ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​សម្រាប់​ឆ្នាំ​ ២០១៩-២០២៣ ដោយ​បាន​ផ្ដោតលើ​ការងារ​អាទិភាព​មួយចំនួន​ដូចជា​សម្រួច​យុទ្ធសាស្ត្រ​អប់រំ បង្ការ ទប់ស្កាត់ ដោយ​ផ្អែកលើ​យុទ្ធសាស្ត្រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ដោយ​តម្រូវ​ឲ្យ​មាន​ការពង្រីក​កិច្ចសហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ជាតិ និង​ស្ថាប័ន​អន្តរជាតិ​នៅក្នុង​វិស័យ​សាធារណៈ វិស័យ​ឯកជន គ្រឹះស្ថានសិក្សា​ និង​ទីកន្លែង​ផ្សេងៗ​ដែល​ងាយ​ធ្វើឲ្យ​មាន​អំពើពុករលួយ​។

យោងតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​សម្រាប់​ឆ្នាំ​ ២០១៩-២០២៣ ដែល​ឡាយព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី កាលពី​ខែកក្កដា ឆ្នាំ​ ២០១៩ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​កាលពី​ថ្ងៃទី​ ២៦ ខែមករា បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ផ្តោតលើ​ការងារ​អាទិភាព​ចំនួន ៦ គឺ​ទី​១- ​សម្រួច​យុទ្ធសាស្ត្រ អប់រំ ទប់ស្កាត់ និង​បង្ក្រាប​ដោយ​ផ្អែកលើ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ​នៅក្នុង​ក្របខ័ណ្ឌ “​មិន​ហ៊ាន មិនអាច និង មិន​ចង់​” ​ប្រព្រឹត្ត​អំពើពុករលួយ​។ ទី​២- ​ការពង្រឹង និង​ពង្រីក​ការផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​​ព័ត៌មាន​បច្ចុប្បន្នភាព​ស្តីពី​សេវា សាធារណៈ លិខិតបទដ្ឋាន​គតិយុត្ត និង ឯកសារ គោលនយោបាយ​ជាតិ​។ ទី​៣- ​ការជំរុញ​ឲ្យ​មាន​ការចូលរួម​ពី​សំណាក់​ប្រជាជន​ក្នុង​ដំណើរការ​នៃ​ការអភិវឌ្ឍ ការរៀបចំ​គោលនយោបាយ និង​ការអនុវត្ត​។ ទី​៤- ​ការជំរុញ​ការអនុវត្ត​យន្ត​ការទទួល​ព័ត៌មាន​ត្រឡប់ និង​ដោះស្រាយ​បណ្តឹងតវ៉ា​របស់​អ្នក​ប្រើប្រាស់​សេវា​រួមបញ្ចូល​ទាំង​ការពិនិត្យ​លទ្ធភាព​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ដើម្បី​គាំទ្រ​ការអនុវត្ត​។ ទី​៥- ​ការពង្រឹង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​យន្តការ​អធិការកិច្ច និង​សវនកម្ម​ក្នុង​វិស័យ​សាធារណៈ និង​ទី​៦- ការពង្រឹង​ប្រសិទ្ធភាព​រៀបចំ និង អនុវត្ត​ក្រមសីលធម៌​ការងារ ព្រមទាំង​គោលការណ៍ វិសមិតភាព​មុខងារ និង​ទំនាស់​ផលប្រយោជន៍​នៅក្នុង​ការបំពេញ​ការងារ​របស់​មន្ត្រី​សាធារណៈ​។

ផែនការ​យុទ្ធសាស្ត្រ​ដដែល​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ដើម្បី​អនុវត្ត​បណ្តា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ទិសដៅ របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក្រសួង​ទំនាក់ទំនង​ជាមួយ​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច និង​ក្រសួង​មុខងារសាធារណៈ រួមមាន ពង្រឹង​ការអប់រំ​មិន​ឲ្យ​ប្រព្រឹត្ត​អំពើពុករលួយ បន្ត​ពង្រឹង និង​ពង្រីក​វិសាលភាព​នៃ​ការផ្សព្វផ្សាយ​ច្បាប់ ការអប់រំ​ស្តីពី​ការប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ​ទាំង​ក្នុង និង​ក្រៅ​សាលារៀន តាម​គ្រប់​រូបភាព គ្រប់​វិស័យ និង​គ្រប់​ជាន់ថ្នាក់ និង បន្ត​ពង្រីក​ដល់​គ្រឹះស្ថាន​ឧត្តមសិក្សា សាលា វិជ្ជាជីវៈ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ពី​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ និង​ស្មារតី​សុចរិតភាព​ក្នុង​ការបំពេញ​ការងារ និង​ប្រកបរបរ​ចិញ្ចឹមជីវិត​។ បំផុស​ការចូលរួម​ប្រឆាំង​អំពើពុករលួយ និង​បន្ត​ជំរុញ​តាមរយៈ​ការរៀបចំ​វេទិកា​ប្រកួត​ប្រជែង​ចំណេះដឹង​អំពី​ការប្រឆាំង​អំពើពុករលួយ​»​។

