ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​វៀតណាម​កាលពី​ចុង​សប្ដាហ៍​កន្លងមក​នេះ​បាន​ចុះហត្ថលេខា​លើ​ឯកសារ​ច្បាប់​ចំនួន​ ២ ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​រួម​លើ​ការងារ​ខណ្ឌសីមា​ព្រំដែន ហើយ​ភាគី​ទាំង​ ២ ​ក៏បាន​ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិការ​ស្តីពី​ការគ្រប់គ្រង​ព្រំដែន​ដោយ​ផ្អែកលើ​យន្តការ និង​ក្របខ័ណ្ឌ​ច្បាប់​ដែល​មាន​ស្រាប់​ដើម្បី​កសាង​ខ្សែបន្ទាត់​ព្រំដែន​សន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។ យោងតាម​សេចក្ដី​ថ្លែងការណ៍​រួម​រវាង​កម្ពុជា​ និង​វៀតណាម​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី​ ៤-៥ ខែ​តុលា​។

សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹងថា​៖ «​នៅ​ថ្ងៃ​ទី​ ៥ ខែ​ តុលា ឆ្នាំ​ ២០១៩ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី ង្វៀន សួនហ៊្វុក​បាន​ធ្វើជា​ប្រធាន​សន្និសីទ​ស្ដីពី​ការពិនិត្យ​ឡើងវិញ​លើ​ការងារ​ខណ្ឌ​សីមា​ព្រំដែន​កម្ពុជា​-​វៀតណាម​ តាំងពី​ឆ្នាំ​ ២០០៦ និង​ចុះហត្ថលេខា​លើ​ឯកសារ​ច្បាប់​ចំនួន​ ២ ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​»​។

សេចក្តី​ថ្លែងការណ៍​រួម​នេះ​បាន​ឲ្យ​ដឹង​ទៀតថា ឯកសារ​ចំនួន​ ២ ​នោះ​មាន​សន្ធិសញ្ញា​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​ ១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​ ២០០៥​។ ទី​២ ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹងថា ភាគី​ទាំង​ ២ បាន​យកចិត្ត​ទុកដាក់​ជាពិសេស​ចំពោះ​ការចុះហត្ថលេខា​នៃ​ឯកសារ​ច្បាប់​ទាំង​ ២ ដែល​ទទួល​ស្គាល់​ពី​វឌ្ឍនភាព​នៃ​ការ​ខណ្ឌសីមា និង​ការបោះបង្គោល​ព្រំដែន​គោក​ដែល​សម្រេច​បាន​មកដល់​បច្ចុប្បន្ន​ (​ប្រមាណ​ ៨៤%) និង​បាន​បញ្ជាក់​ជាថ្មី​ថា សកម្មភាព​នេះ​បាន​រំឭក​នូវ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ដំណើរការ​ដោះស្រាយ​បញ្ហា​​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ ២​។ ភាគី​ទាំង​ ២ ​បាន​ឯកភាព​ផង​ដែរ​ក្នុង​ការ​បញ្ចប់​នូវ​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​លើ​កំណាត់​ព្រំដែន​ដែល​នៅ​សេសសល់​នាពេល​អនាគត​ឆាប់ៗ​នេះ​។

សេចក្តី​ថ្លែងការណ៍​រួម​បាន​បន្ថែម​ថា​៖ «​ភាគី​ទាំង​ ២ ​បាន​អះអាង​ជាថ្មី​អំពី​ការប្តេជ្ញាចិត្ត​ក្នុង​ការ​ពិនិត្យ​ឲ្យ​បាន​ពេញលេញ​នូវ​សន្ធិសញ្ញា​កំណត់ព្រំដែន និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​នឹង​ព្រំដែន​ដែល​បាន​ចុះ​ហត្ថលេខា​រវាង​ប្រទេស​ទាំង​ ២»​។

