ភ្នំពេញៈ នៅពេល យ៉ង ប៊ុនលី ជាឪពុក បានដឹងថា កូនស្រីគាត់ទាំងពីរនាក់ត្រូវបានរំលោភដោយមិត្តភក្តិជិតស្និទ្ធនោះ គាត់បានសុំឲ្យអាជ្ញាធរនៅខេត្ត ព្រះសីហនុ ជួយធ្វើអន្តរាគមន៍។
លោក ប៊ុនលី បាននិយាយថា៖ «ខ្ញុំរំជួលចិត្តយ៉ាងខ្លាំងចំពោះកូនស្រីខ្ញុំនៅពេលខ្ញុំដឹងថា ពួកគេត្រូវបានគេរំលោភដូច្នោះ» រយៈពេលពីរឆ្នាំបន្ទាប់ពីកូនស្រីអាយុ ១៥ ឆ្នាំរបស់គាត់បានប្រាប់ពីរឿងរ៉ាវចាប់រំលោភដល់គាត់ឲ្យដឹង។
នៅពេល ប៊ុនលី បានទៅព្រមានកូនស្រីទី២របស់គាត់នោះ គាត់បានដឹងរឿងដ៏គួរឲ្យរន្ធត់ចិត្តដែរថា កូនស្រីទី២នោះក៏ត្រូវបានមិត្តភក្តិដដែលនោះចាប់រំលោភដែរកាលពីនាងអាយុ ១០ ឆ្នាំ។
លោក ប៊ុនលី បានថ្លែងថា៖ «ខ្ញុំបានដាក់ពាក្យបណ្ដឹងទៅតុលាការចំពោះករណីទាំងពីរនេះដែរ តែករណីនេះត្រូវបានទម្លាក់ចោល ហើយជនសង្ស័យរស់នៅមានសេរីភាព» ដោយបន្ថែមថា ជនសង្ស័យទោះជាត្រូវបានចាប់ខ្លួនក៏ដោយក៏ត្រូវបានដោះលែងឲ្យនៅក្រៅឃុំភ្លាមៗផងដែរ។
លោកថា៖ «ពាក្យបណ្ដឹងខ្ញុំឥឡូវនេះស្ថិតនៅសាលាឧទ្ធរណ៍ ប៉ុន្តែខ្ញុំមិនដឹងថា តើពួកគេរំពឹងនឹងបើកសវនាការនៅពេលណានោះទេ។ រហូតដល់ខ្ញុំងាប់ ខ្ញុំនឹងមិនបោះបង់ចោលការព្យាយាមរកយុត្តិធម៌ឲ្យកូនស្រីខ្ញុំឡើយ»។
ពាក្យបណ្ដឹងនោះគឺពិតជាមិនអាចជួយដល់ ប៊ុនលី បានទេ។ បុរសម្នាក់ចំណោម ៥ នាក់បានប្រព្រឹត្តអំពើចាប់រំលោភ ប៉ុន្តែពួកគេជាង ៤៤ ភាគរយមិនធ្លាប់ប្រឈមនឹងផលវិបាកផ្លូវ ច្បាប់ឡើយ បើទោះជាពួកគេជិតពាក់កណ្ដាលត្រូវបានចាប់ខ្លួនក្ដី ក៏មានត្រឹមតែជិត ២៨ ភាគរយប៉ុណ្ណោះជាប់ពន្ធនាគារ។ នេះបើយោងតាមរបាយការណ៍អង្គការសហប្រជាជាតិចេញពីថ្ងៃម្សិលមិញ ដែលលើកឡើងពី «ការទទួលយកវប្បធម៌ និទ្ទណ្ឌភាព» ថាជាមូលហេតុសំខាន់ដែលអំពើហិង្សាលើស្ត្រីភេទ នៅតែមានជាទូទៅនៅឡើយ។
ទោះជាកម្ពុជាបានខិតខំប្រយុទ្ធប្រឆាំងនឹងការចាប់រំលោភក្ដី ក៏កិច្ចការនេះមានការរាំងស្ទះដោយសារកង្វះខាតទិន្នន័យគួរឲ្យជឿទុកចិត្តបាន។ របាយការណ៍ អ.ស.ប. ដែលបានធ្វើសម្ភាសរយៈពេលបីឆ្នាំជាមួយមនុស្ស ប្រុសស្រីចំនួនជាង ១៣ ០០០ នាក់នៅក្នុងប្រទេសចំនួន ៦ នេះ គឺមានការស្ទង់មតិទូលំទូលាយបំផុតដែលមិនធ្លាប់បានចេញផ្សាយពីមុនមក ហើយនឹងត្រូវបានគេយកទៅប្រើផ្ដល់ជាព័ត៌មាននៅតាមកម្មវិធីធ្វើ បទបង្ហាញមួយចំនួនដែលគេគ្រោងនឹងធ្វើនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
នៅកម្ពុជា ក្រុមអ្នកស្រាវជ្រាវបានធ្វើបទសម្ភាសជាមួយពលរដ្ឋប្រុសស្រី កម្ពុជាចំនួនជាង ២ ០០០ នាក់តាមឥរិយាបថ និងប្រវត្តិនៃអំពើហិង្សាដោយសម្លឹងមើលជារួមដ៏កម្រមួយថា តើមូលហេតុអី និងតើបុរសប៉ុន្មាននាក់ដែលប្រព្រឹត្តអំពើហិង្សាលើស្ត្រីភេទ?
