ភ្នំ​ពេញៈ ​លោក​ស្រី ​ភឿង​ សកុណា ​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ បាន​ចុះហត្ថ​លេខា​លើ​ការ​បន្ត​​អនុ​ស្សរ​ណៈ​យោគ​យល់​រវាង​រដ្ឋាភិ​បាល​សហ​រដ្ឋ​អា​មេរិក​ស្ដី​ពី​ការ​ដាក់​កម្រិត​ហាម​ប្រាម​នូវ​ការ​នាំ​ចូល​បុរាណ​វត្ថុ​របស់​កម្ពុជា​ ​ជា​មួយ​លោក ​William A. Heidt​ ឯក​អគ្គ​រដ្ឋ​ទូត​ប្រចាំ​នៅ​កម្ពុជា ​នៅ​សារ​មន្ទី​រជាតិ​ក​ម្ពុ​ជា​ នៅថ្ងៃ​ទី៦ ខែវិច្ឆិកា។​ ការ​ដាក់​ កម្រិត​ហាម​ប្រាម​ នូវ​ការ​នាំ​ចូល​បុរាណ​វត្ថុ​របស់​កម្ពុជា​សម្រាប់​​រយៈ​ពេល​៥​ឆ្នាំ ​២០១៨​-​២០២៣។​

ក្នុង​ពិធី​នោះ​ផង​ដែរ​ក៏បាន​ចុះកិច្ច​ព្រម​ព្រៀង​រវាង​ ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ជាមួយ​នឹង​អាជ្ញា​ធរ​ជាតិ​ព្រះវិហារ​ផ្តល់ ថវិកា​ចំនួ​ន២០​ម៉ឺន​ ដុល្លារ សហរដ្ឋ​អា​មេ​រិ​ក​ដើម្បី​ជួស​ជុល​ជណ្តើរ​ខាង​ជើង​នៃ​ប្រាសាទ​ព្រះវិហារ​ដែលក​សាង​នៅ​សត​វត្ស​រ៍ទី១១។​

លោក​ស្រី ​ភឿង​ ស​កុ​ណា ​បានថ្លែង​ថា៖​«ខ្ញុំ​គិតថា​ការ​ជួបជុំ​ក្នុង​ឱ​កាស​នៃ​ការ​ចុះហត្ថ​លេខា​នៃ​អនុស្ស​រណៈ​វប្បធម៌​និង​AFCP​នេះ ​បាន​បង្ហាញ​ ពី​ការ​ប្តេ​ជ្ញា​និង​ការ​ខិតខំ​ប្រឹង​ដើម្បី​សហ​ការ​និង​ព​ង្រឹង​មិត្តភាព​និង​ការ​យោគ​យល់​គ្នា​រវាង​ព្រះរាជា​ណាចក្រ​កម្ពុជា​ និង​រដ្ឋាភិ​បាល​សហរដ្ឋ​អាមេរិក​ ដើម្បី​គាំទ្រ​ការ​ថែរក្សា​បេតិ​ក​ភណ្ឌ​វប្ប​ធម៌​ខ្មែរ​ សម្រាប់​ ប្រយោជន៍​ដល់​ប្រជា​ជន​ខ្មែរ សហរ​គម​ន៍អ​ន្ត​រ​ជាតិ​និង​សម្រាប់​អ្នក​ជំនាន់​ក្រោយ​»​។​

គួរ​បញ្ជាក់​ថា​ ជណ្តើរ​បុរាណ​ខាង​ជើង​ប្រាសាទ​ព្រះ​វិហារ ជា​ជណ្តើរ​មួយ​យ៉ាង​សំខាន់​ក្នុង​ចំណោម​ជណ្តើរ​និង​ផ្លូវ​ដើរ​ដែល​បាន​ត​ភ្ជាប់​មក​ក្លោង​ទ្វារ​គោ​បុ​រៈ​ទី៥​នៃ​ប្រាសាទ​ព្រះវិហារ។​ កាល​ពី​សម័យ​អង្គ​រចន្លោះ​សតវត្ស​រ៍ទី៩និង​ទី១២​ជណ្តើរ​នេះ​ប្រហែល​មាន​តួនាទី​សំខាន់​ ទាក់ទង​នឹង​ជំនឿ​សាសនា​​ហិណ្ឌូ​និង​បម្រើសហ​គមន៍​ខ្មែរ​បុរាណ​រស់នៅ​ភាគ​ខាង​ជើង​ក្នុងការ​មក​គោរព​ប្រតិបត្តិ​សាសនា​ខាង​លើ។​ បន្ទាប់​ពី​បាន​បោះបង់​ចោល​និង​គ្មាន​ការ​ថែរក្សា​ជា​ច្រើន​សត​វត្សរ៍​មក​បណ្តាល​ឲ្យ​ជណ្តើរ​ខាង​ជើង​ទទួលរង​នូវ​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​សារ​ធម្មជាតិ​ និង​មនុស្ស​នាពេល​កន្លង​មក។ ​ទោះបី​ជា​អាជ្ញា​ធរ​ជាតិ​​ព្រះវិហារ​បាន​សំអាត ​កាប់​ដើម​ឈើ ​ដែល​បង្ក​ហានិ​ភ័យ​និង​ធ្វើ​ការស្តា​រប្រព័ន្ធ​ទឹក​បុរាណ​ដែល​នៅ​អម​សងខាង​ដើម្បី​បង្វែរ​មុខទឹក​និង​បញ្ឈប់​ការហូរ​ច្រោះ​ដោយទឹក​ភ្លៀង​មកលើ​ជណ្តើរ​បុរាណ​ក្តី​ ក៏​វា​នៅ​មិនអាច​ឆ្លើយ​តប​ដល់​ការងារ​អភិរក្ស​ជណ្តើរ​ខាង​ជើង​បាន​ទាំងស្រុង​នៅឡើយ​ទេ ពោល​វា​គ្រាន់​តែ​កាត់​បន្ថយ​ការ​ខូច​ខាត​ខ្លះ​ប៉ុ​ណ្ណោះ៕ ​