ភ្នំពេញៈ តាម​សេចក្តី​ថ្លែងការណ៍​ប្រចាំ​ឆ្នាំ​របស់​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (BFC) បាន​កត់សម្គាល់​ឃើញ​ថា ករណី​កម្មករ​ក្រោម​អាយុ​នៅក្នុង​វិស័យ​កាត់ដេរ​បាន​បង្ហាញ​ការធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ៧៤ ​ករណី​ក្នុង​ឆ្នាំ​ ២០១៤ ​ដល់ ១០ ​ករណី​នៅក្នុង​របាយការណ៍​បច្ចុប្បន្ន​។

ការធ្លាក់​ចុះ​នេះ​គឺជា​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ស្តីពី​ពិធីសារ​ពលកម្ម​កុមារ​រវាង​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​ពាណិជ្ជកម្ម និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា​៖ «​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ដោយ​កត់សម្គាល់​ថា ប្រសិទ្ធភាព​នៃ​កិច្ចសហប្រតិបត្តិការ​នេះ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ផងដែរ​ដោយ​គណៈកម្មាធិការ​នៃ​អ្នក​ជំនាញ​ស្តីពី​ការអនុវត្ត​ស្តង់ដារ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO) ​នៅ​ក្នុង​របាយការណ៍​ឆ្នាំ​ ២០១៨ ​របស់​ខ្លួន​»​។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា​៖ «​ខណៈ​យើង​កត់សម្គាល់​ភាពរីកចម្រើន​យ៉ាង​ច្រើន​ចំពោះ​លក្ខខណ្ឌ​ការងារ​នៅក្នុង​រយៈកាល​ ១ ​ទសវត្សរ៍​ចុងក្រោយ​ក្នុង​ប្រទេស​កម្ពុជា យើង​ទទួល​ស្គាល់​ថា កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្ត​គឺជា​ភាពចាំបាច់​នៅក្នុង​ការគាំទ្រ​វប្បធម៌​អនុលោមភាព​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​»​។

សេចក្តី​ថ្លែងការណ៍​ដដែល​បន្ត​ថា​ភាព​ជា​ដៃគូ​ត្រីភាគី​រវាង​អង្គការ​អន្តរជាតិ​ខាង​ការងារ​ព្រម​ទាំង​អ្នក​បញ្ជា​ទិញ និង​រោងចក្រ​ដែល​ផ្តោត​លើ​ដំណោះស្រាយ​ចីរភាព​គឺជា​ភាពចាំបាច់​ដើម្បី​ធានា​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​រយៈពេល​វែង​។

ប៉ុន្តែ​របាយការណ៍​របស់​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​ក៏​បង្ហាញ​ថា មាន​ការ​កើនឡើង​ក្នុង​ករណី​ពលករ​កុមារ​ដែល​មាន​អាយុ​ក្រោម​ ១៥ ​ឆ្នាំ​នៅក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង ហើយ​លក្ខខណ្ឌ​សុវត្ថិភាព និង សុខភាព​ការងារ​នៅ​តែ​ជា​បញ្ហា​ប្រឈម​ចំពោះ​កម្មករ​ធ្វើការ​នៅក្នុង​រោងចក្រ​តាមរយៈ​ការស្ទង់មតិ​របស់​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​។

តាម​របាយការណ៍​ឲ្យ​ដឹង​ថា​ចាប់ពី​ខែ​ឧសភា ឆ្នាំ​ ២០១៧ ដល់ ខែ​មិថុនា ឆ្នាំ​ ២០១៨ មាន​ករណី​ប្រើប្រាស់​ពលករ​កុមារ​ក្រោម​អាយុ​មាន​ចំនួន​ ១០ ​ករណី​ក្នុង​នោះ​មាន​ ២ ​ករណី​កើតឡើង​ក្នុង​រោងចក្រ​ស្បែកជើង ហើយ​មាន​ ៨ ​ករណី​ទៀត​បាន​កើតឡើង​ក្នុង​រោងចក្រ​កាត់ដេរ​។

របាយការណ៍​បាន​បង្ហាញ​ថា​៖ «​អង្គការ​បាន​រកឃើញ​ចំនួន​ពលករ​ក្រោម​អាយុ​ ១៥ ​ឆ្នាំ​មាន​ចំនួន​ ១០ ​ករណី​ដែល​ក្នុង​នោះ​ពលករ​សុទ្ធ​តែ​ជា​កុមារី​ក្នុង​នោះ​មាន​ ៤ ​ករណី​បាន​ទទួល​ស្គាល់​ដោយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) ​និង​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ និង​បាន​បញ្ជួន​ឲ្យ​ទៅ​បណ្តុះបណ្តាល​នៅក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​របស់​ក្រសួង​»​។

របាយការណ៍​បន្ថែម​ថា​៖ «​មាន​ចំនួន​ ៨៥ ​ភាគរយ​ (៣៩៤ ​រោងចក្រ​) មិន​មាន​បំពាក់​បរិក្ខារ​ពេទ្យ​គ្រប់គ្រាន់ និង​បុគ្គលិក​ពេទ្យ​ទេ នៅ​ពេល​រោងចក្រ​មួយ​មាន​កម្មករ​ចាប់ពី​ ៥០ ​នាក់​ឡើង​ទៅ​រោងចក្រ​ត្រូវ​មាន​បំពាក់​បរិក្ខារ​ពេទ្យ​គ្រប់គ្រាន់​ហើយ​ត្រូវ​តែ​នៅ​ក្បែរ​កម្មករ​ធ្វើការ​ងាយស្រួល​ក្នុង​ការ​ចេញ-ចូល​មាន​ខ្យល់​ចេញចូល​ល្អ មិនមាន​សំឡេង​រំខាន​ផ្តល់​ភាព​ងាយស្រូយ​ដល់​កម្មករ​ស្រី​មាន​ចំនួន​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាយិកា​គ្រប់គ្រាន់ ដោយ​ផ្អែក​ទៅ​លើ​ចំនួន​កម្មករ​ និង​មាន​គ្រឿង​បរិក្ខារ​គ្រប់គ្រាន់ និង​ការផ្គត់ផ្គង់​»​។

លោក ឃុន ថារ៉ូ អ្នកសម្របសម្រួល​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ (​សង់ត្រាល់​) ​ថ្លែង​ថា​ពលកម្ម​កុមារ​មាន​ការរីក​រាលដាល​ខ្លាំង​នៅ​កម្ពុជា ហើយ​មាន​ការ​រីករាលដាល​គ្រប់​វិស័យ​តាំងពី​វិស័យ​សេវាកម្ម​រហូត​ដល់​វិស័យ​សំណង់​។

ទោះ​យ៉ាង​ណា​ក្តី​មាន​ឪពុកម្តាយ​ខ្លះ​បាន​ជំរុញ​កូន​មិន​គ្រប់​អាយុ​របស់​ពួកគេ ដែល​បាន​បោះបង់​ការសិក្សា​ឲ្យ​ទៅ​ធ្វើការ​នៅតាម​រោងចក្រ ដោយសារ​ត្រូវការ​ចំណូល​។ ​ឪពុកម្តាយ​ខ្លះ​​ក្លែងបន្លំ​អត្ថសញ្ញាណ​ដើម្បី​បង្ហាញ​ថា កូន​ខ្លួន​គ្រប់​អាយុ​ដែល​អាច​ធ្វើការ​បាន ហើយ​ករណី​​នេះ​ធ្វើឲ្យ​រោងចក្រ​ត្អូញ​ថា​ពួកគេ​ទៅវិញ​ទេ ជា​ជនរងគ្រោះ​៕