បន្ទាយមានជ័យៈ យ៉ាងហោចណាស់​ស្ដ្រី​ចំនួន​ ៥ ​នាក់​បាន​ស្លាប់​ភ្លាមៗ និង​ ៤ ​នាក់​ទៀត​របួស​ ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត​បន្ទាប់ពី​រងគ្រោះ​ថ្នាក់ ដោយសារ​ដងសន្ទូច​នៃ​ការដ្ឋាន​សាងសង់​ផ្ទះ​ល្វែង សម្រាប់​លក់​មួយកន្លែង​បាន​បាក់​សង្កត់ពីលើ​ពេល​កំពុង​អង្គុយលេង​នៅ​ទីតាំង​ផ្ទះ​របស់​ខ្លួន​ក្បែរ​ការដ្ឋាន​សំណង់​នោះ​ស្ថិត​ក្នុង​ភូមិ​គីឡូម៉ែត្រ​លេខ​ ៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត​។

នេះ​បើ​តាម​លោក អាត់ ខែម ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​បន្ទាយមានជ័យ​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​។

លោក​ អាត់ ខែម បាន​ថ្លែងថា ជនរងគ្រោះ​ស្លាប់ និង​របួស​ទាំង ៩ ​នាក់​គឺ​សុទ្ធតែ​ជា​ស្ដ្រី​ទាំងអស់ និង​ជា​ពលរដ្ឋ​រស់នៅ​ក្បែរ​ការដ្ឋាន​សាងសង់​ផ្ទះល្វែង​សម្រាប់​លក់​នោះ​។ លោក​ថា ពេល​ដែល​ពលរដ្ឋ​ទាំង​ ៩ ​នាក់​កំពុង​អង្គុយលេង​នៅក្នុង​ទីតាំង​ផ្ទះ​របស់​ខ្លួន​ដងសន្ទូច​សម្រាប់​ស្ទូច​សម្ភារ​សំណង់​បាន​បាក់​រលំ​មក​សង្កត់​ពី​លើ​ប្រជាពលរដ្ឋ​តែម្ដង​។ ករណី​នេះ​កើតឡើង​ក្នុង​អំឡុង​ប្រហែល​ម៉ោង​ជិត ៣ ​រសៀល​ថ្ងៃ​ម្សិលមិញ​។

លោក​ថ្លែងថា​៖ «​យើង​បាន​ជួយ​សង្គ្រោះ ហើយ​អ្នករបួស​ចំនួន ៤ ​នាក់ យើង​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យបង្អែក​ក្រុង​។ ចំណែក​អ្នក​ស្លាប់​ទាំង​ ៥ ​នាក់​មាន​ខ្លះ​យើង​បញ្ជូន​ទៅ​គេហដ្ឋាន និង​ខ្លះទៀត​យើង​បាន​បញ្ជូន​ទៅ​កាន់​ទីវត្ដអារាម​នៅ​ក្បែរ​លំនៅឋាន​របស់​ពួកគាត់​»​។

សមត្ថកិច្ច​កំពុង​ត្រួតពិនិត្យ​ទីតាំង​កើតហេតុ​ពី​ម្សិលមិញ​។ រូបថត សាលាខេត្ត

លោក​បាន​បញ្ជាក់ថា​៖ «​ជនរងគ្រោះ​ទាំង​ ៩ ​នាក់​នេះ​សុទ្ធតែ​ជា​ពលរដ្ឋ​ធម្មតា រស់នៅ​កន្លែង​កើតហេតុ មិនមែន​ជា​កម្មករសំណង់​ទេ​។ គ្រោះថ្នាក់​នេះ​កើតឡើង​ព្រោះតែ​ដងសន្ទូច​របស់​ការដ្ឋាន​សំណង់​ដែល​កំពុង​សាងសង់​ផ្ទះ​ល្វែង​លក់​នោះ​វា​បាក់រលំ​ឆ្លង​របង​របស់​ការដ្ឋាន​សំណង់ ហើយ​ចុង​សន្ទូច និង​ថ្ម​យោង​សន្ទូច​នោះ​បាន​បាក់​សង្កត់​មក​លើ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅ​ខាងក្រៅ​ក្រុមហ៊ុន​»​។

ស្ដ្រី​ជា​ជនរងគ្រោះ​ស្លាប់​ទាំង ៥ ​នាក់​នោះ​រួមមាន ១- ​ឈ្មោះ ឈាន ហុង អាយុ ៤៤ ​ឆ្នាំ​។ ២- ឈ្មោះ ឌឹម សុខណាក់ អាយុ ២៩ ឆ្នាំ​។ ៣- ​ឈ្មោះ លឿប ឡាក់ អាយុ ៥៥ ​ឆ្នាំ​។ ៤- ​ឈ្មោះ សេង មុយគា (​មិនទាន់​ដឹង​អាយុ​) ​និង​ ៥ ឈ្មោះ ចូវ លី អាយុ ៤៩ ​ឆ្នាំ ជនរងគ្រោះ​ទាំងនេះ​រស់នៅ​ភូមិគីឡូ​លេខ​ ៤ សង្កាត់​ផ្សារកណ្ដាល ​ក្រុង​ប៉ោយប៉ែត​។

ចំពោះ​ចំណាត់ការ​លើ​ម្ចាស់ការដ្ឋាន​សំណង់ ដែល​ដងសន្ទូច​ការដ្ឋាន​សំណង់​បាន​បាក់រលំ​សង្កត់​ពលរដ្ឋ​ស្លាប់ និង​របួស​នេះ​មិនអាច​សុំ​ការបកស្រាយ​បន្ថែម​ពី​លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​​ទេ​កាលពី​ម្សិលមិញ​ដោយ​លោក​ប្រាប់ថា កំពុង​ជាប់រវល់​។

លោក ស៊ុំ ចន្ទគា មន្ដ្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ដ​បន្ទាយមានជ័យ​ទាមទារ​រាជរដ្ឋាភិបាល​ត្រូវតែ​ចាត់វិធានការ​ផ្លូវច្បាប់​តឹងរ៉ឹង​ចំពោះ​ម្ចាស់​ការដ្ឋាន​សំណង់​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​បែបនេះ​។

លោក​ថ្លែងថា​៖ «​ករណីនេះ​ត្រូវតែ​មាន​ការទទួល​ខុសត្រូវ​។ នេះ​ជា​បទល្មើស​សកម្ម ជា​ករណី​មនុស្សឃាត​ដោយ​អចេតនា​កើតឡើង​ពី​ការធ្វេសប្រហែស ខ្ជីខ្ជា មិន​យកចិត្ដ​ទុកដាក់​បណ្ដាលឱ្យ​បាក់ដង​សន្ទូច​សង្កត់​មក​លើ​ពលរដ្ឋ​កំពុងតែ​នៅក្នុង​ផ្ទះ​សុខៗ​ស្លាប់ និង​របួស​»​។

លោក ស៊ុំ ចន្ទគា បន្ថែមថា ម្ចាស់​ក្រុមហ៊ុន​សំណង់​នេះ ត្រូវតែ​ទទួល​ខុសត្រូវ​តាមផ្លូវ​ច្បាប់ មិនមែន​គ្រាន់តែ​យកលុយ​មក​ឱ្យ​ជនរងគ្រោះ និង​មនុស្ស​ដែល​ស្លាប់​ទៅ​ហើយ​បញ្ចប់រឿង​នោះ​ទេ ព្រោះ​ករណីនេះ​មាន​បទល្មើស​គ្រប់គ្រាន់​៕

វីដេអូ៖