ភ្នំពេញៈ របាយការណ៍​អង្គការ Clean Clothes Campaign ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១០ ខែ​សីហា​ បង្ហាញថា កម្មករ​វិស័យ​កាត់ដេរ​រាប់លាន​នាក់​នៅ​ប្រទេស​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ មិន​ទទួល​បាន​ប្រាក់​ឈ្នួល​ទៀងទាត់ ឬ​មិន​ទទួលបាន​ប្រាក់​ឈ្នួល​តែម្ដង គិត​ជា​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ក្នុង​អំឡុង​កើតមាន​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ពី​ខែ​មីនា មេសា និង​ខែឧសភា​។

របាយការណ៍​អះអាង​ថា ការមិន​ទទួល​បាន​ប្រាក់​ឈ្នួល​ទៀងទាត់ និង​មិន​ទទួលបាន​ប្រាក់​ឈ្នួល​ទាល់​តែ​សោះ​នេះ គឺ​បណ្ដាល​មកពី​ការលុបចោល​ការបញ្ជាទិញ​ពី​ក្រុមហ៊ុន​យីហោ​សម្លៀកបំពាក់ ការឈប់​សម្រាក​គ្មាន​ប្រាក់​ឈ្នួល និង​ការកាត់បន្ថយ​ប្រាក់ឈ្នួល​ដែល​កំណត់​ដោយ​រដ្ឋាភិបាល​ក្នុង​អំឡុងពេល​មាន​វិបត្តិ​កូវីដ ​១៩​។

អង្គការ Clean Clothes Campaign ប៉ាន់ប្រមាណ​ថា កម្មករ​ក្នុង​វិស័យ​កាត់ដេរ នៅ​ទូទាំង​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍​ទទួល​បាន​ ៣៨% ​ទាប​ជាង​ប្រាក់ចំណូល​ជា​ប្រចាំ​របស់​ពួកគេ ខណៈ​នៅ​តំបន់​ខ្លះ​ទៀត​ក្នុង​ប្រទេស​ឥណ្ឌា​ទទួល​បាន​ ៥០% ​នៃ​ប្រាក់ចំណូល​។

អង្គការ​នេះ​ប៉ាន់ប្រមាណ​ទៀតថា ការបាត់​បង់ប្រាក់​ឈ្នួល​របស់​ក្រុមកម្មករ ក្នុង​វិស័យ​កាត់ដេរ​នៅ​អាស៊ី​ខាងត្បូង​ និង​អាស៊ីអាគ្នេយ៍ ប៉ុន្តែ​ដក​ប្រទេស​មួយ​ចំនួន​ដែល​មាន​វិធានការ​ល្អប្រសើរ​ចេញ ដូចជា​ប្រទេស​ចិន​គឺ​មាន​ទំហំ​ទឹកប្រាក់​ចាប់ពី ៣,១៩ ​ពាន់​លាន​ដុល្លារ​ ទៅដល់ ៥,៧៩ ​ពាន់​លាន​ដុល្លារ​។

អង្គការ​ដដែល​អំពាវនាវ​ដល់​ក្រុមហ៊ុន ម៉ាក​សម្លៀកបំពាក់ អ្នក​លក់រាយ និង​អ្នកលក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ទទួល​ខុសត្រូវ​ដើម្បី​ធានា​ថា កម្មករ​ទាំងអស់​នៅក្នុង​បណ្តាញ​ផ្គត់ផ្គង់​របស់​ពួកគេ ទទួល​បាន​ប្រាក់​ឈ្នួល​ពេញលេញ​ដែល​ពួកគេ​ជំពាក់ ស្រប​តាម​ច្បាប់​ការងារ និង​ស្តង់ដា​អន្តរជាតិ​។

អង្គការ​នេះ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ម៉ាក​សម្លៀកបំពាក់ ប្តេជ្ញា​ក្នុងការ​ស្វែងរក​ថវិកា​ផ្តល់​ការចូលរួម​ចំណែក​ដោយ​ផ្ទាល់ និង​ធ្វើការ​រួមគ្នា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត ដូចជាអង្គការ​ពលកម្ម​អន្តរជាតិ ដើម្បី​ធានា​ថា កម្មករ​ទាំងអស់​ទទួល​បាន​ប្រាក់​ឈ្នួល​ដែល​ពួកគេ​ជំពាក់​។

