ភ្នំពេញៈ ទោះបីជាឆ្នាំ ២០១៨ សភាពកាណ៍ជារួមនៅកម្ពុជាមានលក្ខណៈល្អប្រសើរដោយបានទប់ស្កាត់ឧបាយកលទុច្ចរិត របស់ក្រុមប្រឆាំងក្រៅច្បាប់ទាន់ពេលវេលាក៏ដោយតែស្ថានភាពបទល្មើស និងសកម្មភាពបាតុកម្ម និងកូដកម្មមានការកើនឡើងបើធៀបទៅនឹងឆ្នាំ ២០១៧។ នេះបើយោងរបាយការណ៍បូកសរុបការងាររបស់អគ្គស្នងការនគរបាលជាតិ ដែលបានចេញផ្សាយកាលពីម្សិលមិញ។
យោងតាមរបាយការណ៍បូកសរុបការងារ សភាពការណ៍ លទ្ធផល កិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ប្រចាំឆ្នាំ ២០១៨ និងទិសដៅការងារឆ្នាំ ២០១៩ របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅឆ្នាំ២០១៨ នាពេលកន្លងទៅនេះ សភាពការណ៍ជារួមនៅប្រទេសកម្ពុជាមានលក្ខណៈល្អប្រសើរ មានសុខសន្តិភាព ដោយទប់ស្កាត់ និង បញ្ចៀសបាននូវអំពើភេរវកម្ម ការពារបាននូវបូរណភាពទឹកដី អធិបតេយ្យជាតិ ការពាររឹងមាំ នូវឯករាជ្យជាតិ សាមគ្គីភាព ឯកភាពផ្ទៃក្នុង
របាយការណ៍ក៏បានលើកឡើងថា ការវិវឌ្ឍប្រែប្រួលយ៉ាងឆាប់រហ័សក្នុងវិស័យសេដ្ឋកិច្ច នយោបាយ និងការរីកចម្រើន នៃបច្ចេកវិទ្យាព័ត៌មានទំនើបរួមទាំងសកម្មភាពនៃការបំពុលបរិយាកាសសង្គមផ្សេងៗទៀត ក៏ជាកត្តាចម្បង ដែលនឹងបន្តជះឥទ្ធិពលទាំងវិជ្ជមាននិងអវិជ្ជមានដល់ស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់ផងដែរ។
តាមរបាយការណ៍បញ្ជាក់ថា៖ «បានរៀបចំការងារបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៤ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ប្រកបដោយជោគជ័យ គ្មានអំពើហិង្សា និងការគំរាមកំហែង បើទោះបីជាក្រុមក្រៅច្បាប់ ទាំងក្នុង និងក្រៅប្រទេសប្រើប្រាស់គ្រប់កលល្បិចប៉ុនប៉ងបំផ្លាញព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រយ៉ាងណាក៏ដោយ ក៏ឧបាយកលទុច្ចរិតទាំងនោះត្រូវបានទប់ស្កាត់ និងបន្សាបឥទ្ធិពលបានទាន់ពេលវេលា»។
របាយការណ៍បន្តថា ក្នុងឆ្នាំ ២០១៨ សកម្មភាពបាតុកម្មកូដកម្មមានចំនួន ១ ៥០៤ លើក ដែលកើនឡើងចំនួន ៤២០ លើក បើប្រៀបធៀបឆ្នាំ ២០១៧ មានចំនួនតែ ១ ០៨៤ លើកតែប៉ុណ្ណោះ។ ក្នុងចំណោមសកម្មភាពបាតុកម្មកូដកម្ម ចំនួន ១ ៥០៤ លើក មានសកម្មភាពរបស់កម្មករ ៩៤៨ លើក ប្រជាពលរដ្ឋ ៥៤៤ លើក គណបក្សនយោបាយ ៤ លើក អង្គការ ៦ លើក ហិង្សាមួយលើក របួស ២ នាក់ និងឃាត់ខ្លួន ៨ នាក់។
