ភ្នំពេញៈ អង្គការក្នុងស្រុកចំនួន ៤ រួមមាន អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូបណ្តាញយុវជនកម្ពុជា CYN អង្គការសមធម៌កម្ពុជា និងអង្គការសមាគមធាងត្នោតកាលពីម្សិលមិញបានចេញរបាយការណ៍ស្រាវជ្រាវមួយ និងអះអាងថា ការអភិវឌ្ឍនៅតំបន់បឹងទំពុននឹងធ្វើឲ្យពលរដ្ឋ ១ លាន ២ សែននាក់នៅទីក្រុងភ្នំពេញប្រឈមនឹងទឹកជំនន់ និងប៉ះពាល់ដល់សិទ្ធិមនុស្ស និងបរិស្ថានយ៉ាងធ្ងន់ធ្ងរ។
របាយការណ៍ប្រមាណ ៧០ ទំព័រជាភាសាខ្មែរ និងអង់គ្លេសបានផ្សព្វផ្សាយបន្ទាប់ពីអង្គការបានសិក្សាស្រាវជ្រាវដោយធ្វើការសម្ភាសជាមួយមនុស្ស ៤៦៩ នាក់ ដែលអ្នកខ្លះជាអ្នករងផលប៉ះពាល់នៅក្នុងតំបន់នេះផ្ទាល់។ របាយការណ៍បានលើកឡើងថាក្នុង ១ ថ្ងៃៗមានទឹកស្អុយពី ៣៧ ម៉ឺន ទៅ ៣៨ ម៉ឺនម៉ែត្រគុបត្រូវបង្ហូរចូលទៅក្នុងបឹងទំពុន។
ពលរដ្ឋប្រមាណ ១,២ លាននាក់ ឬស្មើនឹងជិតពាក់កណ្ដាលនៃពលរដ្ឋរស់នៅរាជធានីភ្នំពេញនឹងរងការប៉ះពាល់ដោយទឹកជំនន់ដែលជាទឹកកខ្វក់ ប្រសិនបើបឹងនេះនៅតែបន្តលុប។
របាយការណ៍ដដែលបន្តថា បឹងនេះត្រូវបានបូមខ្សាច់ចាក់លុបដោយប្រើខ្សាច់ ៧៧,៦៦ លានម៉ែត្រគុប។ បើសកម្មភាពនេះនៅតែបន្តមនុស្សជាង ១ ពាន់គ្រួសារនឹងត្រូវបានបង្ខំឲ្យចាកចេញពីលំនៅឋានរបស់ពួកគេ។ ផ្ទៃនៃតំបន់បឹងទំពុនត្រូវបានគេកាត់ និងបែងចែកទៅឲ្យក្រុមហ៊ុនអភិវឌ្ឍន៍នានាតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនៅចន្លោះឆ្នាំ ២០១៧ និងឆ្នាំ ២០១៩។ ផ្ទៃតំបន់បឹងនេះដែលពីមុនមានទំហំយ៉ាងហោចណាស់ ១ ៥០០ ហិចតានឹងត្រូវកាត់មកនៅត្រឹមទំហំ ១០៧ ហិកតាប៉ុណ្ណោះ។
បើតាមរបាយការណ៍ដដែលបញ្ជាក់ថា ក្រុមហ៊ុនធំៗដែលកំពុងធ្វើការអភិវឌ្ឍនៅតំបន់នេះមានក្រុមហ៊ុន អាយ អិន ជីហូលឌីង (ING Holdings) សាជីវកម្មឯកជនរួមមានក្រុមហ៊ុន ជីបម៉ុង អ៊ីអនម៉ល អ័រគីដេវីឡា និងបុរីប៉េងហួត ជាដើម។
អង្គការទាំង ៤ បានលើកឡើងនូវការប៉ះពាល់ផ្នែកសិទ្ធិមនុស្សជាច្រើន និងការប៉ះពាល់ផ្សេងទៀតលើបរិស្ថានរួមមានការបណ្ដេញចេញ ការបាត់បង់មុខរបររបស់ពលរដ្ឋដែលអាស្រ័យផលនៅតំបន់នេះ ការបាត់បង់ជម្រកសត្វច្រើនប្រភេទ និងការបំពុលទៅលើទន្លេបាសាក់ និងទន្លេមេគង្គដោយសារការបង្ហូរចូលនូវទឹកកខ្វក់ដែលមិនធ្វើប្រព្រឹត្តកម្ម។
ទោះយ៉ាងណា របាយការណ៍ដដែលនេះបញ្ជាក់ថា ភាគច្រើននៃការរកឃើញក្នុងរបាយការណ៍នេះ គឺជាការប៉ាន់ប្រមាណអំពីផលប៉ះពាល់នៃគម្រោងអភិវឌ្ឍន៍បឹងនេះ និងការបំផ្លាញតំបន់ដីសើមប៉ុណ្ណោះ។ របាយការណ៍នេះចងក្រងឡើងដើម្បីឲ្យរាជរដ្ឋាភិបាលបានដឹងអំពីហានិភ័យ ដែលគម្រោងនេះបង្កឡើង។
លោក សឿង សារ៉ន ប្រធានអង្គការសមាគមធាងត្នោតបានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «រាជរដ្ឋាភិបាលមានការទទួលខុសត្រូវក្នុងការធានាការពារប្រជាជនពីការរំលោភសិទ្ធិមនុស្ស។ របាយការណ៍នេះត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីហានិភ័យនានាទាក់ទងនឹងសិទ្ធិមនុស្សដើម្បីឲ្យរាជរដ្ឋាភិបាលអាចចាត់វិធានការដែលសមស្របនានាដើម្បីដោះស្រាយបញ្ហាទាំងនោះ»។
