របាយការណ៍ របស់ អង្គការ ឃ្លាំមើល ព្រៃឈើ ពិភពលោក (The Global Initiative Against Transna tional Organized Crime) បានឲ្យដឹង ថា កម្ពុជា បានបាត់បង់ គម្រប ព្រៃឈើ ជាង ៥០ ម៉ឺន ហិកតា ក្នុង ដែនជម្រក សត្វព្រៃ ព្រៃឡង់ និង ដែន ជម្រក សត្វព្រៃ ព្រះរការ ក្នុង រយៈពេល ១៨ ឆ្នាំ។

អង្គការ ឃ្លាំមើល ព្រៃឈើ ពិភពលោក ដែល បាន ចេញ របាយ ការណ៍ កម្រាស ជិត ៤០ ទំព័រ កាលពី ថ្ងៃទី ៣១ មីនា ស្តីពី ឧក្រិដ្ឋកម្ម ព្រៃឈើ នៅ កម្ពុជា ក្រោម ចំណង ជើង «បណ្តាញ នៃ ការល្មើស ច្បាប់ ក្នុង ដែន ជម្រក សត្វព្រៃ ព្រៃឡង់» បង្ហាញថា បើទោះបី កម្ពុជា មាន ច្បាប់ សម្រាប់ ការពារ ព្រៃ ឈើ ក៏ដោយ ក៏ កម្ពុជា បាន ទទួល រង នូវ អត្រា នៃ ការកាប់ បំផ្លាញ ព្រៃឈើ ខ្ពស់ បំផុត ក្នុង ចំណោម ប្រទេស មួយចំនួន ចាប់តាំង ពី ទសវត្សរ៍ ឆ្នាំ ១៩៧០។ អត្រា នេះ មាន ការកើនឡើង គួរឱ្យ កត់ សម្គាល់ ក្នុង ទសវត្សរ៍ កន្លង មក។

អង្គការ ឃ្លាំមើល ព្រៃឈើ ពិភពលោកបាន ប៉ាន់ ប្រមាណ ថា នៅ ចន្លោះ ឆ្នាំ ២០០១ និង ឆ្នាំ ២០១៨ ប្រទេស កម្ពុជា បាន បាត់បង់ គម្រប ព្រៃឈើ ចំនួន ៥៥៧ ០០០ ហិកតា នៅ ក្នុង តំបន់ ការពារ ដែល ស្មើនឹង ១១,៧% នៃ តំបន់ ការពារ សរុប ដែល ជាប់ ពាក់ព័ន្ធ នឹង ក្រុមហ៊ុន មួយ ចំនួន។

អង្គការ នេះ បាន រកឃើញបន្ទាប់ ពី សិក្សា និង ស៊ើប អង្កេត លើ ការកាប់ បំផ្លាញ ព្រៃឈើ នៅ ដែនជម្រក សត្វព្រៃ ព្រៃឡង់ និង ព្រៃ ព្រះរកា ដែលជា ដែន ជម្រក សត្វព្រៃ ស្ថិតនៅ ភាគ ខាងជើង នៃ ប្រទេស កម្ពុជា។ អង្គការ នេះ ក៏ បាន សិក្សា ទៅលើ ក្រុមហ៊ុន មួយចំនួន រួមមាន ក្រុម ហ៊ុន Think Biotech Co., Ltd ជា ក្រុមហ៊ុន ប្រតិបត្តិការ កាប់ឈើ ធ្វើ ពាណិជ្ជកម្ម នៅក្នុង ដែនជម្រក សត្វព្រៃ ព្រៃឡង់ រួមគ្នា ជាមួយ ក្រុមហ៊ុន មួយផ្សេង ទៀត ដែល មាន ឈ្មោះថា Angkor Plywood។

ក្រុម ហ៊ុន Sam Oeun Sovann Co., Ltd ជា ក្រុម ហ៊ុន ដែល វិនិយោគ លើ ការកាប់ ឈើ ក្នុង ដែនជម្រក សត្វព្រៃ ព្រៃឡង់ និង ព្រៃ ព្រះរកា និងក្រុម ហ៊ុន PNT Co., Ltd និង ក្រុមហ៊ុន Thy Nga Development Co., Ltd ដែល ទទួលបាន សិទ្ធិ វិនិយោគ សម្បទាន ដី សេដ្ឋកិច្ច នៅ ជិត តំបន់ ការពារ ព្រៃ ឡង់។