របាយការណ៍សង្កត់ធ្ងន់ថា៖ «សកម្មភាពមួយចំនួនមានការលូកដៃចូលពីក្រុមអមិត្ត ដោយបានធ្វើឲ្យការតវ៉ាដោយឆន្ទៈក្លាយជាការតវ៉ាមានអង្គការចាត់តាំងដែលមានលក្ខណៈបម្រើឲ្យផលប្រយោជន៍នយោបាយប្រឆាំង»។
ទាក់ទងនឹងស្ថានភាពបទល្មើសវិញរបាយការណ៍នេះបានឲ្យដឹងថា បទល្មើសជារួមនៅឆ្នាំ ២០១៨ មានចំនួន ២៩៦៩ បើប្រៀបធៀបឆ្នាំ ២០១៧ មានតែ ២៨១៧ លើក ដែលកើនឡើងរហូតដល់ ៥ ភាគរយស្មើ ទៅនឹង ១៥២ ករណី។ ក្នុងនោះ មានបទឧក្រិដ្ឋកើន ៧ លើក ខណៈដែលបទល្មើសមជ្ឈិមកើនឡើងរហូតដល់ទៅ ១៤៥ លើក ហើយស្ថានការណ៍បទល្មើសទាំងនេះបានបណ្តាលឲ្យមនុស្សស្លាប់ចំនួន ២៣៨ នាក់ របួស ៨៤៤ នាក់និងរងគ្រោះ ៦១៩ នាក់។
របាយការណ៍បន្ថែមថា ក្នុងឆ្នាំ ២០១៨ បទល្មើស រំលោភសេពសន្ថវៈ ២៥៨ លើក រំលោភសម្លាប់ ៩ លើក បង្ខាំងមនុស្សខុសច្បាប់ ១៧ លើក ឆក់ ៣១៣ លើក លួច ៩៨៤ លើក ហិង្សាដោយចេតនា ៨២៣ លើក ប្រើប្រាស់អាវុធខុសច្បាប់ ៣៣ លើក បើប្រៀបធៀបឆ្នាំ ២០១៧ រំលោភសេពសន្ថវៈ ២២៨ លើក រំលោភសម្លាប់ ៨ លើក បង្ខាំងមនុស្សខុសច្បាប់ ៣ លើក ឆក់ ២៥១ លើក លួច ៩៤១ លើក ហិង្សាដោយចេតនា ៨០៨ លើក និងប្រើប្រាស់អាវុធខុសច្បាប់មាន ១៩ ករណី។
របាយការណ៍នេះបញ្ជាក់ថា៖ «បទល្មើសដែលមានការកើនឡើងរួមមាន ឆក់ លួច ឆបោក រំលោភសេពសន្ថវៈ ហិង្សាដោយចេតនា បង្ខាំងមនុស្សខុសច្បាប់ ប្រើប្រាស់អាវុធខុសច្បាប់ រំលោភសម្លាប់និងគំរាមយកប្រាក់ខណៈដែលបទល្មើស ដែលមានការថយចុះរួមមាន លួចមានស្ថានទម្ងន់ បំពានខាងផ្លូវភេទដទៃទៀត ឃាតកម្ម បោកនិងបង្កៃគ្រប់បែក មនុស្សឃាតអចេតនា»។
ក្នុងពិធីបើកសន្និបាត ម្សិលមិញនេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានសរសើរកម្លាំងប្រដាប់អាវុធនគរបាលជាតិដែលបានធ្វើការទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា នូវក្រុមប្រដាប់អាវុធខុសច្បាប់ដែលប៉ុនប៉ងធ្វើសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយធ្វើការចាប់ខ្លួនជនសង្ស័យ ១៣ នាក់ និងរឹបអូសអាវុធ ចំនួន ៣០ ដើម។ លោកក៏បានដាក់ទិសដៅសំខាន់មួយចំនួនទៀត ដែលជាទិសដៅរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ ២០១៩ ដែលរួមមានការផ្សព្វផ្សាយផែនការស្តីពីការបង្ការ ទប់ស្កាត់ និងប្រឆាំងភេរវកម្ម ការចង្អុលដឹកនាំ ដល់ផែនការសន្តិសុខ និងយុត្តិធម៌ ស្តីពីការរៀបចំនូវប្រព័ន្ធទិន្នន័យបច្ចេកវិទ្យាផងដែរ។
