ​យល់​អំពី​អារម្មណ៍​របស់​អ្នកស្រី​ ប៊ុនណាត​។ ក្នុង​ចំណោម​ពួកគេ កូន​របស់​ពួកគេ​ចំនួន ៧ នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​អ៊ីតាលី​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ពួកគាត់​ទេ​។

ដោយសារ​តែ​ការប្រកបរបរ​ចិញ្ចឹម​ជីវិត​ជា​កម្មករ​ចម្ការ​កៅស៊ូ អ្នកស្រី​ យ៉ន បាន​យក​កូន​របស់​អ្នកស្រី ៤​ ​នាក់​ដែល​កូនពៅ​ទើប​តែ​មាន​អាយុ ៧ ខែ​ទៅ​ដាក់​ក្នុង​មជ្ឈមណ្ឌល​កុមារកំព្រា​ក្នុង​ឆ្នាំ ២០០៧ តាម​ការ​ណែនាំ​របស់​អ្នក​ជិត​ខាង​ដែល​បាន​ក្លាយ​ទៅ​ជា​ឈ្មួញ​កណ្តាល​ម្នាក់​។ អ្នកស្រី​ថ្លែង​ថា​៖ «​ពួកយើង​ក្រីក្រ​ខ្លាំង​ណាស់​ហើយ​ខ្ញុំ​សង្ឃឹម​ថា​កូនៗ​របស់​ខ្ញុំ​នឹង​អាច​ទទួល​បាន​ការអប់រំ​ល្អ ប្រសិន​បើ​ពួកគេ​ទៅ​រស់នៅ​ទី​នោះ​»​។

អ្នកស្រី​ ផល ដែល​កូន​ ៣ ​នាក់​របស់​អ្នកស្រី​ត្រូវ​បាន​គេ​សុំ​យក​ទៅ​ចិញ្ចឹម​នៅ​ប្រទេស​អ៊ីតាលី​នោះ​បាន​ថ្លែង​ថា​អ្នកស្រី​ដឹង​ថា​កូនៗ​របស់​អ្នកស្រី​នឹង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ក្រៅ​ប្រទេស ប៉ុន្តែ​មិន​ត្រូវ​បាន​គេ​ប្រាប់​លម្អិត​ទេ​។ គេ​បាន​ប្រាប់​បងប្អូន​ស្រី​ទាំង​ ២ ​ថា​ពួកគេ​នឹង​ផ្ញើ​រូបថត​របស់​កូន​គាត់​មក​ឲ្យ​ និង​ប្រាប់​អំពី​ស្ថានភាព​របស់​កូន​ពួកគេ​រៀងរាល់​ប្រាំ​មួយ​ខែ​ម្តង ហើយ​កូនៗ​របស់​ពួកគេ អាច​វិល​ត្រលប់​មក​លេង​ផ្ទះ​វិញ​បាន​។ ប៉ុន្តែ​អ្វី​ដែល​គេ​ប្រាប់​នោះ​មិនមែន​ជា​ការពិត​ទេ​។

អ្នកស្រី​ថ្លែង​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​ខ្លាំង​ណាស់​។ ខ្ញុំ​នៅ​តែ​នឹក​ពួកគេ​គ្រប់​ពេលវេលា​ហើយ​ខ្ញុំ​មិន​ដឹង​ទេ​ថា តើ​ខ្ញុំ​អាច​ជួប​ពួកគេ​ម្តង​ទៀត​បាន​ឬ​យ៉ាង​ណា​ទេ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​តិចតួច​ណាស់​»​។ «​ខ្ញុំ​គិត​អំពី​កូនៗ​របស់​ខ្ញុំ​ស្ទើរ​តែ​គ្រប់​ពេលវេលា ហើយ​ជួនកាល​ខ្ញុំ​សន្លប់​»​។

