ភ្នំពេញៈ រាជរដ្ឋាភិបាល​បាន​បង្កើត​ក្រុម​ការងារ​មួយ​ក្រុម​ដែល​មាន​សមាសភាព​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ច្បាប់​ ១៥ ​រូប​មកពី​ក្រសួង​ផ្សេងៗ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​ដើម្បី​សិក្សា​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សញ្ជាតិ​ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​តាំងពី​ឆ្នាំ​ ១៩៩៦​។

យោងតាម​រាជកិច្ច​ដែល​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០១៨ ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃ​ទី ១៨ ខែ​មករា​។

យោង​តាម​សេចក្ដី​សម្រេច​របស់​រាជរដ្ឋាភិបាល​ស្ដីពី​ការ​បង្កើត​ក្រុម​ការងារ​ដើម្បី​សិក្សា​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សញ្ជាតិ​នេះ​បាន​ឲ្យ​ដឹងថា ក្រុម​ការងារ​នេះ​មាន​ភារកិច្ច​ជា​សេនាធិការដ្ឋាន​ជូន​រដ្ឋាភិបាល​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ច្បាប់​ស្តីពី​សញ្ជាតិ​ដើម្បី​ផ្តួចផ្តើម​អំពី​ជម្រើស​នានា​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ស្តីពី​សញ្ជាតិ និង​ប្រមែប្រមូល​ព័ត៌មាន​ទាំងឡាយ​ដែល​បម្រើ​ឲ្យ​ការរៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សញ្ជាតិ​។ ហើយ​អាច​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​សាស្ត្រាចារ្យ ​ជំនាញ​ការ​តាម​ការចាំបាច់​។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​មក​កាន់​​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​៖ «​យើង​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរការ​​កែប្រែ​ចំណុច​ខ្លះ ជាពិសេស​រយៈពេល​នៃ​ការ​ស្នាក់នៅ និង​ចំនួន​ថវិកា (​ចំពោះ​ជនបរទេស​ដែល​ត្រូវ​ទទួល​បាន​សញ្ជាតិ​)»​។

លោក សុភ័គ ថ្លែង​ថា​ច្បាប់​សញ្ជាតិ​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​នៅក្នុង​ឆ្នាំ​ ១៩៩៦ ហើយ​តាំង​ពេល​នោះ​មក​តម្លៃ​សម្រាប់​ជនបរទេស​ដែល​ត្រូវ​បង់ (​សម្រាប់​ចូលសញ្ជាតិ​) មាន​ចំនួន​តែ ១ ២៥០ ០០០ ០០០ ​រៀល​តែ​ប៉ុណ្ណោះ ប្រហែល​ជា ៣០០ ០០០ ​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​រហូត​មក​ដល់​ពេល​នេះ​ជាង​ ២០ ​ឆ្នាំ​ហើយ​។ ហើយ​ចំនួន​ទឹកប្រាក់​នេះ​វា​មិន​សមភាព​ទៅ​នឹង​ការអភិវឌ្ឍ​នៃ​ប្រទេស​កម្ពុជា​ទេ​។

លោក សុភ័គ ថ្លែង​ថា​៖ «៣០០ ០០០ ​ដុល្លារ​សហរដ្ឋអាមេរិក​វា​គ្រាន់​តែ​ស្មើនឹង​តម្លៃ​ដី​មួយ​ដុំ​តូច​តែ​ប៉ុណ្ណោះ វា​តូច​ណាស់​។ យើង​ត្រូវ​តែ​គិត​ទៅ​តាម​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ប្រហែល​ជា​ចំនួន​ថវិកា​គួរតែ​ច្រើន​ជាង​នេះ ក្រុម​ការងារ​នឹង​សម្រេច (​លើ​បញ្ហា​នេះ​)»​។

