The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រយៈពេល​ជាង​​ ១ ​ឆ្នាំ​ រដ្ឋសភា​អនុម័ត​សេចក្តី​ព្រាងច្បាប់​បាន​ចំនួន​ ៣៨




រយៈពេល​ជាង​​ ១ ​ឆ្នាំ​ រដ្ឋសភា​អនុម័ត​សេចក្តី​ព្រាងច្បាប់​បាន​ចំនួន​ ៣៨

Content image - Phnom Penh Post
លោក ហេង សំរិន និង​ថ្នាក់ដឹកនាំ​រដ្ឋសភា​នា​ពេល​កន្លងមក​។ ហុង មិនា

រយៈពេល​ជាង​​ ១ ​ឆ្នាំ​ រដ្ឋសភា​អនុម័ត​សេចក្តី​ព្រាងច្បាប់​បាន​ចំនួន​ ៣៨

ភ្នំពេញៈ រដ្ឋសភា​នីតិកាល​ទី ៦ នៅក្នុង​រយៈពេល​ជាង​មួយឆ្នាំ​កន្លងមក​បាន​ប្រជុំ​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់​បាន​ចំនួន ៣៨ ដែល​ច្បាប់​ទាំងនោះ​គឺ​ធ្វើ​ឡើង​ដើម្បី​ពង្រឹងពង្រីក​ និង​លើកស្ទួយ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច ការងារ​បរិស្ថាន សន្តិសុខ និង​សុវត្ថិភាព​។ ​នេះ​បើ​យោង​តាម​លោក​ ឡេង ​ប៉េងឡុង អគ្គលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​រដ្ឋសភា​ និង​របាយការណ៍​ការងារ​របស់​រដ្ឋសភា​។

លោក ​ឡេង ​ប៉េងឡុង បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ថា​នៅក្នុង​រយៈពេល​ជាង​ ១ ​ឆ្នាំ​កន្លង​មក​នេះ​រដ្ឋសភា​បាន​ប្រជុំ​អនុម័ត សេចក្តី​ព្រាងច្បាប់​បាន​ចំនួន ៣៨ ដែល​ច្បាប់​ទាំងនេះ​បាន​គ្របដណ្តប់​លើ​វិស័យ​សំខាន់ៗ​នៅក្នុង​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ក៏ដូចជា​ការធ្វើ​សមាហរណកម្ម​កម្ពុជា​ទៅក្នុង​តំបន់​ និង​អន្តរជាតិ​នៅក្នុង​ការពង្រឹង​ពង្រីក​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម​សង្គមកិច្ច ការងារ​បរិស្ថាន​សន្តិសុខ និង​សុវត្ថិភាព​។

លោក​បញ្ជាក់​ថា​៖ «​ច្បាប់​ទាំងនោះ គឺ​ជួយ​ចូលរួម​វិភាគទាន​យ៉ាងច្រើន​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​យើង​ទាំង​សុខសន្តិភាព និង​ស្ថិរភាព​ និង​ការជួយ​ពង្រឹង​ និង​ពង្រីក​មិត្តភាព​ជាមួយ​ប្រទេស​ជិតខាង​ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ​។ យើង​ខិតខំ​ធ្វើ​ម៉េច​បម្រើប្រជាជន​កាន់តែ​ងាយស្រួល​ឡើង ហើយ​ខាង​រដ្ឋសភា​យើង​ធ្វើ​ម៉េច​ខិតខំ​ត្រួតពិនិត្យ​ការធ្វើ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល និង​ការអនុវត្ត​របស់​រដ្ឋាភិបាល​»​។

លោក​ក៏បាន​លើកឡើង​ផងដែរ​ថា សមាជិក​សមាជិកា​រដ្ឋ​សភា​ទាំងអស់​បាន​ចុះ​តាម​មណ្ឌល ខេត្ត​នានា នៅ​ទូទាំងប្រទេស ដើម្បី​ស្វែងយល់​ពី​សុខទុក្ខ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត ហើយ​ចូលរួម​ដោះស្រាយ ឬ​ពាំនាំ​នូវ​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ជូន​រាជរដ្ឋាភិបាល​ដោះស្រាយ​។ ក្រៅពីនេះ​ក៏បាន​ធ្វើ​សកម្មភាព​មនុស្សធម៌​ជាច្រើន​ដូចជា​ចុះ​ចែក​អំណោយ​នៅពេល​ពលរដ្ឋ​ជួប​គ្រោះ​ធម្មជាតិ ទឹកជំនន់ គ្រោះរាំងស្ងួត ឬ​ភ្លើង​ឆេះ​ផ្ទះ​។

លោក​ ប៉េងឡុង ​បញ្ជាក់ថា​៖ «​ជោគជ័យ​ធំ​ដែល​រដ្ឋសភា​សម្រេច​គឺ​ការចុះ​មូលដ្ឋាន​បម្រើ​ប្រជាជន​គឺមាន​តំណាងរាស្ត្រ​គ្រប់​គណៈកម្មការ​បាន​ចុះ​មូលដ្ឋាន​ និង​តាម​មណ្ឌល​របស់គាត់​ដោយ​បាន​ចុះជួយ​ដោះស្រាយ​តាម​លទ្ធភាព​នូវ​បញ្ហា​ផ្សេង​របស់​ប្រជាជន ហើយ​ទទួល​បាន​សំណូមពរ​របស់​ប្រជាជន​មក​ជូន​សមត្ថកិច្ច​ដោះស្រាយ​»​។

