កំពតៈ រាជរដ្ឋាភិបាលចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ២ កន្លែងក្នុងស្រុកបន្ទាយមាស និងស្រុកដងទង់ ខេត្តកំពតដើម្បីការពារប្រព័ន្ធអេកូឡូស៊ី សោភណភាពទេសភាពធម្មជាតិ និងតម្លៃធម្មជាតិផ្សេងទៀត។ នេះបើតាមអនុក្រឹត្យចំនួន ២ ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២២ មករា ឆ្នាំ ២០២១។
តំបន់បេតិកភណ្ឌធម្មជាតិទាំង ២ មាន តំបន់បេតិកភណ្ឌធម្មជាតិភ្នំទទុង-ភ្នំតូច ដែលមានផ្ទៃដីជាង ៨៣ ម៉ឺនហិកតាស្ថិតនៅក្នុងស្រុកដងទង់ និងស្រុកបន្ទាយមាស និងតំបន់បេតិកភណ្ឌធម្មជាតិភ្នំព្រះគុហារហ្លួងដែលមានទំហំ ២៥ ហិកតាស្ថិតនៅឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
គោលបំណងនៃការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិទាំង ២ នេះរួមមានដើម្បីការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ ដាក់កម្រិតដល់ការប្រើប្រាស់ធនធានជីវចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌។ តំបន់ទាំង ២ នេះក៏បង្កើតឡើងដើម្បីផ្ដល់សេវាកម្មធម្មជាតិ និងវប្បធម៌សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន និងសាធារណជនក្នុងការចូលរួមគ្រប់គ្រង ការពារ និងអភិរក្សជីវចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់។
អនុក្រឹត្យដដែលបន្តថា ការបង្កើតតំបន់បេតិកភណ្ឌទាំងនេះក៏ដើម្បី «ការពារសោភណភាព ទេសភាពធម្មជាតិ និងតម្លៃធម្មជាតិនៃតំបន់នេះសម្រាប់បម្រើដល់ការកម្សាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងជំនឿ ដែលគ្រប់សកម្មភាពទាំងនេះពុំបង្កការគំរាមកំហែងដល់បរិស្ថាន ធម្មជាតិ និងវប្បធម៌ក្នុងមូលដ្ឋាន»។
ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់បេតិកភណ្ឌធម្មជាតិទាំង ២ នេះដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តកំពត និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បីធានាដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ស្របតាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងពីម្សិលមិញថា តំបន់បេតិកភណ្ឌធម្មជាតិទាំង ២ នេះ គឺជាតំបន់ការពារដែលបានបង្កើតឡើងដំបូងគេនៅឆ្នាំ ២០២១ នេះ។
ប៉ុន្តែកាលពីចុងឆ្នាំ ២០២០ រាជរដ្ឋាភិបាលក៏បានបង្កើតតំបន់បេតិកភណ្ឌធម្មជាតិចំនួន ៩ កន្លែងនៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
លោក ភក្ត្រា ថ្លែងដូច្នេះថា៖ «បើយើងសរុបទាំង ២ ថ្មីនេះតំបន់ការពារធម្មជាតិរបស់យើងសរុបទាំងអស់មានចំនួន ៧០ កន្លែងដែលមានផ្ទៃដីសរុបជាង ៧ លានហិកតា»៕