លោក ហ៊ុន សែន និង​សមភាគី​វៀតណាម​។ រូបថត SPM

លោក ហ៊ុន សែន ​បាន​ថ្លែង​នៅ​ចំពោះ​សមភាគី​វៀតណាម និង​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ទាំង​ ២ ​ដែល​មាន​វត្តមាន​នៅក្នុង​ពិធី​ចុះហត្ថលេខា​សន្ធិសញ្ញា​បំពេញបន្ថែម​នៅ​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃទី​៥ តុលា​ ថា​៖ «​ដំណោះស្រាយ​ព្រំដែន​រវាង​ប្រទេស​ជិត​ខាង​ទាំង​ ២ ​បាន​បោះ​ជំហ៊ាន​ទៅមុខ​ដោយ​មោទនៈ និង​ប្រកប​ដោយ​ភាតរភាព​ហើយ​បាន​ចាត់ទុក​សមិទ្ធផល​នៃ​ការបោះបង្គោល​ព្រំដែន និង​ការកំណត់​ព្រំសីមា​រវាង​ប្រទេស​ទាំង​ ២ ​ក៏​ជាការ​រួមចំណែក​បញ្ចប់​វិវាទ និង​ទំនាស់​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២ ​ផង​ដែរ​»​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​ឆ្លៀត​ក្នុងឱកាស​នេះ​ខ្ញុំ​សូម​ប្រកាស​ជា​ឱឡារិក​ថា ដំណោះស្រាយ​បន្ត​នៅ​តំបន់​ដែល​មិនទាន់​បាន​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន និង​តំបន់​ដែល​មិនទាន់​ឯកភាព​គ្នា​លើ​ខ្សែ​ព្រំដែន រដ្ឋាភិបាល​កម្ពុជា​ប្រកាន់​ជំហរ​ដាច់ខាត​ក្នុង​ការកសាង​ព្រំដែន​កម្ពុជា-វៀតណាម​ ឈរ​លើ​មូលដ្ឋាន​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ និង​ការអនុវត្ត​ជា​អន្តរជាតិ​ស្តីពី​ការទទួលស្គាល់ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ​ដែល​អាណានិគម​បាន​បន្សល់​ទុកឱ្យ​សម្រាប់​ធ្វើជា​មូលដ្ឋាន​រឹងមាំ​នាំមុខ​បន្តទៀត​ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២»​។

លោក ហ៊ុន សែន បាន​ថ្លែង​បន្ត​ទៀត​ថា​៖ «​ជាការ​ពិត ប្រសិន​បើ​យើង​មិន​ប្រឹងប្រែង​បញ្ចប់​បញ្ហា​ព្រំដែន​នេះ​ទេ ប្រទេស​យើង​ទាំង​ ២ ​នឹង​នៅតែ​កើតមាន​ទំនាស់​ព្រំដែន​មិន​ដាច់ស្រេច​រាប់​ជំនាន់​ត​ទៅ​មុខ​ទៀត​ ងាយ​ក្លាយ​ជា​កម្មវត្ថុ​ប្រជែង​នយោបាយ​ទៀតផង ហើយ​ភាព​សុខសាន្ត និង​ការអភិវឌ្ឍ​នៅតាម​ព្រំដែន​នឹង​មិនអាច​កើតមាន​ឡើយ​»​។

លោក គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​អះអាង​កាលពី​ម្សិលមិញ​ថា ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ជួយ​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទ្វេភាគី និង​ការវិនិយោគ​រវាង​ប្រទេស​ ២​។

លោក ភា ថ្លែងថា​៖ «​ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ​កាន់តែ​ល្អ​ឡើង​ហើយ​ដំណើរ​ទស្សនកិច្ច​នេះ​ក៏បាន​ជំរុញ​នូវ​កំណើន​ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ ២ ​កាន់តែ​ខ្ពស់​ឡើង និង​បង្ហាញ​ពី​ការគាំទ្រ​គ្នា​ទៅវិញ ទៅមក​នៅក្នុង​វិស័យ​នយោបាយ​ក៏ដូចជា កិច្ចការ​តំបន់​ផ្សេងៗ យើង​ឃើញ​ទទួល​បាន​នូវ​ផល​វិជ្ជមាន​ច្រើន​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​»​។

ប៉ុន្តែ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បានចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​ ៥ ខែ​តុលា ឆ្នាំ​ ២០១៩ នេះ​ដែរ​ដោយបាន​អះអាង​ថា​សន្ធិសញ្ញា​ព្រំដែន​ឆ្នាំ​ ១៩៨៥ គឺជា​សន្ធិសញ្ញា​ខុសច្បាប់ និង​ជា​ការចុះហត្ថលេខា​កាត់​ទឹកដី​ខ្មែរ​ទៅ​ឲ្យ​ប្រទេស​វៀតណាម​ដោយ​ស្របច្បាប់​។

