ភ្នំពេញៈ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ស្ត្រី ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីបានសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនសមភាពយេនឌ័រនៅក្នុងសង្គមទាំងមូល បើទោះបីជាក្រុមសកម្មជនសិទ្ធិស្ត្រីនៅថ្ងៃនេះបានលើកឡើងអំពីមន្ទិលសង្ស័យនៃសមិទ្ធផលនេះក្តី។
ក្រុមប្រឹក្សានេះគូសបញ្ជាក់នៅក្នុងរបាយការណ៍ថា ស្ថានភាពសេដ្ឋកិច្ច និងនយោបាយរបស់ស្ត្រីមានភាពប្រសើរច្រើនក្នុងអំឡុង ២ ឆ្នាំចុងក្រោយនេះដោយបានលើកឡើងពីឧទាហរណ៍មួយចំនួនដូចជាការចេញប័ណ្ណកម្មសិទ្ធិដីធ្លីដល់ «ស្ត្រីក្រីក្រ និងស្ត្រីមេម៉ាយ» និងដំណោះស្រាយដល់ប្រជាពលរដ្ឋដែលរស់នៅអគារប៊ុលឌិងដែលត្រូវបានវាយកម្ទេចចោលដោយកាលពីឆ្នាំមុនមានរាប់រយគ្រួសារបានចាកចេញពីអគារនោះជាថ្នូរនឹងការផ្តល់ប្រាក់សំណងដើម្បីយកទីតាំងនោះធ្វើការអភិវឌ្ឍ។
ក្រុមប្រឹក្សានេះក៏បង្ហាញអំពីភាពល្អប្រសើរនៅក្នុងការបង្កើនចំនួនមន្ត្រីរាជការជាស្ត្រីផងដែរ។
កាលពីឆ្នាំកន្លងទៅ ចំនួនស្ត្រីដែលជាមន្ត្រីរាជការស៊ីវិលបានកើនឡើងពី ១ ភាគរយទៅ ៤១ ភាគរយ។ មន្ត្រីរាជការស្ត្រីដែលមានមុខតំណែងចាប់ពីថ្នាក់ការិយាល័យតាមក្រុង ស្រុក ខណ្ឌមាន ២៤% ដែលបានកើនឡើង ២ ភាគរយបើធៀបទៅនឹងឆ្នាំ ២០១៦។
លោកស្រី ធិតា ឃិះ នាយិកាប្រតិបត្តិអង្គការសិទ្ធិស្ត្រី NGO Silaka បានលើកឡើងថា ទោះបីជារដ្ឋាភិបាលបានយកចិត្តទុកដាក់បន្ថែមទៀតចំពោះបញ្ហាយេនឌ័រក៏ដោយក៏កិច្ចខិតខំប្រឹងប្រែងនេះបាននៅទ្រឹងនៅពេលដែលស្ថានភាពនយោបាយតានតឹង។
អ្នកស្រីថ្លែងថា៖ «ដោយសារតែស្ថានភាពនយោបាយ វាបានឈប់ទ្រឹង។ យើងសង្ឃឹមថានឹងមានការយកចិត្តទុកដាក់បន្ថែមទៀតដល់សមភាពយេនឌ័រ បន្ទាប់ពីការបោះឆ្នោតរួច»។
ជាមួយនឹងការតែងតាំងបុរសស្ទើរតែទាំងអស់ដើម្បីជំនួសអាសនៈរបស់គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយកាលពីពេលថ្មីៗនេះជាក់ស្តែងតំណាងជាស្ត្រីនៅថ្នាក់ជាតិបានធ្លាក់ចុះកាលពីឆ្នាំមុន។
លោកស្រីថ្លែងថា៖ «វាពិតជាខកចិត្តណាស់។ យើងពិតជាកំពុងដើរថយក្រោយ»។
