ភ្នំពេញ៖ មាន​មនុស្ស​ចំនួន ១៩ នាក់​ហើយ ដែល​ត្រូវ​បាន​សមត្ថកិច្ច​នៅ​រាជធានី​ភ្នំពេញ​ឃាត់​ខ្លួន​ចាប់​តាំង​ពី​មាន​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​ជំងឺ​កូវីដ ១៩ ដោយសារ​ពួក​គេ​ល្មើស​នឹង​បម្រាម​នេះ។ នេះ​បើ​តាម លោក សាន សុខសីហា អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ២០ មេសា​នេះ។

ការ​អនុវត្ត​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​បាន​ចាប់​ផ្ដើម​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២១ ដែល​គិត​មក​ទល់​ពេល​នេះ មាន​រយៈពេល ៦ ថ្ងៃ​ហើយ។

លោក សុខ សីហា បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា ក្នុង​ចំណោម​មនុស្ស ១៩ នាក់ ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ភ្នំពេញ​នោះ គឺ​មាន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​អប់រំ​ ហើយ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ខណៈ ៦ នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​ត្រូវ​តុលាការ​សម្រេច​ចោទ​ប្រកាន់​ និង​បង្គាប់​​ឲ្យ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្ដោះអាសន្ន។ ចំណែក ១២ នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបសួរ​ដោយ​មន្ត្រី​នគរបាល​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំនួន ៣ រួម​មាន ខណ្ឌ​សែនសុខ ចំនួន ៥ នាក់ ខណ្ឌ​ឫស្សីកែវ ៦ នាក់ និង​ខណ្ឌ​ជ្រោយចង្វារ​ម្នាក់។

លោក​បាន​បញ្ជាក់​ថា៖ «ក្នុង​អំឡុង​ពេល​នៃ​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ បុគ្គល​ណា​ដែល​ល្មើស​នឹង​បម្រាម​នឹង​ត្រូវ​ចាប់​ឃាត់​ខ្លួន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់។ ទន្ទឹម​នឹង​នេះ សមត្ថកិច្ច​យើង​នៅ​តែ​បន្ត​ចុះ​ផ្សព្វផ្សាយ​អប់រំ​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​បាន​យល់​ និង​ចូលរួម​អនុវត្ត​វិធានការ​នេះ​ទាំង​អស់​គ្នា»៕