របាយ ការណ៍ នេះ បញ្ជាក់ថា ៖ «តំបន់ ការពារ ធម្មជាតិ មួយចំនួន ត្រូវបាន គេ កាប់ បំផ្លាញ ព្រៃឈើ ស្ទើរ គ្មាន សេស សល់។ ប្រសិនបើ មាន គឺ ស្ថិតនៅ ក្រៅ តំបន់ ព្រះរាជក្រឹត្យ តែ ប៉ុណ្ណោះ។ ការបាត់ បង់ នេះ វា ធ្វើឱ្យ ប៉ះពាល់ដល់ការអភិរក្ស ជីវៈចម្រុះ សេដ្ឋកិច្ច និង សង្គម ដល់ ជន ជាតិ ដើម ភាគតិច ដែល ពឹង ផ្អែក លើ ព្រៃឈើ»។

លោក នេត្រ ភក្រ្តា អ្នក នាំពាក្យ ក្រសួង បរិស្ថាន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ តាម ប្រព័ន្ធ តេឡេក្រាម ពី ម្សិលមិញថា ក្រសួង បរិស្ថាន គ្មាន ភាព ចាំបាច់ ត្រូវ ធ្វើ អត្ថាធិប្បាយ ឆ្លើយ តប លើ របាយការណ៍ របស់ ភាគី ទី៣ ណាមួយ ទេ ចំពោះ របាយការណ៍ នេះ។ ប៉ុន្តែ លោក ភក្រ្តា មិនបាន បញ្ជាក់ ពីមូល ហេតុ នោះ ទេ។

លោក​ នេត្រ ភក្រ្តា ​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ ថ្លែងនាពេលកន្លងមក។ ហ៊ាន រង្សី

លោក នេត្រ ភក្រ្តា ថ្លែងថា ៖ «ក្រសួង បរិស្ថាន បន្ត ការពង្រឹង ការអនុវត្ត ច្បាប់ និង អនុវត្ត ផែនការ សកម្មភាព នានា ដោយ សហការ ជាមួយ អង្គការ ដៃគូ និង សហគមន៍ តំបន់ ការពារ ធម្មជាតិ ក្នុង ការការពារ និង អភិរក្ស ធនធាន ធម្មជាតិ ព្រៃឈើ សត្វព្រៃ ដែល កម្ពុជា មាន ឱ្យបាន គង់វង្ស»។

ទោះ ជាយ៉ាង ណា មន្ត្រី រូបនេះធ្លាប់ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពី ចុង ខែកុម្ភៈ ថា ការចេញ សេចក្តី ថ្លែងការណ៍ របស់ អង្គការ ក្រៅ រដ្ឋាភិបាល គឺជា យុទ្ធនាការ ដែល រៀបចំ ឡើង ក្នុង ចេតនា ទុច្ចរិត ក្នុង ការធ្វើ វិទ្ធង្សនា ប្រឆាំង នឹង រាជរដ្ឋាភិបាលលើ ការងារ គ្រប់គ្រង និង អភិរក្ស ធន ធាន ធម្មជាតិ តែ ប៉ុណ្ណោះ។

លោក ថ្លែងថា ពួកគេ ពោរពេញ ដោយ ជំងឺ តួឯក និង គិតថា មាន តែ ក្រុម ខ្លួន ជាអ្នក ការពារ ធនធាន ធម្មជាតិ ដែល តាមពិត គ្រាន់តែ ជា ការអនុវត្ត ផែនការ ចិញ្ចឹម ទំនាស់ បង្កើត ភាព អនាធិបតេយ្យ និង បន្ត លើក ទឹកចិត្ត ការរំលោភ បំពាន ច្បាប់។