កំពុង​មើលថែ​កូនពៅ​របស់​ខ្លួន​ដែល​ទើប​តែ​មាន​អាយុ ៨ ខែ​ជា​កូន​ដែល​កើត​ក្រោយ​ពេល​ដែល​កូន​ ៤ ​នាក់​ត្រូវ​បាន​គេ​នាំ​ទៅ​កាន់​ប្រទេស​អ៊ីតាលី អ្នកស្រី​ យ៉ន ថ្លែង​ថា​អ្នកស្រី​នឹក​​កូន​របស់​អ្នកស្រី​ខ្លាំង​ណាស់ ពេល​ខ្លះ​អ្នកស្រី​គិត​ចង់​សម្លាប់​ខ្លួន​។ ប៉ុន្តែ​អ្នកស្រី​គិត​ថា អ្នកស្រី​ត្រូវ​តែ​រស់​ដើម្បី​មើលថែ​កូនពៅ​របស់​អ្នកស្រី​។

អ្នកស្រី​បន្ត​ថា​៖ «​ប្រសិន​បើ​ខ្ញុំ​ចិញ្ចឹម​ពួកគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា នោះ​ខ្ញុំ​មិន​ចាំបាច់​ព្រួយបារម្ភ​ថា ខ្ញុំ​នឹង​បាត់បង់​ពួកគេ​ទេ​។ ទោះបី​ជា​យើង​មិនមាន​អាហារ​ហូប​គ្រប់គ្រាន់​ក៏ដោយ ប៉ុន្តែ​យើង​ក៏​អាច​ចែករំលែក​គ្នា​បាន​ដែរ​។ យើង​នឹង​រស់នៅ​រីករាយ​ជាមួយ​គ្នា ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​មិន​ប្រាកដ​ទេ​ថា តើ​ខ្ញុំ​អាច​ឃើញ​មុខ​ពួកគេ​បាន​ទៀត​ឬ​អត់​នោះ​»​។

របាយការណ៍​របស់​អង្គការ​លីកាដូ​បាន​គូសបញ្ជាក់​អំពី​ករណី​ផ្សេង​មួយ​ទៀត ដែល​ស្ត្រី​ជា​ម្តាយ​មាន​កូន ៤ នាក់​ក៏​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ប្រទេស​អ៊ីតាលី​ដែរ​។ ឪពុកម្តាយ​ត្រូវ​បាន​បញ្ចុះបញ្ចូល​ដោយ​ប្រធាន​មណ្ឌល​កុមារកំព្រា​ថា​វា​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​កូនៗ​របស់​ពួកគេ បើ​ទោះបី​ជា​ពួកគេ​មិន​យល់​អំពី​វិសាលភាព​នៃ​ការ​ស្មុំ​កូន​ពី​បរទេស​ក្តី​។

ថ្វីបើ​ពួកគេ​យល់​ស្រប​ពី​ដំបូង ប៉ុន្តែ​ក្រោយ​មក​ពួកគេ​បាន​ប្តូរ​ចិត្ត​ទុក​កូនៗ ឲ្យ​រស់នៅ​ជាមួយ​ពួកគេ​វិញ​ បន្ទាប់ពី​ពួកគេ​មក​លេង​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​។ ប៉ុន្តែ​ប្រធាន​មណ្ឌលកុមារ​កំព្រា​បាន​មក​យក​កូន​របស់​ពួកគេ​ត្រឡប់​ទៅ​វិញ​ហើយ​ពួកគេ​ក៏​បាន​យក​កូនពៅ​ទៅ​លាក់​នៅ​ក្នុង​ចម្ការ​កៅស៊ូ​។ ប៉ុន្តែ​អ្នក​ជិតខាង​បាន​ប្រាប់​ប្រធាន​មណ្ឌល​កុមារ​ពី​កន្លែង​ដែល​កូន​គាត់​លាក់​ខ្លួន​។ កូន​របស់​គាត់​កំពុង​រត់​លេង​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​គាត់​ហើយ​ពេល​ប្រធាន​មណ្ឌល​បាន​មក​ដល់ គាត់​បាន​ចាប់​លើក​យក​កូន​នោះ​ហើយ​ប្រធាន​មណ្ឌល​បាន​ប្រាប់​ឲ្យ​ប្រមូល​កូន​ផ្សេងៗ​មក ពីព្រោះ​លិខិត​ស្នាម​បាន​រៀបចំ​រួចរាល់​អស់​ហើយ​។