លោកបញ្ជាក់ថា៖ «ពិតណាស់ក្នុងឆ្នាំ ២០១៨ បទល្មើសជារួមបានកើនឡើង ៥ ភាគរយ ហើយបទល្មើសឧក្រិដ្ឋកើនឡើង ១ ភាគរយ ប៉ុន្តែការសង្កេតឃើញបទល្មើសដែលធ្វើឲ្យប៉ះពាល់ចិត្តសាស្ត្រសង្គម ដូចជាអំពើប្លន់ ភេរវកម្ម អំពើឃាតកម្ម អំពើមនុស្សឃាតដោយចេតនា ការបំពានផ្លូវភេទត្រូវបានថយចុះគួរកត់សម្គាល់»។
របាយការណ៍បន្តថា អគ្គស្នងការនគរបាលជាតិបានបន្តដំណើរការស្រាវជ្រាវ ស៊ើបអង្កេតបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនចំនួន ២០៥ ករណី មកពីអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ និង ៤១ ប្រទេស ដោយបានឆ្លើយតបសាមីប្រទេស ស្តីពីព័ត៌មានមុខសញ្ញាឧក្រិដ្ឋជនឆ្លងដែនចំនួន ១៤៨ ករណី និងបានបង្ក្រាបបទល្មើស តាមប្រព័ន្ធអ៊ីនធឺណិត ៦ ករណី ឃាត់ខ្លួន ៤២៣ នាក់ ក្នុងនោះជនជាតិចិន ២៣៤ នាក់។
អគ្គស្នងការនគរបាលជាតិបានស្រាវជ្រាវ និងបង្ក្រាបចាប់ខ្លួន ក្រុមប្រដាប់អាវុធខុសច្បាប់ចំនួន ១៣ នាក់ដោយរឹបអូស អាវុធ ៣០ ដើម ដែលក្រុមនេះមានការពាក់ព័ន្ធក្នុងការកសាងកម្លាំងប្រដាប់អាវុធប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយអគ្គស្នងការនគរបាលជាតិ បានទទួលពាក្យបណ្តឹង សរុប ២៧០ ករណីទាក់ទងទៅនឹងបទល្មើសបច្ចេកវិទ្យា ហើយបានដោះស្រាយបញ្ចប់ចំនួន ៣៦ ករណី ដោយបានបញ្ជូនទៅតុលាការចំនួន ២៨ នាក់ ហើយបានស្រាវជ្រាវ ក្នុងបណ្តាញសង្គមចំនួន ២ ១៨១ ករណីនិងបានត្រួតពិនិត្យលេខទូរស័ព្ទចំនួន ៣ ២២៤ លេខ តាមការស្នើសុំពី ៤៨ អង្គភាព និងស្ថាប័ន។
ដើម្បីដោះស្រាយបញ្ហានេះអគ្គស្នងការនគរបាលជាតិក៏បានដាក់ចេញគោលការណ៍មួយចំនួន រួមមានការបង្កើនការប្រមូលផ្តុំ វិភាគព័ត៌មានទាំងក្នុងនិងក្រៅប្រទេស ពីការប្រែប្រួល សភាពការណ៍សន្តិសុខ ហើយត្រូវបង្ការទប់ស្កាត់ បង្ក្រាបនូវឧបាយកល និងសកម្មភាពប្រឆាំងរាជរដ្ឋាភិបាល និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និង គ្រប់នាយកដ្ឋាននិងអង្គភាព និងស្នងការនគរបាលរាជធានី-ខេត្តត្រូវរៀបចំក្រុមការងារតាមដានព័ត៌មាន បច្ចេកវិទ្យា បណ្តាញទំនាក់ទំនងសង្គមដើម្បីជួយដោះស្រាយសំណូមពរប្រជាពលរដ្ឋ និងវាយប្រហារព័ត៌មានបំពុលនិងបកស្រាយជូនប្រជាពលរដ្ឋ។
