ភ្នំពេញៈ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​សហការ​ជាមួយ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងបរិស្ថាន អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី និង​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ក្នុង​គោលបំណង​ពន្លឿន​ការចុះបញ្ជី​ដី​រដ្ឋ ការដោះស្រាយ​វិវាទ​ដីធ្លី និង​រៀបចំ​ផែនការ​ប្រើប្រាស់​ដី​នៅ​ខេត្ត​មណ្ឌលគិរី ខណៈ​ដែល​ខេត្ត​នេះ​ត្រូវ​បាន​រង​ការចោទប្រកាន់​ថា មាន​បុគ្គល​មាន​អំណាច​មួយចំនួន​​កំពុង​ទន្ទ្រាន​យក​ដី​។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា ក្រសួង​បាន​បង្កើត​គណៈកម្មការ​ចុះបញ្ជី​ដី​រដ្ឋ ដីឯកជន​របស់​ប្រជាពលរដ្ឋ ដី​សហគមន៍​ជនជាតិ​ភាគតិច និង​ដោះស្រាយ​វិវាទ​ដោយ​មាន​អនុគណៈកម្មការ​៤ និង​ក្រុម​ការងារ​ចុះបញ្ជី​ដី​មាន​ ១២ ​ក្រុម​។

យោងតាម​របាយការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹងថា​៖ «​គណៈកម្មការ​នេះ​នឹង​ចុះ​បំពេញ​ការងារ​ចាប់ពី​ថ្ងៃទី​ ២៨ ខែ​កក្កដា ឆ្នាំ​ ២០២០ ​ដើម្បី​ជំរុញ​ពន្លឿន​ការងារ​ចុះបញ្ជី​ដី​រដ្ឋ ចុះបញ្ជី​ដីឯកជន​របស់​ប្រជាពលរដ្ឋ ចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ភាគតិច ដោះស្រាយ​វិវាទ​ដីធ្លី​ និង​រៀបចំ​ផែនការ​ការប្រើប្រាស់​ដី​នៅ​ខេត្ត​មណ្ឌលគិរី​ដែល​នៅ​សេសសល់​ក្នុង​ភូមិ​ទាំង​ ៤៦ ​ដែល​បាន​ចុះបញ្ជី​រួច ភូមិ​ចំនួន​ ១០ ​ដែល​​កំពុង​ដំណើរការ​ចុះបញ្ជី​ និង​ដំណើរការ​ចុះបញ្ជី​ក្នុង​ភូមិ​ចំនួន​ ៣៦ ​ផ្សេង​ទៀត​​ផង​ដែរ​»​។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​អង្គការ​សមាគម​អាដហុក​បាន​ឲ្យ​ដឹងថា ក្រសួង​ត្រូវ​យកចិត្ត​ទុកដាក់​ការចុះបញ្ជី​លើ​ដី​រដ្ឋ​ដែល​ត្រូវបាន​បុគ្គល​មាន​​អំណាច​ឆ្លៀត​ឱកាស​ទន្ទ្រាន​កាន់កាប់​។

លោក សែនករុណា ថ្លែងថា​៖ «​បើ​ការកាន់កាប់​ដី​រដ្ឋ​នេះ​ដោយ​អ្នកក្រីក្រ​ពិតប្រាកដ ហើយ​ពិតជា​ត្រូវការ​ដី​សម្រាប់​បង្កបង្កើនផល​ចិញ្ចឹមជីវិត​នោះ ខ្ញុំ​គិតថា​ជា​អាទិភាព​ក្នុង​ការផ្តល់​ដី ចុះបញ្ជី​កម្មសិទ្ធិ​ជូន​ពួកគាត់​។ តែបើ​ពិនិត្យ​ឃើញ​ថា អ្នក​ទាំងអស់​នោះ​ជា​ជនខិលខូច ជា​អ្នក​មាន​អំណាច មាន​លុយ ទៅ​ធ្វើការ​ទិញ​ដូរ ឬ​ជួល​មនុស្ស​ឲ្យ​ទៅ​ទន្ទ្រាន​យក​ដី​នោះ​ដោយ​ខុសច្បាប់ ខ្ញុំ​គិតថា មិនគួរ​មាន​ការចុះបញ្ជី​ឲ្យ​នោះទេ​។

ផ្ទុយ​ទៅវិញ​គួរតែ​មាន​វិធានការ​ផ្លូវច្បាប់​ទៀត​»​។

លោក ស៊ឹង សែនករុណា បាន​អះអាង​ថា បើសិន​ជា​ការចុះបញ្ជី​ដីធ្លី​នេះ​បាន​ធ្វើឡើង​ត្រឹមត្រូវ​ និង​ទូទាំង​ប្រទេស​នោះ​បញ្ហា​ជម្លោះ​ដីធ្លី​ក៏​នឹង​លែងមាន​ដែរ ហើយ​បើ​កើតមាន​ក៏​ងាយស្រួល​ក្នុង​ការដោះស្រាយ​ផងដែរ​។