ខណៈ​ពេល​ដែល​ប្រទេស​ជាច្រើន​បាន​ផ្អាក​ស្មុំ​កូន​ពី​ប្រទេស​កម្ពុជា​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​ ២០០០ ដោយសារ​តែ​ការ​រកឃើញ​ការ​ក្លែងបន្លំ​អំពើ​ពុករលួយ​ក្នុង​ដំណើរការ​ស្មុំ​កូន​នេះ ក៏​ប៉ុន្តែ​នៅ​មាន​ប្រទេស​ជាច្រើន​ទៀត​នៅ​បន្ត​សកម្មភាព​ស្មុំ​កូន​ហើយ​អំឡុង​ពេល​នោះ​កុមារ​ច្រើន​បំផុត​គឺ​ត្រូវ​បាន​គេ​សុំ​យក​ទៅ​ចិញ្ចឹម​នៅ​ប្រទេស​អ៊ីតាលី​។

ក្រសួង​ការបរទេស​អ៊ីតាលី និង​ស្ថានទូត​អ៊ីតាលី​នៅ​ទីក្រុង​បាងកក មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណើសុំ​ការបំភ្លឺ​ទេ​។

លោកស្រី Naly Pilorge នាយិកា​អង្គការ​លីកាដូ​បាន​ពណ៌នា​ករណី​ទាំង​នេះ​ថា ជា​រឿង​ដែល​ «​គួរ​ឱ្យ​ខ្លោចផ្សា​»​។ លោកស្រី​ថ្លែង​ថា​៖ «​គ្រួសារ​ដែល​ផ្តល់​កំណើត​ដល់​កុមារ​ទាំងនោះ​ត្រូវ​បាន​គេ​បោក​បញ្ឆោត​ហើយ​ឪពុកម្តាយ​ដែល​សុំ​កូន​នោះ​យក​ទៅ​ចិញ្ចឹម ចាញ់​ល្បិចកល​គេ ចំណែកឯ​កុមារ​ទាំង​នោះ​ត្រូវ​បាន​គេ​លួច​អត្តសញ្ញាណ​ពិតប្រាកដ​របស់​ពួកគេ​។ ពួកគេ​ទាំងអស់​នោះ​គួរ​តែ​ដឹង​ការពិត​ថា អ្វី​ដែល​បាន​កើតឡើង និង​គួរ​ចាត់វិធានការ​លើ​អ្នក​ដែល​ពាក់ព័ន្ធ​ឲ្យ​ទទួល​ខុសត្រូវ​»​។

មិន​មាន​ករណី​ស្មុំ​កូន​យក​ទៅ​ចិញ្ចឹម​នៅ​បរទេស​ទៀត​ទេ ចាប់​តាំងពី​ប្រទេស​កម្ពុជា​បាន​សម្រេច​ដាក់​បម្រាម​រាល់​សកម្មភាព​ស្មុំ​កូន​ទាំងអស់​ក្នុង​ឆ្នាំ ២០០៩ ទោះបី​មាន​របាយការណ៍​ផ្ទុយ​គ្នា​ដែល​បង្ហាញ​ថា​ការ​ដាក់​បម្រាម​នេះ​ត្រូវ​បាន​ដក​ចេញ​ក៏ដោយ​។