លោក ភក្ត្រា ថ្លែងថា ៖ «នេះ គឺជា ការប្រមាថ លើ ការលះបង់ របស់ មន្ត្រី ឧទ្យានុរក្ស និង សហគមន៍ តំបន់ ការពារ ធម្មជាតិ ដែល កំពុង ឈរ ជើង ការពារ ធនធាន ធម្មជាតិ និង បានខិតខំ ការពារ និង អភិរក្ស ធនធាន ធម្មជាតិ»។

បើ តាម លោក នេត្រ ភក្ត្រា លោក ក៏ទទួល ស្គាល់ ថា បទល្មើស ធនធាន ធម្មជាតិនៅ បន្ត កើត មាន ក្នុង តំបន់ ការពារ ធម្មជាតិរួមនឹង ដែនជម្រក សត្វព្រៃ ព្រៃឡង់។ ប៉ុន្តែ បទល្មើស ទ្រង់ទ្រាយ ធំ លែង មាន ទៀត ហើយ នៅ មាន កើតឡើង បទល្មើស ទ្រង់ទ្រាយ តូចៗ ដែល ជនល្មើស មួយចំនួន បន្ត លួច ធ្វើ សកម្មភាព ដោយ ខុស ច្បាប់។

លោក សុង ច័ន្ធសុជាតិ ប្រធាន មន្ទីរ បរិស្ថាន ខេត្ត ព្រះវិហារក៏ មិន ធ្វើ អត្ថាធិប្បាយ លើ របាយការណ៍ នេះ ផង ដែរ។ លោក ថ្លែង យ៉ាង ខ្លី ថា លោក មិន មាន អ្វី ឆ្លើយ តប នោះ ទេ។

ោក ជា ហ៊ាន ប្រធាន អង្គការ ប្រឆាំង អំពើ ពុករលួយ ទប់ស្កាត់ ការបំផ្លាញ ធនធាន ធម្មជាតិ និង ការពារ សិទ្ធិ ពលរដ្ឋ (ACNCIPO) ថ្លែងថា ការ កាប់ ទន្ទ្រាន រាន យក ព្រៃឈើ នៅ ប្រទេស កម្ពុជា មាន សភាព ធ្ងន់ធ្ងរ ក្នុង រដូវ វស្សា បន្ទាប់ពី ការធ្វើ ជំនួញ ឈើ នាំចេញ ទៅ ក្រៅ ប្រទេស។ ប៉ុន្តែ អ្វី ដែល គួរឱ្យ ព្រួយ បារម្ភ គឺ សកម្មភាព នៃ ការទន្ទ្រាន ដីព្រៃ ដែល នឹង ធ្វើឱ្យ ហិនហោច ព្រៃឈើ កាន់តែ ច្រើន មួយកម្រិត ទៀត ក្នុង តំបន់ ដែល ការពារ ដោយ ព្រះរាជក្រឹត្យ ផង ដែរ។

លោក ថ្លែងថា ៖ «បើ យើង គ្មាន វិធានការ ទប់ស្កាត់ ទេ ព្រៃឈើ របស់ យើង ត្រូវបាន បាត់បង់ ហើយ ដី រដ្ឋ ក៏មាន ការបាត់បង់ ថែម ទៀត។ នេះខ្ញុំ មាន ការសោក ស្តាយ ជាទី បំផុត បន្ទាប់ពី ខ្ញុំ ពិនិត្យ ឃើញថា នៅ ខេត្ត រតនគិរី ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ មណ្ឌលគិរី ក្រចេះ និង ឧតុ្តរមាន ជ័យ ជាដើម នៅតែ មាន បទល្មើស ព្រៃឈើ កើតឡើង ជាប្រចាំ និង រាល់ថ្ងៃ និង មិនមាន ចំណាត់ការ ណា មួយ ទប់ស្កាត់ ឱ្យ មាន ប្រសិទ្ធភាព ទេ»។

ទោះជាយ៉ាង ណា ភ្នំពេញ ប៉ុស្តិ៍ មិនអាច ទាក់ទង សុំ អត្ថាធិប្បាយ ពី ក្រុមហ៊ុន ទាំង នេះបាន ទេ កាលពី ម្សិល មិញ៕