ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​ផ្តល់​សម្ភារ​ប្រើប្រាស់ និង​គ្រឿង​ឧបភោគបរិភោគ​ដល់​ខេត្ត​ទាំង​ ៧ ​ជាប់​ព្រំដែន​ថៃ​បន្ថែម​ទៀត ដើម្បី​ដោះស្រាយ​ទុក​លំបាក និង​ការហូបចុក​របស់​ពលករ​ខ្មែរ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ ខណៈ​ខេត្ត​ជាប់​ព្រំដែន​នីមួយៗ បន្ត​ដឹក​ពលករ​ដែលមាន​សុខភាព​ល្អ​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​ស្រុកកំណើត​។

យោងតាម​តារាង​ផ្តល់​សម្ភារ និង​ឃីត​របស់​លោក ហ៊ុន សែន ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​បាន​ឱ្យដឹងថា ចាប់ពី​ថ្ងៃ​ទី​ ៨ ដល់​ថ្ងៃទី​ ១៦ ខែមីនា សម្ភារ​ប្រើប្រាស់ គ្រឿងឧបភោគ​បរិភោគ​ដែល​មាន​កន្ទេលជ័រ មុង ភួយ ខ្នើយ ស្រោមខ្នើយ សារុង និង​ក្រមា​សរុប ៥៦ ១០០ ​ឃីត ទឹកបរិសុទ្ធ ៦៨ ០០០ ​កេស និង​មី​កញ្ចប់ ២៩ ២០០ ​កេស បានផ្តល់​ជូន​ដល់​ខេត្ត​ជាប់​ព្រំដែន​ទាំងអស់​។

លិខិត​ដដែល​បាន​បញ្ជាក់ថា សម្ភារ​ប្រើប្រាស់​គ្រឿង​ឧបភោគ​បរិភោគ​ទាំងនោះ​ក៏​ត្រូវ​បាន​ខេត្ត​មួយចំនួន​បាន​ប្រើប្រាស់​អស់ និង​ស្នើសុំ​បន្ថែម ដើម្បី​យកមក​បំពេញ​តម្រូវការ​របស់​ពលករ​ខ្មែរ ដែល​បាន​វិល​ត្រឡប់មក​កម្ពុជា ហើយ​ត្រូវធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤ ​ថ្ងៃ​។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា ការផ្តល់​ថវិកា ឃីត និង​គ្រឿងឧបភោគ បរិភោគ​ទាំងនេះ ដើម្បី​ដោះស្រាយ​តម្រូវការ​របស់​ពលករ​ត្រឡប់​ពី​ថៃ ដែល​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​នៅតាម​ព្រំដែន​ក៏ដូចជា​រង់ចាំ​ដឹកជញ្ជូន​ទៅតាម​ខេត្ត​រៀងៗ​ខ្លួន​។

កាលពីពេល​ថ្មីៗ​នេះ ដោយសារ​តែ​ចំនួន​ពលករ​ខ្មែរ​ត្រឡប់​មកពី​ថៃ​មាន​ចំនួន​កាន់តែ​ច្រើន​នោះ លោក​ ហ៊ុន សែន បាន​ចាត់ចែង​កងទ័ព​ឱ្យ​ដឹក​ពលករ​ដែល​ពិនិត្យថា សុខភាព​ល្អប្រសើរ​មិន​ប្រឈម​ការកើត​កូវីដ​១៩​នោះ​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅតាម​ខេត្ត​ជា​ស្រុកកំណើត​របស់​ពួកគេ ការធ្វើ​បែប​នេះ ដើម្បី​សម្រាល​ស្ថានការណ៍​នៅតាម​ខេត្ត​ជាប់​ព្រំដែន​ថៃ​។

លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា គិត​ត្រឹម​ថ្ងៃទី​ ៧ មីនា ឆ្នាំ​ ២០២១ ពលករ​ខ្មែរ​ដែល​កំពុង​បន្តធ្វើ​ចត្តាឡីស័ក​នៅក្នុង​ខេត្ត​នេះ​គឺ​មាន​ជាង ៥ ៦០០ ​នាក់ ខណៈ​ពលករ​ជាង ១ ​ម៉ឺន​នាក់ ​ដែល​បានបញ្ចប់​ការធ្វើ​​ចត្តាឡីស័ក​ក្នុងអំឡុង​ផ្ទុះ​កូវីដ ​១៩ នេះ​។

លោក​បញ្ជាក់ថា​៖ «​កន្លងមក​សម្តេចតេជោ​លោក​បាន​យកចិត្ត​ទុកដាក់​ណាស់ ពាក់ព័ន្ធ​នឹង​ការឧបត្ថម្ភ​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន ហើយ​ខេត្ត​ខ្ញុំ​នេះ គឺ​ច្រើន​ជាង​គេ កន្លងមក​ខ្ញុំ​ទទួល​បាន​ថវិកា​នេះ គឺ​ជិត ៦ ​ពាន់​លាន​រៀល​ហើយ សម្រាប់​ផ្តល់ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង​»​។