លោក​ សូ កី ប្រធាន​គ្រប់គ្រង​ទិន្នន័យ​នៅ​រដ្ឋបាល​ស្មុំ​កូន​អន្តរប្រទេស​បាន​អះអាង​ថា​ការ​ស្មុំ​កូន​អន្តរប្រទេស​បាន​ដាក់​ឲ្យ​ស្រប​ច្បាប់​ឡើង​វិញ​ក្នុង​ឆ្នាំ ២០១៤ ប៉ុន្តែ​ឯកសារ​ឆ្នាំ ២០១៥ បង្ហាញ​ថា​ក្រសួង​សង្គមកិច្ច​គ្រោង​បើក​ការអនុវត្ត​ឡើង​វិញ​យឺត​ជាង​នឹង​បន្តិច​។

លោក​បញ្ជាក់​ថា​ ការ​ស្មុំ​កូន​អន្តរប្រទេស​ឥឡូវ​នេះ​មាន​សុវត្ថិភាព ហើយ​គ្មាន​ករណី​ស្មុំ​កូន​ណា​មួយ​កើតឡើង​ទេ ពីព្រោះ​ដំណើរការ​ថ្មី​មាន​លក្ខណៈ​តឹងរ៉ឹង​។ លោក​បន្ត​ថា​៖ «​ជាមួយ​នឹង​នីតិវិធី​ថ្មី គឺ​វា​ត្រូវ​ចំណាយ​ពេល​ច្រើន​ជាង ២០០ ថ្ងៃ ហើយ​ការដាក់​ពាក្យ​ស្មុំ​កូន​ម្នាក់​ត្រូវ​ចំណាយ ៥ ពាន់​ដុល្លារ ហើយ​ប្រាក់ ៧០ ភាគរយ​បាន​ទៅ​លើ​សុខុមាលភាព​កុមារ​»​។

ក៏​ប៉ុន្តែ​អនុសាសន៍​របស់​អង្គការ​លីកាដូ​បាន​លើក​ឡើង​ថា គ្មាន​សកម្មភាព​ស្មុំ​កូន​អន្តរ​ប្រទេស​ណា​មួយ​កើតឡើង​ទៀត​ឡើយ លុះត្រា​ណា​ប្រព័ន្ធ​ដោះស្រាយ​ និង​ការស៊ើបអង្កេត​មួយ​ត្រូវ​បាន​អនុវត្ត ហើយ​វិធានការ​សុវត្ថិភាព ត្រូវ​បាន​យក​មក​អនុវត្ត​ដើម្បី​ធានា​ថា​កំហុស​អតីតកាល​នឹង​មិន​អាច​កើតមាន​ឡើង​វិញ​ឡើយ​។

ក្រុម​សាស្ត្រាចារ្យ​យល់​ស្រប និង​បាន​អំពាវនាវ​ឱ្យ​មាន​ការទទួល​ស្គាល់​ជា​សាធារណៈ​អំពើ​កំហុស​ឆ្គង​កាលពី​អតីតកាល​ទាក់ទង​ទៅ​នឹង​ការ​ស្មុំ​កូន​អន្តរប្រទេស​ហើយ​ត្រូវ​សុំទោស​អ្នក​ដែល​រងគ្រោះ​ទាំងអស់ និង​ត្រូវ​ចុះ​ទៅ​ដល់​គ្រួសារ​ដែល​រងគ្រោះ​ទាំង​នោះ​ដើម្បី​ឱ្យ​ពួកគេ​រៀបរាប់​រឿងរ៉ាវ​របស់​ពួកគេ ដើម្បី​ស្វែងរក​ដំណោះស្រាយ​»​។

លោក David Smolin ប្រធាន​មជ្ឈមណ្ឌល​សម្រាប់​កុមារ ច្បាប់​ និង​សីលធម៌ នៅ​សាកល​វិទ្យាល័យ Samford University ថ្លែង​ថា​ប្រទេស​ដែល​ទទួល​កុមារ ត្រូវ​តែ​ចែករំលែក​បន្ទុក​នៃ​ការស៊ើបអង្កេត​ និង​ការដោះស្រាយ ដើម្បី​ធ្វើ​ឱ្យ​កុមារ​ដែល​គេ​ស្មុំ​យក​ទៅ​ចិញ្ចឹម ឪពុកម្តាយ​ពួកគេ និង​គ្រួសារ​ដែល​ទទួល​យក​ទៅ​ចិញ្ចឹម​មាន​ឱកាស​ដើម្បី​ស្វែងរក​ការពិត និង​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​គ្រួសារ​ឡើង​វិញ​...»​។