លោក អ៊ាង ម៉េងលី មន្ត្រី​សម្របសម្រួល​អង្គការ​សមាគម​អាដហុក​ប្រចាំខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹងថា វិវាទ​ដីធ្លី​ភាគច្រើន​បង្កឡើង​ដោយ​ក្រុមហ៊ុន​ធំៗ​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ និង​មន្ត្រី​មានអំណាច​។ ចំណុច​ដែល​ក្តៅ​នៃ​ការធ្វើឲ្យ​មាន​ជម្លោះ​ដីធ្លី​ខ្លាំង​បំផុត​នោះ ក៏​ព្រោះ​មាន​គម្រោង​ធំៗ​បាន​ទៅ​អភិវឌ្ឍ​ក្នុង​ខេត្ត​នេះ ដូចជា​គម្រោង​​ព្រលានយន្តហោះ និង​ការអភិវឌ្ឍ​តំបន់​ផ្សេងៗ​នេះ ខណៈ​ដែល​អាជ្ញាធរ​ដែនដី​មួយ​ចំនួន​តូច​បាន​ចូលរួម​នូវ​សកម្មភាព​មិនប្រក្រតី​នៃ​ការទទួល​ស្គាល់​​ឯកសារ​មិន​ស្របច្បាប់​។

ទន្ទឹម​នេះដែរ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃទី​ ២២ ខែកក្កដា ឆ្នាំ​ ២០២០ បាន​សម្រេច​បង្កើត​ក្រុមការងារ​អន្តរក្រសួង​ដែលមាន​សមាសភាព​មន្ត្រី​ជាន់ខ្ពស់​ថ្នាក់ជាតិ​ជាច្រើនរូប ដើម្បី​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ករណី​កាប់​រានទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់​ក្នុង​តំបន់​​ការពារ​ធម្មជាតិ​ស្ថិត​ក្នុង​ខេត្ត​មណ្ឌលគិរី​ដែរ​។

យោង​តាម​សេចក្ដី​សម្រេច​របស់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹងថា​៖ «​ក្រុមការងារ​នេះ​មាន​តួនាទី ភារកិច្ច​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ករណី​នីមួយៗ​នៃ​ការកាប់​រាន ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ស្ថិត​ក្នុង​ខេត្ត​មណ្ឌលគិរី​ និង​​ប្រមូល​ឯកសារ​ និង​ភ័ស្តុតាង​នានា​ពាក់ព័ន្ធ​ជាមួយ​នឹង​មន្ត្រី និង​អ្នកពាក់ព័ន្ធ​សកម្មភាព​ទាំងនោះ (​ដោយ​) ​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុង​​ដំណើរការ​ស្រាវជ្រាវ​នេះ​»​។

ទោះជា​យ៉ាណា​ក៏ដោយ​យោងតាម​របាយការណ៍​របស់​ក្រសួង​ដែនដី​បាន​ឲ្យ​ដឹងថា នៅ​ខេត្ត​មណ្ឌលគិរី​មក​ទល់​ខែកក្កដា ឆ្នាំ​ ២០២០ នេះ​ការងារ​ចុះបញ្ជី​ដីធ្លី​នៅ​ខេត្ត​មណ្ឌលគិរី​ទទួល​បាន​លទ្ធផល​ប្រមាណ ៤៦ ​ភូមិ​ត្រូវ​បាន​ចុះបញ្ជី និង​ចេញ​បណ្ណ​កម្មសិទិ្ធ​រួចរាល់​លើ​ផ្ទៃដី​ទំហំ​ ១៩១ ០១៨ ហិកតា ឬ​ស្មើនឹង​ ២៤ ២១៨ ​បណ្ណ​ក្នុង​នោះ​ការចុះបញ្ជី​ដី​ជូន​ប្រជាពលរដ្ឋ​លើ​ទំហំ​ដី​ប្រមាណ ៣៩ ២២៦ ​ហិកតា​ស្មើនឹង ២៣ ៧៥៥ ​បណ្ណ​ចុះបញ្ជី​ដី​រដ្ឋ​ទំហំ​ប្រមាណ ១៤៥ ៦៣៣ ​ហិកតា ស្មើនឹង​ ១៦៧ ​បណ្ណ ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចុះបញ្ជី​បាន​ ៧​ សហគមន៍​លើ​ផ្ទៃដី​ទំហំ ៦ ១៥៦ ​ហិកតា​ស្មើនឹង​ ២៧៨ ​បណ្ណ និង​មាន​ ១០ ​ភូមិ​កំពុង​ដំណើរការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ចំពោះ​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច ៦ ​សហគមន៍​ដែល​កំពុង​ដំណើរការ​ និង​បាន​បញ្ចប់​ការបិទ​ផ្សាយ​ជា​សាធារណៈ​រួចរាល់​។ ខណៈ​ការដោះស្រាយ​វិវាទ​ដីធ្លី​គឺ​ដោះស្រាយ​បាន​ ២២ ​ករណី និង​កំពុង​បន្ត​ដោះស្រាយ​ចំនួន​ ៣៨ ​ករណី​។

របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹង​ផងដែរ​កាលពី​ថ្ងៃ​ពុធ​ថា មកទល់​ពេល​នេះ​ក្រសួង​បាន​ចេញ​បណ្ណ​កម្មសិទ្ធិ​លើដី​រដ្ឋ​បាន​ចំនួន​ ២ ១១៨ ​បណ្ណ ឬ​ស្មើនឹង​ ៨៧ ​ម៉ឺន​ហិកតា​នៅ​ទូទាំង​ប្រទេស​ដែល​ក្នុង​នោះ​ដី​សម្បទាន​សេដ្ឋកិច្ច​មាន​ចំនួន ២ ០១១ បណ្ណ ឬ​ស្មើនឹង​ ៧៤ ​ម៉ឺន​ហិកតា និង​ដី​រដ្ឋ​ផ្សេងៗ​ទៀត​បាន​ចំនួន​ ១០៧ បណ្ណ ឬ​ស្មើនឹង​ ១៣ ​ម៉ឺន​ហិកតា​៕