ព្រះសីហនុៈ លោក​ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​គ្រោង​ដាក់​របាយការណ៍​ស្រាវជ្រាវ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​សប្តាហ៍​ក្រោយ ដើម្បី​សុំ​អន្តរាគមន៍​ករណី​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅមក ជុំវិញ​ដី​សាលា​នៃ​ក្តីសង្ឃឹម​ទំហំ​ជាង​ ១ ​ហិកតា​ នៅ​ខេត្ត​​ព្រះសីហនុ​ដែល​ក្រសួង​សង្គមកិច្ច​ដាក់​ឱសានវាទ​ ៣ ​ខែ​ឲ្យ​សាលា​នេះ​រើចេញ​។

កាលពី​ដើម​ខែ​សីហា​នេះ​គេហទំព័រ​សាលារៀន​នៃ​ក្តីសង្ឃឹម​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​បង្ហោះ​នូវ​សារ​មិន​សុខចិត្ត​មួយ​ដោយ​អះអាង​ថា សាលា​របស់​ខ្លួន​កំពុង​ដំណើរការ​បំពេញ​តាម​គោលនយោបាយ​រាជរដ្ឋាភិបាល​អស់​ពេល​ជិត​ ២០ ​ឆ្នាំ​មក​ហើយ​ដោយ​បណ្ដុះបណ្ដាល​សិស្ស​ក្រីក្រ និង​ចិញ្ចឹម​កុមារកំព្រា​ប្រមាណ​ ៧ ​ម៉ឺន​នាក់​ គិត​មក​ទល់​បច្ចុប្បន្ន ស្រាប់តែ​ក្រសួង​សង្គមកិច្ច​បាន​បញ្ជា​ឲ្យ​សាលា លោកគ្រូ អ្នកគ្រូ​រៀបចំ​​ឯកសារ​រើចេញ​ពី​ក្នុង​សាលា​។

ការបង្ហោះ​សារ​នេះ​បាន​នាំ​ឲ្យ​លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ផង​នោះបាន​ប្រកាស​ចុះ​ស៊ើបអង្កេត​ជុំវិញ​ភាពមិន​ប្រក្រតី​ទាំងនេះ​ ខណៈ​ក្រសួង​សង្គមកិច្ច​ក៏​ទើបតែ​ប្រកាស​ឲ្យ​សាលា​អង្គការ​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ឈ្មោះ​ថា សាលារៀន​ទន្សាយ​ដែល​បើក​បង្រៀន​ក្មេង​មាន​បញ្ហា​អូទីសឹម​រើ​ចេញពី​តាំង​ដី​ក្រសួង​ដូចគ្នា​។

បន្ទាប់ពី​ចុះ​ស្រាវជ្រាវ​លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បាន​ចាត់ទុកថា ករណី​នេះ​គឺជា​រឿង​អំពើពុករលួយ និង​ឃុបឃិត​ជា​ប្រព័ន្ធ​ក្នុង​ចេតនា​យក​ដី​សាលា​នេះ​លក់​ឲ្យ​ក្រុមហ៊ុន​ឯកជន​។

លោក​បន្តថា​ការដាក់​ឱសានវាទ​ឲ្យ​សាលា​នៃ​ក្តីសង្ឃឹម​ដែល​បើក​បង្រៀន​សិស្ស​ជា​យូរ​ឆ្នាំ​រើចេញ​នេះ​គឺជា​រឿង​មិន​ត្រឹមត្រូវ​ទេ ព្រោះ​សាលា​នេះ​បាន​ចូលរួម​បណ្តុះបណ្តាល​ធនធាន​មនុស្ស និង​បាន​ចូលរួម​ជួយ​សង្គម​នេះ​យ៉ាងច្រើន​មកហើយ​។

លោក វឌ្ឍនាសាប៊ុង បញ្ជាក់​កាលពី​ម្សិលមិញ​ថា​៖ «​បើ​យើង​ចង់​អភិវឌ្ឍ ធ្វើ​វា​ (​សាលា​)​ ​ឲ្យ​ទៅ​ជា​ស្តង់ដា​អន្តរជាតិ​ទៅ ប៉ុន្តែ​វា​មិនមែន​អ៊ីចឹង​ទៀត​តាម​ដឹង​​មាន​ប្លង់​រហូត​ទៅ​ដល់​ក្រុមហ៊ុន​ឯកជន ហើយ​នៅពេល​មាន​ការប្តឹង​ដល់​ខ្ញុំ មាន​អ្នក​យកលុយ​ទៅ​សូក ហើយ​នេះ​គឺ​បង្ហាញ​ពី​ភាពមិនប្រក្រតី​ហើយ​»​។