លោក​បាន​ឱ្យ​ដឹង​តាម​អ៊ីមែល​ថា​៖ «​ការរំលោភ​បំពាន​នេះ​ធ្វើ​ឱ្យ​កុមារ​ទាំងនោះ​នៅ​ដាច់​ឆ្ងាយ​ពី​ឪពុកម្តាយ​ និង​គ្រួសារ​របស់​ពួកគេ ហើយ​អាច​បំផ្លាញ​ដល់​ទំនាក់​ទំនង​របស់​គ្រួសារ​ដែល​ស្មុំ​កូន​នោះ​ផង​ដែរ​។ ការរំលោភ​បំពាន​ទាំងនេះ​ក៏​បំផ្លាញ​ដល់​ប្រព័ន្ធ​ស្មុំ​កូន​អន្តរប្រទេស​ផង​ដែរ ដែល​ជា​កត្តា​ចម្បង​ធ្វើឲ្យ​ការ​ស្មុំ​កូន អន្តរប្រទេស​នៅ​ទូទាំង​ពិភពលោក​ធ្លាក់​ចុះ​»​។

លោកស្រី Patrcia Fronek នៅ​សាកល​វិទ្យាល័យ Griffith ដែល​ឯកទេស​ខាង​សេវា​ពពោះ​ជំនួស និង​ស្មុំ​កូន​បាន​ថ្លែង​ថា​៖ «​ករណី​នៃ​ការ​ស្មុំ​កូន​ឆ្លង​ប្រទេស​ក្លែងបន្លំ និង​ការជួញដូរ​ដែល​ត្រូវ​បាន​គេ​ដឹង​គឺ​គ្រាន់​តែ​ជា​ផ្នែក​តូច​មួយ​ដែល​អ្នក​អាច​ឃើញ​ក្នុង​ចំណោម​ផ្នែក​ដទៃ​ទៀត​ដែល​ត្រូវ​បាន​លាក់បាំង​»​។

លោកស្រី​ថ្លែង​តាម​អ៊ីមែល​ថា​៖ «​ការ​ស្មុំ​កូន​ឆ្លង​ប្រទេស​មាន​ផលវិបាក​មួយ​ជីវិត​។ ម្តាយ ឪពុក​ និង​គ្រួសារ​រង​ការឈឺចាប់​ក្រៀមក្រំ​ និង​ផលវិបាក សុខភាព​ផ្លូវចិត្ត​ដទៃៗ​ទៀត​ជាពិសេស​នៅពេល​ពួកគេ​មិន​ដឹង​ថា​អ្វី​កើតឡើង​ចំពោះ​កូន​របស់​ខ្លួន​»​។

លោកស្រី​បាន​ថ្លែង​ថា​សេវា​តាមដាន និង​ជួបជុំ​គ្នា​វិញ​ត្រូវ​ការ​ឲ្យ​មាន​ហើយ​បុគ្គលិក​ផ្នែក​សង្គម និង​ប្រឹក្សា​យោបល់​ក៏​ត្រូវការ​ឲ្យ​មាន​ផង​ដែរ ដើម្បី​ជួយ​ពួកគេ​។ លោកស្រី​បន្ត​ថា​សូម្បីតែ​នៅ​ពេល​កុមារ​ត្រូវ​បាន​ចិញ្ចឹម​នៅក្នុង​គ្រួសារ​ល្អ​មួយ​របស់​ឪពុកម្តាយ​ដែល​ស្មុំ​ក៏ដោយ ក៏​ពួកគេ​នៅ​តែ​​ «​ឈឺចាប់​អំពី​បញ្ហា​អត្តសញ្ញាណ​ និង​ការ​បែកបាក់​ពី​គ្រួសារ សហគមន៍ និង​វប្បធម៌​របស់​ខ្លួន​ដែរ​»​។

