ភ្នំពេញៈ ភាពរីកចម្រើនខ្លាំង នៃវិស័យសំណង់របស់ប្រទេសកម្ពុជា បានជំរុញឲ្យប្រជាពលរដ្ឋក្រីក្រជាច្រើនគ្រួសារធ្លាក់ចូលទៅក្នុងទាសភាពសម័យទំនើប នៅក្នុងឧស្សាហកម្មឡឥដ្ឋតាមរយៈការចងដោយបំណុល។ នេះបើយោងតាមរបាយការណ៍មួយ របស់ក្រុមអ្នកស្រាវជ្រាវ ពីសាកលវិទ្យាល័យ Royal Holloway ក្នុងទីក្រុងឡុងដ៍។
ការស្រាវជ្រាវដែលមានចំណងជើងថា «ឥដ្ឋឈាម» ដែលចេញកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៨ បន្ទាប់ពីតម្លៃឥដ្ឋក្នុងប្រទេសកម្ពុជា បានឡើងថ្លៃយ៉ាងខ្លាំង នៅក្នុងរយៈកាលមួយឆ្នាំចុងក្រោយនេះ ដោយសារតែតម្រូវការកើនឡើង ពីការអភិវឌ្ឍទីក្រុងព្រះសីហនុនិងភ្នំពេញ។
វិស័យសំណង់របស់កម្ពុជា បានរីកចម្រើនយ៉ាងខ្លាំង រួមមានដូចជាការសាងសង់ផ្សារទំនើបថ្មីៗ អចលនទ្រព្យលំនៅឋាន សណ្ឋាគារ អគារការិយាល័យ រោងចក្រ និងខុនដូ ហើយនេះ ធ្វើឲ្យមានតម្រូវការខ្ពស់ក្នុងការឲ្យមានការផលិតឥដ្ឋច្រើន។ ឧស្សាហកម្មនេះ បានរុញមនុស្សពេញវ័យ និងកុមារ ចូលទៅក្នុងកម្លាំងការងារសំខាន់នៅក្នុងការផលិតឥដ្ឋ និងធ្លាក់ជាប់ផុងក្នុងបំណុលផងដែរ។
ក្រុមអ្នកស្រាវជ្រាវបានថ្លែងថា៖ «ពលរដ្ឋរាប់ម៉ឺនគ្រួសារ ដែលជាប់បំណុលគេក្នុងប្រទេសកម្ពុជា ត្រូវទៅធ្វើការងារដុតឥដ្ឋ ធ្វើឥដ្ឋ លើកឥដ្ឋក្នុងស្ថានភាពគ្រោះថ្នាក់ ដើម្បីបំពេញតម្រូវការឥដ្ឋក្នុងរាជធានីភ្នំពេញ...។ ម្ចាស់ឡឥដ្ឋ សងបំណុលរបស់គ្រួសារទាំងនោះ និងផ្តល់កម្ចី ហើយជាថ្នូរមកវិញ កម្មករនិងគ្រួសាររបស់ពួកគេត្រូវបានបង្ខំឲ្យចូលទៅក្នុងរណ្តៅបំណុលជាមួយម្ចាស់ឡឥដ្ឋរហូតដល់សងបំណុលរួច»។
ប៉ុន្តែ លោក ឈាង ស៊ុយហ៊ាង ប្រធានសមាគមឡឥដ្ឋចំនួនពីរ ដែលតំណាងឲ្យរោងសិប្បកម្មផលិតឥដ្ឋជាង ១០០ ក្នុងខេត្តកណ្តាល នៅថ្ងៃទី ១៧ ខែតុលា បានបដិសេធថា មិនមានពលកម្មកុមារ នៅក្នុងរោងចក្រផលិតឥដ្ឋនោះទេ។
លោកអះអាងថា មិនមានផលប៉ះពាល់អវិជ្ជមាន ឬគ្រោះថ្នាក់ទៅលើកម្មករឥដ្ឋនោះទេ ដោយសារអាជ្ញាធរនិងអង្គការក្នុងស្រុកបានជួយទប់ស្កាត់កុមារពីការធ្វើការងារនៅឡឥដ្ឋ។
លោកបានថ្លែងថា៖ «ឥឡូវនេះ មិនមានផលប៉ះពាល់ទៅលើពួកគេទេ ដៃឬជើងរបស់ពួកគេ មិនធ្លាក់ចូលទៅក្នុងម៉ាស៊ីន ហើយដៃឬជើងរបស់ពួកគេ មិនត្រូវបានកាត់ដាច់ដូចមុនទេ ដោយសារយើងប្រើម៉ាស៊ីន ហើយមិនមានពលកម្មកុមារ នៅក្នុងឧស្សាហកម្មឥដ្ឋ ហើយយើងមិនអនុញ្ញាតឲ្យអនីតិជនធ្វើការ ដោយសារអង្គការបានពង្រឹង»។
ទោះជាយ៉ាងណា លោកបានទទួលស្គាល់ថា រាល់គ្រួសារកម្មករឥដ្ឋបានខ្ចីប្រាក់ពីម្ចាស់ឡឥដ្ឋ ហើយឲ្យពួកគេធ្វើការរហូតដល់សងបំណុលអស់ ឬម្ចាស់ឡឥដ្ឋ ចេញសងបំណុលធនាគារ និងបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជំនួស ដោយសារបំណុលជាមួយម្ចាស់ឡឥដ្ឋមិនមានការប្រាក់។
លោកបានថ្លែងបន្តថា៖ «អ្នករាល់គ្នាជំពាក់បំណុលនៅក្នុងរោងចក្រឥដ្ឋ ហើយគ្រាន់តែថាជាបំណុលតិចឬច្រើនដោយសារពួកគេខ្ចីលុយពីធនាគារបន្ទាប់ពីពួកគេរកស៊ីខាត។ ពួកគេខ្ចីពីយើងដើម្បីសងធនាគារដោយសារយើងមិនមានការប្រាក់ ហេតុដូច្នេះ ពួកគេត្រូវតែធ្វើការសងបំណុល...។ លុយនេះគឺដូចចងពួកគេមិនឲ្យទៅធ្វើការនៅរោងចក្រឥដ្ឋដទៃទៀត»។
ស្រ្តីម្នាក់ដែលត្រូវបានបង្ហាញអត្តសញ្ញាណត្រឹមតែឈ្មោះ អាចរិយា នៅក្នុងរបាយការណ៍នេះ ដើម្បីការពារអត្តសញ្ញាណរបស់នាង បានថ្លែងថា«បំណុលរបស់ខ្ញុំបន្តកើនឡើងដោយសារឥឡូវនេះ ខ្ញុំមានប្តីនិងកូន...។ នាពេលអនាគតកូនរបស់ខ្ញុំ នឹងធ្វើការងារនេះដែរ»។
កាលពីសប្តាហ៍មុន ក្រសួងការងារ បានចេញសេចក្តីថ្លែងការណ៍មួយព្រមានចំពោះការប្រើប្រាស់ពលកម្មកុមារនៅក្នុងឧស្សាហកម្មឡឥដ្ឋនិងទម្រង់កេងប្រវ័ញ្ចដទៃៗទៀត ជាមួយនឹងការចងដោយបំណុល។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ៕ PS