ភ្នំពេញៈ របាយការណ៍ស្រាវជ្រាវនៃអង្គការសមាគមធាងត្នោតបានរកឃើញថា ដងផ្លូវ ចិញ្ចើមផ្លូវ និងទីកន្លែងសាធារណៈបើកចំហនៅក្នុងរាជធានីភ្នំពេញស្ថិតក្នុងកម្រិត ១៦,៣៦ ភាគរយនៃទីធ្លាទាំងមូលរបស់ក្រុងភ្នំពេញដែលតួលេខនេះជាកម្រិតមួយទាបជាងកម្រិតមធ្យម (៤៥ ភាគរយ) ដែលអង្គការសហប្រជាជាតិផ្នែកទីជម្រក (UN-Habitat) បានកំណត់សម្រាប់ទីក្រុងភ្នំពេញ។
សមាគមធាងត្នោតបានប្រើវិធីសាស្ត្រសូចនាករដែលកំណត់ដោយ UN-Habitat សម្រាប់សូចនាករលេខ ១១.៧.១ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ អ.ស.ប ដែលសូចនាករនេះបានកំណត់ពីការ «ទទួលបានផលប្រយោជន៍ពីតំបន់ក្នុងទីក្រុងដែលបើកចំហសម្រាប់ប្រើប្រាស់ទាំងអស់គ្នា ដោយមិនគិតពីភេទ អាយុ ឬពិការភាព»។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាដងផ្លូវ ចិញ្ចើមផ្លូវ និងទីកន្លែងសាធារណៈបើកចំហមានសរុប ១៦,៣៦ ភាគរយ ប៉ុន្តែផ្លូវ និងចិញ្ចើមផ្លូវមានតែ ១៤,២៦ ភាគរយហើយទីកន្លែងសាធារណៈបើកចំហមានតែ ២,១ ភាគរយប៉ុណ្ណោះ។
របាយការណ៍សរសេរថា «ផ្លូវ និងចិញ្ចើមផ្លូវមាន ១៤,២៦ ភាគរយដែលនេះមិនអាក្រក់ទេ បើប្រៀបធៀបជាមួយទីក្រុងបាងកក (១៥,៩%) និងទីក្រុងម៉ានីល (១៥,២%) ប៉ុន្តែវាស្ថិតនៅក្រោមប្រទេសសិង្ហបុរីឆ្ងាយ (២១,៦%)។
ទីកន្លែងសាធារណៈបើកចំហនៅភ្នំពេញដូចជាសួនច្បារជាដើមដែលជាកន្លែងសម្រាប់ហាត់ប្រាណ និងការជួបជុំបែបប្រជាធិបតេយ្យមានតែ ២,១ ភាគរយដែលជាកម្រិតមួយនៅឆ្ងាយពីកម្រិតស្ដង់ដារអន្តរជាតិ (១០ ភាគរយ)»។
របាយការណ៍ស្រាវជ្រាវបញ្ជាក់ថាទីកន្លែងសាធារណៈបើកចំហភាគច្រើនស្ថិតនៅក្នុងខណ្ឌដែលស្ថិតនៅផ្នែកខាងក្នុងទីក្រុងដែលរួមមានខណ្ឌដូនពេញ និងខណ្ឌចំការមន។
របាយការណ៍បន្តថា៖ «កម្រិត ១៦,៣៦ ភាគរយនេះគឺស្ថិតនៅឆ្ងាយពីកម្រិតមធ្យមសម្រាប់ទីក្រុងមួយដូចជាក្រុងភ្នំពេញដែលគួរតែមានកម្រិត ៤៥ %»។
របាយការណ៍បញ្ជាក់ថាគម្រោងលំនៅឋានបិទទ្វារ ឬហៅថា បុរីមានទីកន្លែងសាធារណៈបើកចំហជាមធ្យម ២៤,៧ ភាគរយដែលជាកម្រិតល្អមួយ ប៉ុន្តែលំនៅឋានបែបនេះមិនត្រូវសមាគមលើកទឹកចិត្តឲ្យមានការបិទទ្វារទេ ដោយសារតែវាកាត់ផ្ដាច់នូវទំនាក់ទំនងអ្នកសហគមន៍។
លោក Isaac Daniels ទីប្រឹក្សានៃសមាគមធាងត្នោតបានថ្លែងកាលពីម្សិលមិញថា គោលបំណងនៃការស្រាវជ្រាវអំពីទីតាំងទាំងនេះគឺដើម្បីបង្ហាញពីការគិតគូរដល់គោលនយោបាយសម្រាប់មនុស្សគ្រប់គ្នានៅក្នុងសង្គមដោយក្រឡេកទៅមើលទីកន្លែងសាធារណៈ។
លោកថ្លែងថា៖ «ការរកឃើញនេះបង្ហាញពីរូបភាពនៃទីក្រុងដែលមនុស្សខ្លះគាត់ទទួលបានផលប្រយោជន៍ ប៉ុន្តែមនុស្សផ្សេងទៀតមិនអាចទទួលបាន។ ចំណុចនេះគឺបង្ហាញយ៉ាងច្បាស់ដោយក្រឡេកមើលលើបុរី និងសំណង់មិនទាន់រៀបរយ។ អ្នកដែលរស់នៅក្នុងបុរីជាធម្មតាអាចរីករាយនឹងឧទ្យានដោយមិនចាំបាច់ចេញពីបរិវេណលំនៅឋានរបស់ខ្លួន ប៉ុន្តែពលរដ្ឋក្រីក្រក្នុងទីក្រុង ត្រូវធ្វើដំណើរយ៉ាងឆ្ងាយ ដើម្បីទៅរកឧទ្យាន ឬកន្លែងទំនេរសម្រាប់សម្រាកកាយ ឬហាត់ប្រាណ»។
