ភ្នំពេញៈ លោក ឈឹម ផលវរុណ ប្រធាន​លេខាធិការ​នៃ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​បាន​ឲ្យ​ដឹងថា ប្រតិភូ​គណបក្ស​នយោបាយ​ដែល​ជា​សមាជិក​នៃ​ស្ថាប័ន​នេះ​បាន​ដាក់​របាយការណ៍​ទៅកាន់​លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ផ្ទាល់ ហើយ​មាន​ប្រមាណ ៩០ ​ភាគរយ​ គឺ​រឿង​បញ្ហា​ដីធ្លី ដែល​មាន​ទាំង​ការបង្ហាញ​ចំៗ​នូវ​ឈ្មោះ​បុគ្គល​ដែលមាន​តួនាទី​ក្នុង​រាជរដ្ឋាភិបាល​។

ការថ្លែង​របស់​លោក​ ផលវរុណ ​យ៉ាង​ដូច្នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការរិះគន់ មក​កាន់​សមាជិក​នៃ​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់យោបល់​ដែល​ត្រូវបាន​គេ​ចោទប្រកាន់​ថា សមាជិក​នៃ​ស្ថាប័ន​នេះ​គឺ​គ្រាន់តែ​ជា​ «​អាយ៉ង​» ​របស់​រដ្ឋាភិបាល​ និង​មិនមាន​ឥទ្ធិពល​អ្វី​ក្នុង​ការចូលរួម​ការដោះស្រាយ​បញ្ហា​ធំៗ​ជាពិសេស​បញ្ហា​វិវាទ​ដីធ្លី​នៅក្នុង​សង្គម​នោះទេ​។

លោក ឈឹម ផលវរុណ បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​អង្គារ​ថា ទាំង​ការធ្វើ​របាយការណ៍ និង​ការចូលរួម​កិច្ចប្រជុំ​ជាមួយ​លោក​ ហ៊ុន សែន គឺ​សមាជិក​នៃ​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ សុទ្ធតែ​លើក​ពី​បញ្ហា​ចំៗ​ថែម​ទាំង​បង្ហាញ​ឈ្មោះ និង​តួនាទី​របស់​មន្ត្រី​ដែល​បាន​រំលោភ​យក​ដី​ពលរដ្ឋ​ថែម​ទៀតផង​។

លោក​បន្តថា​៖ «​ការឆ្លើយតប​ទៅនឹង​ការចោទ​ជា​អាយ៉ង​គាត់​ (​សមាជិក​ឧត្តមក្រុមប្រឹក្សា​) ​បាន​ខំ​ធ្វើការងារ​របស់គាត់​យ៉ាង​ម៉ត់ចត់ ដើម្បី​រំដោះខ្លួន​ពី​ការចោទប្រកាន់​ដែល​នេះ​បង្ហាញថា គាត់​ខំធ្វើការ​ដើម្បី​ខ្លួន​របស់គាត់​ដោយ​ការធ្វើ​របាយការណ៍​ជូន​សម្តេច​តេជោ​។ បើ​បងប្អូន​ប្រជាពលរដ្ឋ​បាន​មើល​អំពី​របាយការណ៍​របស់​ប្រតិភូ​គណបក្ស​ដែល​ចុះ​ទៅ​មិនមែន​ដាក់​ចំ​សាច់រឿង​ទេ គឺ​ចំទាំង​ឈ្មោះ​បុគ្គល​ដែល​មាន​តួនាទី​ទៅទៀត​។ របាយការណ៍​ទាំងនោះ​បាន​ទៅដល់​តុ​ និង​ដៃ​សម្តេច​តេជោ​»​។

លោក ផលវរុណ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ថែម​ពី​ម្សិលមិញ​ថា ភាគច្រើន​នៃ​បញ្ហា​ដែល​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​បាន​ចុះ​បេសកកម្ម​សិក្សា​ប្រមូល​ទិន្នន័យ​ (​តម្រុយ​/​ភ័ស្តុតាង និង​អង្គហេតុ​/​អង្គច្បាប់​) ​មាន​ប្រមាណ​ ៩០% ជា​រឿង​រំលោភ​ដីធ្លី​។

