បន្ទាយមានជ័យៈ យ៉ាងហោចណាស់មានមនុស្ស ៥ នាក់រងរបួសស្រាល និងតូបលក់ដូរប្រមាណ ២០០ តូបក្នុងផ្សារចំនួន ២ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរងការខូចខាត និងផ្ទះចំនួន ១៦ ខ្នងបានដួលរលំ បន្ទាប់ពីមានភ្លៀងលាយឡំខ្យល់កន្ត្រាក់បោកបក់ខ្លាំងកាលពីរសៀលថ្ងៃអាទិត្យ។ នេះបើតាមការអះអាងរបស់ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទនេះ។
លោក គាត ហ៊ុល បានថ្លែងថា៖ «ភ្លៀងខ្យល់ម្សិលមិញនេះ គឺបក់បោកខ្លាំងគួរឲ្យខ្លាច។ មនុស្ស ៥ នាក់រងរបួសស្រាល តែទ្រព្យសម្បត្តិរងការខូចខាតច្រើនក្នុងនោះតូបលក់ដូរចំនួន ២០០ ក្នុងផ្សារស្តាវីហ្គា និងផ្សាររាត្រីខូចខាតទាំងស្រុង ព្រមទាំងដួលរលំផ្ទះពលរដ្ឋចំនួន ១៦ ខ្នងផងដែរ»។
លោកបានបន្តថា នៅពេលនេះរដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជូនកម្លាំង និងសម្ភារមួយចំនួន រួមមាន សង្កសី ឈើ ចុះមកជួយអន្តរាគមន៍ជួសជុលផ្ទះជូនប្រជាពលរដ្ឋរងគ្រោះឡើងវិញ និងបោសសម្អាតកម្ទេចកម្ទីដែលបាក់បែកដោយភ្លៀង និងខ្យល់កន្ត្រាក់នោះចេញ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ៕