ពិត​ណាស់​អ្នក​នាំ​ពាក្យ​អង្គការ UNICEF លោកស្រី Iman Morooka ថ្លែង​ថា ការគ្រប់គ្រង​សមស្រប​មួយ​គឺ​ «​មាន​សារៈសំខាន់​ខ្លាំង​ណាស់​» ប្រសិន​បើ​ការ​ស្មុំ​កូន​អន្តរជាតិ​នឹង​នៅ​តែ​បន្ត ហើយ​វា​គួរ​តែ​កើតឡើង បន្ទាប់ពី​ការប្រើប្រាស់​ជម្រើស​នានា​ក្នុង​ស្រុក​។

លោកស្រី​ថា​៖ «​បច្ចុប្បន្ន​នេះ​មាន​ការ​ខ្វះខាត​បុគ្គលិក​សង្គម​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​នេះ​ជា​អ្វី​មួយ​ដែល​តម្រូវ​ឲ្យ​មាន​ការ​វិនិយោគ​ជា​បន្ទាន់​ដោយ​រដ្ឋាភិបាល​»​។

លោកស្រី Fronek បាន​បន្ត​ព្រមាន​ថា កម្ពុជា​មិន​ឲ្យ​យល់​ស្រប​តាម​ប្រទេស​នានា ដែល​មាន​ឥទ្ធិពល​ដែល​ជំរុញ​ឲ្យ​មាន​ការ​ស្មុំ​កូន​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​​ខ្លួន​ទេ​។ «​មាន​ទីផ្សារ​ស្មុំ​កូន​។ កម្ពុជា​មិន​បំពាក់​ដោយ​កម្មវិធី​ស្មុំ​កូន​ឆ្លង​ប្រទេស​»​។

បើ​សូម្បីតែ​មិន​មាន​ទីផ្សារ​ស្មុំ​កូន​អន្តរជាតិ ការកេងប្រវ័ញ្ច​ទាំង​ទៅ​លើ​កុមារ​ និង​ឪពុកម្តាយ​នៅ​តែ​កើតឡើង​។ ភាគច្រើន​បំផុត​ប្រហែល ៨០ ភាគរយ​នៃ​កុមារ​ដែល​រស់នៅ​មណ្ឌលកុមារ​កំព្រា​កម្ពុជា​យ៉ាង​ហោច​ណាស់​មាន​ម្តាយ ឬ​ឪពុក​ដែល​នៅ​រស់​។ ពេល​ខ្លះ​ឪពុកម្តាយ​ត្រូវ​បាន​គេ​សន្យា​មិន​ពិត​ថា កូន​របស់​ពួកគេ​នឹង​ទទួល​បាន​ការអប់រំ​ប្រសើរ​ជាង​ការរស់នៅ​ជាមួយ​ពួកគេ​នៅ​ផ្ទះ ហើយ​ក្នុង​ករណី​ខ្លះ​គឺ​នៅ​មណ្ឌលកុមារ​កំព្រា​ដែល​ទទួល​បាន​ប្រយោជន៍​ពី​ចំណូល​។