លោក​បន្តថា រៀងរាល់​បេសកកម្ម​គឺ​ប្រតិភូ​គណបក្ស​សាមី​បាន​ធ្វើ​របាយការណ៍​ដាក់ជូន​លោកនាយក​រដ្ឋមន្ត្រី​ដោយ​បញ្ជាក់​ច្បាស់លាស់​នូវ​តួអង្គ និង​ចំណុច​ពាក់ព័ន្ធ​។ លោក​បញ្ជាក់ថា​៖ «​អង្គហេតុ​ដែល​បាន​លើក​ចំៗ​ឈ្មោះ​មន្ត្រី​ដែល​ពាក់ព័ន្ធ​ដីធ្លី កើតឡើង​នៅ​ភ្នំពេញ សៀមរាប កំពង់សោម បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ មណ្ឌលគិរី និង​កំពង់ធំ​ជាដើម​»​។​ល​។

លោក ផលវរុណ បាន​បកស្រាយ​ថា ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ពុំមាន​សមត្ថកិច្ច​ដោះស្រាយ​ករណី​ណា​នោះទេ គឺ​មាន​តែ​រាជរដ្ឋាភិបាល​ចេញ​លិខិត​គតិយុត្ត​សជណ ផ្អែក​លើ​ចំណារ​របស់​លោក ហ៊ុន សែន​ ប៉ុណ្ណោះ ហើយ​ក្នុង​ ១ ​ករណីៗ​ប្រគល់​ឲ្យ​ក្រសួង​/​ស្ថាប័ន​ជំនាញ​មាន​សមត្ថកិច្ច ពិនិត្យ និង​ដោះស្រាយ​រួច​រាយការណ៍​ជូន​លោកនាយក​រដ្ឋមន្ត្រី​។ ចំពោះ​ការអនុវត្ត​លិខិត​គតិយុត្ត សជណ នីមួយៗ គឺ​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ បំពេញការងារ​តាមដាន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត និង​រាយការណ៍​ជូន​លោក​ ហ៊ុន សែន ជា​បន្តទៀត ហើយ​ចំពោះ​ករណី​យឺតយ៉ាវ​នៃ​ការដោះស្រាយ​អាច​ស្នើសុំ​ពន្លឿន​។

លោក ស៊ឹង សែនករុណា ​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ការធ្វើ​ការងារ​តាម​បែប​ផែន​នៃ​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ នៅពេល​នេះ​គឺជា​ការធ្វើការ​បែប​ថ្មី ខណៈ​ដែល​កន្លង​ទៅ​តួនាទី​ទាំងនេះ គឺ​ផ្តល់​សមត្ថកិច្ច​ដល់​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​នៅក្នុង​រដ្ឋសភា ដើម្បី​ចូលរួម​ការដោះស្រាយ​បញ្ហា​ដែល​បាន​កើតឡើង​របស់​ពលរដ្ឋ​។

យ៉ាងណា​លោក​សាទរ​រាល់​ចំណាត់ការ​ទាំងអស់ មិន​ថា​ស្ថាប័ន​ណា​នោះទេ ឲ្យ​តែ​ចូលរួម​ដោះស្រាយ និង​បម្រើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​។ លោក​រំពឹង​ថា គ្រប់​វិធានការ​គឺ​គួរតែ​ធ្វើឡើង​គ្រប់ការ​ស្នើឡើង​​ដោយ​មិន​មាន​ការរើសអើង​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនអាច​វាយតម្លៃ​ក្នុង​ការងារ​ទាំងអស់​នេះ​ក្នុង​រូបភាព​នយោបាយ​នោះទេ​។ តែ​ខ្ញុំ​គិតថា នៅក្នុង​តួនាទី​ណាមួយ​ក៏ដោយ​ឲ្យ​តែ​មាន​ការបំពេញ​តួនាទី​ហ្នឹង​បាន​ជា​ប្រយោជន៍​ទៅ​ពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ​ទទួល​បាន​នូវ​ផលប្រយោជន៍​ពី​ការបំពេញ​ការងារ​នេះ គឺជា​ហេតុផល​ដែល​អាច​ទទួល​យក​បាន​»៕