
ពលករខ្មែរនៅមណ្ឌលចត្តាឡីស័កមួយ នៅខេត្តបន្ទាយមានជ័យកាលពីខែមករា ឆ្នាំ ២០២១។ រូបថត រដ្ឋបាលខេត្តបន្ទាយមានជ័យ
ភ្នំពេញៈ ថវិកាចំនួន ១ ៦០០ លានរៀល ត្រូវបានរាជរដ្ឋាភិបាល បានប្រកាសផ្តល់ជូនបន្ថែមទៅដល់ខេត្តចំនួន ១១ សម្រាប់ធ្វើការផ្គត់ផ្គង់ទៅដល់ពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ និងត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅស្រុកកំណើតរបស់ពួកគេ។
យោងតាមលិខិតរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ពលករខ្មែរចំនួន ១១ ០១០ នាក់ ដែលត្រឡប់មកពីស្រុកកំណើតបាននិងកំពុងធ្វើចត្តាឡីស័កនៅក្នុងខេត្តចំនួន ១១ ដែលក្នុងនោះ មានខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ព្រះវិហារ កណ្តាល ស្វាយរៀង ព្រៃវែង ក្រចេះ តាកែវ កំពង់ឆ្នាំង និងខេត្តសៀមរាប។
បើតាមក្រសួងសុខាភិបាល ខេត្តដែលមានពលករច្រើនជាងគេ នឹងទទួលបានថវិកាឧបត្ថម្ភនេះច្រើនជាងគេដែរគឺ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែង ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប ដែលនឹងទទួលបានថវិកាពី២០០លានរៀលទៅ ៣០០ លានរៀល ខណៈខេត្តផ្សេងទៀត ទទួលបានថវិកាពី ២០ លានរៀល ទៅ ១៥០ លានរៀល សម្រាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១៕