របាយការណ៍នេះបានពន្យល់ជាឈុតថា ការរំលោភពីពេលកន្លងមកអាចជាប្រធានបទរកឃើញតិចតួចមួយនៅ កម្ពុជា។ បុរសកម្ពុជា ៤៥ ភាគរយរាយការណ៍ថាបានឆ្លងកាត់ទម្រង់មួយចំនួននៃ ការរំលោភរាងកាយដូចជា ក្មេងជាដើម និង ១៥ ភាគរយត្រូវបានរំលោភផ្លូវភេទ។
របាយការណ៍កត់សម្គាល់ថា៖ «មានការពាក់ព័ន្ធគ្នាយ៉ាងខ្លាំងក្លារវាងបទពិសោធអំពើហិង្សា ផ្ទាល់ខ្លួន និងការប្រើអំពើហិង្សារបស់បុរសៗ»។
អ្នកចាប់រំលោភជនជាតិកម្ពុជាភាគច្រើនជាយុវជន។ បុរសភាគច្រើនបានប្រព្រឹត្តការចាប់រំលោភដំបូងរបស់ខ្លួននៅពេលមានវ័យក្មេងខ្ចីជាងបុរសជាតិផ្សេងទៀតនៅក្នុងតំបន់នេះ គឺបុរសជិត ១៦ ភាគរយបានប្រព្រឹត្តអំពើនេះនៅពេលក្រោមអាយុ ១៥ ឆ្នាំ និងចំនួនជាងពាក់កណ្ដាលអាយុក្រោម ២០ ឆ្នាំ។
លោក James Lang មន្ត្រីសម្របសម្រួលកម្មវិធីនៅអង្គការ Partners for Prevention ដែលជាកម្មវិធីរួមរបស់ អ.ស.ប.មានមូលដ្ឋាននៅក្រុង បាងកក បានថ្លែងនៅពីក្រោយរបាយការណ៍ថា៖ «យើងឃើញយុវជនជាច្រើននៅកម្ពុជាប្រព្រឹត្តអំពើហិង្សា និងបុរសជាច្រើនតែងតែព្យាយាមបង្ហាញពីភាពជាបុរសរបស់ខ្លួនតាមរយៈអំពើហិង្សាផ្លូវភេទ»។
ជាការពិតមានបុរស ៤៥ ភាគរយដែលបានប្រាប់ពីការចាប់រំលោភកាលពីមុនបាននិយាយថា ពួកគេបានធ្វើដូច្នោះដោយសារតែមាន «សិទ្ធិផ្លូវភេទ»។ បុរស ៤២ ភាគរយបានប្រព្រឹត្តបទឧក្រិដ្ឋនេះដោយសារតែពួកគេមាន «កំហឹង/ការផ្ដន្ទាទោស» និងមានចំណង់ផ្លូវភេទដែលមិនអាចគ្រប់គ្រងបាន។
លោកស្រី Wenny Kasuma តំណាងស្ត្រីប្រចាំប្រទេសរបស់ អ.ស.ប.បានថ្លែងថា ដោយសារតែមានទំហំនៃការស្ទង់មតិមិនធ្លាប់មានពីមុនមកនេះ ទីភ្នាក់ងារអភិវឌ្ឍន៍ និងរដ្ឋាភិបាលសង្ឃឹមថា ការស្ទង់មតិនេះគេអាចប្រើវាស់ស្ទង់កម្មវិធីទប់ស្កាត់ឲ្យកាន់តែមានប្រសិទ្ធភាព។
លោកស្រី Wenny បានអះអាងថា៖ «វាធ្វើឲ្យយើងយល់កាន់តែច្បាស់ពីកម្លាំងដែលប្រែក្លាយទៅជាតើហេតុអ្វីបានជាបុរសមួយចំនួនប្រព្រឹត្តអំពើហិង្សាដូច្នេះ និងសម្លឹងរកមើលវិធីទប់ស្កាត់អំពើហិង្សានេះ»។
ផ្អែកលើលទ្ធផលដែលបានសិក្សា និងមានលក្ខណៈកាន់តែទូលំទូលាយបង្ហាញថា ការវិភាគជាក់លាក់នៅកម្ពុជាត្រូវបានរំពឹងថានឹងចាប់ផ្ដើមធ្វើ នៅចុងឆ្នាំនូវកម្មវិធីសាកល្បងមួយចំនួនក្រោមការផ្ដល់មូលនិធិ ពី អូស្រ្តាលី និងសរសេរដោយរដ្ឋាភិបាល ហើយទីភ្នាក់ងារ អ.ស.ប.និងអង្គការ GIZ នឹងត្រូវធ្វើនៅពេលអនាគតខាងមុខនេះ។