របាយការណ៍ស្រាវជ្រាវនេះបញ្ជាក់ថាទីកន្លែងសាធារណៈមានអត្ថប្រយោជន៍ជាច្រើន និងជាសូចនាករផ្ទាល់ដែលបញ្ជាក់ពីគោលនយោបាយសម្រាប់មនុស្សគ្រប់គ្នាដោយថា «ផ្លូវ ចិញ្ចើមផ្លូវ និងកន្លែងចំហផ្តល់ជាទីតាំងសម្រាប់ហាត់ប្រាណចូលរួមសកម្មភាពសេដ្ឋកិច្ច និងការចូលរួមបែបប្រជាធិបតេយ្យ ដូចជាការតវ៉ា និងការធ្វើបាតុកម្ម»។
សមាគមធាងត្នោតបានលើកអនុសាសន៍មួយចំនួនដែលរួមមានការស្នើឲ្យរដ្ឋាភិបាលកែលម្អទីកន្លែងដែលមានស្រាប់ ជាពិសេសកែលម្អទីតាំងចំណត ពិចារណាអំពីផ្លូវសម្រាប់ថ្មើរជើងដើរសម្រាប់ផែនការអភិវឌ្ឍន៍នាពេលអនាគតពិចារណាលើការកំណត់ផ្លូវសម្រាប់អ្នកជិះកង់ក៏ដូចជាយកអាទិភាពលើការអភិវឌ្ឍទីក្រុងសម្រាប់ពលរដ្ឋក្រីក្រ។
របាយការណ៍សរសេរថា៖ «ការស្រាវជ្រាវនេះគឺជាសញ្ញាដាស់តឿនមួយសម្រាប់អ្នកធ្វើផែនការសម្រាប់អភិវឌ្ឍទីក្រុងភ្នំពេញ។ ពួកគេនឹងមិនអាចទទួលបានគោលការណ៍អភិវឌ្ឍន៍ប្រកបដោយចីរភាពបានទេ ហើយវានឹងមានផលអវិជ្ជមានសម្រាប់ប្រជាជនក្រីក្រនៅក្នុងទីក្រុង ប្រសិនបើអ្នកធ្វើផែនការអភិវឌ្ឍន៍ទីក្រុងមិនបានដោះស្រាយបញ្ហាទាំងនេះទេ»។
លោក សាំង ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបដិសេធធ្វើអត្ថាធិប្បាយអំពីកិច្ចការរបស់សាលាក្រុងក្នុងការដោះស្រាយបញ្ហាទាំងនេះដោយបង្វែរសំណួរទៅអ្នកនាំពាក្យសាលារាជធានីលោក ម៉េត មាស ភក្តី។ ប៉ុន្តែលោក មាសភក្តី ថ្លែងថាលោកមិនទាន់មានព័ត៌មានពាក់ព័ន្ធនឹងបញ្ហានេះទេ។
កាលពីអាណត្តិកន្លងទៅសាលារាជធានីបានស្ថាបនាផ្លូវសម្រាប់អ្នកថ្មើរជើង នៅលើសួនតាមមាត់ទន្លេ។ កាលពីខែមិថុនាឆ្នាំនេះសាលារាជធានីក៏បានប្រកាសដល់ពលរដ្ឋរស់នៅតាមផ្លូវនរោត្តមអំពីការកែលម្អចិញ្ចើមផ្លូវចាប់ពីវត្តភ្នំដល់វិមានឯករាជ្យផងដែរ។
ទោះយ៉ាងណាធនាគារពិភពលោក WB ប្រចាំកម្ពុជាកាលពីខែធ្នូ ឆ្នាំ ២០១៧ បានចេញរបាយការណ៍សិក្សាមួយអំពីការអភិវឌ្ឍ ទីក្រុងភ្នំពេញដោយការសិក្សានេះបានគ្របដណ្ដប់លើទិដ្ឋភាពអភិវឌ្ឍន៍នានា។
លោក ប៊ូ សារឿន មន្ត្រីផ្នែកទំនាក់ទំនង WB ប្រចាំកម្ពុជាបានថ្លែងកាលពីម្សិលមិញថា ការរកឃើញនៅក្នុងការសិក្សារបស់ WB នៅតែមានភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ។
របាយការណ៍ WB បញ្ជាក់ថានៅផ្នែកជាច្រើននៃតំបន់ដែលមានសកម្មភាពពាណិជ្ជកម្ម ចិញ្ចើមផ្លូវមានទំហំធំទូលាយជាងកន្លែងផ្សេងទៀតដោយមានទំហំពី ២ ឬ ៣ ម៉ែត្ររហូតដល់ ៥ ម៉ែត្រ ហើយភាគច្រើនគឺជាសំណល់មកពីសម័យអាណានិគមបារាំង។
របាយការណ៍សិក្សាសរសេរថា៖ «ប៉ុន្តែចិញ្ចើមផ្លូវសម្រាប់ថ្មើរជើងភាគច្រើនត្រូវបានគេប្រើសម្រាប់ចតយានយន្ត និងសម្រាប់សកម្មភាពពាណិជ្ជកម្មហើយជារឿយៗ ថ្មើរជើងត្រូវបង្ខំចិត្តដើរលើផ្លូវតែម្ដង»។ ការសិក្សាមូលហេតុដែលរួមផ្សំលើបញ្ហានេះគឺកង្វះខាតនៃការអនុវត្តច្បាប់ចរាចរណ៍ និងកង្វះខាតទីចំណតសម្រាប់ម៉ូតូ និងឡាន៕