
លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ រូបថត SPM
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីណែនាំ មួយនៅល្ងាចថ្ងៃអង្គារនេះ ស្តីពីការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល នៅថ្ងៃទី ០៦ ខែឧសភា ខាងមុខនេះ។
កន្លងមក ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលរយៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១ និងបានបន្តការបិទខ្ទប់ភូមិសាស្ត្រខាងលើនេះរយៈពេល ៧ ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២១។
យោងតាមសេចក្តីណែនាំដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃអង្គារ ទី ០៤ ខែឧសភានេះ បានធ្វើការណែនាំបន្ថែមដល់ក្រសួងស្ថាប័នមានសមត្ថកិច្ចព្រមទាំងគណៈអភិបាលរាជធានី-ខេត្ត នូវវិធានការចាំបាច់មួយចំនួន។
លោក ហ៊ុន សែន បានណែនាំឱ្យគណៈអភិបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបន្តសម្របសម្រួល និងផ្តល់ការគាំទ្រចាំបាច់នានាដល់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងស្ថាប័នពាក់ព័ន្ធនានាក្នុងការជំរុញការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ឱ្យបានលឿន និងឆាប់រហ័សក្នុងរយៈពេលដ៏ខ្លី សម្រាប់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅឱ្យបានគ្រប់រូប។
លោកបានលើកឡើងក្នុងសេចក្តីណែនាំនេះថា៖ «ការបិទខ្ទប់ផ្នែកណាមួយនៃភូមិសាស្ត្រដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន គឺអាជ្ញាធរត្រូវយកចិត្តទុកដាក់ក្នុងការដាក់ចេញវិធានការចាំបាច់ និងសមស្របនានាឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដោយផ្អែកតាមកម្រិតនៃការឆ្លងរាលដាលនៃជំងឺនេះ ក្នុងភូមិសាស្ត្របិទខ្ទប់នីមួយៗ»។
លោកនាយករដ្ឋមន្រ្តីថា ការបិទខ្ទប់អាចកំណត់ជាតំបន់ក្រហម សម្រាប់ភូមិសាស្ត្រដែលមានកម្រិតនៃការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ ១៩ ក្នុងសហគមន៍ និង/ឬ តំបន់លឿងទុំ សម្រាប់ភូមិសាស្ត្រដែលមានកម្រិតនៃការឆ្លងរាលដាលមធ្យមនៃជំងឺកូវីដ ១៩ ក្នុងសហគមន៍ និង/ឬតំបន់លឿង។
លោកក៏បានណែនាំឱ្យគណៈអភិបាលរាជធានី-ខេត្ត ត្រូវត្រៀមបម្រុងទុកជាមុន ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សម្រាប់ធានាឱ្យមានការផ្គត់ផ្គង់ស្បៀងចូលក្នុងភូមិសាស្ត្របិទខ្ទប់ និងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ចាំបាច់នានា ជូនប្រជាពលរដ្ឋក្រីក្រ និងមានការលំបាកក្នុងជីវភាពនៅក្នុងភូមិសាស្ត្របិទខ្ទប់ ជាពិសេសនៅក្នុងតំបន់ក្រហម។
ក្នុងករណីមានតម្រូវការចាំបាច់ និងបន្ទាន់ គណៈអភិបាលរាជធានី-ខេត្ត អាចស្នើសុំជំនួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាលក៏បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចដែលគ្រប់គ្រងការចេញ-ចូល តាមច្រកទ្វារព្រំដែន ទាំងព្រំដែនគោក ទាំងព្រំដែនទឹក និងច្រកទ្វារចេញ-ចូលតាមផ្លូវអាកាស និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងគណៈអភិបាលរាជធានី-ខេត្តពាក់ព័ន្ធ ត្រូវបង្កើនកិច្ចសហការគ្នា ដើម្បីចាត់វិធានការម៉ឺងម៉ាត់ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរៀងៗខ្លួន ជាពិសេសការយកសំណាករបស់អ្នកដំណើរ ដើម្បីវិភាគរកមេរោគកូវីដ ១៩ និងការពង្រឹងវិធានការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរចូលក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ការការនាំចូលពីក្រៅប្រទេសនូវមេរោគកូវីដ ១៩ ជាពិសេសមេរោគបម្លែងខ្លួនប្រភេទថ្មី។
ទន្ទឹមនឹងនេះដែរ សេចក្តីណែនាំនេះក៏តម្រូវឱ្យអាជ្ញាធរនៃខេត្តព្រំប្រទល់ជាប់គ្នា ត្រូវសហការគ្នាដាក់ចេញវិធានការរួមទប់ស្កាត់ការឆ្លងរាលដាល និងត្រូវរឹតត្បិតសកម្មភាព ឬអាជីវកម្មណាដែលមានហានិភ័យខ្ពស់ ដូចជា ការសេពគ្រឿងស្រវឹង, រោងភាពយន្ត, រោងសម្តែងសិល្បៈ, សារមន្ទីរ, ក្លិបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាជាដើម។
សេចក្តីណែនាំបានបន្តទៀតថា គណៈអភិបាលរាជធានី-ខេត្ត ត្រូវពិនិត្យរៀបចំដាក់បម្រាមគោចរហាមធ្វើដំណើរពីម៉ោង ៨ យប់ ទៅ ៣ ភ្លឺ។ ត្រូវរៀបចំរបៀបរៀបរយ និងសណ្តាប់ធ្នាប់នៅតាមទីកន្លែងដែលមានហានិភ័យខ្ពស់ លើកលែងតែទីតាំងចាំបាច់បំផុត។
ចំពោះក្រសួងការងារ និងក្រសួងសុខាភិបាលត្រូវចេញសេចក្តីណែនាំអំពីវិធានការចាំបាច់សម្រាប់រោងចក្រ សហគ្រាស ដែលរកឃើញមានការឆ្លងរាលដាល និងត្រូវពង្រឹងកាតព្វកិច្ចពាក់ម៉ាស់ រក្សាគម្លាត និង ៣ ការពារ និង ៣ កុំ និងបន្តអប់រំតាមសហគមន៍ចៀសវាងការរើសអើងអ្នកមកពីតំបន់ដែលមានការឆ្លង។ ក្រសួង-ស្ថាប័ន និងអាជ្ញាធររាជធានី-ខេត្ត ត្រូវសហការគ្នាចាត់វិធានការចាំបាច់ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដើម្បីកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាល៕