លោកស្រី​បាន​ថ្លែង​បន្ត​ថា​៖ «​មិនមែន​ផ្ទះ​ទាំងអស់​របស់​កុមារ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ចុះ​ពិនិត្យ ឬ​ដាក់​បញ្ញត្តិ​ដោយ​រដ្ឋាភិបាល​នោះ​ទេ​»​។ «​ទេសចរណ៍​មណ្ឌលកុមារ​កំព្រា​នៅ​តែ​កើត​មាន​ហើយ​មាន​កុមារ​ និង​គ្រួសារ​ដែល​មាន​ហានិភ័យ និង​ងាយ​រងគ្រោះ​ដល់​មនុស្ស​ជាច្រើន​ដែល​នឹង​យក​ប្រយោជន៍​ពី​ពួកគេ​»​។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ស្ថានទូត​អាមេរិក​បាន​ថ្លែង​ថា​រដ្ឋាភិបាល​របស់​ខ្លួន​ «​បន្ត​គាំទ្រ កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ខណៈ​ខ្លួន​កំពុង​ធ្វើការ​ដើម្បី​លើក​កម្ពស់​សុខុមាលភាព​កុមារ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បង្កើត​ដំណើរការ​សុំ​កូន​ឆ្លង​ប្រទេស ក្រោម​អនុសញ្ញា​ស្មុំ​កូន​ទីក្រុង​ឡាអេ​»​។ «​វា​សំខាន់​ណាស់​ដែល​កម្ពុជា​ត្រូវ​កសាង​ការ​ការពារ​ទាំង​នេះ​ពី​មុន​ពេល​សហរដ្ឋ​អាមេរិក​អាច​បន្ត​ការ​ស្មុំ​កូន​ឆ្លង​ប្រទេស​នៅ​ទី​នោះ​»​។

មនុស្ស​ ២ ​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មណ្ឌល​កុមារកំព្រា​ដែល​កំណត់​អត្តសញ្ញាណ​ដោយ​ម្តាយ​ដែល​ត្រូវ​បាន​សម្ភាស ខណៈ​បញ្ជូន​កូន​របស់​ខ្លួន​ទៅ​បរទេស​ប្រឆាំង​នឹង​ឆន្ទៈ​របស់​ឪពុកម្តាយ​បង្កើត​របស់​ពួកគេ​បាន​ផ្តាច់​ខ្លួន​ចេញ​ឆ្ងាយ​ពី​ករណី​មុនៗ​។

លោកស្រី អ៊ុក ណារុំ នាយក​ប្រតិបត្តិ​នៃ​សមាគម​អភិវឌ្ឍន៍​គ្រួសារ​ពលី​ និង​កុមារកំព្រា​បាន​ថ្លែង​ថា​លោកស្រី​បាន​នៅ​មណ្ឌល​ដែល​កុមារ ៤០ នាក់​ត្រូវ​បាន​ចិញ្ចឹម​អស់​រយៈពេល​ ៤ ​ឆ្នាំ​កន្លង​មក និង​បាន​សង្កត់​ធ្ងន់​ថា​មិន​មាន​ការ​ស្មុំ​កូន​ណាមួយ​កើតមាន​ក្នុង​អំឡុង​ពេល​នោះ​ទេ​។ «​ខ្ញុំ​គ្រាន់​តែ​មើលថែ​ក្មេងៗ​។ សេចក្តី​សម្រេច​សម្រាប់​ការផ្គូផ្គង​ជាមួយ​គ្រួសារ ក្រសួង​ជា​អ្នក​សម្រេច​។ ខ្ញុំ​មិន​មាន​សិទ្ធិ​ធ្វើ​វា​ទេ​»​។ លោកស្រី​បន្ត​ថា​មាន ​«​ករណី​តិចតួច​ណាស់​» ​ដែល​ឪពុក​ម្តាយ​ចិញ្ចឹម​សួរ​សំណួរ​អំពី​សាច់ញាតិ​របស់​កូន​ខ្លួន​»​។

នៅ​ពេល​បង្ហាញ​ជាមួយ​ការចោទប្រកាន់​ថា​មាន​ការ​ស្មុំ​កូន​ក្លែងបន្លំ ជា​លក្ខណៈ​អន្តរជាតិ​ទៅ​ប្រទេស​អ៊ីតាលី​លោក​ មាស យុត អតីត​ប្រធាន​សមាគម​សាមគ្គី ៧ មករា​បាន​សង្កត់ធ្ងន់​ថា លោក​បាន​ចូលនិវត្តន៍​ពី​មណ្ឌល​កុមារកំព្រា​កាលពី ៥ ឆ្នាំ​មុន​។

