
រាជរដ្ឋាភិបាលគ្រោងចំណាយប្រាក់ $៩១ លាន ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឡើងវិញ នៅតាមជនបទចំនួន ៦៧០ ខ្សែ ស្មើនឹង ៥ ៣៨៩ គីឡូម៉ែត្រ ក្រោយពីខូចខាតដោយសារទឹកជំនន់កាលពីខែតុលា។ ហេង ជីវ័ន
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិកាចំនួនជាង ៩១ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នានានៅតាមជនបទចំនួន ៦៧០ ខ្សែ ស្មើនឹង ៥ ៣៨៩ គីឡូម៉ែត្រ ក្រោយពីខូចខាតដោយសារទឹកជំនន់កាលពីខែតុលា។
លោក ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធសាស្ត្រកែលម្អការខូចខាតដោយសារគ្រោះទឹកជំនន់ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីម្សិលមិញថា បន្ទាប់ពីក្រុមការងារបានចុះវាយតម្លៃនៅទូទាំង ២៥ រាជធានី-ខេត្ត ពិនិត្យឃើញស្ទើរតែគ្រប់ខេត្តទទួលរងនូវផលប៉ះពាល់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធពីគ្រោះទឹកជំនន់ ប៉ុន្តែរដ្ឋាភិបាលសម្រេចជ្រើសរើសខេត្តជាអាទិភាពសម្រាប់ស្តារឡើងវិញ។
ខេត្តជាអាទិភាពដែលត្រូវបានជ្រើសរើសយកមកស្តារនូវហេដ្ឋារចនាសម្ព័ន្ធឡើងវិញមាន ៩ ខេត្តក្នុងចំណោម ២៥ រាជធានី-ខេត្ត រួមមានខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ខេត្តប៉ៃលិន ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តឧត្តរមានជ័យ ប៉ុន្តែសម្រាប់ខេត្តចំនួន ៣ ដែលជាអាទិភាពជាងគេ គឺខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។
នៅក្នុងចំណោម ៩ ខេត្តនេះមានផ្លូវ ៣៣៤ ខ្សែ ប្រវែងស្មើនឹង ២ ៩១០ គីឡូម៉ែត្រ ត្រូវបានលិចទឹក និងទទួលរងផលប៉ះពាល់ ប៉ុន្តែនៅពេលដែលទឹកស្រកទៅវិញ ក្រុមការងារវាយតម្លៃជាក់ស្តែងរកឃើញផ្លូវដែលទទួលរងនូវការខូចខាតមានតែ ១៧១០ គីឡូម៉ែត្រប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលបានស្តារ និងតភ្ជាប់ផ្លូវដែលទទួលរងនូវការខូចខាត និងផលប៉ះពាល់មានប្រវែងចំនួន ១១១,៥៥ គីឡូម៉ែត្រតាមរាជធានី-ខេត្ត ចំនួន ២៤ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋសម្រាប់ធ្វើដំណើរ និងដឹកជញ្ជូនទំនិញ។
លោក ចាន់ ដារ៉ុង បានបញ្ជាក់ថា នៅក្នុងចំណោម ២៥ រាជធានី-ខេត្ត រដ្ឋត្រូវការថវិកាចំនួន ៩១ លានដុល្លារអាមេរិក ដើម្បីធ្វើការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដោយក្នុងនោះខេត្តជាអាទិភាពចំនួន ៣ ដែលទទួលរងប៉ះពាល់ និងខូចខាតធ្ងន់ធ្ងរជាងគេគឺខេត្តបន្ទាយមានជ័យ និងពោធិ៍សាត់ ត្រូវការថវិកា ៩ លាន ២ សែនដុល្លារអាមេរិក និងខេត្តបាត់ដំបងត្រូវការថវិកា ៣ លាន ៦ សែនដុល្លារអាមេរិក។
លោកបន្តថា៖ «យើងត្រូវការលុយប៉ុណ្ណឹងសិនជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចផ្តល់ថវិកាប្រមាណ ១៥ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើការដោះស្រាយលើបញ្ហានេះ ហើយសល់ពីនេះ រដ្ឋនឹងស្វែងរកថវិកាពីដៃគូអភិវឌ្ឍន៍ ព្រោះមានផ្លូវខ្លះចាំបាច់ខ្លាំងដែលត្រូវធ្វើការជួសជុល និងស្តារឡើងវិញជាបន្ទាន់ និងផ្លូវខ្លះទៀតមិនចាំបាច់ដែលត្រូវធ្វើបន្ទាន់ ដូច្នេះ យើងត្រូវបែងចែកថវិកាទៅតាមដំណាក់កាល»។
លោក ដារ៉ុង បានបញ្ជាក់ទៀតថា ក្រៅពីនេះត្រូវស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ រដ្ឋាភិបាលក៏គ្រោងនឹងចំណាយថវិកា ប្រមាណ ៩ សែនដុល្លារអាមេរិក សម្រាប់ស្តារឡើងវិញនូវអណ្ដូងទឹកស្អាតនៅតាមខេត្តដែលទទួលរងនូវផលប៉ះពាល់ចំនួន ៨ ខេត្តសរុបទាំងអស់មានចំនួន ៤ ១៥៥ អណ្តូង។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានឱ្យដឹងថា ស្ថាប័នពាក់ព័ន្ធគួរតែពន្លឿនការស្តារ និងជួសជុលផ្លូវដែលទទួលរងនូវការខូចខាតនេះឱ្យបានលឿន ប្រកបដោយគុណភាព ដើម្បីឱ្យពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរ។
លោកថ្លែងថា៖ «ការជួសជុល និងការសាងសង់នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវមិនបានល្អ និងគុណភាព មិនត្រឹមតែខ្ជះខ្ជាយថវិកាជាតិទេ ប៉ុន្តែវានឹងបង្កឱ្យមានការខូចខាតនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធហ្នឹងកាន់តែធ្ងន់ធ្ងរទៅៗ និងការចំណាយកាន់តែខ្ពស់ ហើយក៏ប៉ះពាល់ដល់ការធ្វើដំណើរ ការប្រើប្រាស់ និងអាស្រ័យផលរបស់ប្រជាពលរដ្ឋផងដែរ»៕
វីដេអូ៖