ទោះយ៉ាងណា​លោក​ ប៉េងឡុង មិនអាច​បញ្ជាក់ថា តើ​មាន​បណ្តឹង​ចំនួន​ប៉ុន្មាន ដែល​សមាជិក​រដ្ឋសភា​ទាំងអស់​បានទទួល និង​បាន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នោះទេ ដោយ​លោក​អះអាង​ថា​មាន​បណ្តឹង​មួយចំនួន​ធំ​ត្រូវបាន​ដោះស្រាយ​នៅ​មូលដ្ឋាន​ខណៈ​បណ្តឹង​មួយចំនួន​ទៀត​ត្រូវបាន​បញ្ជូន​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បី​ធ្វើការ​ដោះស្រាយ ដោយសារ​បណ្តឹង​ទាំងនោះ​មាន​ភាពស្មុគស្មាញ​ដែល​ទាមទា​ឲ្យ​សមត្ថកិច្ច​ និង​អ្នក​បចេ្ចកទេស​ពាក់ព័ន្ធ​ស្រាវជ្រាវ និង​ដោះស្រាយ​។

លោក ម៉ុក ម៉ារ៉េត តំណាងរាស្ត្រ​មណ្ឌល​តាកែវ​បាន​ថ្លែងថា លោក​បាន​ធ្វើ​ដំណើរ​ចុះទៅ​ខេត្តតាកែវ​ជា​ញឹកញាប់​ដើម្បី​ស្វែងយល់​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​បាន​បោះឆ្នោត​ឲ្យ ហើយ​បាន​ខិតខំ​ជួយ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​។

លោក​បន្តថា​៖ «​យើង​ចុះជួយ​បងប្អូន​យើង​ដែល​ជួប​ការលំបាក ចាស់ជរា សាងសង់​ផ្លូវ និង​ជួយផ្តល់​សេវាកម្ម​ដល់​ប្រជាពលរដ្ឋ​យើង និង​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់​ដែល​ជួបប្រទះ​។ យើង​ក៏​ធ្វើ​វេទិកាសាធារណៈ​ផង​ដែរ​ដើម្បី​ឲ្យ​បងប្អូន​គាត់​ថ្លែង​នូវ​ទុក្ខលំបាក​ និង​កង្វល់​របស់​ពួកគាត់​។ យើង​ខិតខំ​ធ្វើ​តាម​សន្យា​របស់​យើង​ជាមួយ​ពួកគាត់​»​។

បើតាម​របាយការណ៍​របស់​នាយកដ្ឋាន​ព័ត៌មាន​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បាន​ឲ្យ​ដឹងថា​ច្បាប់​ដែល​រដ្ឋសភា​បាន​អនុម័ត​ទាំងអស់ សុទ្ធតែ​ជា​ច្បាប់​ដែលមាន​សារៈសំខាន់ បម្រើ​ផលប្រយោជន៍​ប្រទេសជាតិ​ដូចជា​ច្បាប់​ថវិកាជាតិ​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម ច្បាប់​ទាក់ទង​នឹង​ការហាមឃាត់​អាវុធ​គីមី ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ច្បាប់​ផ្សេងៗ​ទៀត​។ ​

របាយការណ៍​បញ្ជាក់ថា​៖ «​សេចក្តី​ស្នើច្បាប់​ទាំងនោះ​ត្រូវ​ឆ្លងកាត់​ការពិនិត្យ​សិក្សា​យ៉ាង​ស៊ីជម្រៅ​នៅ​ផ្ទៃ​ក្នុងគណៈ​កម្មការ​ជំនាញ​នៃ​រដ្ឋសភា ឬ​អន្តរគណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​។ បន្ទាប់មក​មានការ​ពិនិត្យ​សិក្សា​រវាង​គណៈកម្មការ​ជំនាញ​រដ្ឋសភា និង​តំណាង​រាជរដ្ឋាភិបាល​ដោយ​មាន​ការសួរដេញដោល​ឱ្យ​ពន្យល់​បកស្រាយ​ច្បាស់លាស់​លើ​ចំណុច​មិន​ច្បាស់​ចំពោះ​មុខ​គណៈកម្មការ​ជំនាញ​រដ្ឋសភា​មុននឹង​ឯកភាព​ទទួល​យក​មក​ដាក់ជូន​សម័យប្រជុំ​រដ្ឋសភា​ពិភាក្សា និង​អនុម័ត​»​។

របាយការណ៍​បាន​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​ការពង្រឹង​វិស័យ​ការទូត រដ្ឋសភា បាន​រឹតចំណង​មិត្តភាព​ និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​មិត្ត​ដោយ​ក្នុងនោះ​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ខិតខំ​ពង្រឹង​ពង្រីក​វិស័យ​ការទូត​សភា​ទាំង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី​។ ពហុភាគី​គឺ​តាមរយៈ​វេទិកាសភា​ធំៗ​ដែល​មាន​ដូចជា អន្តរ​សភា​អាស៊ាន (AIPA) សភា​តំបន់​អាស៊ី (APA) វេទិកាសភា​អាស៊ី ប៉ាស៊ីហ្វិក​ (APPF) ​សភា​និយាយ ភាសា​បារាំង​ (APF) និង​សហភាព​អន្តរ​សភា (IPU)៕

អត្ថបទគួរចាប់អារម្មណ៍