ក្រៅពី​ថវិកា​លោក​អភិបាលខេត្ត​បន្ទាយមានជ័យ​អះអាង​ថា ខេត្ត​របស់​លោក ក៏​ទទួល​បាន​មី​ប្រមាណ ២ ​ម៉ឺន​កេស និង​ទឹក​សុទ្ធ ត្រីខ ជាង ២ ​ម៉ឺន​កេស សម្រាប់​ផ្តល់ជូន​ពលរដ្ឋ​ដែល​ធ្វើ​ចត្តាឡីស័ក​។ តាម​បទបញ្ជា​របស់​ខេត្ត​គិត​ត្រឹម​ថ្ងៃទី​ ៨ មីនា​នេះ ខេត្តបន្ទាយមានជ័យ ពលរដ្ឋ ទៅដល់​គោលដៅ​នៃ​ស្រុកកំណើត​របស់​ខ្លួន ដើម្បី​បន្តធ្វើ​ចត្តាឡីស័ក​ប្រមាណ​ ១ ០០០ ​នាក់​។

លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ម្សិលមិញ​ដែរ​ថា ការផ្តល់​កញ្ចប់​ថវិកា និង​សម្ភារ​នេះ​គឺជា​ចំណែក​មួយ​ជួយ​ដល់​ពលករ ដែល​មាន​ខ្វះខាត ខណៈ​ដែល​ពលករ​ត្រឡប់​ពី​ប្រទេស​ថៃ​ មាន​ចំនួន​រាប់ពាន់​នាក់ ដែល​ត្រូវការ​ថវិកា និង​គ្រឿងឧបភោគ​បរិភោគ​ជា​ចាំបាច់​។

លោក​បញ្ជាក់ថា​៖ «​បន្ទាប់ពី​មាន​បទបញ្ជា​ថ្មី​ចំនួន​អ្នកធ្វើ​ចត្តាឡីស័ក ផ្លាស់ប្តូរ​រហូត ព្រោះ​យើង​បាន​ដឹកជញ្ជូន​អ្នកធ្វើ​ចត្តាឡីស័ក​ទៅ​បណ្តើរៗ ហើយ​ខាង​ខេត្ត​ជាប់​ព្រំដែន​ផ្សេង​ក៏​បាន​ដឹក​ពលករ​របស់​ខេត្ត​យើង​មកជា​បន្តបន្ទាប់​ដែរ​»​។

លោក ឌី ថេហូយ៉ា មន្ត្រី​កម្មវិធី​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​នៃ​អង្គការ Central បាន​ឱ្យដឹងថា លោក​ក៏​ចង់ឱ្យ​ការរៀបចំ​ទាំងអស់នេះ​ស្ថិត​ក្នុង​គោលនយោបាយ​ជាតិ ដែល​ត្រូវមាន​ការតាមដាន ពិនិត្យ​រៀបចំ​គ្រឿងឧបភោគ​បរិភោគ និង​កន្លែង​ស្នាក់នៅ​ឱ្យបាន​ត្រឹមត្រូវ​ចៀសវាង​មាន​ភាពមិនប្រក្រតី ឬ​នាំឱ្យ​ការអនុវត្ត​នេះ​ធ្វើ​ឡើង​ដើម្បី​តែ​ល្អមើល​បាន​តែ​មួយរយៈ​ក៏​បាត់​ទៅវិញ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មើលឃើញ​កន្លងមកនេះ តាម​មណ្ឌល​ចត្តាឡីស័ក​តាម​បណ្តា​ខេត្ត​ជាយដែន បើ​ប្រៀបធៀប​នឹង​ភ្នំពេញ​ គឺ​មាន​លក្ខណៈ​ខុសគ្នា​។ ដោយសារតែ​មណ្ឌល​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​គឺ​ធ្វើ​ឡើង​នៅតាម​សាលា ហើយ​ការហូបចុក​ហ្នឹង​គឺ​ពិបាក ដែល​ធ្វើឱ្យ​ពលរដ្ឋ​មួយចំនួន​ពិបាក​ក្នុង​ការទទួលយក​»​។

ទោះយ៉ាងណា​ក៏ដោយ​លោក​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​អះអាងថា ការឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ​ពី​រាជរដ្ឋាភិបាល​ក្នុង​ការជួយ​ដល់​ពលករ​ដែល​បាន​ត្រឡប់​មកពី​​ប្រទេស​ថៃ​ហើយ​ជាប់​ធ្វើ​ចត្តាឡីស័ក​ពុំ​មាន​ការខ្វះខាត​នោះទេ​៕