របាយការណ៍នោះក៏បានកត់សម្គាល់ផងដែរថា ឆ្នាំ ២០១៧ ក្រសួងការពារជាតិបានតែងតាំងនាយទាហាននារី ថ្នាក់ឧត្តមសេនីយ៍ក្នុងកងយោធពលខេមរភូមិន្ទចំនួន ៨៦ រូបក្នុងនោះក៏មាននាយឧត្តមសេនីយ៍ ១ រូបនៅក្នុងចំណោមកងកម្លាំងនគរបាលជាតិដែលជ្រើសរើសថ្មីធ្វើឲ្យជួរកងកម្លាំងនគរបាលជាស្ត្រីមាន ២៤ ភាគរយ។
លោកស្រី រស់ សុភាព ប្រធានអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជាបានថ្លែងថា អត្ថប្រយោជន៍ដែលបានរៀបរាប់ដោយក្រុមប្រឹក្សានេះគឺនៅមិនទាន់គ្រប់គ្រាន់ទេ ពីព្រោះមានតែនៅកម្រិតទាបប៉ុណ្ណោះ។
លោកស្រីថ្លែងថា៖ «ស្ត្រីមិនមានការងារនៅកម្រិតធ្វើការសម្រេចចិត្តទេ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៀត ស្ត្រីគឺមាននៅកម្រិតក្រោមបង្គាប់ប៉ុណ្ណោះ»។ ខណៈដែលក្រសួងការពារជាតិត្រូវធ្វើកំណែទម្រង់ជាពិសេសនោះលោកស្រីបានថ្លែងថា នៅក្នុងវិស័យនយោបាយទាំងមូលក៏ត្រូវធ្វើកំណែទម្រង់ដូចគ្នាដែរ។
របាយការណ៍ក៏បានបញ្ជាក់ថាស្ថាប័ន និងក្រសួងនីមួយៗត្រូវតែរៀបចំផែនការថវិកាប្រចាំឆ្នាំរបស់ខ្លួនដែលរួមបញ្ចូលសកម្មភាពរបស់ពួកគេដើម្បីលើកកម្ពស់ការយល់ដឹងអំពីយេនឌ័រ។ ប៉ុន្តែលោកស្រី សុភាព ថ្លែងថានេះនៅមិនទាន់គ្រប់គ្រាន់ទេ។
លោកស្រីបន្តថា៖ «គោលនយោបាយនេះហាក់ដូចជាគ្រប់គ្រាន់តែ [នៅលើក្រដាស] ប៉ុន្តែការអនុវត្តគឺនៅឆ្ងាយ... មូលហេតុគឺមិនមានថវិកាសម្រាប់ដោះស្រាយបញ្ហានេះ»។
លោកស្រី ធីតា បានយល់ស្របដោយបានគូសបញ្ជាក់ថា នាយករដ្ឋមន្ត្រីបានសន្យាថានឹងផ្តល់ធនធានបន្ថែមទៀតដើម្បីបង្កើនសមភាពយេនឌ័រ ជាការសន្យាមួយដែលលោកស្រីបញ្ជាក់ថា នៅមិនទាន់បានបំពេញនៅឡើយទេ។
លោកស្រីថ្លែងថា៖ «យើងនៅតែរង់ចាំ»។
ជាពិសេសរបាយការណ៍នេះកត់សម្គាល់ថាជាឧទាហរណ៍ក្រសួងមហាផ្ទៃ បានបង្កើតការបណ្ដុះបណ្ដាលការយល់ដឹងអំពីយេនឌ័រនៅក្នុងផែនការសកម្មភាពឆ្នាំ ២០១៨-២០២១ របស់គេ។
ទោះជាយ៉ាងណាក៏ដោយទាំងលោកស្រី ធីតា និងលោកស្រី សុភាព បានលើកឡើងថាចាំបាច់ត្រូវមានកំណែទម្រង់ស៊ីជម្រៅនៅគ្រប់ក្រសួង ស្ថាប័នរដ្ឋទាំងអស់ដែលវាតម្រូវឲ្យមានធនធានមនុស្សជាយេនឌ័រ និងហិរញ្ញវត្ថុបន្ថែមទៀត។
បើយោងតាមលោកស្រី សុភាព ចំណុចនេះគឺជាប់ពាក់ព័ន្ធទៅនឹងការជ្រើសរើសស្ត្រី ជាពិសេសសម្រាប់ការធ្វើផែនការក៏ដូចជាការបែងចែកថវិកា និងមុខតំណែងជាដើម៕ NS
រាយការណ៍បន្ថែមៈ គង់ មេត្តា