អង្គការទាំង ៤ ក៏បានលើកឡើងនូវអនុសាសន៍ ៨ ចំណុច ដើម្បីឲ្យរដ្ឋាភិបាលគិតពិចារណាក្នុងការអភិវឌ្ឍតំបន់នេះ។ អនុសាសន៍ទាំងនោះមានស្នើសុំផ្អាកការអភិវឌ្ឍតំបន់បឹងទំពុនរហូតដល់មានការសិក្សាច្បាស់លាស់ពីផលប៉ះពាល់លើសិទ្ធិមនុស្ស និងបរិស្ថានស្នើឲ្យសិក្សាពីផលប៉ះពាល់នៃការកសាងក្រុងរណប អាយ អិន ជី ស៊ីធី និងការបាត់បង់តំបន់ដីសើម ដោះស្រាយជម្លោះដីធ្លី ហើយការបណ្ដេញចេញគួរធ្វើឡើងតាមគោលការណ៍សិទ្ធិមនុស្ស។
ក្រុមអង្គការក៏បានស្នើឲ្យរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវការគោរពសិទ្ធិមនុស្ស ផ្សព្វផ្សាយពីការផ្ដល់អាជ្ញាប័ណ្ណបូមខ្សាច់ ផ្សព្វផ្សាយជាសាធារណៈអំពីតំបន់បឹងទំពុននេះដើម្បីឲ្យពលរដ្ឋបានដឹង ពន្យារការផ្ដល់អាជ្ញាប័ណ្ណ និងរក្សាផ្ទៃដី ១ ពាន់ហិកតានៅតំបន់នេះសម្រាប់ប្រយោជន៍សាធារណៈ។ ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់នេះក៏ត្រូវបានស្នើឲ្យពិចារណាលើផលប៉ះពាល់នានាផងដែរ។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងពីម្សិលមិញថា៖ «ពុំមានភាពចំបាច់ត្រូវធ្វើការឆ្លើយតបនឹងរបាយការណ៍នេះទេ ព្រោះសូម្បីលទ្ធផលនៃការវាយតម្លៃវាហាក់គ្មានមូលដ្ឋានច្បាស់លាស់ គ្មានឯករាជភាព និងគ្មានតុល្យភាពស្រាប់ទៅហើយ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងពីម្សិលមិញថា របាយការណ៍នេះមិនឆ្លើយតបនឹងភាពជាក់ស្ដែងនៅកន្លែងនេះទេ ព្រោះរដ្ឋាភិបាល និងសាលារាជធានីបានសិក្សាលើផលប៉ះពាល់ផ្នែកបរិស្ថានរួចហើយ។ សាលារាជធានីក៏បានធ្វើកន្លែងបញ្ចៀសទឹកយ៉ាងត្រឹមត្រូវដើម្បីបញ្ចៀសកុំឲ្យពលរដ្ឋលិចលង់។
លោក ផៃ ស៊ីផាន ពន្យល់ថាបឹងទំពុនជាកន្លែងស្តុកទឹកដែលមកពីទន្លេមេគង្គនៅរដូវវស្សា និងទឹកភ្លៀងពីតំបន់ខ្ពស់ដូចជាខេត្តកំពង់ស្ពឺផ្នែកខ្លះនៃខេត្តតាកែវ ហើយស្តុកទឹកដែលហូរចូលពីស្ទឹងផ្សេងទៀតដូចជាស្ទឹងមានជ័យ និងព្រែកហូរ។ ប៉ុន្តែសាលាក្រុងបានធ្វើកន្លែងរំដោះទឹកទាំងនោះរួចហើយ ដូចជាធ្វើប្រឡាយកាត់មិនឲ្យទឹកពីប្រភពទាំងនោះហូរចូលមកក្នុងបឹង ហើយបង្វែងទៅបឹងតាមោកវិញ។
លោកថ្លែងថា៖ «ខ្ញុំមិនយល់អំពីអ្នកសរសេរថា តើគេបានសិក្សាអំពីរាជធានីភ្នំពេញឬទេ? រាជធានីភ្នំពេញគេមានការអភិវឌ្ឍដែលដណ្ដើមដីពីទឹកសម្រាប់ឲ្យមនុស្សនៅតាំងពីជំនាន់ឆ្នាំ ១៩៥៨ ១៩៥៩ មកម្ល៉េះ។ ដូចយើងឃើញហើយនៅជំនាន់នោះនៅបុរីកីឡា ផ្សារអូឡាំពិក ផ្សារអូរឫស្សី គឺជាកន្លែងបឹងទេ។ ភ្នំពេញមានតែនៅវត្តភ្នំ និងព្រះបរមរាជវាំង។ ឯផ្នែកគុម្ពោតៗ ពេលខែវស្សាទឹកចូលពេញដូចជាតំបន់ទួលគោក។ ដូច្នេះការអភិវឌ្ឍតំបន់ភ្នំពេញ គឺជារឿងធម្មតាតាំងពីទសវត្សរ៍ ១៩៥០ មកម្ល៉េះ»។
លោកបន្តថា ការបង្ហូរទឹកចេញពីបឹងនេះទៅក្នុងទន្លេមេគង្គក៏មិនមានអ្វីប៉ះពាល់ដែរ ដោយសារទឹកដែលត្រូវបង្ហូរចូលត្រូវបានធ្វើប្រព្រឹត្តកម្មជាមុន។ លោកថា តម្រូវការរបស់មនុស្សគឺការអភិវឌ្ឍ ដោយមានការសិក្សាច្បាស់លាស់អំពីផលប៉ះពាល់៕
វីដេអូ៖