បើ​តាម​លោក វឌ្ឍនាសាប៊ុង ​ឯកសារ​ស្រាវជ្រាវ​នឹងដាក់​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ជួយ​រក​យុត្តិធម៌​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​ជាមួយ​នឹង​ភ័ស្តុតាង ជុំវិញ​ភាព​មិន​ប្រក្រតី​នេះ​ស្រប​ពេល​លោក​ក៏​ប្រកាស​ដែរ​ថា​៖ «​ខ្ញុំ​នឹង​ប្រឹង​ឲ្យ​អស់​លទ្ធភាព​ក្នុង​កិច្ចការ​នេះ​​មិន​ថា ប្រឈម​ធំ​ប៉ុនណា​ទេ​។

សំខាន់​ខ្ញុំ​រីករាយ​នឹង​បម្រើ​ប្រជាជន​របស់​ខ្ញុំ​ដោយ​ស្ម័គ្រចិត្ត​ហើយ​​រឿងនេះ​អ្នកពាក់ព័ន្ធ​ក៏ត្រូវ​ត្រៀម​ខ្លួន​ដែរ កុំ​ថា គេច​ទៅណា អត់​គេច​រួច​ទេ​»​។

លោក ភុំ ណារិទ្ធ នាយកសាលា​នៃ​សេចក្តីសង្ឃឹម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រសួង​សង្គមកិច្ច​បាន​ប្រើ​ល្បិចកល​ទុច្ចរិត​បញ្ឆោត​ឲ្យ​​ប្រធាន​អង្គការ​របស់​លោក​ដែល​ជា​ជនបរទេស​មិន​ចេះ​ភាសា​ខ្មែរ ចុះហត្ថលេខា​លើ​ឯកសារ​សរសេរ​ជា​អក្សរ​ខ្មែរ​ក្នុង​ការផ្ដល់​ដី​សាលា​ជូន​ក្រសួង​សង្គមកិច្ច​ខណៈ​ដី​ជាង​ ១ ​ហិកតា​នោះ អង្គការ​បាន​ដោះដូរ​ជា​ទឹកប្រាក់​ពី​ពលរដ្ឋ និង​បន្តកាន់កាប់​តាំងពី​ឆ្នាំ ២០០២ មក​នោះ​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​មិនដឹង​ថា​លក់​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ណា​ទេ តែ​គ្រាន់តែ​បាន​ដឹង​ថា ក្រោយ​ដី​នៅក្នុង​តំបន់​នេះ​ឡើង​ថ្លៃ លោក​ក៏​ទទួល​បាន​ព័ត៌មាន​បែប​ហ្នឹង​ថា ដី​ត្រូវ​បាន​លក់​ហើយ គេ​ផ្អើល​ពេញ​ក្រុង​ដែល​ពួកយើង​ក៏​មិន​ជឿ​ដែរ​។ តែ​គេ​លួច​ធ្វើ​ប្លង់ ហើយ​លោកគ្រូ​អ្នកគ្រូ​រស់នៅ​លើ​ដី​ហ្នឹង​ចូល​ ២០ ​ឆ្នាំ​មក​ហើយ​ស្រាប់តែ​ពេលនេះ​ចេញ​ប្លង់​មក​ថា លក់​ឲ្យ​គេ​ហើយ​ត្រូវ​រើ​សាលា​ចេញ​»​។

លោក ណារិទ្ធ បាន​បញ្ជាក់​ថា​ក្រោយពី​ផ្ទុះ​រឿងនេះ​ក៏​មាន​អនុប្រធាន​មន្ទីរ​សង្គមកិច្ច​មួយរូប​បាន​យក​លុយ​ចំនួន​ ៤ ​ម៉ឺន​ដុល្លារ​អាមេរិក​មក​ឲ្យ​លោក​ជា​​ថ្នូរ​កុំ​ឲ្យ​ប្ដឹងតវ៉ា និង​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ​៖ «​ថ្ងៃ​អាទិត្យ​ទី​ ១១ គាត់​ណាត់ជួប​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ទៅ​ជួប​ដោយ​ប្រាប់​គាត់​ថា​​ត្រូវ​ធានា​សុវត្ថិភាព​របស់ខ្ញុំ ខ្ញុំ​នឹង​ទៅ ហើយ​ពេល​ទៅ​ជួប​គាត់ គាត់​ថា រិទ្ធ មាន​លុយ​ពី​ខាង​ក្រុមហ៊ុន ៤ ​ម៉ឺន​ដុល្លារ​លើក​ទឹកចិត្ត​ រិទ្ធ ​ឯង តែ​ខ្ញុំ​ថា ខ្ញុំ​មិនអាច​ទទួល​យក​លុយ​ហ្នឹង​បានទេ​។ ជា​ចេតនា​របស់​ខ្ញុំ​គឺ​ខ្ញុំ​មិនអាច​ទទួល​យក​លុយ​នោះ​បាន​ទេ ហើយ​ការ​ឲ្យ​លុយ​ខ្ញុំ​នេះ ​គឺ​ឲ្យ​ខ្ញុំ​លុប​ព័ត៌មាន​ទាំងនេះ​ចេញ​» ។