លោក​ថ្លែង​ថា​៖ «​នៅពេល​កុមារ​ត្រូវ​បាន​ស្មុំ​ដោយ​ឪពុកម្តាយ​បរទេស ហើយ​រស់នៅ​បរទេស វា​គឺ​ធ្វើ​ឡើង​តាមរយៈ​ក្រសួង​សង្គមកិច្ច​។ យើង​មិន​ដែល​ធ្វើ​វា​ដោយ​ផ្ទាល់​ទេ​»​។ «​ឪពុកម្តាយ​ស្មុំ​កូន​ផ្តល់​ប្រាក់​មួយ​ចំនួន​មក​យើង វា​កើត​ចេញ​ពី​ទឹកចិត្ត​របស់​ពួកគេ​»​។

លោក​បាន​បដិសេធ​ថា​កុមារ​មិនមែន​ស្មុំ​ដោយ​ការគិត​ជា​តម្លៃ​ប៉ុន្មាន​នោះ​ទេ​។

ប៉ុន្តែ​បញ្ហា​នៅ​តែ​កើត​មាន​ចំពោះ​ស្ត្រី​មួយ​ចំនួន​។ ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ​គឺ​អ្នកស្រី អ៊ីន ម៉ាលី ដែល​កាលពី​ឆ្នាំ​ ២០០៥ កូន​ ២ ​នាក់​របស់​អ្នកស្រី ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​អូទ្រីស​ដោយ​មិន​មាន​ការយល់​ព្រម​ពី​អ្នកស្រី​។ ដូច​មនុស្ស​ជាច្រើន​ដទៃៗ​ទៀត​អ្នកស្រី​មាន​អារម្មណ៍​ត្រូវ​បាន​បង្ខំ​ឲ្យ​ដាក់​កូន​របស់​ខ្លួន​នៅក្នុង​ការមើលថែ​ដោយ​មណ្ឌល​កុមារកំព្រា​ដោយសារ​ភាព​ក្រីក្រ និង​ប្តី​មាន​ជំងឺ​ធ្ងន់ធ្ងរ​។

នៅ​ពេល​អ្នកស្រី​ដឹង​ថា​កូនស្រី​របស់​អ្នកស្រី​ត្រូវ​បាន​បញ្ជូន​ចេញ​ទៅ​អ្នកស្រី​បាន​ទៅ​ប្រឈមមុខ​នឹង​ប្រធាន​មណ្ឌលកុមារ​កំព្រា​ដែល​កាលពី​មុន​មិន​ពេញ​ចិត្ត​នឹង​អ្នកស្រី ម៉ាលី ដែល​ទៅ​លេង​មណ្ឌល​នេះ​ញឹកញាប់​ពេក​។

លោក​នាយក​មណ្ឌល​បាន​សួរ​ថា​៖ «​ហេតុអ្វី​អ្នក​ចង់​ដឹង​?»​។ នៅពេល​អ្នកស្រី​ទទួល​បាន​ពាក្យ​ដែល​គេ​ប្រាប់​ថា​កូនប្រុស​របស់​អ្នកស្រី​កំពុង​ត្រូវ​បាន​រៀបចំ​សម្រាប់​ការ​ស្មុំ​កូន​ទៅ​បរទេស អ្នកស្រី​បាន​ចាប់ផ្តើម​ស្ទុះស្ទា​ទៅ​មណ្ឌលកុមារ​កំព្រា ប៉ុន្តែ​កូន​របស់​អ្នកស្រី​ត្រូវ​បាន​គេ​បញ្ចូន​ចេញ​រួច​ជាស្រេច​ទៅ​ហើយ​។

អ្នកស្រី​ថ្លែង​ថា​៖ «​ក្នុង​នាម​ជា​ម្តាយ ខ្ញុំ​មាន​អារម្មណ៍​ឈឺចាប់​ណាស់​»​។ «​ខ្ញុំ​មិន​បាន​ឃើញ​កូន​របស់​ខ្ញុំ​សូម្បី​តែ​ម្តង​មុន​ពេល​ចាកចេញ​»៕ NS/PS