របាយកាណ៍បញ្ជាក់ថា៖ «ត្រូវខិតខំរួមគ្នាពុះពារកាត់បន្ថយបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទឲ្យថយចុះដោយខិតខំ ជំរុញការស្រាវជ្រាវករណីឧក្រិដ្ឋកម្មដែលសេសសល់ ព្រមទាំងត្រូវត្រួតពិនិត្យរាល់វិធានការ និងផែនការសកម្មភាពរបស់ស្នងការដ្ឋានរាជធានី-ខេត្តដើម្បីដកពិសោធន៍វាយតម្លៃនិងដឹកនាំកែលម្អ»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស (អាដហុក) អះអាងថា ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមនៅតែមិនទាន់មានលក្ខណៈល្អប្រសើរដោយសារមានករណីបទល្មើសបន្តកើនឡើងប៉ុន្តែថាមានការបើកទូលាយសិទ្ធិសេរីភាពក្នុងការប្រមូលផ្តុំជួបជុំតវ៉ារឿងដីធ្លី និងកម្មករខណៈពេលមានសម្មភាពតវ៉ា ទោះយ៉ាងណាលោកថាផ្នែក នយោបាយ មានការរឹតត្បិត។
លោកថ្លែងថា៖ «ការកើនឡើងការតវ៉ាដោយសារតែប្រជាពលរដ្ឋគាត់ មិនពេញចិត្តនឹងការដោះស្រាយ។ យើងពិតជាឃើញមានពលរដ្ឋឆ្នាំ (២០១៨) មានការកើនឡើងទាមទារតវ៉ា និងឆ្លៀតឱកាសតវ៉ាមុនបោះឆ្នោតដោយសង្ឃឹមថា អ្នកតំណាងពួកគាត់ដែលចង់បានការគាំទ្រពីពួកគាត់ជួយដោះស្រាយបញ្ហាជូនពួកគាត់»។
លោកបញ្ជាក់ថា៖ «យើងមើលឃើញថាដំណោះស្រាយបញ្ហាវិវាទដីធ្លី និងបញ្ហាកម្មករបាតុកម្មកូដកម្មមានការកើនឡើង ហើយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់តាមរយៈការកោះហៅប្រជាពលរដ្ឋនិងកម្មករមកដោះស្រាយ ហើយភាគច្រើន ពួកគេបានទទួលនូវដំណោះស្រាយ»។
លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា និយាយថា ការកើនឡើងនូវបាតុកម្ម និងកូដកម្មតវ៉ារបស់កម្មករដោយសារតែមានការទាមទារឲ្យក្រុមហ៊ុន ផ្តល់ប្រាក់បំណាច់អតីតភាពការងារ និងការបញ្ឈប់មេដឹកនាំសហជីព។
លោកថា៖ «ប្រសិនបើយើងមានការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ វានឹងមិនអាចឈានទៅដល់ការតវ៉ានោះទេ តែដោយសារនិយោជកមិនខ្វល់ពីការអនុវត្តច្បាប់ និងសិទ្ធិសេរីភាពសហជីព ខណៈដែលមន្ត្រីអនុវត្តច្បាប់មិនបានចាត់វិធានការផ្លូវច្បាប់ចំពោះនិយោជកដែលបានបំពានច្បាប់ដែលធ្វើឲ្យនិយោជកបន្តការបញ្ឈប់ (មេដឹកនាំសហជីព)»។
លោកបន្ថែមថារហូតមកដល់ពេលនេះមិនសូវបានឃើញការតវ៉ាណាមួយដែលទទួលបានជោគជ័យនោះទេដោយសារនិយោជកមិនបានគោរពទៅតាមការងារនិងមន្ត្រីអនុវត្តច្បាប់មិនបានជួយធ្វើការដោះស្រាយដល់កម្មករ៕