ផែនការ​យុទ្ធសាស្ត្រ​ដដែល​នេះ​ក៏បាន​ឲ្យ​ដឹង​ទៀតថា​៖ «​បង្ការ​ទប់ស្កាត់​ការប្រព្រឹត្ត​អំពើពុករលួយ ពង្រឹង​សុចរិតភាព អភិបាលកិច្ច​ល្អ​ក្នុង​ស្ថាប័ន​សាធារណៈ និង​ឯកជន​ជា​យុទ្ធសាស្ត្រ​គន្លឹះ​ក្នុង​ការបង្ការ​ទប់ស្កាត់​អំពើពុករលួយ​។ បន្ត​ជំរុញ​ការរៀបចំ និង​អនុវត្ត​ផែនការ​ប្រឆាំង អំពើពុករលួយ​ក្នុង​ស្ថាប័ន​សាធារណៈ និង​កម្មវិធី​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​វិស័យ​ឯកជន និង​បង្កើត​គំនិត​ផ្តួចផ្តើម​ថ្មីៗ​រួមគ្នា​លើ​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​អំពើពុករលួយ​។ ពង្រឹង​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​សាធារណៈ​សំដៅ​បង្កើន​ការជឿទុកចិត្ត​លើ​រាជរដ្ឋាភិបាល បន្ត​អនុវត្ត​តាមរយៈ​ការចូលរួម​ពិនិត្យ ដាក់ចេញ និង​កែសម្រួល​នូវ​ប្រកាស​រួម​ស្តីពី​ការផ្តល់​សេវាសាធារណៈ​»​។

ផែនការ​យុទ្ធសាស្ត្រ​ដដែល​នេះ​បាន​ឲ្យ​ដឹង​ទៀតថា រាជរដ្ឋាភិបាល​តម្រូវ​ឲ្យ​មាន​មេរៀន​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​សម្រាប់​គ្រឹះស្ថាន​ឧត្តមសិក្សា និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពង្រឹង​ការផ្សព្វផ្សាយ​អំពី​ការប្រឆាំង​អំពើពុករលួយ​នៅ​វិស័យ សាធារណៈ វិស័យ​ឯកជន គ្រឹះស្ថានសិក្សា និង​ទីកន្លែង​ដែល​ងាយ​រងគ្រោះ​ដោយ​អំពើពុករលួយ ពង្រីក​វិសាលភាព​គោលដៅ​ដែល​ត្រូវ​ប្រកាស​ទ្រព្យសម្បតិ្ត និង​បំណុល​បង្កើត​ឲ្យ​មាន​ការិយាល័យ ប្រឆាំង​អំពើពុករលួយ នៅតាម​រាជធានី​ខេត្ត​ជំរុញ​ឲ្យ​មាន​ការពង្រឹង​សីលធម៌ សុចរិតភាព និង​​អភិបាលកិច្ច​ល្អ​ក្នុង​ស្ថាប័ន​សាធារណៈ និង​ពង្រឹង​ប្រសិទ្ធភាព និង​តម្លាភាព​ចំណូល​ចំណាយ​សាធារណៈ​។

ផែនការ​យុទ្ធសាស្ត្រ​ដដែល​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​នៃ​ចក្ខុវិស័យ​នេះ​ក្រសួង​បានដាក់​ចេញ​នូវ​គោលនយោបាយ​ចម្បង​មួយ​គឺ​ការលើក​កម្ពស់​អភិបាលកិច្ច​ល្អ​តាមរយៈ​ការអប់រំ​ទប់ស្កាត់​បាតុភាព​អសកម្ម បង្កើន​គណនេយ្យភាព​ប្រសិទ្ធភាព ការងារ និង​ពង្រឹង​នីតិរដ្ឋ​»​។

លោក រស់ សុវាចា ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ថ្លែងថា​ក្រោយពី​ទទួល​បាន​សារលិខិត​របស់​លោក ហ៊ុន សែន ចុះ​ថ្ងៃទី​ ៤ ខែ មេសា ឆ្នាំ​ ២០១៤ ក្រសួង​អប់រំ យុវជន និង​កីឡា​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​រៀបចំ​ជា​សៀវភៅ​សិក្សា ទាំង​សៀវភៅ​សម្រាប់​សិស្ស និង​សៀវភៅ​សម្រាប់​គ្រូ ការអប់រំ​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​។

លោក​បាន​បញ្ជាក់ថា​៖ «​ការបណ្តុះបណ្តាល គ្រូ​ក៏​បាន​ធ្វើ​ចប់សព្វគ្រប់​រួចហើយ​ដែរ​។ ឥឡូវនេះ​បាននិង​កំពុង​អនុវត្ត​ពេញលេញ​គ្រប់​ភូមិ​សិក្សា​ហើយ​ដែរ​»​។

នាយក​កម្មវិធី​អង្គការ​តម្លាភាព​អន្តរជាតិ-កម្ពុជា​លោក ពេជ្រ ពិសី ថ្លែងថា ផែនការ​នេះ​នឹង​ជួយ​លើកកម្ពស់​សុចរិតភាព សង្គម និង​ការកាត់បន្ថយ​អំពើ​ពុករលួយ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ថា​៖ «​ខ្ញុំ​គិតថា ជា​យុទ្ធសាស្ត្រ​មួយ​ដ៏ល្អ​ហើយ​យើង​ធ្វើការ​គាំទ្រ​ចំពោះ​យុទ្ធសាស្ត្រ​នេះ ហើយ​កន្លងមក​យើង​ក៏​បាន​ធ្វើ​កិច្ចសហប្រតិបត្តិការ​ច្រើន ជាមួយ​ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏ដូចជា​ក្រសួង​អប់រំ​ដើម្បី​ដាក់​កម្មវិធីសិក្សា​ពាក់ព័ន្ធ​ទៅនឹង​ការលើកកម្ពស់​សុចរិតភាព សង្គម និង​ការប្រឆាំង​អំពើ​ពុករលួយ​។ យើង​គឺ​ទាមទារ​ឲ្យ​ពលរដ្ឋ​យល់ដឹង​ឲ្យ​ច្រើន​ពី​សុចរិតភាព​សង្គម និង​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដែល​កើត​ពី​អំពើ​​ពុករលួយ​នៅក្នុង​សង្គម​យើង​»​។

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ផែនការ​ប្រឆាំង​អំពើពុករលួយ​នេះ​បាន​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ​៕