
រយៈពេល ៣ សប្ដាហ៍នៃខែមីនា ឆ្នាំនេះ គ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវបានបណ្តាលឲ្យមនុស្ស ១០៩ នាក់ស្លាប់ និង ២៨៩ នាក់ទៀត រងរបួសធ្ងន់ និងស្រាល។ ភ្នំពេញ ប៉ុសិ៍្ត
ភ្នំពេញៈ ក្នុងរយៈពេល ៣ សប្ដាហ៍នៃខែមីនា ឆ្នាំនេះ គ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវបានបណ្តាលឲ្យមនុស្ស ១០៩ នាក់ស្លាប់ និង ២៨៩ នាក់ទៀត រងរបួសធ្ងន់ និងស្រាល។ នេះបើយោងតាមទិន្នន័យដែលភ្នំពេញ-ប៉ុស្តិ៍ទទួលបានពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកពីម្សិលមិញ។
លោក ឈួន វ៉ុន អ្នកនាំពាក្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ចាប់តាំងពីរដ្ឋាភិបាលដាក់ចេញនូវយន្តការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ដោយមានការដាក់ពង្រាយកម្លាំងនគរបាលចរាចរណ៍នៅតាមគោលដៅសំខាន់ៗលើដងផ្លូវនានា ពិសេសនៅពេលមានការផ្សព្វផ្សាយពីអនុក្រឹត្យថ្មីស្ដីពីការផាកពិន័យអន្តរការណ៍ចំពោះបទល្មើសចរាចរណ៍មក អត្រាគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវបានធ្លាក់ចុះគួរឲ្យកត់សម្គាល់។
លោកថ្លែងថា៖ «ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃ ២៣ ខែមីនា ឆ្នាំ ២០២០ នេះគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវបានសម្លាប់មនុស្ស ១០៩ នាក់ និង ២៨៩ នាក់ទៀតបានរងរបួសធ្ងន់ និងស្រាល។ ចំនួននេះមានការថយចុះគួរឲ្យកត់សម្គាល់ បើធៀបទៅនឹងខែកុម្ភៈ ឆ្នាំ ២០២០ ដែលមានជនរងគ្រោះស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៣៩ នាក់ និង ៣៨៣ នាក់ទៀតរងរបួសធ្ងន់ និងស្រាល»។
លោកបន្តថា ចំនួនជនរងគ្រោះដែលស្លាប់ និងរបួសដោយសារការបើកបរ ឬ រួមដំណើរតាមម៉ូតូ មិនពាក់មួកសុវត្ថិភាពនៅតែបន្តកើតមានគួរឲ្យកត់សម្គាល់ផងដែរ។ ក្នុងចំណោមជនរងគ្រោះដែលស្លាប់ និងរបួសសរុប ៣៩៨ នាក់មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ២៤៣ នាក់។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃចន្ទថា ក្រោយពេលក្រសួងសុខាភិបាលក៏ដូចជាអង្គការសុខភាពពិភពលោកបានដាក់ចេញសេចក្ដីណែនាំមួយចំនួនអំពីវិធានបង្ការសុខភាពពីការឆ្លងជំងឺកូវីដ ១៩ លំហូរចរាចរណ៍នៅលើដងផ្លូវក្នុងផ្ទៃប្រទេសមានការថយចុះ។ ពិសេសចាប់តាំងពីរាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំបានប្រកាសវិស្សមកាលមុនកាលកំណត់។
លោកបញ្ញានិយាយថា៖ «អ្វីដែលយើងចង់បានគឺគ្រប់គ្នាមានការគោរព និងអនុវត្តច្បាប់ចរាចរណ៍ និងវិធានបង្ការនានាពីគ្រោះថ្នាក់ចរាចរណ៍ជាជាងការខ្លាចរអាតែនៅចំពោះមុខសមត្ថកិច្ចនគរបាលចរាចរណ៍ ហើយប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍នៅក្រោយខ្នងសមត្ថកិច្ច។ ពោលគឺយើងត្រូវគោរព និងអនុវត្តវិធានបង្ការគ្រោះថ្នាក់ចរាចរណ៍ឲ្យបានជាប្រចាំ ដូចជាយើងអនុវត្តវិធានអនាម័យសុខភាពជារៀងរាល់ថ្ងៃ ដើម្បីបង្ការ ទប់ស្កាត់ពីជំងឺឆ្លងនានាយ៉ាងដូច្នោះដែរ»។
លោកបន្តថា ដើម្បីឲ្យពលរដ្ឋអនុវត្តវិធានបង្ការគ្រោះថ្នាក់ចរាចរណ៍ឲ្យមានប្រសិទ្ធភាព និងប្រកបដោយនិរន្តរភាពគ្រប់ភាគីពាក់ព័ន្ធចាំបាច់ត្រូវជួយអប់រំផ្សព្វផ្សាយនូវចំណុចសំខាន់ៗនៃច្បាប់ចរាចរណ៍ និងលិខិតបទដ្ឋាននានាមួយចំនួនទៀតដែលពាក់ព័ន្ធនឹងច្បាប់ ឬវិធានបង្ការគ្រោះថ្នាក់ចរាចរណ៍ដល់ពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានឲ្យបានទូលំទូលាយ។ ធ្វើយ៉ាងណាបណ្ដុះមនសិការពលរដ្ឋឲ្យអៀនខ្មាស ចំពោះទង្វើឆ្គាំឆ្គងនានាដែលនាំឲ្យមានកំហុសចំពោះផ្លូវច្បាប់។
លោក គង់ សុវណ្ណ ប្រធានគម្រោងអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍នៃក្រសួងអភិវឌ្ឍន៍ជនបទថ្លែងថា ការផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ដល់ពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានគឺជាផ្នែកមួយនៃការជំរុញចលនាប្រជាពលរដ្ឋឲ្យចូលរួមការអនុវត្តច្បាប់ចរាចរណ៍នៅកម្ពុជាឲ្យមានប្រសិទ្ធភាព។
កាលពីថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២០ រដ្ឋាភិបាលបានចេញអនុក្រឹត្យថ្មីមួយស្ដីពីការផាកពិន័យអន្តរការណ៍ចំពោះជនរំលោភបំពានច្បាប់ចរាចរណ៍ផ្លូវគោកសម្រាប់ឲ្យមន្ត្រីនគរបាលចរាចរណ៍យកទៅអនុវត្តដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍នៅកម្ពុជាឲ្យមានប្រសិទ្ធភាព។
លោកថា៖ «យោងតាមបទពិសោធរបស់បណ្ដាប្រទេសអភិវឌ្ឍន៍ការផាកពិន័យដោយចាប់បង្ខំទៅតាមផ្លូវច្បាប់គឺជាមធ្យោបាយតែ ១ គត់ ដែលអាចផ្លាស់ប្ដូរឥរិយាបថដ៏គួរឲ្យអៀនខ្មាសរបស់មនុស្សឲ្យងាកមកគោរព និងអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពបំផុត»៕