សេចក្ដី​ថ្លែង​របស់​បក្សប្រឆាំង​មួយ​នេះ​បាន​ឲ្យ​ដឹងថា​៖ «​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​សើរើ​ឡើងវិញ​នូវ​សន្ធិសញ្ញា​ព្រំដែន​ខុសច្បាប់ និង​ការបោះ​បង្គោល​ព្រំដែន​កន្លងមក​ជាមួយ​ប្រទេស​វៀតណាម ដើម្បី​ធានា​បូរណភាព​ទឹកដី​កម្ពុជា ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

ទោះ​យ៉ាងណា​ក៏ដោយ​លោកស្រី កុយ ពិសី អនុប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា​បាន​ថ្លែងថា គណបក្ស​ប្រឆាំង​មួយ​នេះ​តែងតែ​វាយប្រហារ​ទៅលើ​ស្នាដៃ និង​សមិទ្ធផល​របស់​រាជរដ្ឋាភិបាល​ដោយ​គ្មាន​ហេតុផល​ត្រឹមត្រូវ​។

លោកស្រី​បាន​ថ្លែងថា​៖ «​វា​មិន​មាន​អ្វី​ចម្លែក​ទេ​ដោយសារ​តែ​គាត់​មិន​ទទួលស្គាល់​តាំងតែ​ពី​ដើម ដោយសារ​តែ​ពួកគាត់​ជា​ពួក​ប្រឆាំង​គាត់​ប្រឆាំង​គ្រប់​តែ​រឿង មិន​ថា​រឿង​តូច​ ឬ​រឿង​ធំ តែ​នេះ​គឺជា​រឿង​សំខាន់​និង ជា​រឿង​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​។ យើង​រដ្ឋាភិបាល​គឺ​យើង​ធ្វើការ​ច្បាស់លាស់​ហើយ​ហ្មត់ចត់ និង​ត្រឹមត្រូវ​»​។

លោកស្រី កុយ ពិសី បាន​ឲ្យ​ដឹងថា​ប្រទេស​កម្ពុជា និង​វៀតណាម​មាន​ព្រំដែន​គោក​ជាមួយ​គ្នា​ប្រវែង​ប្រមាណ​ ១ ២៧០ ​គីឡូម៉ែត្រ​។

លោក គិន ភា ​បាន​ឲ្យ​ដឹង​ទៀតថា ការប្រកាស​មិន​ទទួល​ស្គាល់​ក្រុមប្រឆាំង​មួយ​នោះ​គឺជា​រឿង​ធម្មតា​ហើយ​ពុំមាន​ប្រសិទ្ធភាព​នោះ​ទេ ដោយ​គណក្ស​ប្រឆាំង​មួយ​នេះ​បាន​ប្រើប្រាស់​បញ្ហា​ព្រំដែន​ធ្វើ​នយោបាយ រារាំង​ដល់​ការបោះបង្គោល​ព្រំដែន​។

លោក ភា បាន​ថ្លែងថា​៖ «​គាត់​តែង​ប្រឆាំង​រហូត​មិនអាច​យល់​ស្រប​បាន​ទេ ហើយ​ការទទួល​ស្គាល់​ ឬ​មិន​ទទួលស្គាល់​របស់​គណបក្ស​ប្រឆាំង វា​គ្មាន​តម្លៃ​នោះទេ ដោយសារ​តែ​គណបក្សប្រឆាំង​ត្រូវ​បាន​រំលាយ​ហើយ​»​។

យោង​តាម​សេចក្ដីថ្លែងការណ៍​រួម​កម្ពុជា-វៀតណាម​ បាន​ឲ្យ​ដឹង​ទៀតថា ភាគី​ទាំង​ ២ ​ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​ផ្តល់​ជំនួយ​លើ​គម្រោង​សាងសង់​អគារ​រដ្ឋបាល​ថ្មី​សម្រាប់​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កិច្ចព្រមព្រៀង​ផ្តល់ជំនួយ​សម្រាប់​ការ​សាងសង់​សមាសធាតុ​មួយ​ចំនួន​នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​សេវាកម្ម​ព្យាបាល​ដោយ​ស្ម័គ្រចិត្ត និង​ផ្អែកលើ​សហគមន៍​ដល់​អ្នកញៀន​គ្រឿងញៀន​នៅ​ខេត្ត​ព្រះសីហនុ​នៃ​ប្រទេស ​កម្ពុជា​៕