
មន្ត្រីពេលចុះពិនិត្យមើលនៅឧទ្យានឫស្សីត្រឹបកន្លងមក។ រូប សហការី
ព្រះវិហារៈ រាជបណ្ឌិត្យសភាកម្ពុជាបានដាក់ចេញផែនការ រៀបចំប្រែក្លាយតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ស្ថិតនៅក្នុងស្រុកឆែបធ្វើជាកន្លែងសិក្សាស្រាវជ្រាវ សម្រាប់ធ្វើសារណាបញ្ចប់ថា្នក់អនុបណ្ឌិត និងបណ្ឌិត និងប្រែក្លាយឧទ្យាននេះឱ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ។
ក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា និស្សិតដែលបញ្ចប់ការសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជាគឺត្រូវធ្វើសារណា ឬនិក្ខេបបទបញ្ចប់ការសិក្សា ហើយឧទ្យានតេជោសែនឫស្សីត្រឹបនេះជាកន្លែងធ្វើការសិក្សាស្រាវជ្រាវ និងចងក្រងឯកសារផ្សេងៗ។
និស្សិតនឹងត្រូវសិក្សាទៅលើបច្ចេកទេសដាំដុះទីផ្សារ និងការកែច្នៃជាដើម នៅក្នុងឧទ្យាននេះដែលកន្លងមក រាជបណ្ឌិត្យសភាកម្ពុជាមិនដែលបានធ្វើការសិក្សាស្រាវជ្រាវទៅលើបញ្ហានេះនោះទេ ហើយកាលពីពេលថ្មីៗនេះមានបញ្ហាពាក់ព័ន្ធនឹងការផលិតពងទាបានហើយ ប៉ុន្តែមិនអាចរកទីផ្សារ ឬកែច្នៃទៅជាអ្វីបាន ដែលនេះគឺជាកំហុសរបស់រាជបណ្ឌិត្យសភាដោយមិនបានសិក្សាស្រាវជ្រាវ។
លោកបានបញ្ជាក់ថា៖ «ដើម្បីសរសេរសៀវភៅមួយ ការពិតយើងត្រូវការពិសោធ ឬត្រូវការឃើញមិនមែនសរសេរចម្លងពីគេ កូពីពីគេទេ ហើយសម្បូរណាស់កូពី ពិសេសអ្នកសរសេរបណ្ឌិតហ្នឹង។ អ្នករៀនថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាផ្នែកកសិកម្ម បើនិយាយពីពេទ្យសត្វត្រូវទៅហ្នឹង និយាយពីបរិស្ថានត្រូវទៅហ្នឹងអត់មានសរសេរកូពីពីគេតទៅទៀតទេ»។
លោកបន្តថា៖ «យើងចង់ប្រែក្លាយតំបន់នេះទៅជាទីតាំងដ៏ធំមួយ ដើម្បីធ្វើការសិក្សារួមមាន កសិកម្មបរិស្ថាន ទេសចរណ៍ និងសង្គមដោយឱ្យពលរដ្ឋ លែងកាប់ឈើ និងយកទ្រឹស្តីផ្សារភ្ជាប់ជាមួយនឹងអនុវត្តជាក់ស្តែង»។
ក្រៅពីការរៀបចំឱ្យក្លាយជាកន្លែងសិក្សាស្រាវជ្រាវ និងចងក្រងឯកសារផ្សេងៗ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹបក៏នឹងរៀបចំឱ្យទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ និងលម្ហែកាយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តជាតិ ដើម្បីផ្តល់ការងារ និងចំណូលដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ដើម្បីកុំឱ្យពួកគាត់បន្តកាប់បំផ្លាញដើមឈើ ឬយកឈើធ្វើអាជីវកម្ម។
លោក សុខ ទូច បានបញ្ជាក់ថា សម្រាប់ការរៀបចំនេះ លោកបានផ្តោតទៅលើទេសចរណ៍មួយចំនួនរួមមានទេសចរណ៍បរិស្ថាន វប្បធម៌ ផលិតផលកសិកម្ម សិប្បនិមិត្ត និងរៀបចំឱ្យមានផ្ទះសម្រាប់លម្ហែអារម្មណ៍សម្រាប់មនុស្សចាស់ដែលអាចឱ្យពួកគាត់ស្តាប់សំឡេងសត្វស្លាប និងទស្សនាព្រៃឈើនៅក្នុងតំបន់នេះ ។ នាពេលបច្ចុប្បន្ននេះលោកកំពុងតែស្វែងរកអ្នកវិនិយោគ ដើម្បីប្រែក្លាយឱ្យតំបន់នេះជាតំបន់ទេសចរណ៍ ប៉ុន្តែការវិនិយោគនេះគឺមិនឱ្យមានផលប៉ះពាល់ដល់ដើមឈើ ឬធនធានធម្មជាតិនៅក្នុងព្រៃនោះទេ។
លោក ឡោ ចាន់ មន្ត្រីសម្របសម្រួលសមាគមអាដហុកខេត្តព្រះវិហារបានសម្តែងការគាំទ្រចំពោះផែនការនេះ ដោយលោកថា តំបន់នេះមានសក្តានុពលខ្ពស់ទាំងខាងកសិកម្ម ធនធានធម្មជាតិ និងទេសចរណ៍ ដើម្បីផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋនៅមូលដ្ឋាន និងកុំឱ្យពលរដ្ឋចូលទៅកាប់ដើមឈើ ធ្វើអាជីវកម្ម និងបរបាញ់សត្វ។
លោកបញ្ជាក់ថា៖ «បើមានផែនការអភិវឌ្ឍពិតប្រាកដមិនជាបញ្ហានោះទេ ប៉ុន្តែកុំឱ្យតែយកដីរដ្ឋបំប្លែងទៅជាដីឯកជន ដែលលទ្ធផលចុងក្រោយមិនបម្រើឱ្យពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយពលរដ្ឋនៅតែបន្តចូលទៅកាប់ឈើ និងបរបាញ់សត្វធ្វើអាជីវកម្ម ដែលវានឹងធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ និងសត្វព្រៃ»។
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យចុះថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១៤ ដែលមានផ្ទៃដី ១១៤,៣៥ គីឡូម៉ែត្រក្រឡាស្ថិតនៅក្នុងឃុំឆែប ១ និងឃុំឆែប ២ ស្រុកឆែប ខេត្តព្រះវិហារ៕