លោកស្រី Kasuma បានលើកឡើងថា៖ «ពិតជាត្រូវការឲ្យគេវាស់ស្ទង់ចំពោះកម្ពុជាមែន។ ដូច្នេះយើងសូមសាកល្បងជាលើកដំបូងនៅក្នុងតំបន់មានកម្រិត និងរកមើលមិនត្រឹមតែថា តើអ្នកប្រព្រឹត្តជាអ្នកណានោះទេ គឺរាប់ទាំងជនរងគ្រោះផងដែរ»។
លោកស្រី Kasuma បានឲ្យដឹងទៀតថា ជាឧទាហរណ៍នៅកម្ពុជា បើសិនការបំពានផ្លូវភេទចេះតែធ្ងន់ធ្ងរឡើងដោយសារតែឥរិយាបថ មានសិទ្ធិ ឬក៏ការបំពានដោយជាតិស្រវឹងនោះ អ្នកចង់ត្រូវតែមានកិច្ចប្រឹងប្រែងទប់ស្កាត់។ អំពើហិង្សានៅពេលគេប្រព្រឹត្តហើយគឺជាធម្មតាតែងតែប្រព្រឹត្តវាជាថ្មីម្ដងទៀត។ វាទំនងជាប្រព្រឹត្តរាល់ពេល។ ដូច្នេះអន្តរាគមន៍នគរបាលគឺជាផ្នែកសំខាន់មួយក្នុងការឆ្លើយតបទៅនឹងអំពើនេះ។
ទោះជាយ៉ាងណាមន្ត្រីនៅក្រសួង មហាផ្ទៃមិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីថ្ងៃម្សិលមិញ។
រដ្ឋមន្ត្រីក្រសួង កិច្ចការនារីលោកស្រី អ៊ឹង កន្ថាផាវី បានថ្លែងថា លោកស្រីមិនអាចឆ្លើយតបនឹងសំណួរទាំងនេះតាមទូរស័ព្ទបានទេ ហើយក៏មិនឆ្លើយតបភ្លាមៗនូវសំណួរតាមអ៊ីមែលផងដែរ។
លោក James Lang ដែលកំពុងជួយរៀបចំកម្មវិធីនេះបានថ្លែងថា ចំណុចជាក់លាក់មួយចំនួនមិនទាន់ត្រូវបានបញ្ចប់នៅឡើយ ប៉ុន្តែថា គេនឹងខិតខំដោះស្រាយចំណុចទាក់ទងនីមួយៗ។
លោក James Lang បានបន្ថែមថា៖ «យើងដឹងថា ការធ្វើការងារជាមួយយុវជននៅសាលារៀនពាក់ព័ន្ធនឹងឥរិយាបថ ចំពោះទំនាក់ទំនង និងយេនឌ័រនេះអាចជួយប្ដូរទម្លាប់នេះនៅពេលក្រោយ។ ប៉ុន្តែយើងក៏ដឹងដែរថា អ្នកចង់បានចំណេះដឹងសហគមន៍ជុំវិញតុល្យភាពទូទៅចំពោះការរំលោភបំពាននេះ។ យើងចង់បានមេដឹកនាំមូលដ្ឋានណាដែលចេះដោះស្រាយបញ្ហានេះដោយភាពហ្មត់ចត់ និងនាំគ្នាជួយអនុវត្តច្បាប់ជាតិ។ យើងកំពុងតែស្វែងរកកញ្ចប់ទប់ស្កាត់ដោយមានការសម្របសម្រួលមួយ»។
នៅពេលសួរថា តើមានអ្វីមួយបញ្ជាក់ពីលទ្ធផលនៅកម្ពុជានោះ លោក Lang បានលើកឡើងថា វាមានលក្ខណៈជាទូទៅបំផុតនៅក្នុងតំបន់នេះ និងក្នុងពិភពលោក។