លោក សុភ័គ ថ្លែង​បន្ត​ទៀតថា​ចំណុច​ទី​ ២ ​នឹង​សិក្សា​ពី​រយៈពេល​នៃ​ការ​រស់នៅ​របស់​ជនបរទេស​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ពី​មុន​ គឺ​រស់នៅ​រយៈពេល​ ៧ ​ឆ្នាំ តែ​ពេល​នេះ​ប្រហែល​ជា​រយៈពេល​រស់នៅ​គឺ​យូរ​ជាង​មុន តែ​មិន​ទាន់​ប្រាកដ​ថា​យូរ​ប៉ុនណា​ទេ អាស្រ័យ​លើ​ក្រុម​ការងារ​។

លោក​ថ្លែង​ថា​៖ «​សព្វថ្ងៃ​យើង​មាន​ជនបរទេស​ច្រើន​ទទួល​បាន​សញ្ជាតិ យើង​ត្រូវ​ការបរទេស​ច្រើន ហើយ​បើសិន​ជា​យើង​មាន​ការ​កែប្រែ​ថ្មី ប្រហែល​តម្លៃ​ខ្ពស់​ជាង​មុន​»​។

យោង​តាម​របាយកាណ៍​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នៃ​ក្រសួង​មហាផ្ទៃ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​ ២២ ខែ​មករា ឆ្នាំ​ ២០១៨ ​បាន​ឲ្យ​ដឹង​ថា ជនបរទេស​ចំនួន ១ ៥១៨ រូប​ទទួល​បាន​សញ្ជាតិ​ដោយ​មាន​ព្រះរាជក្រឹត្យ ក្នុង​នោះ​មាន​អ្នក​វិនិយោគទុន​​ចំនួន ១ ០៦៨ ​នាក់​។

លោក មាស នី អ្នកវិភាគ​សង្គម​នៅ​ក្នុង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្លាប់​បាន​ថ្លែង​ថា វា​ជា​រឿង​ត្រឹមត្រូវ​ដែល​ប្រទេស​ខ្មែរ​ចាប់ផ្តើម​ពិនិត្យ​មើល​ច្បាប់​នេះ​ឡើង​វិញ ហើយ​នឹង​ត្រូវ​ពិនិត្យ​មើល​ឲ្យ​បាន​ល្អិតល្អន់​ឡើង​វិញ​ទៅ​លើ​ច្បាប់​ទាំងអស់​។

លោក នី ថ្លែង​ថា​៖ «​ហើយ​ប្រសិន​បើ​ប្រទេស​ណា​មិន​មាន​ច្បាប់​ហ្នឹង​ត្រឹមត្រូវ​ទេ ប្រទេស​នោះ​នឹង​ត្រូវ​រងគ្រោះ​ដោយសារ​មាន​ជន​ខិលខូច​ខ្លះ​ឆ្លៀត​ឱកាស​ ដោយសារ​តែ​ច្បាប់​ហ្នឹង​វា​ធូររលុង​។ នៅពេល​គេ​ប្រព្រឹត្ត​អ្វី​ខុស​នៅ​ស្រុក​គេ ហើយ​គេ​រត់​មក​នៅ​ស្រុក​យើង​»​។ «​យើង​ត្រូវ​ពិនិត្យ​មើល​ប្រភព​របស់​អ្នក​វិនិយោគទុន​ថា តើ​គេ​វិនិយោគទុន​ត្រឹមត្រូវ​ទេ ឲ្យ​មាន​ការ​រឹតបន្តឹង​កុំ​ធូររលុង ពីព្រោះ​ឥឡូវ​នេះ​ប្រសិន​បើ​ច្បាប់​នៅ​ក្នុង​ប្រទេស​យើង​ទាក់ទង​នឹង​អន្តោប្រវេសន៍ និង​ចូល​សញ្ជាតិ​បើ​យើង​មិន​ពិនិត្យ​តឹងរ៉ឹង​ទេ ប្រទេស​យើង​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​មួយ​ដូច​គេ​យក​សំរាម​មក​ចាក់​ចោល​»៕ NS