លោក​ អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ១១ សីហា ថា នៅពេល​កើតមាន​ជំងឺ​រាតត្បាត​កូវីដ​ ១៩ សម្រាប់​ប្រទេស​កម្ពុជា គឺ​រោងចក្រ​ខ្លះ​ដែល​ប្រកាស​បិទ​មិន​បាន​ទូទាត់​ប្រាក់​សម្រាប់​កម្មករ​ឱ្យបាន​ត្រឹមត្រូវ​ឡើយ ហើយ​រោងចក្រ​ដែល​ព្យួរការងារ ក៏​មិន​បាន​គិតគូរ​ក្នុង​ការអនុវត្ត​ទៅតាម​ច្បាប់​ដែរ​។ លោក​បញ្ជាក់ថា ក្នុង​ចំណោម​រោងចក្រ​ចំនួន​ ៨០ ដែល​បាន​ប្រកាស​បិទ គឺ​ភាគច្រើន​មិនបាន​បើកប្រាក់​ឱ្យ​បាន​ត្រឹមត្រូវ​សម្រាប់​កម្មករ​នោះទេ​។

លោក​ថា​៖ «​និយោជក​មួយចំនួន​យក​ឱកាស​នៃ​កូវីដ​ហ្នឹង​សម្រាប់​កេងចំណេញ ទោះបី​ជា​ពួកគាត់​មាន​លុយ ក៏​ថា​អត់មាន ហើយ​មិនបាន​បង់លុយ​ត្រឹមត្រូវ​ឱ្យ​កម្មករ​។ និយោជក​ខ្លះទៀត​អាច​មាន​ឧបសគ្គ​ដែរ ប៉ុន្តែ​និយោជក​ល្អៗ​មិន​មាន​ច្រើន​ទេ​។ ក្រុម​និយោជក​ខូចៗ​ហ្នឹង ចាប់ផ្ដើម​បិទ​ក្រុមហ៊ុន ឬ​ព្យួរ ដើម្បី​កាត់បន្ថយ​អត្ថប្រយោជន៍​កម្មករ​គឺ​មាន​ច្រើនណាស់ ហើយ​និយោជក​ត្រឹមត្រូវ គេ​ព្យាយាម​ជួយ​កម្មករ​ដែរ​»​។

ពី​ម្សិលមិញ ភ្នំពេញ​ប៉ុស្តិ៍ មិន​អាច​សុំ​ការបញ្ជាក់​បន្ថែម​ពី​លោក​ ហេង សួរ មន្ត្រី​នាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានទេ ដោយសារ​លោក​មិន​លើក​ទូរស័ព្ទ​។

លោក​ អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​ធ្លាប់​បញ្ជាក់​កាលពី​ខែមករា ឆ្នាំ​ ២០១៩ ថា​កម្ពុជា​មាន​រោងចក្រ​ផលិត​សម្លៀកបំពាក់ និង​ស្បែកជើង​ចំនួន​ ៦០ និង​កម្មករ​ ៨ ​ម៉ឺន​នាក់ ​ក្នុង​ឆ្នាំ​ ១៩៩៦ ហើយ​មកដល់​បច្ចុប្បន្ន​បាន​កើន​ដល់​ជិត​ ១ ​ពាន់​រោងចក្រ និង​កម្មករ​ជិត​ ៨១ ​ម៉ឺន​នាក់​។

រដ្ឋាភិបាល​បាន​ប្រកាស​ផ្ដល់ប្រាក់​ ៤០ ​ដុល្លារ​ ដល់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ ដែល​ត្រូវ​រោងចក្រ​ព្យួរការងារ​។ ខាង​និយោជក​ត្រូវ​ឧបត្ថម្ភ​ចំនួន​ ៣០ ​ដុល្លារ​។

លោក​ ខេន លូ អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា​ GMAC និយាយថា រោងចក្រ​ខ្លះ​កំពុង​ជួប​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ ហើយ​ពិតជា​មាន​បញ្ហា​ក្នុង​ការបង់ប្រាក់​ឈ្នួល​ដល់​កម្មករ​របស់​ពួកគេ​ជាប្រចាំ​។

លោក​ថ្លែងថា​៖ «​ប្រសិនបើ​រោងចក្រ​បិទ ឬ​ផ្អាក​មិន​មាន​កាតព្វកិច្ច​បង់​ថ្លៃឈ្នួល​ណាមួយ​ទេ​។ ប្រសិន​បើ​រោងចក្រ​បិទ យើង​ធានា​ថា​ពួកគេ​បង់ប្រាក់​ស្រប​តាម​ច្បាប់​។ កម្មករ​អាច​នឹងមិន​ទទួល​យក និង​ទាមទារ​លើសពី​ច្បាប់ ប៉ុន្តែ​មិន​មានន័យថា និយោជក​មិន​បង់ប្រាក់​សំណង​ឡើយ​»៕