លោក James Lang បានបញ្ជាក់បន្ថែមទៀតថា ៖ «គ្មានអ្វីមួយវិសាមញ្ញនោះទេ លើកលែងតែបញ្ហាចាប់រំលោភបូក ហើយអំពើហិង្សាផ្លូវភេទគឺកើតឡើងជាទូទៅនៅកម្ពុជាច្រើនជាង កន្លែងផ្សេងទៀត។ នោះជារឿងមួយដែលយើងគិតថា យើងអាចជួយកាត់បន្ថយវាបាន»។
នៅក្នុងរបាយការណ៍បានបញ្ជាក់បន្ថែមទៀតថា ទាំងអស់នេះបានប្រាប់ថា ចំនួន ២០,៨ ភាគរយបានប្រព្រឹត្តអំពើចាប់រំលោភយ៉ាងតិចម្ដង។ ប៉ុន្តែចំនួនជាង ៥ ភាគរយនៃបុរសកម្ពុជាបានប្រព្រឹត្តការរំលោភបូក គឺខ្ពស់ជាងតិចតួចនឹងចំនួនមធ្យមភាគនៅក្នុងតំបន់នេះគឺមានចំនួន ៣,៩ ភាគរយ។
ទោះយ៉ាងណាក៏ដោយក៏ក្រុមសិទ្ធិមនុស្សក្នុងស្រុកបានបង្ហាញថា កម្ពុជា អាចមានប្រការផ្សេងទៀតគឺ ការរំលោភលើក្មេង។
របាយការណ៍ របស់ អ.ស.ប.ដដែលមិនបានបង្ហាញលទ្ធផល ពីអាយុជនរងគ្រោះទេ តែលោក Lang បានថ្លែងថា របាយការណ៍ប្រទេសកម្ពុជាអាចរួមបញ្ចូលកម្រិតលម្អិតនោះ។
តួលេខ នេះទំនងជានឹងមានការពាក់ព័ន្ធសំខាន់ៗសម្រាប់កម្មវិធីនៅកម្ពុជាដែលមានជោគជ័យជាក់លាក់តិចតួចក្នុងការបង្រ្កាបទៅលើឧក្រិដ្ឋកម្មដ៏សាហាវនេះ។
ទោះយ៉ាងណាចំពោះអ្នកស្រី ហ៊ីម នៅ ដែលកូនស្រីអាយុ ១១ ឆ្នាំរបស់គាត់ត្រូវបានគេរំលោភ ៣ ឆ្នាំមកហើយនោះ មើលទៅវាហាក់ដូចជា ការប្រព្រឹត្តនោះក្លាយទៅជារឿងធម្មតាទៅហើយ។
ដោយថ្លែងតាមទូរស័ព្ទ អ្នកស្រីបានថ្លែងពីថ្ងៃម្សិលមិញថា៖ «យើងបានធ្វើដំណើរមកពីខេត្ត ព្រៃវែង។ ខ្ញុំនឹងមិនអនុញ្ញាតឲ្យកូនស្រីខ្ញុំរស់នៅទីនោះតទៅទៀតទេ ព្រោះខ្ញុំមានការព្រួយបារម្ភពីសន្តិសុខនាង ហើយខ្ញុំមិនចង់ឲ្យនាងនឹកឃើញពីអតីតកាលនោះទេ»។
អ្នកស្រី ហ៊ីម នៅ បានថ្លែងឲ្យដឹងបន្តទៀតថា ក្មេងស្រីនេះត្រូវបានជីតានាងរំលោភ ដោយគំរាមសម្លាប់នាង បើសិននាងហ៊ាននិយាយប្រាប់គេ។
អ្នកស្រីបានគូសបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា នៅពេលអ្នកជិតខាងបានប្រាប់អ្នកស្រីពីអ្វីដែលគេបានសង្ស័យថា បានកើតឡើងនោះ អ្នកស្រីបានប្រឈមនឹងកូនស្រីគាត់ដែលបាននិយាយថា ជីតាអាយុ ៦៦ ឆ្នាំបានរំលោភនាង នៅពេលដែលនាងបានទៅរកអុសនៅក្នុងព្រៃក្បែរនោះ។ អ្នកស្រីបាននិយាយថា៖ «នគរបាលមិនអាចចាប់ខ្លួនគាត់ទេ ព្រោះនៅពេលនោះគាត់បានរត់គេចខ្លួនបាត់ហើយ។ គាត់កំពុងធ្វើការនៅប្រទេសថៃឥឡូវនេះ។ ខ្ញុំនៅតែសង្ឃឹមថា ថ្ងៃណាមួយកូនស្រីរបស់ខ្ញុំនឹងទទួលបានយុត្តិធម៌»៕ PN