ភ្នំពេញៈ ក្នុងរយៈពេល ៥ខែ គិតចាប់ពី ខែកក្កដា រហូតដល់ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ចាប់បានជនអន្តោប្រវេសន៍ខុសច្បាប់ ប្រមាណ ១.១៨១ នាក់និងបានបញ្ជូនត្រឡប់ទៅប្រទេសសាមីវិញជិតអស់ហើយ នៅសល់តែ ៦១ នាក់ទៀតប៉ុណ្ណោះ។
ប្រធានផ្នែកស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានជនអន្តោប្រវេសន៍រាជធានីភ្នំពេញ លោក អ៊ុក ហៃសីលា បានឲ្យដឹងកាលពីម្សិលមិញនេះថា តួលេខនៃជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជា ដែលកម្លាំងនគរបាលនៃនាយកដ្ឋាននេះ បង្ក្រាបបានអំឡុងពេល ៥ ខែមុននេះ គិតពី ខែកក្កដា ដល់ ខែវិច្ឆិកា គឺមានចំនួន ១.១៨១ នាក់សរុប ២៤ សញ្ជាតិក្នុងនោះ មានស្រ្តី ២១១ នាក់។
លោកបានបន្តថា ជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះ មានមកពី ថៃ ចិន ឡាវ ហ្វីលីពីន កូរ៉េ អាមេរិក ជប៉ុន ម៉ាឡេស៊ី ជាដើម ហើយក្នុងនោះជនជាតិវៀតណាម គឺមានច្រើនរហូតដល់ ៩៧២ នាក់។
លោក អ៊ុក ហៃសីលា បានឲ្យដឹងថា៖ «យើងរកឃើញជនអន្តោប្រវេសន៍ទាំងនេះ ភាគច្រើនដោយការធ្វើជំរឿននិងការរាយការណ៍ពីស្នងការខេត្តនានា ដែលរកឃើញតាមរយៈការត្រួតពិនិត្យសួរនាំផ្ទាល់។ ពួកគេខ្លះ ជាកម្មករបូមខ្សាច់ ជាងក្រឡឹង អ្នកអារឈើ សិប្បករ អ្នកលក់ដូរជាដើម ហើយឥឡូវយើងបញ្ជូនទៅជិតអស់ហើយ សល់តែ ៦១ ទេ»។
ជុំវិញការរកឃើញ និងបញ្ជូនត្រឡប់ភ្លាមៗវិញនេះ នាយកអង្គការខារ៉ាម កម្ពុជា លោក យ៉ា ណាវុធ យល់ឃើញថា នេះជាវិធានការតក់ក្រហល់មួយ ដែលអាចនាំឲ្យប្រទេសជិតខាង និងជាដៃគូអភិវឌ្ឍន៍ទាំងនោះ មានការអាក់អន់ចិត្តនឹងកម្ពុជា។
លោកថា រដ្ឋាភិបាលកម្ពុជា គប្បីពិចារណាប្រកាសទុករយៈពេលសមរម្យដល់ជនអន្តោប្រវេសន៍ទាំងនោះ ស្ម័គ្រចិត្តបំពេញបែបបទក្លាយជាអន្តោប្រវេសន៍ស្របច្បាប់វិញ ជាជាងការបញ្ជូនត្រឡប់វិញដោយមិនមានការយោគយល់បែបនេះ។
លោក យ៉ា ណាវុធ បានគូសបញ្ជាក់ថា៖ «កម្ពុជាក្នុងនាមជាប្រទេសគោរពសិទ្ធិមនុស្ស បើមានកិច្ចព្រមព្រៀង ឬអនុស្សរណៈនោះ គួរពិនិត្យឡើងវិញពីបញ្ហាចំណាកស្រុកខុសច្បាប់នេះ។ វិធានការតក់ក្រហល់នេះ គ្រាន់តែឆ្លើយតបមតិរិះគន់របស់ពលរដ្ឋថ្មីៗនេះ ពីកំណែទម្រង់ខ្លួនតែប៉ុណ្ណោះ ប៉ុន្តែ មិនបានជាដំណោះស្រាយនយោបាយសមរម្យនោះទេ»។
យ៉ាងណាក៏ដោយ បើតាមនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃភាគច្រើននៃអ្នកវិនិយោគនិងអ្នកសិប្បករនៅកម្ពុជាច្រើនជួលជនបរទេស ដែលគ្មានលិខិតឆ្លងដែនត្រឹមត្រូវ មកធ្វើការនៅកន្លែងរបស់ពួកគេ ហើយថែមទាំងលាក់បាំងអត្តសញ្ញាណ៕