យ៉ាងណា​លោក តូច ចាន់នី អ្នក​នាំពាក្យ​ក្រសួង​សង្គមកិច្ច អតីត​យុវនីតិសម្បទា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការសម្រេច​របស់​ក្រសួង​គឺ​មាន​ឯកសារ​ត្រឹមត្រូវ​ដែល​បញ្ជាក់ថា ដី​ទាំងនេះ​គឺជា​កម្មសិទ្ធិ​របស់​ក្រសួង ហើយ​ការ​ដែល​តម្រូវ​ឲ្យ​សាលា​នេះ​រើចេញ ពីព្រោះ​ក្រសួង​ត្រូវការ​ទីតាំង​ដើម្បី​អភិវឌ្ឍ​។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់ថា​គម្រោង​អភិវឌ្ឍន៍​នេះ​ជា​អ្វី​នោះ​ទេ ដោយ​លោក​គ្រាន់តែ​ឆ្លើយតប​ថា ការផ្តល់​ដី​ឲ្យ​ក្រុមហ៊ុន​ឯកជន​គ្រប់គ្រង​ក៏​ជា​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ដែរ​។

បន្ថែម​ពីនេះ​លោក​ក៏បាន​​រិះគន់​មក​លើ​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ចំពោះ​ធ្វើការ​ហួសដែន​សមត្ថកិច្ច​ខ្លួន​ជុំវិញ​ករណី​នេះ និង​មិនបាន​សាកសួរ​ទៅ​ក្រសួង​ផ្ទាល់​នៅពេល​ចុះ​ស្រាវជ្រាវ ប៉ុន្តែ​លោក​បាន​អះអាង​ថា​ក្រសួង​នឹង​ឆ្លើយតប​ជានិច្ច បើ​ទោះ​ជា​ករណីនេះ​ទៅ​ដល់​ប្រមុខ​រដ្ឋាភិបាល​ក៏ដោយ​។

លោក​បាន​បញ្ជាក់​ថា​៖ «​គាត់​​សិក្សា​អី សិក្សា​ទៅ ប៉ុន្តែ​សម្រាប់​ក្រសួង​មាន​ឯកសារ​គ្រប់គ្រាន់​សម្រាប់​បញ្ជាក់​លើ​ករណីនេះ​បាទ ហើយ​យើង​អាច​តតាំង​គ្នា​តាមរយៈ​ឯកសារ បើ​គាត់​ទិញ​ពី​ប្រជាជន​យក​ឯកសារ​មក ហើយ​បើ​ដាក់​ទៅ​សម្តេចនាយក គាត់​នឹង​មាន​វិធានការ​មក​កោះ​ហៅ​ក្រសួង​ទៅ​សួរ និង​បំភ្លឺ​ហើយ​បាទ​» ។

បើ​តាម​លោកនាយក​សាលា​នៅក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ សាលា​នៃ​ក្តីសង្ឃឹម​មាន​សិស្ស​កំពុងតែ​បន្ត​ការសិក្សា​ចាប់ពី​ថ្នាក់​មត្តេយ្យ​រហូត​ដល់​ថ្នាក់​ទី​ ១២ ​ជាង​ ៣៥០ ​នាក់ និង​គ្រូបង្រៀន​ជិត​ ៥០ ​នាក់​។ ​ក្នុង​នោះ​លោកគ្រូ អ្នកគ្រូ រួមទាំង​សិស្សានុសិស្ស​ផង​នោះ​បាន​លើក​ឡើង​នៅក្នុង​ហ្វេសប៊ុក​ថា បើ​សាលា​នេះ​ត្រូវ​រើចេញ តើ​ឲ្យ​ពួកគេ​ទៅ​រៀន និង​បង្រៀន​នៅឯណា​? ដូច្នេះ​មាន​តែ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប៉ុណ្ណោះ​ដែល​អាច​ជួយ​ធ្វើ​អន្តរាគមន៍​ក្នុង​ការរក្សា​ដី​សាលា​នេះ​ឲ្យ​នៅ​គង់វង្ស​​ដដែល​បាន​៕